ជប៉ុនកំពុងសម្លឹងមើលកម្លាំងជំនាញផ្នែកថែរទាំអាគារពីកម្ពុជាជាច្រើនម៉ឺននាក់

ដោយៈរ៉ាណេត

ភ្នំពេញៈ ប្រទេសជប៉ុនកំពុងសម្លឹងមើល ទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញ មកពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ៣០,០០០នាក់ នាពេលខាងមុខនេះ។

នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) បានជម្រាប់ជូនរដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្នុងឱកាសដឹកនាំគណៈប្រតិភូនៃមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា សមា​គមរបស់ត្រូវការកម្លាំងជំនាញ ផ្នែកថែទាំអគារសរុបចំនួន៣០០០០នាក់ ដោយក្នុងនោះ លោកក៏កំពុងតែសម្លឹងមើលទីផ្សារកម្លាំងជំនាញពីកម្ពុជាផងដែរ។

លោកបានបន្តថា សមាគមថែទាំអគារជប៉ុន មានសមាជិកប្រមាណជា២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន រួមជាមួយនឹងពលករមកពីបរទេសប្រមា​ណ១លាននាក់។ លោកបន្តថា ដោយសារប្រទេសជប៉ុនកំពុងជូបប្រទះ នឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។

ដូច្នេះ សមាគមត្រូវការជ្រើសរើសកម្លាំងពលកម្ម ពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន ដែលមានតម្រូវការដល់ទៅប្រមាណ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ៣០,០០០នាក់ ហើយនៅឆ្នាំក្រោយនេះលោ​ក​មានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានប្រគល់ការងារនេះ ទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមថែទាំអគារជប៉ុន ព្រមទាំងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត គឺមាន២ជម្រើស ដោយទី១ សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយ របស់ក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ហើយក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន៥កន្លែង និងទី២ សមាគមថែទាំងអគារជប៉ុន អាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។

ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ដែលមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយសម្រា​ប់ប្រទេសជប៉ុនផងដែរ ខណៈពេលដែលបច្ចុប្បន្ន ទីផ្សារការងារនេះកំពុងមានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន។

រដ្ឋាភិបាលឱ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិខ្លួនចំនួន ១១១ នាក់ដែលជាប់នៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

លោកប្រាក់ សុខុន បានឱ្យសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៦ ខែមីនានេះថា ជាមួយនេះកម្ពុជាក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។

លោកបន្តថា “ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង”។

លោករដ្ឋមន្ត្រីបន្ថែមថា “ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី”៕

រដ្ឋាភិបាលសម្រេចជាផ្លូវការកាត់បន្ថយពន្ធដល់រោងចក្រកាត់ដេរដែលរងផល ប៉ះពាល់ពីការព្យួរ EBA

ដោយវុត្ថា

ភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ចេញវិធានការផ្នែកពន្ធដារដើម្បីកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ ដែលបង្កឡើងដោយការព្យួរ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ឬ EBA។

យោងតាមសេចក្តីប្រកាសលេខ៣១៩ សហវ ដែលចុះហត្ថេលេខាដោយលោកឧបនាយកដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វ ផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា  សេចក្តីប្រកាសនេះអនុវត្តចំពោះសហគា្រសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរ និងកាបូបដៃ និងផលិតមួក នៅក្នុងប្រទែសកម្ពុជា ដែលរងផលប៉ះពាល់បណ្តាមកពីការព្យួរប្រព័ន្ធនុគ្រោះពន្ធ (EBA)។

សេក្តីប្រកាសនេះបញ្ជាក់ទៀតថា លើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៦ខែ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិត២០% ទៅ៣០ % ដោយលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំនួន៥០% នៃប្រាក់ពន្ធត្រូវបង់សរុប និងលើកលែងពន្ធចំណូលរយៈពេលមួយឆ្នាំ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិត ៤០ % ទៅ ១០០ % ដោយលើកលែងការបង់ពន្ធ លើប្រាក់ចំណូល១០០% នៃប្រាក់ត្រូវបង់ពន្ធសរុប។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០បានសម្រេចដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោ​មតាមមាត្រា១៩នៃបទប្បញ្ញត្តិស្តីពី ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។

