សម្តេចតេជោ៖ កម្ពុជាត្រៀមបន្ទប់ជាង ៣០០០ នៅទូទាំងប្រទេសសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជា បានត្រៀមបន្ទប់ជាង ៣០០០ នៅទូទាំងប្រទេសសម្រាប់ព្យាបាលអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីកូវីដ ១៩ ខណៈគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជា មានចំនួន ៩១នាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នាថ្ងៃទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ។

សម្តេចតេជោថ្លែងថា “នៅតាមបណ្តាខេត្តនានា ដែលបានត្រៀមរៀបចំ ដោយយកសណ្ឋាគារ ផ្ទះសំណាក់ និងអន្តេវាសិកដ្ឋាន ធ្វើជាកន្លែងសម្រាកព្យាបាលសម្រាប់អ្នកជំងឺកូវីដ គឺមកដល់ពេលនេះ យើងមានប្រមាណ ៣០០០ បន្ទប់ហើយ។ ក្នុងនោះ នៅភ្នំពេញ មាន ៤ទីតាំងធំៗ គឺនៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យចាក់អង្រែ និងមន្ទីរពេទ្យយោធាព្រះកេតុមាលា ព្រមទាំងសណ្ឋាគារ អាំងទែកុងទីណង់តាល់”។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅព្រឹកនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្ស៕

ចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះធ្វើឱ្យវិស័យទេសចរណ៍ប្រទេសកម្ពុជានិងថៃដាំក្បាលចុះ

ដោយ ហ្សូលី

ភ្នំពេញ៖ តំបន់អាស៊ីអាគ្នេយ័ ជាពិសេស ប្រទេសកម្ពុជា និងថៃ កំពុងប្រឈមនឹងការដាំក្បាលចុះខាតបង់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិននៅពេលថ្មីៗនេះ។

នេះបើយោងតាមរបាយការណ៍របស់បណ្តាញសវនកម្មពិភពលោកពន្ធនិងប្រឹក្សាយោបល់ KPMG International បានឱ្យដឹងថា ហានិភ័យនៃវិបត្តិសកលលោកក្នុងឆ្នាំ ២០២០នេះ គឺខ្ពស់ណាស់នៅពេលដែលប្រទេសនានាបិទសកម្មភាពសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ។

ចំណែករបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ADB វិញ បានរៀបចំអំពីគម្រោងនៃការព្យាករណ៍ផលប៉ះពាល់សេដ្ឋកិច្ចថា ការមកដល់របស់ភ្ញៀវទេសចរនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបម្រាមការធ្វើដំណើរក៏ដូចជាឥរិយាបទប្រុងប្រយ័ត្នជាដើម។

រដ្ឋាភិបាលកម្ពុជាបានរាយការណ៍ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នេះ ចំនួនភ្ញៀវទេសចរធ្លាក់ចុះប្រមាណ ៦០ ភាគរយ។ សំបុត្រចូលទស្សនាប្រាសាទអង្ករវត្ត ខេត្តសៀមរាប បានធ្លាក់ចុះចន្លោះ ៣០ ទៅ ៤០ ភាគរយ ខណៈដែលខេត្តព្រះសីហនុ ឆ្នេរទិសនិរតី ត្រូវបានគេសង្កេតឃើញថាមានធ្លាក់ចុះគួរឱ្យកត់សម្គាល់ជាពិសេសជនជាតិចិន។

ទន្ទឹមនេះធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍វិស័យទេសចរណ៍ក្នុងកម្ពុជាថា ថវិកាចំនួន ៨៥០ លានដុល្លារ នឹងត្រូវខាតបង់លើវិស័យទេសចរណ៍ ដោយប្រទេសកម្ពុជាមិនអាចឈានទៅដល់គោលដៅដែលថា នឹងមានភ្ញៀវទេសចរចិន ២លាននាក់ក្នុងឆ្នាំ ២០២០នេះឡើយ។

ក្រឡេកមកកាន់ប្រទេសថៃវិញ រយៈពេល ២ខែ ឆ្នាំ ២០២០នេះ ថៃខាតបង់ភ្ញៀវទេសចរប្រមាណ ៥លាននាក់ បើគិតជាទឹកប្រាក់វិញគឺស្មើនឹង ៨ពាន់លានដុល្លារ។ ចំនួននេះគឺធ្លាក់ចុះ ៧៧ភាគរយ ហើយក្នុងនោះ ៩៩ភាគរយគឺជាចនជាតិចិនដែលបានសម្រេចចិត្តថាលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសថៃ ព្រោះក្រសួងទេសចរណ៍បានប៉ាន់ស្មានថា ឆ្នាំ ២០២០នេះ ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរចិន ១០ លាននាក់៕

