ដោយវុត្ថា
ភ្នំពេញៈ បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងប៉េងកាំងប្រទេសចិននៅអំឡុងខែសីហា ឆ្នាំ ២០២០ខាងមុខនេះ ដើម្បីធ្វើជាអធិតីក្នុងពិធីចុះត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា សម្ដេចហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា បញ្ជប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងធ្វើការពិភាក្សាផ្សេងៗទៀត ដើម្បីបង្កើនល្បឿនក្នុងការជម្រុញសេដ្ឋកិច្ច ។
លោកបន្តថា “សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅដោយផ្ទាល់ដើម្បីធ្វើជាអធិបតី នៅក្នុងកិច្ចចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈដែលកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំព ន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង”។
លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងដែរថា បន្ទាប់ចុះហត្លលេខាបញ្ជប់ កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិន នាពេលខាងមុខនេះ កម្ពុជា ក៏នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េបន្ថែមទៀត ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា មានទីផ្សារកាន់តែធំសម្រាប់ការធ្វើពាណិជ្ចកម្ម នៅក្នុងរយៈពេលវែង ស្របពេលជាមួយគ្នានេះ កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា មិនគ្រាន់តែទាក់ទាញការវិនិយោគកាន់តែច្រើនទៀតទៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងការធ្វើពិពិធកម្មលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនាំចេញរបស់កម្ពុជា។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី៣រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវា។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។

លោកបន្តថា “ការកិច្ចការងារនេះសុក្រឹតជាមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង”។លោកបន្តថា “ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន”។
លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។
លោកបន្ថែមថា ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿ នពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលួនជាងមុន។
លោកបណ្ឌិតហុង វណ្ណៈបានលើកជាឧទាហរណ៍ថា ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀង ទិញស្វាយកែវរមៀតចំនួន៥០ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តរួមនៃភាគីទាំងពីរ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាង រលួន ព្រោះវាមានងាយស្រួលជាងមុន ចំពោះដំណើរការនៃឯសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពិសេសធុរជននៃប្រទេសទាំងពីរ នឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង៕