សហភាពបញ្ជាក់ថា ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំ របស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប ពោលស្មើនឹងប្រមា​ណ២០ភាគរយ នៃផលិតនាំចេញទៅសហភាពអឺរ៉ុបតែប៉ុណ្ណោះ។

សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងមកនេះប្រកាសលើក​លែងពន្ធដល់រោងចក្រសហគ្រាស ក្នុងរយៈពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ចំពោះរោងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់បណ្តាមកពីវីរុសកូរ៉ូណា និងEBA។

សម្តេចតេជោបន្តទៀតថា “វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០% ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ”។

សម្តេចតេជោ បានប្រកាសយ៉ាម៉ឺងមាត់ពីការអនុវត្តច្បាប់របស់កម្ពុជា កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ២០% ពីអឺរុបវិញនោះទេ សម្តេចកម្ពុជាបានអះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ៕

រដ្ឋាភិបាលនឹងទទួលចំណូលពន្ធ ៧៤៦លានដុល្លារ ពីគម្រោងបង្កើតរោងចក្រអគ្គិសនីរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធ ពីការបង់ពន្ធដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សរុបជាង៧៤៦លានដុល្លារ ទៅលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដុតធ្យូងថ្ម ដែលផ្តល់អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប . សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ជាមួយនឹងគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គសនី ក្រោមការវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលរដ្ឋសភាបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ មិនានេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបចំនួន ៧៤៦,២៦៨,២៥០ដុល្លារក្នុងរយៈពេល៣៨ឆ្នាំ ស្មើនឹងជិត២០លានដុល្លារក្នុងមួយឆ្នាំ ទៅលើពន្ធនៃប្រាក់ចំណូលមុន បែងចែកភាគលាភ និងពន្ធកាត់ទុកលើការប្រាក់។

ដោយឡែកក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្តលើថ្លៃលក់ថាមពលអគ្គិសនី រដ្ឋនឹងទទួលបានចំណូលពីអាករនេះ សរុបចំនួន១,២លានដុល្លារ ក្នុងរយៈពេលអាជីវកម្ម៣៥ឆ្នាំ។ ចំណូលពន្ធនេះ មិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលនានា និងចំណូលពន្ធមួយចំនួនទៀត។

សេចក្តីព្រាងច្បាប់ដដែលបានឲ្យដឹងទៀតថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដែលមានទ្រង់ទ្រាយធំមួយនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិនគ្រុប . សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង។

សម្រាប់ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់ ដូចជា ការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់  សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគរ របស់អគ្គិសនីកម្ពុជា សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្មមាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម  ត្រូវមានផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ និងមានអនុស្ថានីយ៍អគ្គិសនីរបស់រោងចក្រ  និងបន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពល ទៅឱ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

សេចក្តីព្រាងច្បាប់ខាងលើបានឲ្យដឹងថា រោងចក្រនេះមាន អនុភាពដំឡើង៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង៨០ភាគរយក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

សម្រាប់គម្រោងផលិតរោងចក្រអគ្គិសនីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តមួយចំនួនដូចជា លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខាឧបករណ៍ និងសម្ភារៈនានា នៃគម្រោងក្នុងរយៈពេលសាងសង់, អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេសជាបន្ទុករបស់រដ្ឋ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេលល៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្មដំបូង លើកលែងថ្លៃសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ លើការប្រើប្រាស់ទឹក និងធនធានសំណង់ (ថ្ម គ្រួស ខ្សាច់ សាច់ដី) សម្រាប់ការសាងសង់គម្រោង៕

អ្នកវិនិយោគអាស៊ីនៅតែបន្តវិនិយោគឈានមុខគេក្នុងតំបន់អាស៊ីនៅឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិ បានឱ្យដឹងថា សម្រាប់អនាគត អ្នកវិនិយោគជនជាតិអាស៊ីទាំងអស់ ជាពិសេសជនជាតិសិង្ហបុរី និងកូរ៉េខាងត្បូងនឹងបន្តនូវការវិនិយោគរបស់ខ្លួន នៅក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេសថែមទៀតនៅឆ្នាំ២០២០នេះ បើទោះបីពិភពលោកស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។

