រដ្ឋាភិបាលត្រូវការថវិកាចំនួនជិត ៦០ពាន់លានដុល្លារ សម្រាប់សម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ កម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចរាល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។


យោងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលបានប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវបានឱ្យដឹងថា ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំនេះ រដ្ឋាភិបាលត្រូវការប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅស្រុក ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនប្រមាណជា៥៩.៩ពាន់លានដុល្លារអាមេរិក។

ក្នុងទំហំថវិកានោះ ទាមទារវិនិយោគមូលធនរបស់វិស័យឯកជន មានចំនួនប្រមាណ៤៣.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង៧២.% នៃទុនវិនិយោគសរុប និងវិនិយោគមូលធន នៃវិស័យសាធារណៈប្រមាណ១៦.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង២៧.% នៃទុនវិនិយោគសរុប។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីពិធីប្រកាសផ្សព្វផ្សាយ ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩២០២៣  នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៩ កាលពេលកន្លងមកថា កម្ពុជានៅមានការងារអាទិភាពសេសសល់ នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤២០១៨ ចំនួន៧ រួមមានទី១ ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើនប្រកបដោយបរិយាប័ន្ន ទី២ ការពង្រីកវិស័យកសិកម្ម ទី៣ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង។

ទី៤ ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម ទី៥ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនិងការកាប់ព្រៃឈើ ទី៦ ការធានានូវអភិបាលកិច្ចល្អប្រសើរ និង៧ កែលម្អមូលដ្ឋានធនធានមនុស្ស។ ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារអាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈក្នុងពេកកន្លងមក។


សម្តេចបន្តថា កម្ពុជាបានលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការបង្កើតនូវបរិយាកាសអំណោយផលមួយ សម្រាប់ធានាឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមានកំណើនថេរ ក្នុងរង្វង់៧%និងការសម្រេចបាននូវវឌ្ឍនភាព ក្នុងដំណើរការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ស្របតាមឆន្ទៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ចំពោះមុខនេះ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រនិងជំរុញល្បឿននៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្រសួងផែនការបានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩២០២៣ មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

សេដ្ឋវិទូៈ សេដ្ឋកិច្ចនៅប្រទេសលោកខាងលិចអាចនឹងដើរថយក្រោយសេដ្ឋកិច្ចនៅអាស៊ី

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញខាងផ្នែកវិភាគសេដ្ឋកិច្ចពិភពលោក ឬក្រុមសេដ្ឋវិទូបានប៉ាន់ប្រមើលថា សេដ្ឋកិច្ចនៅតំបន់លោកខាងលិច អាចនឹងមានលទ្ធភាពដើរថយក្រោយសេដ្ឋកិច្ចនៅប្រទេសតំបន់អាស៊ី ខណៈអ្នកវិនិយោគទោរទន់រកកន្លែងវិនិយោគ ដែលមានសុវត្ថិភាព។


ធនាគារវិនិយោគចម្រុះ និងសេវាកម្មហិរញ្ញវត្ថុ របស់អាមេរិកMorgan Stanley ដែលមានទីស្នាក់ការនៅក្រុងញ៉ូវយកបានឱ្យវិភាគថា ការដែលអ្នកវិនិយោគបែរមុខទៅរកប្រទេសចិន និងប្រទេសអាស៊ីដទៃនោះគឺសមហេតុផលណាស់ ព្រោះថាមេរោគចាប់ផ្តើមបម្លាស់ទីពីតំបន់អាស៊ី មករកលោកខាងលិចវិញហើយ។ ម្យ៉ាងសេដ្ឋកិច្ចកំពុងវាយលុកមុខជំនួញនៅអាមេរិកយ៉ាងខ្លាំង ក្នុងនោះមានទាំងអាជីវកម្មតូចៗជាច្រើនផងដែរ។

កត្តាដែលអាចឱ្យសេដ្ឋកិច្ចអាស៊ី មានលទ្ធភាពដើរហួសសេដ្ឋកិច្ច លោកខាងលិចបានមានដូចជា ប្រទេសនៅតំបន់អាស៊ីដូចជា ចិន ហុងកុង សិង្ហបុរី កូរ៉េ ហ្វីលីពីន និងម៉ាឡេស៊ី ធ្លាប់ត្រូវបានរងគ្រោះដោយសារជម្ងឺរាតត្បាតSars ម្តងរួចទៅហើយ។ ដូចនេះបណ្តារប្រទេសទាំងនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ហើយក៏មានយុទ្ធសាស្រ្តទាញខ្លួន ឱ្យងើបឡើងវិញតាមក្រោយដូចគ្នា។

