ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងឈានជើងវិនិយោគលើវិស័យអាកាសចរណ៍នៅកម្ពុជា

0

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ចិនដ៏ធំ និងមានកេរ្តិ៍ឈ្មោះល្បីមួួយគ្រោងចូលខ្លួនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសម្លឹងឃើញពីសក្តានុពលលើវិស័យអាកាសចរណ៍ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។

នេះបើយោងតាមការឱ្យដឹងក្នុងជំនួបរវាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុន អេវីក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុនអន្តរជាតិចិន ឈ្មោះ អេវីក (AVIC INTERNATIONAL HOLDING CORPORATION) គ្រោងមកបណ្តាក់ទុនវិនិយោគលើវិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយតំណាងក្រុមហ៊ុននេះ កំពុងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ដែលក្រុមហ៊ុនមានលទ្ធភាពអាចទទួលយកបាន។

លោក Ted Chen បានលើកឡើងពីគោលបំណងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងពិនិត្យលទ្ធភាពរួមទាំងសក្តានុពលដែលអាចឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍លើវិស័យអាកាសចរណ៍ស៊ីវិល។ ជាពិសេស ពិនិត្យមើលកិច្ចពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សតាមលទ្ធភាពដែលក្រុមហ៊ុនអាចជួយបាន។

ជាការឆ្លើយតប លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិលទៅតាមលទ្ធភាពដែលក្រុមហ៊ុនអាចធ្វើបាន និងស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។

តំណាងក្រុមហ៊ុន បានទទួលយកសំណើរបស់លោករដ្ឋមន្ត្រី ទៅសិក្សា និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុនដ៏ធំមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here