លោកស្រី អាន សុធីតា ដែលជានាយកគ្រប់គ្រង នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅក្នុងសេចក្តីសេចក្តីប្រកាសព័ត៌មារបស់ក្រុមហ៊ុនមួយកាលពីថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០២០ម្សិលមិញនេះថា នៅពេលដែលមានការរឹតបន្តឹងក្នុងការធ្វើដំណើរដោយមូលហេតុមកពីជំងឺ Covid-19 យើងរំពឹងទុកថានឹងមានការថយចុះរយៈពេលខ្លីនូវការវិនិយោគ។

លោកស្រីបន្តថា ប៉ុន្តែយើងក៍រំពឹងទុកថារវាពុំបានបញ្ឈប់អ្នកវិនិយោគពីយុទ្ធសាស្រ្តរយៈពេលយូរ ក្នុងការបោះទុនក្នុងវិស័យអចលនទ្រព្យឡើយ ហើយ ក្រុមហ៊ុន CBRE Cambodia នៅរក្សាជំហររបស់ខ្លួនក្នុងការតាំងចិត្តបង្កើននូវផលប្រយោជន៍សម្រាប់អតិថិជន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាក្នុងរយៈពេលជាច្រើនខែទៅមុខទៀតផងដែរ។ 

លោកស្រីបន្ថែមថាក្នុងការឆ្លើយតបនឹងព្រឹត្តិការណ៍ដែលមិនអាចស្មានទុកមុននេះ ក្រុមហ៊ុនបានអនុវត្តនូវគោលការណ៍ក្នុងការបំពេញការងារ និងស្វែងរកនូវដំណោះស្រាយដែលមានភាពច្នៃប្រឌិតដើម្បីរក្សាការទំនាក់ទំនង តាមរយៈមធ្យោបាយនានា ជាមួយនិងអតិថិជនរបស់ខ្លួន។

លោកស្រីថា “នេះគឺជាគ្រោះមហន្តរាយដែលយើងមិនអាចស្មានទុកមុន។ ពិភពលោកទាំងមូលកំពុងទទួលរងផលប៉ះពាល់ ហើយវាអាចបន្តទៅក្នុងអនាគតខាងមុខផងដែរ។ យើងត្រូវតែថែរក្សាគ្នាទៅវិញទៅមក និងចូលរួមទាំងអស់គ្នាប្រឹងប្រែងដើម្បីវិស័យរបស់យើង ក៏ដូចជាបុគ្គលិក និងអតិថិជនរបស់យើងផងដែរ។

យើងបានរិះរកគ្រប់វិធីដើម្បីផ្តល់ការរក្សាសុវត្ថិភាពដល់បុគ្គលិករបស់យើង ខណៈដែលយើងនៅបន្តផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ”។ 

លោកស្រីបញ្ជាក់ទៀតថា “ខ្ញុំមានការស្ញប់ស្ញែងចំពោះបុគ្គលិកជំនាញដែលកំពុងបំពេញភារកិច្ច ដែលមានសារៈសំខាន់ តាមទីតាំងជាក់លាក់នានាដោយផ្ទាល់។ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមការងារដែលបានបង្ហាញនូវភាពបត់បែនខ្ពស់ ជាមួយនិងស្ថានភាពថ្មី និងបានបង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការរក្សានូវភាពល្អប្រសើរក្នុងការងារ ខណៈដែលការទំនាក់ទំនងផ្នែកធុរកិច្ចនានាស្ទើរទាំងអស់ត្រូវបានធ្វើតាមរយៈប្រព័ន្ធអនឡាញ។ ខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយគ្នាក្នុងពេលវេលានេះ រក្សាទស្សនៈវិជ្ជមាន និងជាពិសេសមើលថែទាំសុខភាពរបស់ខ្លួននិងគ្រួសារ”។

លោកស្រីបញ្ជាក់បន្ថែមថា “ដោយសារតែវីរុសកូរូណាបានបង្ករនូវភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចពិភពលោក វាបានជម្រុញឲ្យតួអង្គនានានៅក្នុងវិស័យអចលនទ្រព្យស្ថិតក្នុងការរងចាំ។ ហេតុដូចនេះ ក្រុមហ៊ុន CBRE Cambodia នឹងបន្តធ្វើរបាយការណ៍ឲ្យបានទាន់បច្ចុប្បន្នភាព រក្សារការផ្តល់ប្រឹក្សា និងជាប្រភពព័ត៌មានដ៍ជាក់លាក់មួយ”៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើជប៉ុនជួយលើបច្ចេកទេសរៀបចំផែនការវាស់វែងដែនដី