យុទ្ធសាស្រ្តរបស់ចិន ឆ្លើយតបទៅនឹងជម្ងឺកូវីដ១៩នេះ បានបង្រៀនពិភពលោកនូវមេរៀនមួយថា ទទួលបញ្ហាសិន រួចសឹមដោះស្រាយ និងគ្រប់គ្រងបញ្ហានៅក្នុងដៃឱ្យបាន។

មួយវិញទៀត គឺក្រុមហ៊ុនអាស៊ីភាគច្រើន មានជំហរសាច់ប្រាក់សុទ្ធ មានន័យថា ពួកគេមានសមត្ថភាព ក្នុងការវិនិយោគត្រឡប់មកវិញ នៅក្នុងអាជីវកម្មហើយអាចទទួលបានចំណែកទីផ្សារ នៅពេលដែលបញ្ហាបានបញ្ចប់។ ម្យ៉ាងអាស៊ីមានបរិយាកាសធុរកិច្ចល្អ ការគ្រប់គ្រងថ្លៃដើមមានវិន័យ និងវិធានការមានប្រសិទ្ធភាពក្នុងការចំណាយផ្សេងៗ។


ចំនុចមួយទៀត ដោយសារតែអត្រាការប្រាក់សកល មានកម្រិតទាបរួចទៅហើយ ។ចំណែកឯធនាគារកណ្តាលអាស៊ី មានឱកាសច្រើនក្នុងការប្រើគោលនយោបាយរូបិយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

អ្នកវិនិយោគចាប់ផ្តើមប្រមាញ់ និងចាយលុយទៅលើតំបន់អាស៊ីច្រើន ចំពេលមានការផ្ទុះនៃមេរោគកូវីដ១៩ ដែលនេះជាសបញ្ជាក់ថា ប្រទេសស្ថិតនៅតំបន់អាស៊ី បានត្រៀមខ្លួនរួចរាល់ជាមុន នៅក្នុងការបញ្ចៀសវិបត្តិសេដ្ឋកិច្ចមួយចំនួន បានល្អប្រសើរជាងបើធៀបជាមួយស្ថានភាពប្រទេសនៅលោកខាងលិច។

ប្រទេសនៅលោកខាងលិចដូចជា អាមេរិក និង អឺរ៉ុប កំពុងច្របូកច្របល់ជាមួយមេរោករាតត្បាតទូទាំងក្រុង និងរដ្ឋត្រូវបានបិទជាបណ្តោះអាសន្ន។

ជាក់ស្តែងដូចជា ប្រទេសអ៊ីតាលី និងអេស្ប៉ាញ មានករណីឆ្លង និងស្លាប់រាប់ពាន់នាក់ ចំណែកអាមេរិកវិញមានអ្នកឆ្លងរាប់ម៉ឺននាក់៕

(CNBC)

អ្នកជំនាញៈ រយៈពេល៥ឆ្នាំចុងក្រោយនេះ ការវិនិយោគអចលនទ្រព្យនៅកម្ពុជាមានកំនើនខ្ពស់

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ដោយសារលំហូចូលនៃវិនិយោគបរទេស និងស្ថេរភាពសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស។


លោកស្រី តាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service ធ្លាប់បានប្រាប់ឱ្យដឹងកន្លងមកនេះថា វិស័យអចលនទ្រព្យនៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត បាវិត កែប និងតំបន់់ផ្សេងៗទៀត ត្រូវបានមើលឃើញពីកំណើន ឥតឈប់ឈរនៃការសាងសង់ ដែលកំពុងដំណើរការស្របពេល ដែលការវិនិយោគធំៗភាគច្រើនមកពីប្រទេសចិន ដែលបានជួយជំរុញឲ្យមានភាពរីកចំរើនយ៉ាងខ្លាំង។

លោកស្រីបន្តថា ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានបញ្ចប់ការសាងសង់ក្នុងពេលថ្មីៗកំពុងដំណើរ និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម លោកស្រីបន្ថែមថា ជាលទ្ធផលការផ្គត់ផ្គង់ខុនដូ អាផាតមេន និងបុរី និងលំនៅដ្ឋានផ្សេងៗទៀតមានការកើនឡើង