អគ្គិសនីកម្ពុជា ផ្ដល់ជម្រើសកាន់តែងាយស្រួលសម្រាប់បង់ថ្លៃប្រើប្រាស់ កាត់បន្ថយការទូទាត់សាច់ប្រាក់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីណែនាំ និងអំពាវនាវដល់សាធារណៈជនស្ដីពីការបង្កើតឱ្យមានជម្រើសបង់ថ្លៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសេវាអេឡិកត្រូនិច ដើម្បីកាត់បន្ថយការទូទាត់សាច់ប្រាក់ផ្ទាល់។

នៅក្នុងសេចក្ដីអំពាវនាវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា សម្រាប់អ្នកដែលកាន់អាជ្ញាបណ្ណធ្វើអាជីវធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់បង្កើតឱ្យមានជម្រើសបង់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមសេវាអេឡិកត្រូនិច។

ជាមួយគ្នានេះ ម្ចាស់កាន់អាជ្ញាប័ណ្ណទាំងអស់ក៏ត្រូវចូលរួមជម្រុញលើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់សេវានេះ ដើម្បីកាត់បន្ថយការទូទាត់សាច់ប្រាក់ផ្ទាល់ទៅតាមលទ្ធភាពដែលអាចធ្វើបានផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាល តាមរយៈអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានណែនាំដល់អ្នកដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការភ្ជាប់ចរន្តអគ្គិសនីឱ្យទីតាំងសំខាន់ៗ និងចាំបាច់សម្រាប់បម្រើដល់ការងារទប់ទល់នឹងជម្ងឺរាតត្បាត Covid-19៕

អ្នកជំនាញ៖ តំបន់ចំនួន២ ដែលវិនិយោគអចលនទ្រព្យទទួលបានផលចំណេញ

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការវិនិយោគលើវិស័យអចលនទ្រព្យណាមួយត្រូវទាមទាឱ្យមានចំណេះដឹង និង ការសិក្សាឱ្យបានស៊ីជម្រៅទៅលើទីតាំង ព្រមទាំងថវិការដែលត្រូវវិនិយោគ អោយច្បាស់លាស់ ទើបការវិនិយោគនោះទទួលបានផលចំណេញ ។

លោក កាង សុធី អគ្គនាយក Century21 land station និងជាអ្នកជំនាញអចលនទ្រព្យកាលពីពេលកន្លងមកនេះ បានប្រាប់ទីតាំងចំនួន ២ គឺខេត្តកំពង់ស្ពឺ និងទីតាំងផ្លូវជាតិលេខ ៦ A ម្តុំស្រុកមុខកំពូល គឺជាទីតាំងដែលកំពុងមានសក្តានុពលលើការវិនិយោគវិស័យអចលនទ្រព្យបច្ចុប្បន្នទទួលបានផលចំណេញ។

លោកពន្យល់ថា ទីតាំងខេត្តកំពង់ស្ពឺ គឺជាទីតាំងដែលមានសក្តានុពលខ្ពស់ ព្រោះជាខេត្តដែលនៅជាប់រាជធានីភ្នំពេញ និងមានផ្លូវសេដ្ឋកិច្ចទី ១ របស់កម្ពុជា ហើយអ្នកវិនិយោគជាច្រើនបាននឹងកំពុងងាកទៅរកខេត្តមួយនេះ ដោយសារតែកន្លងមករដ្ឋាភិបាលបានសម្រេចឱ្យរោងចក្រ សហគ្រាស និង ការសាងសង់អគារផ្សេងៗទៅបោះទីតាំងនៅតាមជាយក្រុង ដើម្បីបង្កមានភាពងាយស្រួលក្នុងការដឹកជញ្ជូលចេញចូល។

លោកបន្តថា ម្យ៉ាងទៀត ខេត្តកំពុងមានមនុស្សរស់នៅច្រើនស្រាប់ ហើយដីធ្លីមានភាពអំណោយផលព្រោះស្ថានដីគឺមានខ្ពង់រាបស្រាប់ ជាពិសេសខេត្តនេះ មានផ្លូវល្បឿនលឿននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២ ឆ្លងកាត់ខេត្តនេះ ដែលជួយឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។

សម្រាប់នៅតាមផ្លូវជាតិលេខ ៦ A ម្តុំស្រុកមុខកំពូល លោក កាង សុធី ពន្យល់ថា បច្ចុប្បន្ន តំបន់នេះ គេបាននឹងកំពុងសាងសង់ស្តាតមរតកតេជោ និងមានគម្រោងបុរីធំៗជាច្រើន ដែលបង្កឱ្យមានភាពអំណោយផលច្រើនលើការវិនិយោគអចលនទ្រព្យ ។

លោកបនត្ថា ជាពិសេសតំបន់នេះ នៅប្រប់មាត់ទន្លេអមសងខាង និងមានស្ពានឆ្លងកាត់ច្រើន ដែលបង្កឱ្យមានភាពងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមក ។