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ភាគីជប៉ុនជួយលើបច្ចេកទេសរៀបចំផែនការវាស់វែង និងផែនការរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នៅទូទាំងប្រទេសកម្ពុជា ខណៈប្រទេសជប៉ុនមានស្ថានីយវាស់វែងជឿនលឿន និងមានបទពិសោធន៍ខ្ពស់។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក MIKAMI Masahiro អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីពេលថ្មីនេះ ថា ការស្នើសុំបច្ចេកទេសពីប្រទេសជប៉ុននេះ គឺដើម្បីឱ្យតការវាស់វែងដីធ្លីនៅក្នុងប្ដរទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព អាចជំរុញពេលវេលា ទៅលើការធ្វើបណ្ណកម្មសិទ្ធិទៅតាមបច្ចេកទេសខ្ពស់។

លោកឧបនាយកដ្ឋមន្ត្រីបន្តថា ម្យ៉ាងទៀតនេះគឺចាត់ទុកថាជាផែនការមួយដែលមានសក្កានុពល លើការរៀបចំខេត្តក្រុង ដែលចាត់ទុកថាជាមូលដ្ឋានដើម សម្រាប់ឱ្យការអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព ដើម្បីបង្ហាញថាកម្ពុជា មានការគាំទ្រ មានលក្ខណៈសមស្រប សម្រាប់ទាក់ទាញដល់អ្នកវិនិយោគនៅក្នុងប្រទេស ហើយរាជរដ្ឋាភិបាលរដ្ឋាភិបាលក៏យកចំណុចនេះ ទៅធ្វើជាគម្រោងការក្នុងការអភិវឌ្ឍន៍។

លោក MIKAMI Masahiro អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាបានសម្តែងការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ទៅលើការងារដោះស្រាយបញ្ហាក្នុងវិស័យរៀបចំដែនដី និងសំណង់ ដែលការងារនេះ គឺជាការងារសំខាន់មួយ ដែលប្រទេសជប៉ុនបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន ដែលមានមន្រ្តីជំនាញៗ កំពុងមានវត្តមាននៅក្នុងប្រទេសស្រាប់។

តាមរយៈការស្នើបច្ចេកទេសនេះ លោកឯករាជទូតថា នឹងជម្រាបជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលក្រោយអំពីកិច្ចស្នើសុំគាំទ្រ លើវិស័យវាស់វែង ជប៉ុនទទួលសំណើនេះ ព្រោះថាការពិនិត្យមើល ការចុះបញ្ជីដីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការចុះបញ្ជីដី វាសវែងដី ដែលជាមូលដ្ឋានសម្រាប់រៀបចំរចនាសម្ព័ន្ធទាំងអស់មិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែល JICA មានបទពិសោធន៍ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៅប្រទេសថៃ ភូមា បង់ក្លាដេស ដែលនឹងចែករំលែកបទពិសោធន៍នេះ។

លោកបន្ថែថា ជាមួយគ្នានេះ JICA ជប៉ុន និងធ្វើការជ្រើសរើសទីប្រឹក្សានៅខែមេសាខាងមុខ ដែលបញ្ហានេះ តម្រូវឱ្យមានការសហការគ្នាយ៉ាងជិតស្និតជាមួយនឹងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ពាក់ព័ន្ធទៅនឹងកិច្ចស្នើសុំពីការអនុវត្តច្បាប់ស្តីពីសំណង់ ស្ថានទូតជប៉ុនកំពុងពិចារណា ថាត្រូវផ្តល់ជំនួយបែបណាទើបសមរម្យ ដែលត្រូវការពេលមួយចំនួនទៀត ខណៈពេលនេះមិនទាន់ទទួលសំណើសម្រាប់សារពើពន្ធនៅឆ្នាំ២០២០នេះទេ៕

រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើពលករ ២២២៧៤នាក់ ត្រលប់ពីក្រៅប្រទេសចូលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រជាពលករកម្ពុជាដែលបានវិលត្រឡប់ពីបណ្តាប្រទេសជិតខាងចូលមកកាន់កម្ពុជាវិញសរុប ២២២៧៤នាក់ ត្រូវបានរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ខណៈដែលចំនួនអ្នកផ្ទុកមេរោគនេះបានបន្តកើនឡើងរហូតដល់៩៦នាក់។

គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច ចំនួនប្រជាពលករកម្ពុជា ដែលវិលត្រឡប់មកពីបម្រើការងារនៅតាមបណ្តាប្រទេសជិនខាងនានា បានវិលត្រឡប់មកកាន់ទឹកដីប្រទេសកំណើតមានចំនួន ២២២៧៤ ដែលក្នុងនោះស្ត្រីមានចំនួន៩៨១៧នាក់ និងបុរស ១២០៦៦ ក្មេងតូចចំនួន ៣៩១នាក់ ដោយអ្នកទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ និងពិនិត្យទៅលើសុខភាពយ៉ាងត្រឹមត្រូវនៅច្រកព្រំដែន ដើម្បីបញ្ចៀសនូវហានិភ័យចម្លងជំងឺ Covid-19។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រៅតែបាន និងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើរទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់ ។

សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ ។

ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់ការពន្យល់ថាពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសំរុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន ។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្តក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់នៅដោយឡែក១៤ថ្ងៃសិន ។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ សម្ដេចបានមានប្រសាសន៍ថាប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ។

សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត ។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ។

សម្ដេចបានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឱ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះត្រូវខិតខំពិភាក្សាជាមួយភាគីថៃដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើង។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។

ប្រជាពលករដែលវិលត្រឡប់ចូលមកកាន់កម្ពុជាចំនួន២២២៧៤នាក់ខាងលើនេះ មានមកពីប្រទេសថៃចំនួន ៩៣០៦នាក់ មកពីប្រទេសចិន ចំនួន៣៩នាក់ មកពីប្រទេសម៉ាឡេស៊ីចំនួន៣៧នាក់ មកពីប្រទេសកូរ៉េចំនួន៩១នាក់ មកពីប្រទេសវៀតណាមចំនួន១៩នាក់ មកពីប្រទេសឡាវចំនួន២នាក់ និងមកពីប្រទេសឥណ្ឌាចំនួន៦៤នាក់ ៕

រដ្ឋមន្ត្រីកសិកម្មអះអាងថា កម្ពុជាមិនមានបញ្ហាអសន្តិសុខស្បៀងដោយសារបញ្ហា COVID-19

ដោយ ប៊ី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជាមិនមានបញ្ហាអ្វីទេ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន ទោះបីមានវិបត្តិនៃជំងឺ COVID-19។ នេះជាការឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ អំពីសន្តិសុខស្បៀងរបស់កម្ពុជារួមមាន អង្ករ បន្លែ ត្រី សាច់ នៅគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ថាតើអាចបំពេញសេចក្តីត្រូវការ របស់ប្រជាជនបានទេ នៅពេលជំងឺនេះរីករាលដាលខ្លាំង។

លោក វេង សាខុន បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ថា ការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូក គោ មាន់ ទារ) ចិញ្ចឹមត្រី និងការដាំដុំបន្លែបង្ការ មានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា “ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថាមិនមានបញ្ហាអ្វី ដែលកើតឡើងទេ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា”។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្ម ក្នុងឆ្នាំ២០១៩មានដូចជា ការងារបង្កបង្កើនផលស្រូវ នៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន ៣.៣៣លានហិកតា។ ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៣តោនក្នុង១ហិកតា ដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០.៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥.៧៦លានតោនគិតជាអង្ករស្មើនឹង ៣.៦៩លានតោន។

ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណជាង ១៦លានតោននៅឆ្នាំ២០១៩។

ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧ លានតោន ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន៤.៨៧លានតោន កើនលើសឆ្នាំមុនជាង១៣% ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការមានចំនួន ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។

តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង២លានតោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។

ពាក់ព័ន្ធការការចិញ្ចឹមសត្វវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជ-កម្មសត្វ និងផលិតផលសត្វ។

ជាការកត់សម្គាល់កន្លងមក ការចិញ្ចឹមសត្វតាមប្រពៃណីត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ ផលិតកម្មសត្វសម្រេចបានចំនួន៤៥.៨ លានក្បាល កើនឡើង៣.៣% ធៀបនឹងឆ្នាំ២០១៨។

ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម មានបានកើន៣៧% ធៀបនឹងឆ្នាំ២០១៨។ ការផលិតនិងផ្គត់ផ្គង់សាច់ មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២០៩ពាន់តោននៅឆ្នាំ២០១៥ ដល់២៣៩ពាន់តោននៅក្នុងឆ្នាំ២០១៩។

សម្រាប់ការវិស័យជលផលវិញ ក្នុងឆ្នាំ២០១៩ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួនជាង៩០៨ពាន់តោន ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបាន ៤៧៩ពាន់តោន, ផលនេសាទសមុទ្រ ១២២ពាន់តោន និងផលវារីវប្បកម្ម (ការចិញ្ចឹមត្រី) សម្រេចបានចំនួន ៣០៧ពាន់តោន កើនឡើង ២១% ធៀបនឹងឆ្នាំ២០១៨៕

ការវិនិយោគឥណ្ឌូនេស៊ីនៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣៥០ លានដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ ការវិនិយោគឥណ្ឌូនេស៊ីនៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣៥០ លានដុល្លារ ខណៈសកម្មភាពពាណិជ្ជកម្មបាននិងកំពុងកើនឡើងរវាងប្រទេសទាំងពីរ។

លោក ហោ ណាំបូរ៉ា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅឥណ្ឌូនេស៊ី បានប្រាប់ស្ថាប័នសារព័ត៌មាន Eurasia Review កាលពីថ្មីៗនេះថា វិនិយោគិនឥណ្ឌូនេស៊ីមានក្តីរំភើបចំពោះសក្តានុពលសេដ្ឋកិច្ច និងមានកំណើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

លោក បានថ្លែងថា “យើងមានទឹកប្រាក់ប្រហែល ៣៥០ លានដុល្លារក្នុងការវិនិយោគឥណ្ឌូនេស៊ីនៅកម្ពុជា។ ខ្ញុំចង់អញ្ជើញវិនិយោគិនឥណ្ឌូនេស៊ីមកកម្ពុជាបន្ថែមទៀត”។

របកគំហើញដ៏ធំបំផុតបានកើតឡើងកាលពីឆ្នាំមុន នៅពេលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Citilink ជាមួយការដឹកជញ្ជួនតម្លៃទាបបានបើកជើងហោះហើរត្រង់រវាងទីក្រុងហ្សាការតានិងភ្នំពេញ។

លោក ណាំបូរ៉ា “វាជាអំណោយដ៏អស្ចារ្យបំផុតក្នុងការកត់សម្គាល់នូវទំនាក់ទំនងមិត្តភាពរវាង ៦០ ឆ្នាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ ការតភ្ជាប់ផ្លូវអាកាសមានសារៈសំខាន់ណាស់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ីបានកើនឡើង ៤៦ ភាគរយដល់កម្រិតខ្ពស់ជាង ៧៩២ លានដុល្លារកាល បើធៀបនឹង ៥៤៣ លានដុល្លារក្នុងឆ្នាំ ២០១៨ ។

ទិន្នន័យបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញ ៤ ភាគរយច្រើនជាងកាលពីឆ្នាំមុនឬ ២២,៣ លានដុល្លារអាម៉េរិក ខណៈដែលការនាំចូលបានកើនឡើងដល់ ៧៧០ លានដុល្លារកើនឡើង ៤៧ ភាគរយ។

សកម្មភាពពាណិជ្ជកម្មបាននិងកំពុងកើនឡើងរវាងប្រទេសទាំងពីរចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧៕

ចំណេះដឹង!តើអ្វីផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល?

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ(២០២០២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០២០២២)

យោងតាមឯកសាររបស់រដ្ឋាភិបាលបានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០២០២៤) និងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២០២០២២)ត្រូវបានរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្តតាំងពីឆ្នាំ២០០៩មក។

ម្យ៉ាងទៀតផែនការនេះ ត្រូវបានរៀបចំឡើង ដោយមានការគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់ស្តែងនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៃកម្ពុជា ដែលជាគោលនយោបាយ មានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៏ជាតិ។


ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិតជាបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធី ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈ ពេល១០ឆ្នាំ ២០១០២០១៩

ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជា ត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀប ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការ អភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិ និយោគបីឆ្នាំរំកិលប្រព្រឹត្ត ទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឲ្យត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូន ក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែក គោលនយោបាយ សម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល៕