ប្រជាជនកម្ពុជាកាន់តែច្រើន បានងើបចេញពីភាពក្រីក្រ ដោយសារកម្ពុជាបានក្លាយជាប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យក៏កំពុងមានកំណើនច្រើនផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យកម្ពុជា ក៏បានឱ្យដឹងដែរថា តម្លៃអចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បំផុត នៅក្នុងប្រទេសមានការកើនឡើងខ្លាំង ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅក្នុងប្រទេសជិតខាង។

ទោះបីជាមានការព្យាករណ៍ ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលអនាគតក៏ដោយ តែមានការឯកភាពជាទូទៅ ក្នុងចំណោមអ្នកជំនាញអចលនទ្រព្យក្នុងស្រុក គឺបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងដើរតាមទិសដៅត្រឹមត្រូវ។


លោកបន្តថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ កំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ ខុនដូ និងបុរី ការវិនិយោគផ្ទាល់ពីបរទេសតម្លៃដីតម្រូវការនិងការផ្គត់ផ្គង់

អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ថា ផ្អែកតាមទិដ្ឋភាពជាក់ស្ដែងពេលនេះ កម្ពុជានៅតែរក្សាបានភាពលំនឹងនៃកំនើនប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យ និងសំណង់ ប៉ុន្តសន្ទុះនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាភាពរីកចម្រើននៅក្នុងវិស័យណាមួយវាមិនអាចចេះតែកើនឡើងរហូតបាននោះទេ គឺអាចនឹងដល់ចំណុចណាមួយធ្លាក់ចុះវិញជាមិនខាន។

លោកបានបន្តទៀតថា សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានៅត្រឹមរយៈ៣ឆ្នាំចុងក្រោយនេះ មានកំណើនយ៉ាងគំហុកហួសពីក្ដីរំពឹង ដោយឡែកសម្រាប់នៅឆ្នាំបន្ទាប់ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង

លោកបានបន្តទៀតថា បើធ្វើការប្រៀបធៀបជាមួយប្រទេសជិតខាង ដូចជាប្រទេសថៃ ប្រទេសវៀតណាម វិស័យសំណង់នៅកម្ពុជា នៅតែមានភាពល្អប្រសើរដដែល ដោយសារតែកត្តាតម្លៃនៅកម្ពុជា មានកម្រិតទាបជាង ហើយវិសាលភាព និងឱកាសវិនិយោគនៅមានភាពទូលំទូលាយច្រើន

IMF៖ សេដ្ឋកិច្ចលើពិភពលោកនឹងងើបឡើងវិញបន្ទាប់ពីវិបត្តិCOVID-19

ដោយ ប៊ី

អន្តរជាតិៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ជំងឺរាតត្បាត COVID-19 នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ដែលអាចនឹងអាក្រក់ជាងវិបត្តិមួយដែលបង្កឡើង ដោយវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ ដល់២០០៩ ប៉ុន្តែទិន្នផលសេដ្ឋកិច្ចពិភពលោកគួរតែងើបឡើងវិញនៅឆ្នាំក្រោយ។


នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានស្វាគមន៍ចំពោះសកម្មភាពសារពើពន្ធវិសាមញ្ញ ដែលបានអនុវត្តន៍ដោយប្រទេសជាច្រើន ក្នុងការជំរុញប្រព័ន្ធសុខាភិបាល និងការពារក្រុមហ៊ុន និងកម្មករដែលរងផលប៉ះពាល់ និងចាត់វិធានការដោយធនាគារកណ្តាល ដើម្បីបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។

លោកស្រីបាននិយាយកាលពីថ្ងៃច័ន្ទថា គោលនយាបាយច្រើនទៀត នឹងត្រូវការជាចាំបាច់ ជាពិសេសលើផ្នែកសារពើពន្ធ

លោកស្រីGeorgieva បានចេញនូវទស្សនវិស័យថ្មីនេះ បន្ទាប់ពីការជួបប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេសចំនួន២០ ដែលជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលលោកស្រីបាននិយាយថា បានព្រមព្រៀងលើភាពចាំបាច់ នៃសាមគ្គីភាពនៅទូទាំងពិភពលោក។

លោកស្រីបាននិយាយថា ការចំណាយរបស់មនុស្ស នៃជំងឺរាតត្បាតរាតត្បាតគឺមិនអាចវាស់វែងបានទេ ហើយប្រទេសទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីការពារប្រជាជន និងកំណត់ការខូចខាតខាងសេដ្ឋកិច្ច

