គេហទំព័រ Propertyarea.asia ប្រកាសតែងតាំងឯកឧត្តម ប៊ី សុក្របណ្ឌិត ជាប្រធានកិត្តិយស

ថ្នាក់ដឹកនាំនៃគេហទំព័រ Propertyarea.asia មានកិត្តិយស សេចក្ដីសោមនស្សរីករាយ និងបានសម្រេចប្រកាសតែងតាំងឯកឧត្តម ប៊ី សុក្របណ្ឌិត ធ្វើជាប្រធានកិត្តិយសនៃគេហទំព័រមួយនេះ។

សេចក្ដីសម្រេច និងប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីមានការយល់ព្រមពីសំណាក់ឯកឧត្តមដោយផ្ទាល់ ដើម្បីចូលរួមជួយផ្តល់ជាយោបល់ និងការណែនាំល្អៗ ពិសេស ជួយបង្កើនប្រជាប្រិយភាពគេហទំព័រមួយនេះ និងអាចពង្រីកឧត្តមភាពកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់តែមានភាពរីកចម្រើន ហើយអាចផ្សព្វផ្សាយព័ត៌មានបានកាន់តែប្រសើរឡើងថែមទៀតជូនដល់សាធារណៈជន និងអ្នកវិនិយោគជាតិ-អន្តរជាតិ។

នៅក្នុងតំណែងនេះ ដើម្បីជាការលើកទឹកចិត្តក្នុងការផ្ដល់កិត្តិយសរបស់ឯកឧត្តម ថ្នាក់ដឹកនាំនៃគេហទំព័រ Propertyarea.asia បានផ្ដល់ជូននូវភាគហ៊ុនចំនួន២០ភាគរយនៃគេហទំព័រមួយនេះជូនដល់ឯកឧត្តម។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន ក៏ដូចជាក្រុមហ៊ុនសហការជាដៃគូទាំងអស់មេត្តាជ្រាបជាព័ត៌មាន ។

សម្តេចតេជោកំពុងពិចារណាស្នើព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ដោយវុត្ថា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននឹងកំពុងពិចារណា និងសិក្សា មាត្រា ២២នៃច្បាប់រដ្ឋធម្មនុញ ក្នុងការទូលថ្វាយស្នើសុំព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈកំណើនជំងឺកូវីដ១៩ កំពុងមានការកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅពេលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្នហើយ សិទ្ធិស៊ីវិលត្រូវកាត់ផ្តាច់ហើយ។ ម្យ៉ាងទៀត នេះជាវិធានការតឹងរឹង ដើម្បីការពារ កុំឲ្យប្រជាជនកម្ពុជា ឆ្លងជំងឺកូវីដ។

សម្តេចតេជោថ្លែងថា “ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព”។
សម្តេចតេជោបន្ថែមថា “មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕

ចិន និងកម្ពុជា ជួយគ្នាក្នុងគ្រាលំបាក៖ សភាពាណិជ្ជកម្មចិនផ្តួចផ្តើមបង្កើតមូលនិធិប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីត១៩នៅកម្ពុជា

រាជធានីភ្នំពេញ៖ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីត១៩នៅដើមឆ្នាំ២០២០មក ក្រោមការដឹកនាំផ្ទាល់ពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា​ និងដោយមានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រឹក្សាសភាពាណិជ្ជកម្មចិននៅកម្ពុជា បណ្តាអង្គភាពសមាជិកសភាពាណិជ្ជកម្មចិននៅកម្ពុជា បានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលនិងធ្វើស្ពានប្រាស្រ័យទាក់ទង ហើយបានផ្តួចផ្តើមគំនិតជួយដល់សហគ្រាស និងសប្បុរសជនជាច្រើនចូលរួមយ៉ាងក្លៀវក្លានៅក្នុងសកម្មភាពប្រឆាំងនឹងការរីករាលដាលជំងឺកូវីត១៩ ដែលទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីសហគ្រាសនិងសប្បុរសជាច្រើននៅក្នុងប្រទេសកម្ពុជា។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីយានីនៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគប្រាក់និងសំភារៈដល់ប្រទេសចិននៅពេលដំបូងនៃការរាតត្បាតជំងឺកូវីត១៩ក្នុងប្រទេសចិន។ នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោហ៊ុនសែន គឺជាប្រមុខនៃរដ្ឋាភិបាលបរទេសទីមួយ ដែលបានធ្វើទស្សនកិច្ចប្រទេសចិនក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីត១៩ក្នុងប្រទេសចិន។ នេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺជំងឺកូវីត១៩នេះ ហើយបានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅនិងការជឿទុកចិត្តគ្នាខ្ពស់ រវាងកម្ពុជានិងចិនគឺមិនអាចបំបែកបាន ប្រជាជនកម្ពុជាប្រកាន់ជំហររឹងមាំជាមួយប្រជាជនចិន ជួយគ្នាក្នុងគ្រាលំបាក។

