វិនិយោគិនបរទេសនៅតែបន្តធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា វិនិយោគិនបរទេសនៅតែបន្តធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ និងមានចំនួនកើនឡើងចាប់តាំងពីខែឧសភា រហូតដល់បច្ចុប្បន្ននេះ បន្ទាប់ពីស្ថានភាពនៃវិបត្តិការរីករីករាលដាលនៃជំងកូវីដ ១៩ មានភាពធូរស្រាលបន្តិច។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា តាមរបាយការណ៍សរុបស្តីពីអ្នកធ្វើដំណើរបរទេសមកកាន់ខេត្តព្រះសីហនុ និងធ្វើការតេស្តរកមេរោគ Covid-19 ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ ២០២០ មានកំណើនៅក្នុងខែនីមួយៗ ខណៈនៅក្នុងតុលានេះ គិតត្រឹមថ្ងៃទី ២១ មានចំនួន ១៩៧៦ នាក់។

លោកបន្តថា ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ អ្នកធ្វើដំណើរតាមជើងហោះហើរមានចំនួន ១២៨ ជើង មានភ្ញៀវសរុបចំនួន ១០,៥៧៥ នាក់ ដែលមានស្រីចំនួន ២, ២១៥ នាក់ មកកាន់ខេត្តព្រះសីហនុ ។

លោកបន្តថា “ចំនួនបរទេសដែលធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ មានចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានភ្ញៀវបរទេសចាកចេញទៅវិញក៏ច្រើនដែរ”។

លោកបន្ថែមថា “នៅពេលដែលមានភ្ញៀវបរទេសចូលមកកាន់ខេត្តកាន់តែច្រើន នឹងធ្វើឱ្យដំណើរការអាជីវកម្មនានានៅក្នុងខេត្តមានសន្ទុះឡើងវិញ តាមរយៈការចំណាយរបស់ជនបរទេស ទាំងការស្នាក់នៅ និងលើការហូបចុកផ្សេងៗ “។

យោងតាមរបាយការណ៍សរុបស្តីពីអ្នកធ្វើដំណើរបរទេសមកកាន់ខេត្តព្រះសីហនុ បានបង្ហាញថា នៅក្នុងខែឧសភា មានចំនួន ៤៧០ នាក់ ខែមិថុនា មានចំនួន ១១៧៨ នាក់ ខែកក្កដាមានចំនួន ១៩០១នាក់ ខែសីហា មានចំនួន ២១៣៣នាក់ ខែកញ្ញា មានចំនួន ២៩១៧ នាក់ និង ខែតុលា ១៩៧៦ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here