ប្រទេសជាច្រើន កំពុងដាក់ចេញនូវវិធានការណ៍បិទទ្វារប្រទេស ដើម្បីទប់ស្កាត់វីរុសនេះ ដែលបានឆ្លងមនុស្សជាង៣៨០,០០០ នាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង១៦,៥០០នាក់។

លោកស្រីGeorgieva បាននិយាយថា ទស្សនវិស័យ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកគឺអវិជ្ជមាន ហើយឥឡូវនេះIMF បានរំពឹងថា វិបត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់អាក្រក់ ដូចអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោក ឬអាក្រក់ជាងនេះ

កាលពីដើមខែនេះ លោកស្រីបានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះ នឹងមានទាបជាងអត្រា២,៩ភាគរយ ដែលបានមើលឃើញកាលពីឆ្នាំមុន ប៉ុន្តែបានឈប់គិតពីការធ្លាក់ចុះសេដ្ឋកិច្ចរយៈពេលខ្លី។

សង្គ្រាមពាណិជ្ជកម្ម បានជំរុញកំណើនសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំទៅនៅកម្រិតទាបបំផុត ចាប់តាំងពីមានការធ្លាក់ចុះ០, ភាគរយក្នុងឆ្នាំ ២០០៩

កាលពីថ្ងៃចន្ទ លោកស្រី Georgieva បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ត្រូវបានរំពឹងថានឹងកើតនៅឆ្នាំក្រោយ ប៉ុន្តែដើម្បីសម្រេចវាបាន ប្រទេសនានានឹងត្រូវផ្តល់អាទិភាព ដល់ការដាក់ឱ្យនូវដាច់ដោយឡែក និងពង្រឹងប្រព័ន្ធសុខាភិបាល។


លោកស្រីបន្តថា ផលប៉ះពាល់ខាងសេដ្ឋកិច្ច គឺនឹងមានសភាពធ្ងន់ធ្ងរហើយ ប៉ុន្តែទប់ស្កាត់វីរុសនេះបានកាន់លឿន សេដ្ឋកិច្ចនឹងងើបឡើងវិញបានកាន់ឆាប់

លោកស្រីបាននិយាយថា IMF នឹងបង្កើនហិរញ្ញប្បទានបន្ទាន់ ជាបន្ទាន់ដោយកត់សម្គាល់ថា ប្រទេសចំនួន៨០បានស្នើសុំជំនួយ ហើយIMF បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយសមត្ថភាព ផ្តល់ប្រាក់កម្ចីទាំងអស់ចំនួន១ទ្រីលានដុល្លារអាមេរិក។

សេដ្ឋកិច្ចជឿនលឿនជាទូទៅ មានភាពល្អប្រសើរ ក្នុងការដោះស្រាយវិបត្តិ ប៉ុន្តែទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសដែលមានប្រាក់ចំណូលទាប ប្រឈមនឹងបញ្ហាសំខាន់ៗ រួមទាំងលំហូរមូលធនខាងក្រៅ។

លោកស្រីGeorgieva បាននិយាយថា វិនិយោគិនបានដកប្រាក់ ចំនួន៨៣ពាន់លានដុល្លារពីទីផ្សារកំពុងរីកចម្រើន ចាប់តាំងពីមានវិបតិ្ត ដែលជាលំហូរចេញមូលធនដ៏ធំបំផុតមិនធ្លាប់មាន។

លោកស្រីបានបន្ថែមទៀតថា IMFមានការព្រួយបារម្ភ ជាពិសេសចំពោះបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប នៅក្នុងវិបត្តិបំណុល ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេ ដើម្បីដោះស្រាយកង្វល់ទាំងនោះ។


IMFបានអំពាវនាវឱ្យសមាជិក ចូលរួមវិភាគទានមូលនិធិ ដើម្បីបំពេញបន្ថែមគ្រោះមហន្តរាយ និងការផ្តល់ជំនួយសង្គ្រោះដើម្បីជួយប្រទេសក្រីក្របំផុត។

លោកស្រីមានប្រសាសន៍ថា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមជាច្រើន បានស្នើសុំការបែងចែកសម្រាប់សិទ្ធិ Special Drawing Right ដែលជាទុនបម្រុងអន្តរជាតិដែលបង្កើតឡើងដោយIMF ក្នុងឆ្នាំ១៩៦៩ ដើម្បីបំពេញបន្ថែមប្រាក់បម្រុងផ្លូវការរបស់ប្រទេសសមាជិករបស់ខ្លួន ដូចដែលបានធ្វើក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុ ពិភពលោក។