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមល្ងាចថ្ងៃទី ២៣ខែមីនានេះ ចំនួនករណីកូវីត១៩នៅកម្ពុជាបានកើនឡើងយ៉ាងលឿនដល់ ៨៧ករណី ដែលហានិភ័យនៃការរីករាលដាលមានសន្ទុះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងបានអនុវត្តវិធានការវេជ្ជសាស្ត្រត្រួតពិនិត្យជាច្រើន។ រដ្ឋាភិបាលចិនក៏បានពង្រីកជំនួយជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ជាមួយនឹងការជំរុញរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យធ្វើការងារបានល្អក្នុងការស្តារផលិតកម្មតាមបណ្តារោងចក្រ និងបង្ការនិងព្យាបាលជំងឺរាតត្បាតនេះ។ ប្រទេសចិនបានបរិច្ចាគសំភារៈវេជ្ជសាស្ត្រដូចជាសម្លៀកបំពាក់កាពារ​ របាំងមុខ វ៉ែនតាបាញ់ថ្នាំសំលាប់មេរោគ និងឧបករណ៍សំរាប់ធ្វើតេស្តរកមេរោគកូវីត១៩ ហើយបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៧រូប មកជួយចែករំលែកបទពិសោធន៏ការងារប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីត១៩នេះ។

ក្នុងនាមជាសហគមអង្គការពាណិជ្ជកម្មចិននៅកម្ពុជា សភាពាណិជ្ជកម្មចិនបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដើម្បីធ្វើការវិភាគបន្ថែមអំពីនិន្នាការវិវត្តនៃការរីករាលដាលជំងឺកូវីត១៩នៅប្រទេសកម្ពុជា អង្គប្រជុំបានពិភាក្សាយ៉ាងសកម្មដើម្បីជួយភាគីកម្ពុជាក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគប្រកបដោយប្រសិទ្ធភាព ចូលរួមការពារសុខភាពប្រជាជនចិន និងប្រជាជនកម្ពុជា។ អង្គប្រជុំបានសំរេចស្នើឱ្យអង្គភាពសមាជិកទាំងអស់ រួមជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា បង្កើតមូលនិធិប្រឆាំងនឹងការរាតត្បាតជំងឺកូវីត១៩ សម្រាប់៖ ១. បរិច្ចាគដល់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារការរាតត្បាត​ ២, ជួយអុបត្ថម្ភស្ថាប័នវេជ្ជសាស្រ្តនិងបុគ្គលិកពេទ្យ ៣. ជួយក្នុងការធ្វើរោគវិនិច្ឆ័យលើបុគ្គលិកចិននៅកម្ពុជា ការដាក់អ្នកជំងឺនៅដាច់ដោយឡែក និងផ្តល់ការព្យាបាល ៤. ការទិញសំភារះវេជ្ជសាស្រ្ត។ល។

នៅរសៀលថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីការផ្តួចផ្តើមនេះត្រូវបានផ្សព្វផ្សាយ ភ្លាមៗនោះក៏ទទួលបានការឆ្លើយតបជាវិជ្ជមាន និងការគាំទ្រយ៉ាងខ្លាំងពីសមាជិកភាគច្រើននៃសហគ្រាសចិននិងបានបរិច្ចាគយ៉ាងផុលផុស។គិតត្រឹមម៉ោងបោះពុម្ពផ្សាយ ក្រុមហ៊ុនជាង៥០បានបរិច្ចាគប្រាក់ជិត ១០ម៉ឺនដុល្លារ។ហើយមូលនិធិនេះ នឹងនៅតែបើកចំហ ដើម្បីស្វាគមន៍ការគាំទ្ររបស់អង្គភាពសមាជិកសមាគមពាណិជ្ជកម្មនៅកម្ពុជា និងបណ្តាសហគ្រាសចិនទាំងអស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ នៅកម្ពុជា៕

