ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានឹងឈានទៅកាន់កាន់លំដាប់ថ្មីមួយទៀតជាមួយនឹងការបង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ កិត្យានុភាពកម្ពុជានឹងលេចឡើង លើឆាកអន្តរជាតិកាន់តែត្រដែតត្រដឹមនៅឆ្នាំ២០២៣ខាងមុខ ពិសេសសេដ្ឋកិច្ចកម្ពុជា នឹងឈានទៅកាន់លំដាប់ថ្មីមួយទៀតស្របពេលគំរោងអភិវឌ្ឍន៍ធំៗ និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាអាស៊ានហ្គេម។

គម្រោងអភិវឌ្ឍន៍ធំៗ ដែលជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដែលមានតម្លៃរាប់ពាន់លានដុល្លារ កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់ទាំងស្រុកនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ នឹងក្លាយជាមូល​ដ្ឋានសេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់បំផុត ខណៈដែលកំណើននៃគម្រោងវិនិយោគជាច្រើននឹងសម្រុកចូលមកយ៉ាងសន្ធឹកសន្ធាប់។

គម្រោងអភិវឌ្ឍន៍ធំៗ ដែលនឹងក្លាយជាកំលាំងចលករជំរុញ ឱ្យសេដ្ឋកិច្ចកម្ពុជា មានសន្ទុះខ្លាំង និងបញ្ចប់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ រួមមាន គម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា គម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី គំរោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប គម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃទុនសរុបរាប់ពាន់លានដុល្លារ រួមជាមួ​យនឹងឱកាសមាស នៃការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយប្រទេសចិន និងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ានក្នុងពេលឆាប់ៗខាងមុខនេះ។

 

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ទឡ្ហីករសំខាន់ៗទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ គឺជាឃ្នាស់ដ៏សំខាន់សម្រាប់គាស់កំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលវិបត្តិនៃជំងឺ Covid-19 ត្រូវបានបញ្ចប់ជាស្ថាពរ។

លោកឧកញ៉ាបានបញ្ជាក់ថា បន្ថែមពីលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងសិ​ក្សាទៅលើសេចក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនានានៅលើសាកលលោក ឱ្យចូលមកកាន់កម្ពុជាបន្ថែម តាមរយៈការកាត់បន្ថយនូវនិតិវិធី កាត់បន្ថយពេលវេលា និងផ្តល់ឱកាសចំណេញច្រើន។

លោកឧកញ៉ាបន្តថា “អ្វីដែលកាន់តែជាឱកាសមាស ចំណេញលើចំណេញទៀតនោះគឺ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ដែលមានទីផ្សាររហូតដល់ប្រមាន១៤០០លាននាក់ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់។

 

លើសពីនេះការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចជា ប្រទេសកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងឥណ្ឌា ជាដើម ដែលទាំងអស់នេះ សុទ្ធតែជាចំណុចខ្លាំងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិទាំងអស់។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីការសាទរ ទៅនឹងអ្វីដែលអាចនឹងលេចចេញជារូបរាងយ៉ាងពិតប្រាកដនៅកម្ពុជាក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោកបានមានប្រសាសន៍ថា “សមិទ្ធផលធំៗ ដែលនឹងសម្រេចបាននៅត្រឹមឆ្នាំ២០២៣ គឺជាសាច់ដុំសេដ្ឋកិច្ច និងជាសក្ដានុពលរបស់កម្ពុជា ក្រោមការវិនិយោគដោយធុរកិច្ចខ្មែរក្រោមការដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកវិនិយោគដ៏ធំ និងសំខាន់នៅក្នុងវិស័យជាច្រើនរបស់កម្ពុជា។ រាល់ការវិនិយោគ និងអភិវឌ្ឍន៍គ្រប់រូបភាពនឹងជួយកែប្រែសោភ័ណភាពកម្ពុជា ឱ្យកាន់តែស្រស់បំព្រង ទាក់ទាញចំណាប់អារម្មណ៍ធុរកិច្ចអន្តរជាតិក្រោមការផ្តល់ទំនុកចិត្តយ៉ាងសំខាន់”។


លោកបណ្ឌិត ហុង វណ្ណៈបានបន្តទៀតថា ការវិនិយោគរបស់បរទេសលើផ្នែកហេ ដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៣ រួមជាមួយនឹងគម្រោងផ្សេងៗទៀត ខ្ញុំគិតថាជាការបង្ហាញពីសក្ដានុពលក្នុងទាក់ទាញទាំងការវិនិយោគ ទាំងកម្លាំងទេសចរណ៍ ដែលនឹងកាន់កម្ពុជាកាន់តែច្រើន​។

លោកបន្តថា “ទម្រាំដល់ឆ្នាំ២០២៣ ខ្ញុំជឿជាក់ថា បញ្ហានៃវិបត្តិជំងឺCovid-19 នឹងត្រូវបញ្ចប់សព្វគ្រប់។ ដូច្នេះ កម្ពុជានឹងមានលទ្ធភាពច្រើន ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាក់ជាមិនខាន”។

លោកបន្តថា “ត្រឹមតែតាមរយៈព្រលានយន្តហោះ អន្តរជាតិ-ភ្នំពេញថ្មី កម្ពុជាអាចនឹងទទួលបានផលចំណូលយ៉ាងច្រើនរួចទៅហើយ ដោយការបង្កើនលទ្ធភាពដឹកជញ្ជូនទាំងអ្នកធ្វើដំណើរ ទាំងការដឹកជញ្ជូនទំនិញ ព្រមទាំងមានលទ្ធភាពក្នុងស្វាគមន៍នូវប្រភេ​ទយន្តហោះធុនធំគ្រប់ប្រភេទផងដែរ”។

ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗប្រចាំប្រទេសដែលនឹងសម្រេចនៅត្រឹមឆ្នាំ២០២៣ ប្រធានសមាគមអ្នកជំនាញអចនទ្រព្យកម្ពុជា CREA លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ថា គ្រប់គម្រោងអភិវឌ្ឍន៍ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ សម្រាប់វិស័យអចលនទ្រព្យបំផុត ទាំងផ្នែកដីធ្លី និងផ្នែក​សំណង់។

លោកស្រីបានបន្តថា “ជាមួយនឹងសមិទ្ធផលសំខាន់ៗ ទាំងអស់ខាងលើនេះ មិនត្រឹមមានប្រយោជន៍ ដល់វិស័យអចលនទ្រព្យនោះទេ ប៉ុន្តែថែមទាំងអនុគ្រោះទៅដល់វិស័យផ្សេងៗជាច្រើនទៀត ដូចជាទេសចរណ៍ និងពាណិជ្ជកម្ម ដែលវាកាន់តែផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់អ្នកវិនិយោគស្ទើរគ្រប់វិស័យផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here