លោកស្រីបាននិយាយទៀតថា សមាជិកIMF ក៏ចាំបាច់ត្រូវផ្តល់បណ្តាញផ្លាស់ប្តូរបន្ថែមទៀត ជាមួយបណ្តាប្រទេសកំពុងរីកចម្រើន ដើម្បីដោះស្រាយវិបត្តិសាច់ប្រាក់ងាយរងគ្រោះសកល

អ្នកជំនាញៈ ការគំរាមគំហែងពីមេរោគ Covid-19 ជាឱកាសល្អសម្រាប់អ្នកវិនិយោគអចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ បណ្ដាលមកពីការរាតត្បាតមេរោគ Covid-19ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងគំហុកនៅពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យសម្លឹងឃើញថា វាជាឱកាសដ៏ល្អកម្រមាន សម្រាប់អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីដែលមានតម្លៃទាបជាងទីផ្សារ និងផ្ដល់លទ្ធផលល្អក្នុងការវិនិយោគ។


អ្នកជំនាញខាងសេដ្ឋកិច្ច កំពុងតែគិតអំពីលទ្ធភាព នៃការធ្លាក់ចុះសេដ្ឋកិច្ចដែលកើតឡើង ដោយសារមូលហេតុផ្សេងៗ តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចអាមេរិក និងចិន ហើយបន្តមកដល់ការគំរាមកំហែងពីមេរោគ COVID-19 ជាសាកល។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok លោក សំ សុខនឿន បានបង្ហាញពីគំនិតវិជ្ជមានថា នៅឆ្នាំ២០២០ ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិ Covid-19  គឺជាឱកាសល្អ ទាំងសម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋាន ដើម្បីស្នាក់នៅក្នុងតម្លៃទាប ក៏ដូចជាអ្នកវិនិយោគលើវិស័យដីធ្លីផងដែរ

លោកអះអាងថា ឱកាសល្អសម្រាប់អ្នក ដែលចង់ទិញលំនៅដ្ឋានបានស្អាត និងមានតម្លៃទាបនៅពេលនេះ គឺមានហេតុផលចំនួន៣ គឺទី១អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។ ទី២នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤ភាគរយ សំរាប់ផ្ទះតំលៃ៧ម៉ឺនដុល្លារចុះ និង ទី៣អ្នកទិញមានឱកាសចំនេញបានខ្ពស់ ព្រោះមេរោគ COVID-19 នឹងបាត់ទៅវិញ ក្រោយមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការនៃការរីករាលដាលនេះបាន។

ដោយឡែក សម្រាប់សម្រាប់អ្នកវិនិយោគអចលនវត្ថុទូទៅ គួរតែវិនិយោគដីធ្លីនៅក្នុងឆ្នាំ២០២០នេះ ដោយសារមានកត្តា៣យ៉ាងផ្តល់អំណោយផល ទី១ អ្នកទិញមានជម្រើសច្រើនក្នុងការទិញ ដោយមានអ្នកចង់លក់ច្រើន ធ្វើឱ្យអ្នកទិញ ទិញបានតម្លៃក្រោមទីផ្សារ និងមានឱកាសចំណេញបានខ្ពស់។ ទី២ ប្រមុខរាជរដ្ឋាភិបាលកំពុងមានយន្តការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្រៅប្រទេស ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងទី៣តម្រូវការក្នុងស្រុកជាក់ស្តែង នៅតែមានការកើនឡើងនៅក្នុងឆ្នាំ២០២០នេះ។

ដោយឡែកសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្មវិញ ស្ថិតនៅក្នុងស្ថានការណ៍ដែលកំពុងប្រឈមនៅពេលនេះ មានសហគ្រិនមួយចំនួនសួរខ្លួនឯងថា តើគួរប្រើវិធានការបែបណា ដែលអាចជួយការពារអាជីវកម្មរបស់ខ្លួន បានជាមួយនឹងភាពមិនច្បាស់លាស់ពីកាលកំណត់លុបបំបាត់នូវវិបត្តិនេះបាន? ប៉ុន្តែសម្រាប់សហគ្រិន ដែលមានភាពរឹងមាំ នៅតែមានសុទិដ្ឋិនិយមខ្ពស់ ហើយបញ្ជាក់ថា នៅក្នុងបរិបថនៃវិបត្តិជាសាកលមួយនេះ មានឱកាសច្រើនណាស់ ដែលបង្កប់ខ្លួននៅក្នុងបញ្ហា ហើយគួរតែប្រើប្រាស់ឱកាសនេះដើម្បីបង្កើនកម្លាំង និងទាញយកប្រយោជន៍។


អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិបានអះអាងថា ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ក៏ដូចជា នៅក្នុងតំបន់ អាចបង្កើតជាឱកាសសម្រាប់ការផ្លាស់ប្តូរទីផ្សារ។ ជាឧទាហរណ៍ ក្រោយពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មានក្រុមហ៊ុនធំៗចំនួនពីរបានកើតឡើង គឺក្រុមហ៊ុនAirbnb និងក្រុមហ៊ុនUber ក្រុមហ៊ុនទាំងពីរនេះ បានរកឃើញគន្លឹះផ្លាស់ប្តូរគំរូពាណិជ្ជកម្មចាស់ តាមរយៈការលើកកម្ពស់មនុស្សទូទៅ ឱ្យរកប្រភពចំណូល ផ្តល់គំនិតច្នៃប្រឌិត និងជម្រើសការងារ។

ចរន្តនៃការងារឯករាជ្យមានមកច្រើនឆ្នាំហើយ ប៉ុន្តែដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចបានរុញច្រានចរន្តនេះឱ្យឡើងកាន់តែខ្ពស់។ ការងារដែលធ្វើដោយខ្លួនឯង បានក្លាយជាដំណោះស្រាយនៃបញ្ហាក្នុងក្រុមហ៊ុនជាប្រពៃណី។

បើទោះជាដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច ជាសកលបង្កើតសម្ពាធខ្លាំង លើពាណិជ្ជកម្មតូចតាច ប៉ុន្តែវាក៏បានបង្កើតជាឱកាស សម្រាប់ការចាប់ផ្តើមពាណិជ្ជកម្មថ្មីៗជាច្រើន ដែលពោរពេញដោយគំនិតច្នៃប្រឌិត។ ភាពខុសគ្នាស្ថិតនៅត្រង់វិធីសាស្រ្ត នៃការធ្វើពាណិជ្ជកម្ម។ សម្រាប់សហគ្រិន ដែលចេះមើលចរន្តនៃដំណើរឡើងចុះ នៃទីផ្សារសកលមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែវាជាឱកាសទៅវិញ៕

ក្រសួងទេសចរណ៍ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញតាមដានភ្ញៀវទេសចរស្នាក់នៅតាមសណ្ឋាគារ និងផ្ទះ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងមួយដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងលេខ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ឱ្យដឹងថា “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។

ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕

រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទានជិត ២០៨ លានដុល្លារ ដល់កម្ពុជាដើម្បីធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានចុះយល់ព្រមផ្តល់ឥណទានសម្បទាន ២០៧,៥ លានដុល្លារ ដល់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ខណៈជប៉ុនកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ក្នុងនោះឥណទានសម្បទាន ២០៧,៥ លានដុល្លារនឹងត្រូវបានអនុវត្តសម្រាប់គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឥណទានសម្បទាន ២០៧,៥ លានដុល្លារសម្រាប់អនុវត្ត រួមមាន ទី១ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក) និងទី២៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងនាវេលាម៉ោង០៩៖០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន។

លោកស្រីជា គឹមថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា មន្រ្តីកម្ពុជាបានទទួលស្គាល់តួនាទីដ៏សកម្មរបស់ប្រទេសជប៉ុន ដែលកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ខ្លួន នៅក្នុងវិស័យមួយចំនួន។

លោកស្រីបានមានប្រសាសន៍ថា “ភាគីជប៉ុនបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជាផ្នែកភស្តុភារហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការកសាងសមត្ថភាពមនុស្ស”។

យុទ្ធសាស្ត្រនេះ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ ជាពិសេសវិស័យកសិកម្ម មានសក្តានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិនជប៉ុន។

ចាប់តាំងពីឆ្នាំ១៩៩៥ ប្រទេសកម្ពុជាបានស្វាគមន៍ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤១ គម្រោងដែលមានទឹកប្រាក់សរុប២,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពល ការផ្គុំគ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ចសុខភាព និងផ្នែកលក់រាយ។