អាល្លឺម៉ង់នឹងផ្តល់ថវិកាប្រមាណ ១,៦ លានដុល្លារដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃអង្គារនេះថា ខ្លួននឹងផ្តល់ថវិកាចំនួន ១,៥ លានអឺរ៉ូ (១,៦១៨,០០០ ដុល្លារ) ដើម្បីជួយគាំទ្រដល់ផែនការឆ្លើយតបភាពអាសន្នរបស់ Covid-19 នៅប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារ ស្ថានទូតអាល្លឺម៉ង់បានឱ្យដឹងថា “ចំនួនករណីដែលត្រូវបានបញ្ជាក់ដោយ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជាកើនឡើង ប្រទេសអាល្លឺម៉ង់សន្យាផ្តល់ថវិកាចំនួន ១,៦ លានដុល្លារដើម្បីគាំទ្រដល់ផែនការឆ្លើយតបជាបន្ទាន់ចំពោះជំងឺ Covid-19 របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា”។

ផែនការនេះមានគោលបំណងការពារទប់ស្កាត់ និងឆ្លើយតបចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃ Covid-19 នៅក្នុងប្រទេសនេះ។

ស្ថានទូតអាល្លឺម៉ង់បានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបច្ចុប្បន្នជាមជ្ឈមណ្ឌល និងមន្ទីរពិសោធន៍តែមួយសម្រាប់វីរុសថ្មីនេះ ដែលត្រូវបានគេហៅថា Sars CoV-2។

ថវិកាបន្ថែមរបស់រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានបម្រុងទុកសម្រាប់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីអភិវឌ្ឍសមត្ថភាពតេស្តបន្ថែមទៀតនៅក្នុងប្រទេស។

សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា “យើងនឹងសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីធានាថាប្រទេសកម្ពុជាបានត្រៀមសម្រាប់បញ្ហាប្រឈមនាពេលខាងមុខ សម្រាប់ការធ្វើតេស្តរកមេរោគ និងធ្វើរោគវិនិច្ឆ័យបន្ថែមទៀត”។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា Christian Berger បានមានប្រសាសន៍ថា អាល្លឺម៉ង់គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសកម្ពុជា និងបានចូលរួមចំណែកក្នុងវិស័យថែទាំសុខភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៣។

លោកបានមានប្រសាសន៍ថា “សម្រាប់យុទ្ធសាស្ដ្រទប់ស្កាត់ វាមានសារៈសំខាន់ណាស់ដែលត្រូវមានសមត្ថភាពល្អសម្រាប់ធ្វើតេស្តិ៍មេរោគនៅនឹងកន្លែង”។

ស្ថានទូតអាល្លឺម៉ង់បានបន្ថែមថា ផែនការឆ្លើយតបភាពអាសន្នជំងឺ Covid-19 គឺស្ថិតនៅក្រោមអំណាចរបស់ក្រសួងសុខាភិបាល។

ការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជាប្រទេសអាល្លឺម៉ង់ត្រូវបានសម្របសម្រួលតាមរយៈអង្គការសុខភាពពិភពលោក និងរួមបញ្ចូលការចូលរួមវិភាគទានពីធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ដទៃទៀត។
គិតត្រឹមយប់ថ្ងៃទី ២៤ ខែមីនា ប្រទេសកម្ពុជាបានរកឃើញករណីឆ្លង Covid-19 ចំនួន ៩១ ករណី៕

តើគម្រោងផ្លូវជាតិលេខ ១០ ផ្តល់ក្តីសង្ឃឺមដល់កំណើនដឹកជញ្ជូនផលិតផលរបស់កម្ពុជាយ៉ាងដូចម្តេចខ្លះ?

