ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ជាយក្រុងដែលអមសងខាងផ្លូវដោយចំការបន្លែ សួនផ្កា និងលិចទឹកនៅក្នុងរដូវស្សា ផ្លូវជាតិ១១៤ នៅពេលនេះបានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទាន់សម័យកម្រិតលើមធ្យម ដោយមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះថា ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់សុទ្ធតែមានតម្រូវការទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “សម្រាប់នៅតំបន់ផ្លូវជាតិ១១៤ ដូចដែលបានលើកឡើងខាងលើ បច្ចុប្បន្នពិតជាមានសកម្មភាពសាងសង់សំណង់លំនៅដ្ឋានច្រើនជាងឆ្នាំកន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីកាលានុវត្តភាព និងភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគនានានៃវិស័យឯកជន”។
លោកឧកញ៉ាបញ្ជាក់ថា “ការបង្ហាញវត្តមាន និងសកម្មភាពសាងសង់សំណង់លំនៅដ្ឋានទាំងនេះ ជាការអនុវត្តទៅតាមគម្រោង និងផែនការរបស់អ្នកអភិវឌ្ឍន៍ ប៉ុន្តែសម្រាប់តម្លៃនៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់នេះ ហាក់ឈានដល់ចំណុចទ្រឹងមិនមានការកើនឡើងទៀតនោះទេ ដោយសារតែតម្លៃដីបានកើនខ្ពស់រួចទៅហើយ ហើយសម្រាប់អ្នកដែលវិនិយោគវិស័យដីធ្លីដើម្បីទទួលយកចំណេញបន្តលើការទិញ-លក់ ក៏បានរំលងផុតពីតំបន់នេះដែរ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបញ្ជាក់ថា ពេលនេះតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២នេះ មិនស័ក្ដិសមការវិនិយោគទៅលើដីធ្លីទៀតនោះទេ ប៉ុន្តែវានៅតែផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន មិនថាពេលនេះ ឬ ៣-៥ឆ្នាំ ខាងមុខទៀត។
ស្រដៀងនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ផងដែរថា សកម្មភាពសាងសង់សំណង់លំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១១៤ គឺមានច្រើន ប៉ុន្តែមិនមានជាលក្ខណៈបុរីធំធេងនោះទេ ពោលគឺមានជាប្រភេទបណ្តុំសំណង់លនៅដ្ឋានលក្ខណៈបែបបុរី និងលំនៅដ្ឋានដាច់ដោយឡែក។
លោកបន្តថា “នៅតំបន់នេះ បើអភិវឌ្ឍន៍ជាបុរីធំៗ ហាក់ពិបាកបន្តិច ដោយសារតែទី១តម្លៃដីឡើងថ្លៃ ទី២ដីមានម្ចាស់ច្រើននាក់ និងមិនមានទំហំធំនោះទេ ដូច្នេះ ភាគច្រើនគឺមានតែប្រភេទគម្រោអភិវឌ្ឍន៍លំនៅដ្ឋានជាបណ្តុំ ដែលអ្នកអភិវឌ្ឍន៍ធ្វើឡើងតាមលទ្ធភាពរបស់ខ្លួនដូចជាខ្លះ មាន២០ខ្នងនៅជាប់ផ្លូវធំ គម្រោងអាចលើសពីនេះ ដែលអាចដាក់លក់ក្នុងតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ” ៕