គម្រោងចំនួន៦៦នៃគម្រោងទាំងនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពលការផ្គុំគ្រឿង បន្លាស់អេឡិចត្រូនិចគ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ច សុខភាពនិងផ្នែកលក់រាយ៕

ក្រុមហ៊ុនឥណ្ឌាវិនិយោគរុករករ៉ែមាសនៅខេត្តរតនគិរីត្រូវផ្អាកការងារបណ្តោះអាសន្ន

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគរុករករ៉ែមាសរបស់ប្រទេសឥណ្ឌា ដែលមានទីតាំងនៅភូមិយ៉ាទុង ខេត្តរតនគិរី ត្រូវផ្អាកការងារបណ្តោះអាសន្នដោយសារការនាំចូលឧបករណ៍មានបញ្ហា អំឡុងការវាយលុកនៃមេរោគរាតត្បាតកូវីដ ១៩។

ក្រុមហ៊ុនរុករករ៉ែរបស់ឥណ្ឌាដែលមានឈ្មោះថា Mesco gold បានផ្អាកផែនការរបស់ក្រុមហ៊ុនដែលថាត្រូវចាប់ផ្តើមទាញយកលោហៈមានតម្លៃនៅខែមីនានោះគឺត្រូវពន្យាពេលសិន ដែលបច្ចុប្បន្នសម្រេចបានត្រឹមតែ ២០ ភាគរយ ប៉ុណ្ណោះ។

លោក អ៊ុន វិជ្ជា អ្នកតំណាងក្រុមហ៊ុន Mesco Gold បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឧបករណ៍ចម្រាញ់ប្រេងដែលក្រុមហ៊ុនត្រូវការនាំចូលពីប្រទេសចិនភ្លាមៗមិនអាចទទួលបាន ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ ១៩។ នៅពេលដែលស្ថានការណ៍បានធូរស្បើយហើយរដ្ឋាភិបាលផ្តល់ភ្លើងខៀវដល់ទិដ្ឋាការចូលមកប្រទេសកម្ពុជាឡើងវិញ នោះក្រុមហ៊ុនអាចទៅនិងនាំចូលគ្រឿងបរិក្ខារនានា។ ហើយក្រុមហ៊ុនសង្ឃឹមថា នឹងចាប់ផ្តើមដំណើរការរោងចក្រនេះឡើងវិញនៅខែមេសាឬឧសភា។

បើតាមឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុនរុករករ៉ែ Mesco Gold ដដែលបានឱ្យដឹងថា ដំណើរការងារនេះ រោងចក្រអាចចម្រាញ់រ៉ែមាសបានប្រមាណពី ៣៥០ ទៅ ៥០០ តោន ក្នុងមួយថ្ងៃ។ រ៉ែមាសមួយតោនអាចផលិតបានមាសសុទ្ធ ០.០៥ ក្រាម ហើយតម្លៃទីផ្សារសព្វថ្ងៃនៅកម្ពុជាសម្រាប់តម្លៃលោហៈគឺលៃប្រហែលជិត ៥ ម៉ឺនដុល្លារ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថា ឧស្សាហកម្មនេះកំពុងក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ដោយហេតុថាវានឹងបង្កើតប្រភពចំណូលថ្មីសម្រាប់ថវិកាជាតិនិងផ្តល់ឱកាសការងារជាច្រើនដល់សហគមន៍មូលដ្ឋាន។

ឯកឧត្តមបន្តថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងធ្វើពិពិធកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Mesco Gold បានទិញសិទ្ធអភិវឌ្ឍនិងរុករករ៉ែពីបញ្ជីក្រុមហ៊ុនកាណាដា Angkor Gold កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃព្រមព្រៀងជាង ១លាន។ ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០១៦ ដែលបច្ចុប្បន្នដំណើរការរោងចក្របានត្រឹមតែ ២០ភាគរយតែប៉ុណ្ណោះ៕

រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៤ ស្វែងរុករករ៉ែកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល ចេញសេចក្តីជូនដំណឹងស្តីពីការបើកជាតំបន់សម្បទានស្វែងរករ៉ែ សម្រាប់ការដាក់ស្នើសុំអាជ្ញាបណ្ណសរុករ៉ែនៅតំបន់ចំនួន ៤ នៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងមណ្ឌលគិរី។