ដោយ ហ្សូលី

ភ្នំពេញ៖ ការស្ថាបនានូវគម្រោងផ្លូវជាតិលេខ ១០ ដែលមានប្រវែងប្រមាណ ១៩៨ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខស្របតាមផែនការអភិវឌ្ឍ ត្រូវបានប្រជាជននៅក្បែរតំបន់ផ្លូវជាតិនោះរំពឹងថា ផ្លូវនេះនឹងក្លាយទៅជាច្រកទ្វារយុទ្ធសាស្ត្រសម្រាប់ទីផ្សារពិភពលោក ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា។

គម្រោងស្ថាបនាផ្លូវជាតិថ្មីនេះនឹងជម្រុញឱ្យប្រជាជនកម្ពុជាពង្រឹងប្រព័ន្ធផលិតកម្មកសិកម្មដែលមានស្រាប់ និងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មទន្ទឹមនឹងការអភិវឌ្ឍន៍ឧស្សាហកម្ម។ បន្ថែមពីនេះ ជួយឱ្យផលិតផលកសិកម្មដែលដាំដុះនៅផ្ទៃដីប្រទេសកម្ពុជាត្រូវបានដឹកទៅកាន់ច្រកចេញចូលសំខាន់ៗ ជាពិសេសកំពង់ផែសមុទ្រជ្រៅនៅខេត្តកោះកុង និងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា «ផ្លូវជាតិលេខ១០នេះ ប្រាកដណាស់ថានឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនិយាយរួមគ្រប់ផ្នែក។ បន្តិចទៀតអាចនឹងមានរោងចក្របង្កើតនៅកន្លែងនេះ ព្រោះវាងាយក្នុងការដឹកជញ្ជូន ធ្លាក់ទៅខេត្តត្រាត ទៅចុះនៅសមុទ្រទឹកជ្រៅនៅខេត្តត្រាតនោះ។»

ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅកាន់កំពង់ផែសមុទ្រ បង្កើនការប្រកួតប្រជែងនិងសក្ដានុពលនៃឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត ផ្លូវនេះបានបង្កើតនិងចែកចាយអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ជាពិសេសកសិករតូចតាចនៅក្នុងបរិបទនៃការកសាងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងពេលបច្ចុប្បន្ន។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវជាតិលេខ ១០នេះគឺជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង ដើម្បីសម្រួលការដឹកជញ្ជូនផង ដោយសារភូមិភាគពាយ្យ័ពជាតំបន់ដែលសម្បូរទៅដោយផលិតផលកសិកម្ម ដោយសារផ្លូវជាតិនេះអាចដឹកជញ្ជូនតាមរយៈកំពង់ផែទៅកាន់ប្រទេសទី ៣ ដោយមិនចាំបាច់ពឹងផ្អែកប្រទេសជិតខាង ដូច្នេះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ។

ដំណាំដែលត្រូវបានកសិករខ្មែររំពឹងទុកថានឹងមានកំណើនការនាំចេញនោះគឺ ដំឡូងមី ជាលទ្ធផលប្រទេសកម្ពុជានឹងក្លាយទីតាំងល្អប្រសើរជាងមុននាពេលអនាគត ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកជាមួយនឹងផលិតផលអេកូ។

ជាលទ្ធផលនៃសកម្មភាពនេះដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រែក្លាយផ្លូវនេះទៅជាដំណោះស្រាយដ៏ជោគជ័យបំផុតមួយ ដើម្បីទ្រទ្រង់ផលិតកម្មកសិផល និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជារួមទាំងភាពទាក់ទាញដល់វិស័យឯកជននិងវិនិយោគិននាពេលអនាគត៕

សម្ដេចតេជោ៖ កម្ពុជាចេញថ្លៃព្យាបាលដល់ជនបរទេសទាំងអស់ ខណៈរដ្ឋាភិបាលទទួលបានជំនួយវិភាគទានជាង ៩លានដុល្លារអាមេរិក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលការណ៍របស់កម្ពុជាថា នឹងទទួលខុសត្រូវទៅលើការចំណាយថ្លៃព្យាបាលជនបរទេសទាំងអស់ដែលផ្ទុកជំងឺ Covid-19 ដែលកើតមាននៅលើទឹកដីកម្ពុជា ដែលខុសពីប្រទេសមួយចំនួនកំណត់ឱ្យជនបរទេសចំណាយថវិកាផ្ទាល់ខ្លួនទៅលើការព្យាបាលជំងឺ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៤២២នាក់ មុនចេញទៅព្យាបាលអ្នកជំងឺកូវដី១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា “ខ្មែរយើងក្រ តែចិត្តធំ នោះគឺយើងចេញលុយព្យាបាល និងចំណាយលើការស្នាក់នៅរបស់ជនបរទេសទាំងអស់ ដែលកើតជំងឺកូវីដ នៅកម្ពុជាយើង”។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា “នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះត្រូវចេញលុយព្យាបាលខ្លួនឯង កម្ពុជាជាប្រទេសមួយក្រសុំប្រកាសថា ជនជាតិបរទេសដែលឈឺនៅលើទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបងថ្លៃ នេះជាគោលនយោបាយរបស់កម្ពុជា ព្រោះនេះជាកាតព្វកិច្ចរបស់យើងក្នុងឋានៈជាម្ចាស់ផ្ទះ” ។

