ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នានា ជាពិសេសអគារដែលបម្រើដល់វិស័យពាណិជ្ជកម្ម អគារខុនដូ ក៏ដូចជាលំនៅដ្ឋាន គឺសុទ្ធតែត្រូវការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនភ្នាក់ងារ ដើម្បីអាចទទួលបានលទ្ធផលខ្ពស់ និងភាពជោគជ័យរបស់គម្រោង។ នេះបើតាមការអះអាងពីសំណាក់លោកខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia ។
លោកខន គង្គា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០កន្លងមកថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ដែលមានទ្រង់ទ្រាយតូច អាចមិនចាំបាច់ត្រូវការសេវាពីក្រុមហ៊ុនភ្នាក់ងារ ក្នុងការជំរុញដល់ការលក់បាន ដែលអ្នកអភិវឌ្ឍន៍ក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលក់ដោយខ្លួនឯង ប៉ុន្តែសម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំដែលមានទំហំដើមទុនរាប់សិបលានដុល្លារ គឺចាំបាច់ត្រូវតែសហការ ជាមួយក្រុមហ៊ុនភ្នាក់ងារជំនាញ។
លោកបានបញ្ជាក់ថា “សម្រាប់ក្រុមហ៊ុន ក៏ដូចជាអ្នកអភិវឌ្ឍន៍គម្រោងធំៗ ចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធ ជាក្រុមហ៊ុនភ្នាក់ងារដែលមានជំនាញ និងយល់ដឹងទូលំទូលាយនៅក្នុងទីផ្សារអចលនទ្រព្យរួម ជាពិសេសមុនពេលសម្រេចចិត្ត សហការជាមួយក្រុមហ៊ុនភ្នាក់ងារណាមួយ អ្នកអភិវឌ្ឍន៍ក៏ត្រូវតែសិក្សា និងស្វែងយល់លម្អិតទៅភាពជំនាញ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនភ្នាក់ងារផងដែរ” ។
លោកខន គង្គា បានមានប្រសាសន៍ថា “ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញលក់គម្រោង គឺជារឿងសំខាន់បំផុត ព្រោះវាទាក់ទងទៅនឹងការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ ប្រសិនបើជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញដែលល្អ គម្រោងនឹងជោគជ័យបានឆាប់រហ័ស” ។ លោកបន្ថែមថា “ប៉ុន្តែបើប៉ះក្រុមហ៊ុនភ្នាក់ងារមិនល្អ អាចធ្វើឱ្យមានការខាតបង់ច្រើន ដែលក្រៅពីចំណាយពេលយូរក្នុងការលក់ គាំងលំហូរចរន្តសាច់ប្រាក់វិនិយោគ ហើយថែមទាំងប៉ះពាល់ដល់កេរ្តិ៍របស់គម្រោងថែមទៀត” ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនភ្នាក់ងារនៅលើទីផ្សារកម្ពុជា អាចមានច្រើនជាង៣០០ក្រុមហ៊ុន ដែលក្នុងមានទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែចំពោះក្រុមហ៊ុនដែលមានជំនាញ និងលទ្ធភាពពិតប្រាកដ មានកេរ្តិ៍ឈ្មោះល្បី ដែលមានការទទួលស្គាល់ជាសាកលគឺមានមិនច្រើននោះទេ។ ជាបទពិសោធន៍ សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានសម្រេចនូវគម្រោងជាច្រើនរួចមកហើយ ហើយក៏បានកសាងទំនុកចិត្តខ្ពស់ ដល់អតិថិជនដែលជាក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ជាច្រើនរួចមកហើយផងដែរ” ៕