យោងតាមសេចក្តីជូនំដំណឹងរបស់ក្រសួងរ៉ែ និងថាមពលដែលបានផ្សព្វផ្សាយដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ កន្លងមកនេះ ឱ្យដឹងថា តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖

១) តំបន់សម្បទានស្វែងរករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ ត្រពាំងទៀន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

២)តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ទំបន់ដាច់ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៣) តំបន់សម្បទានស្វែងរករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

៤) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគ្រៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕

ការដ្ឋានសំណង់អគារនៅបាងកកបន្តដំណើរការជាធម្មតា ខណៈប្រទេសទាំងមូលបិទបណ្តោះអាសន្ន

ដោយ ហ្សូលី

បាងកក៖ គម្រោងសាងសង់អគារវិនិយោគនៅទីក្រុងបាងកក ប្រទេសថៃ បន្តដំណើរជាធម្មតា បើទោះបីជាប្រទេសត្រូវបានបិទដើម្បីទប់ស្កាត់ការឆ្លងកាត់វីរុសកូវីដ ១៩ ខណៈឯកម្មករសំណង់ចំណាកស្រុកវិញមិនមានការយល់ដឹងពីការការពារខ្លួនពីវីរុសឡើយ។

ក្រុមសិទ្ធមនុស្សបានព្រមានថា ជនចំណាកស្រុកទៅស្នាក់នៅប្រទេសថៃ ភាគច្រើនគឺជាកម្មករសំណង់ដែលនៅតែបន្តការងារដដែល ខណៈវីរុសកំពុងវាយលុកក្នុងប្រទេសថៃ។ ជាង ៧០០ករណី ដែលភាគច្រើនជាប្រជាជនរស់នៅទីក្រុងបាងកក។ នេះបើតាមឱ្យដឹងពីក្រសួងសុខាភិបាលថៃ។

ការដ្ឋានសាងសង់អគារខ្ពស់ៗដូចជា អាផាតមិន ការិយាល័យ បន្តដំណើរការសាងសង់ជាធម្មតា ក្នុងនោះគេសង្កេតឃើញថា កម្មកររាប់រយនាក់ដែលជាជនចំណាកស្រុកចេញទៅធ្វើការតាំងពីព្រលឹម ហើយមានតែមនុស្សប៉ុន្មាននាក់ដែលពាក់ម៉ាស ឬរុំក្រណាត់បិទបាំងច្រមុះនិងមាត់ដើម្បីការពារខ្លួន។

នាយកមូលនិធិសប្បុរសធម៌សិទ្ធជនអន្តោសប្រវេសន៍ MAP បាននិយាយថា ប្រាក់ឧបត្ថម្ភតិចតួចណាស់ត្រូវបានផ្តល់ឱ្យសម្រាប់កម្មករសំណង់ចំណាកស្រុក។ ពួកគេមិនត្រូវបានគេផ្តល់ម៉ាសឬទឹកលាងអនាម័យដៃ និងផ្តល់ព័ត៌មានណាមួយអំពីមេរោគនេះទេ។

លោកបន្តថា ពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការពិនិ័យ ហើយត្រលប់មកវិញនៅពេលដែលមានសុវត្ថិភាព។ ពួកគេរស់នៅក្នុងតំបន់ចង្អៀតហើយមានកម្រិតក្នុងការទទួលបានការថែទាំសុខភាព ប្រសិនបើជំងឺនេះរាលដាលដល់ពួកគេនោះនឹងមានគ្រោះមហន្តរាយ។

យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ការដ្ឋានសំណង់គឺជាកន្លែងសម្បូរទៅដោយពលករចំណាកស្រុក ភាគច្រើនពួកគេមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ នៅក្នុងវិស័យនេះ ជនចំណាកស្រុកមានឯកសារជិត ៦០ ម៉ឺននាក់។ កម្មករនិយោជិតជាទូទៅរស់នៅក្នុងកុងតឺន័រឬសំណប៉ាហាំង និងក្តារបន្ទះនៅក្បែរការដ្ឋានតែម្តង ដែលមានអនាម័យមិនល្អឡើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពលករកម្ពុជាដែលចំណាកស្រុកទៅប្រទេសថៃរាប់ម៉ឺននាក់បានសម្រេចចិត្តចាកចេញពីប្រទេសថៃ ដោយសារតែអាជ្ញាធរថៃបានចេញបញ្ជាឱ្យមានការបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ លើកលែងតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ៕

(Reuters)