សភាពាណិជ្ជកម្មៈកម្ពុជាបន្តរក្សាបានលំហូរការវិនិយោគ និងសក្តានុពលពាណិជ្ជកម្ម

0

ដោយ ហ្សូលី

ភ្នំពេញៈ ប្រទេសកម្ពុជានៅតែបន្តទទួលបានការវិនិយោគ ពីបណ្តារវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ពិសេសអាចរក្សាសក្តានុពលពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការការងារបានជាធម្មតា។ នេះបើតាមការលើកឡើងរបស់សភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ស្ថិតនៅក្នុងដំណាក់កាលនៃផលប៉ះពា​ល់ជំងឺកូវីដ–១៩ ស្ថានភាព វិនិយោគក្នុងស្រុក ធុរកិច្ច និងវិនិយោគមកពីបរទេសមិនមានការប្រែប្រួលខ្លាំងនោះឡើយ ពោលគឺនៅបន្តទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោ​គជាធម្មតា ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី សក្តានុពលទីផ្សារមូលបត្រសម្រាប់និរន្តរភាព អាជីវកម្មនៅកម្ពុជាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ការវិនិយោគក្នុងស្រុក និងវិនិយោគមកពីបរទេសនៅកម្ពុជានៅដំណើរការជាធម្មតា ដោយមិនមានការប្រែប្រួលខ្លាំងនោះឡើ​យ ពោលគឺទំនាក់ទំនងក្នុងភាពជាដៃគូក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្តអនុវត្តការ​ងារជាធម្មតា។

លោកបន្តថា “រាជរដ្ឋាភិបាលបានអនុគ្រោះ និងមានការយល់យោគខ្ពស់ជំរុញលើ​កទឹកចិត្ត ដើម្បីឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស មានឱកាសពង្រឹងនៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន”។

លោកឧកញ៉ាបន្តទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះក៏មានកម្ពុជា ដែលមានផ្នែកជាច្រើន ជាពិសេសវិស័យទេសចរណ៍រងនូវផលប៉ះពាល់យ៉ាងខ្លាំងដូចជា ទីផ្សារបម្រើដល់ វិស័យទេសចរណ៍បានធ្លាក់ចុះធ្វើឲ្យបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូល។

ស្ថិតនៅក្នុងដំណាក់កាលនេះ មានក្រុមហ៊ុនមួយចំនួន បានងាកមកវិនិយោគលើវិស័យកសិកម្ម ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារ និងស្របពេលដែលកម្ពុជាបានចុះកិច្ចព្រមព្រៀង ជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ។

តាមរយៈនេះ កម្ពុជានឹងទទួលបានក្រុមហ៊ុនវិនិយោគបង្កើត រោងចក្រកែច្នៃ ដើម្បីនាំចេញ ខណៈពីមុនៗមក កម្ពុជាច្រើននាំចេញវត្ថុធាតុដើម កសិផលដោយមិនបានកែច្នៃ ដែលធ្វើឱ្យបង់លើតម្លៃបន្ថែមជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here