ស្ថិតនៅក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នេះ រដ្ឋាភិបាលកម្ពុជាទទួលបានថវិកាពីសប្បុរសជននានាចំនួនជិត ៩លានដុល្លារ​ ដោយក្នុងចំណោមសម្បុរសជនទាំងនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ បានឧបត្ថម្ភមុនគេ ជូនរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធឆាំងជំងឺ Covid-19 ដែលបាននឹងកំពុងរាតត្បាតជាសកលនេះ។ ដោយឡែកក្នុងករណីដែលនៅសល់ថវិកាក្រោយពីប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលនឹងយកថវិកានេះដាក់ចូលទៅក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាដើម្បីព្យាបាលកុមាកម្ពុជា៕

សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ដោយសារ COVID-19 ខណៈរដ្ឋាភិបាលត្រៀមបញ្ចេញថវិការាប់លានដុល្លារដើម្បីទប់ទល់វិបត្តិនេះ

ដោយ ប៊ី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យថា ប្រទេសកម្ពុជានឹងខាតបង់ទឹកប្រាក់ចំនួនជាង ៣៩០ លានដុល្លារ ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការផ្ទុះឡើងនៃ Covid-19 នៅឆ្នាំនេះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមថវិការាប់សិបដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ប្រទេសកម្ពុជាត្រូវបានកំណត់ថានឹងរងផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្តាលមកពីការផ្ទុះឡើងនៃមេរោគថ្មីនេះក្នុងចំនោមរដ្ឋជាសមាជិកអាស៊ាន។

រដ្ឋាភិបាលបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនរួចហើយសម្រាប់ឆ្នាំនេះពី ៦,៥ ភាគរយ មកត្រឹម ៦,១ ភាគរយ ដោយសារតែ Covid-19 ការប្រែប្រួលអាកាសធាតុ និងភូមិសាស្ត្រនយោបាយ។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានព្យាករណ៍ពីការខាតបង់សេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ី – ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងខាតបង់ចំនួន ៥,៦០១ លានដុល្លារអាមេរិកឬ -១,១១ ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន សឹង្ហបូរីមានចំនួន ១,០៤៧ លានដុល្លារ (-០.៥៧ ភាគរយ) និងប្រទេសវៀតណាមចំនួន ១,០១២ លានដុល្លារ (-០,៤១ ភាគរយ)។

ប្រទេសឡាវក៏ត្រូវបានគេព្យាករណ៍ថានឹងខាតបង់ ៣៩,២៧ លានដុល្លារ ឬ -០.២២ ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ម៉ាឡេស៊ី ៨៣០ លានដុល្លារ (-២,២៣ ភាគរយ) ហ្វីលីពីន ៩៨៩ លានដុល្លារ (-០,៣ ភាគរយ) ឥណ្ឌូណេស៊ី ២,២៦៣ លានដុល្លារ (-២០២២ ភាគរយ) និងព្រុយណេ ២៨ លានដុល្លារ (-២០,២១ ភាគរយ) ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ផលប៉ះពាល់ជាសកលនៃវីរុសនេះមានចន្លោះពី ៧៧ ពាន់លានដុល្លារទៅ ៣៤៧ ពាន់លានដុល្លារដោយចិនមានចំនួន ២ ភាគ ៣ នៃចំនួនសរុប។

