ប្រាសាក់ផ្តល់សេវាទូទាត់យុគសម័យថ្មីឆ្លងធនាគារ «បាគង»

0

ដោយ ប្រាសាក់

ភ្នំពេញ៖ នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុង​ការ​សម្រេច​ឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា​

បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួច​ផ្ដើម​ពី​ធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។

ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាបាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខាប្រាសាក់បានយ៉ាងងាយស្រួល។

អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារជាដៃគូរហូតដល់ 400 លានរៀល ឬ 10 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ 10 លានរៀល ឬ 2,500 ដុល្លារក្នុងមួយថ្ងៃ។

អ្វីដែលកាន់តែពិសេសនោះអតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់បាគងរបស់ប្រាសាក់បាននៅទូទាំងប្រទេស ។

លោក សាយ សូនី នាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយស​និងសប្បាយ​រីករាយ​ដែលបានក្លាយជា​ចំណែក​ដ៏សំខាន់​មួយ​នៃគម្រោង​បាគង​របស់ធនាគារជាតិ​នៃកម្ពុជា។ នេះ​ជាសេវាទូទាត់​តាមទូរស័ព្ទដៃដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យស្ថិត​នៅ​ប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល​ដល់​អ្នកប្រើប្រាស់​ព្រមទាំងសម្រួល​ដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ» ។

លោកបន្ថែមថា «បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើបដែលអនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​អន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជ​នអាចរីករាយ​ប្រើប្រាស់សេវានេះ​ក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់​ដោយងាយស្រួល»។

ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបាគងដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here