ដោយ វុត្ថា
ភ្នំពេញៈ សន្និធិគយបណ្តោះអាសន្ន សំដៅលើសន្និធិទំនិញ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យគយ នៅកន្លែងដែលទទួលបានការអនុញ្ញាត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។
អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការ ទីកន្លែងសន្និធិគយបណ្តោះអាសន្ន ត្រូវសម្រេចដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មាត្រា ៤៣) ។
ភណ្ឌាគារគយមានដែនកំណត់ គឺជាទីកន្លែងដែលទំនិញត្រូវបានដាក់សម្រាប់រយៈពេលជាក់លាក់មួយ ស្ថិតនៅក្រោមការត្រួតពិនិត្យគយ ដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ការដាក់ទំនិញក្នុងភណ្ឌា គារគយមានដែនកំណត់ ត្រូវបានព្យួរការបង់ពន្ធ អាករ និងការដាក់កម្រិតកំណត់ដែលទំនិញទាំងនោះ ត្រូវជាប់។
ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ
ក. ភណ្ឌាគារសាធារណៈ ដែលទទួលការអនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចធ្វើ ប្រតិបត្តិការ ដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់ សម្រាប់ផ្តល់សេវាដល់បុគ្គលទាំងឡាយ ដែលមានសិទ្ធិធ្វើសន្និធិទំនិញ។
ខ.ភណ្ឌាគារឯកជន ត្រូវបានផ្តល់ការអនុញ្ញាតដោយនាយកទីចាត់ការគយ និងរដ្ឋាករ ត្រូវបានប្រើប្រាស់ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូល ទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ។
គ. ភណ្ឌាគារពិសេស គឺជាភណ្ឌាគារដែលទទួលបានសិទ្ធិពី នាយកទីចាត់ការគយនិងរដ្ឋាករ សម្រប់ថែរក្សាប្រភេទទំនិញគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។
អាជ្ញាប័ណ្ណសម្រាប់ភណ្ឌាគារគយមានដែនកំណត់ ត្រូវកំណត់នូវល័ក្ខខ័ណ្ឌសម្រាប់ម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិកររាប់បញ្ចូលទាំងទីតាំង សំណង់ គម្រោងអគារ នីតិវិធីសម្រាប់ចាត់ចែង និងគ្រប់គ្រង (មាត្រា ៤៤)។ ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយ មានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះបញ្ជិកា (មាត្រា ៤៦) ។
ស្ថិតក្នុងកាលៈទេសៈជាក់ស្តែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចអនុញ្ញាតឲ្យបង្កើតភណ្ឌាគារ ផលិតកម្មមានដែនកំណត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គយក្នុងគោលបំណងកែច្នៃ និងផលិតទំនិញ។
ផលិតផលដែលដាក់ចូលក្នុងភណ្ឌាគារផលិតកម្ម មានដែនកំណត់ត្រូវព្យួរពន្ធ និងអាករនាំចូល (មាត្រា ៤៩) ។
ប្រតិបត្តិការកែច្នៃ ឬចំរាញ់តេលសិលាឆៅ ឬបីទីមខនិជ ដើម្បីទទួលបានផលិតផលតេលសិលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមរបបភណ្ឌាគារផលិតកម្ម មានដែនកំណត់បាន (មាត្រា ៥០)៕