ធនាគារ បានឱ្យដឹងថា ស្ថានភាព Covid-19 ដែលកំពុងបន្តកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីតាមរយៈបណ្តាញជាច្រើនរួមមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការក្នុងស្រុកការថយចុះ ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មការកាត់បន្ថយពាណិជ្ជកម្ម និងផលិតកម្មការបង្អាក់ការផ្គត់ផ្គង់និ ងផលប៉ះពាល់ដល់សុខភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ១០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថាវិកាប្រមាណ ៨០០ លាដុល្លារអាមេរិកក្នុងរយៈពេល ៦ខែ ហើយបើជំងឺកូវីដ ១៩ អូសបន្លាយរយៈពេល ១ ឆ្នាំ នឹងអាចត្រៀមថវិកាជាតិប្រមាណចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកក្នុងការសង្គ្រោះសេដ្ឋកិច្ច។

សម្តេចតជោថ្លែងថា “យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់១ ឆ្នាំ យើងក៏ប៉ានស្មានថាវាធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់វាធំប៉ុណ្ណា ហើយបាត់បង់ចំណូលប៉ុណ្ណា បើវាដល់មួយឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា អញ្ចឹងវាស្ថិតនៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង”៕

សម្តេចតេជោ៖ មិនមានការបិទពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះទេ

ដោយវុត្ថា

ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលមិនមានគោលការណ៍បិទពិធីចូលឆ្នាំខ្មែរនាពេលខាងមុខនោះទេ ខណៈនៅប្រទេសថៃគេបិតសង្រ្កាន្ត។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់នៃថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលនៅតែប្រារព្វពធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែហាមជួបជុំមនុស្សមនុស្សច្រើន។

សម្តេចតេជោបន្តថា “មានការជួបជុំសប្បាយជាមួយក្រុមគ្រួសារបានហើយ “។ កន្លងកនេះ រដ្ឋាភិបាលបានប្រកាសបិទ KTV រង្កសាល និងសារមន្ទីរនានាដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ ១៩។ ជាមួយគ្នាសម្តេចតេជោ បញ្ជាក់ទៀតថា ផ្សារ សហគ្រាស និងរោងចក្រក៏មិនត្រូវបានបិទដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រូវប្រារព្វចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ខាងមុខនេះ ៕

សម្តេចតេជោ៖ កម្ពុជាទទួលបានចំណូលពន្ធគយតាមច្រកព្រំដែនប៉ោយប៉ែតជិត ២លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថាកម្ពុជាទទួលបានចំណូលពន្ធគយពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ បានចំនួនជិត ២លានដុល្លារអាមេរិក កាលថ្ងៃម្សិលមិញនេះ បន្ទាប់ពីមានការបិទច្រកព្រំដែនកន្លងមកនេះ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់នៃថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ឱ្យដឹងថា បើទោះបីមានការបិទច្រកព្រំដែនក៏ដោយ តែលំហូរទំនិញនៅតែដំណើរដដែល ហើយការប្រមូលពន្ធគយក៏នៅតែប្រមូល។

សម្តេចតេជោថ្លែងថា “ម្សិលមិញនេះច្រកព្រំដែនប៉ោយប៉ែតចំណូលពន្ធគយមានចំនួនជាង ៧០០០ លានរៀល ដែលស្មើនឹងជិត ២ លានដុល្លារអាមេរិក ចឹងចំណូលពន្ធគយនៅតែមានជាមួយព្រំដែនឡាវ វៀតណាម និងថៃធម្មតាព្រោះយើងនៅមានការផ្លាស់ប្តូរទំនិញធម្មតា”។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋលេខាធិកា លោក ស៊ាង ថៃ កាលពីម្សិលមិញនេះបានឱ្យដឹងថា « ការបិទច្រកព្រំដែនរវាងថៃ និងកម្ពុជា បណ្តោះអាសន្ននេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេរភាគី ព្រោះអាជ្ញាធរថៃរឹតបន្តឹងតែជាមួយជនស៊ីវិលដែលឆ្លងកាត់ព្រំដែនតែប៉ុណ្ណោះ។»

លោកបន្តថា មិនមានជាបញ្ហាចោទអ្វីដែលបណ្តាលឱ្យមានផលប៉ះពាល់ឡើយព្រោះថា ការផ្លាស់ប្តូរពាណិជ្ជកម្មនៅតែបន្តជាធម្មតា ប៉ុន្តែក្រសួងនឹងនៅតែតាមដានយ៉ាងល្អិតល្អន់អំពីផលវិបាកផ្សេងៗ។

