គម្រោងចាក់បេតុងរៀបខឿនចែកទ្រូងផ្លូវជា២នៅកំណាត់ផ្លូវជាតិលេខ៤ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលានេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គម្រោងចាក់បេតុងរៀបខឿនសួនច្បារកណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២នៅកំណាត់ផ្លូវជាតិលេខ៤ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលានេះ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោក វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០នេះថា ផែនការខ័ណ្ឌចែកពុះទ្រូងផ្លូវជាតិលេខ៤ ចាប់ពីមុខរោងចក្រស្រាបៀអង្គរ រហូតមកដល់មុខទីបញ្ជាការកងរាជអាវុធហត្ថ គឺត្រូវពង្រីកទទឹង២៩ម៉ែត្រ និងបណ្តោយ ៦៧០០ម៉ែត្រ ដោយធ្វើការខ័ណ្ឌពុះទ្រូងផ្លូវដោយសួនដែលមានបណ្តោយ៦៧០០ម៉ែត្រផងដែរ ។

លោកបន្តថា ផ្លូវនេះគឺមានលក្ខណៈពិសេស ដែលមានទំហំផ្លូវធំ គឺមានផ្លូវ៣គន្លងទៅ និង៣គន្លងមក និងមានផ្លូវអាចឱ្យបត់ត្រឡប់ក្រោយ២កន្លែង គឺនៅចំណុចក្បាលឆាយ និងជិតសាលាបឋមសិក្សាចំការកៅស៊ូ ដែលអាចឱ្យរថយន្តកុងតឺណឺដែលមានខ្នាតវែងបំផុត អាចបត់បញ្ច្រាសគ្នាបានតែម្តង ។

លោកបន្ថែមថា ការបង្កើតឱ្យមានខ័ណ្ឌចែកពុះទ្រូងផ្លូវនេះនឹងអាចកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍និងបង្កើនសោភ័ណភាពរបស់ផ្លូវបន្ថែមទៀត ។ ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកបើកបរម៉ូតូ រថយន្ត តូច ធំ មេត្តាប្រុងប្រយត្ន័ដើម្បីចៀសសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ និងបើកបរប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៏ ។

តាមផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងលើកម្ពស់ផ្លូវជាតិលេខ ៤នេះ ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដោយពង្រីកឱ្យដល់ ១១ ម៉ែត្របន្ថែមទៀត ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here