ជាមួយគ្នា មន្ត្រីក្រសួងពាណិជ្ជកម្មតាមបណ្តារខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង បានបញ្ចេញមតិស្រដៀងៗគ្នាថា សម្រាប់ការនាំចេញទំនិញទៅប្រទេសថៃមិនមានបញ្ហាគួរឱ្យបារម្ភ ប៉ុន្តែការនាំចេញកសិផលអាចនឹងមានផលពិបាកដោយសារតែជិតដល់រដូវប្រមូលផលហើយ ដូច្នេះមានផលវិបាកបន្តិចបន្តួចប៉ុណ្ណោះៗ។

សំខាន់ជាងនេះនោះ គឺការនាំចូលផលិតផលពីប្រទេសថៃអាចរងប្រឈមនឹងផលវិបាក ព្រោះអាចនឹងមានការតម្លើងថ្លៃមុខទំនិញដូចជា គ្រឿងសំណង់ និងវត្ថុធាតុដើមមួយចំនួនទៀត។ ដើម្បីទប់ស្កាត់និងការពារវីរុសកូវីដ ១៩ រដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូលជាធម្មតា។

ការនាំចេញរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កន្លងទៅ ចំណែកឯកម្ពុជាវិញនាំចេញទៅប្រទេសថៃស្មើទឹកប្រាក់ជាង ២ពាន់លានដុល្លារ ដែលភាគច្រើនកម្ពុជានាំចេញផលិតផលដូចជា ពោត ដំឡូងមី និង សណ្តែក។ រីឯកម្ពុជានាំចូលពីថៃវិញមានដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ប្រេង គ្រឿងសំណង់ ចំនីអាហារ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាដើម៕

អ្នកវិនិយោគចិនចាប់ផ្តើមត្រឡប់មកវិញដោយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាច្រើនចុះសិក្សាពីសក្ដានុពលខេត្តកំពត

ដោយ ៖ រ៉ាណេត

កំពត ៖ ក្រុមធុរកិច្ចចិនជាច្រើននាក់បានចុះមកធ្វើការសិក្សាលម្អិតពីសក្ដានុពលខេត្តកំពត ដើម្បីរៀបចំគម្រោងចុះមកវិនិយោគជាច្រើនវិស័យ ដែលក្នុងនោះរួមមានដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម ។

ក្រុមអ្នកវិនិយោគជនជាតិចិនមួយក្រុមក្រោមការដឹកនាំដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលជួបពិភាក្សាការងារជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីសិក្សាលម្អិតទៅលើគម្រោងវិនិយោគមួយចំនួនដែលស្របទៅនឹងសក្ដានុពលរបស់ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្ដានុពលជាច្រើន ទាំងកត្តាភូមិសាស្ត្រ ក៏ដូចជាកត្តាធម្មជាតិ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តទទួលបានគម្រោងវិនិយោគជាច្រើនដែលក្នុងនោះរួមមានដូចជាការវិនិយោគទៅលើវិស័យទេសចរណ៍ ការអភិវឌ្ឍន៍បុរីសំណង់លំនៅដ្ឋាន ការបង្កើតរោងចក្រស៊ីម៉ង់ត៍ រួមជាមួយនឹងវិស័យឧស្សាហកម្ម និងកសិកម្មជាច្រើនទៀត។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានថ្មីនៃគម្រោងវិនិយោគរបស់បណ្តាធុរកិច្ចចិនមកកាន់ទឹកខេត្តកំពត។

តំណាងក្រុមធុរកិច្ចចិនបានបង្ហាញពីការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តស្មោះក្នុងនាមជាមហាមិត្ត កម្ពុជា – ចិន ហើយបណ្តាធុរកិច្ចចិនទាំងអស់ ពិតជាមានមោទនភាពដែលបានមកកាន់កម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយ និងជម្រុញអ្នកវិនិយោគចិនជាច្រើនទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពតឱ្យដូចគ្នាទៅនឹងខេត្តកំពង់សោម ដែលជាខេត្តមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសរបស់កម្ពុជាផងដែរ៕