លោកបន្ថែមថា ផ្លូវជាតិលេខ ៦ A គឺមានសក្តានុពលខ្ពស់ណាស់ដោយសារ មនុស្សស្ទើតែកន្លះប្រទេសធ្វើដំណើរឆ្លងកាត់ ដែលជួយឱ្យការវិនិយោគអចលនទ្រព្យកាន់តែល្អ ។ តែត្រូវសួរខ្លួនឯងថា ត្រូវវិនិយោគក្នុងរយៈពេលវែង ឬ ក្នុងរយៈពេលខ្លី ។

លោកបញ្ជាក់ថា បើវិនិយោគក្នុងរយៈពេលខ្លី គឺត្រូវប្រើដើមទុនច្រើនដោយយ៉ាងហោចណាស់ មានដើមទុនប្រមាណ ១០ ម៉ឺនដុល្លារ តែបើវិនិយោគក្នុងរយៈពេលវែង យើងត្រូវប្រមូលថវិកាសហការគ្នាវិយោគលើធនាគារដី (Land Banking) នោះទើបទទួលបានផលចំណេញខ្ពស់៕

អតិថិជនជាច្រើនគាំទ្រវត្តមានថ្មីនៃហាងកាហ្វេម៉ាកល្បី ARABITIA និងផាប់ភូមិយើង នៅក្នុងគម្រោងក្រុងថ្មីដីមាស សំរោងលើ

ដោយ ៖ រ៉ាណេត

កណ្ដាល ៖ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដីមាស សំរោងលើ ក្រោមការប្រឹក្សា និងផ្ដល់សេវាកម្មលក់ដោយក្រុមហ៊ុនជំនាញ KH Land ហាងកាហ្វេម៉ាកល្បីឈ្មោះ ARABITIA រួមជាមួយនឹងផាប់ភូមិយើង ដែលបានបើកសម្ពោធលក់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានទទួលការគាំទ្រពីសំណាក់អតិថិជនដែលជាប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកជំនួញផ្នែកវិស័យដីធ្លីនៅក្នុងតំបន់យ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដំណើការជាផ្លូវការ អ្នកគ្រប់គ្រងទូទៅនៃហាងកាហ្វេ ARABITIA អ្នកស្រី កានចាផុន ខាំសានូ (Kanjaphon Khamsanoh) បានមានប្រសាសន៍ ARABITIA ជាហាងកាហ្វេម៉ាកដ៏ល្បីឈ្មោះ ដែលមានប្រភពដើមមកពីប្រទេសថៃ និងទើបតែបានចូលមកកាន់ទីផ្សារកម្ពុ។ ជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែទទួលបានលទ្ធផលគួជាទីមោទនក្រោមការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិយ៉ាងច្រើន។ លោកស្រីបានបង្ហាញពីក្ដីរំពឹង និងជឿជាក់ថា “ជាមួយនឹងការបើកសម្ពោធដាក់ដំណើរការនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដីមាស សំរោងលើ ដែលស្ថិតនៅក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលនៅពេល ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ដែលក្រៅពីមានផ្ដល់ជូននួវកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានទីកន្លែងដ៏ស្រស់ស្អាតសមស្របទៅនឹងការអង្គុយជជែកពិភាក្សាការងារ និងមុខជំនួញយ៉ាងប្រសើរ ហើយក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន KH land ដែលមានទំនុកចិត្ត និងផ្តល់ឱកាសដល់ហាងកាហ្វា ARABITIA ចូលមកកាន់គម្រោងទីមួយនៃសាខាខេត្តកណ្តាល”។

ម្ជាស់ហាងកាហ្វេ ARABITIAសាខានៅក្នុងគម្រោងក្រុងថ្មី ដីមាស សំរោងលើ លោក លោក ឡាយ វិនធីង បានមានប្រសាសន៍ថា “ការបើកសម្ពោធហាងកាហ្វេ នាថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាការខិតខំប្រឹងប្រឹងក្នុងការអភិវឌ្ឍន៍អាជីវកម្ម ដោយបានឆ្លងកាត់ការសិក្សារ វិភាគយ៉ាងស៊ីជម្រៅនិងច្បាស់លាស់ ដើម្បីបង្កើតអាជីវកម្មនេះឡើង ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត”។ លោកបន្តថា “ហាងកាហ្វេ Arabitia យើងនេះ កំពុងលេចរូបរាងឡើងយ៉ាងស្រស់ស្អាតមុនគេបង្អស់ ក្នុងចំណោមអាជីវកម្មសរុបចំនួន៨ ដូចជា ភោជនីយដ្ឋាន ម៉ាត ហ្វាម៉ាស៊ី សាឡន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងផាប់។ ហាងកាហ្វេ Arabitia ក្រុងថ្មីដីមាសសំរោងលើនេះ មានកាហ្វេល្បីៗជាច្រើនប្រភេទនិងពេញនិយមដែលមានរសជាតិឆ្ងាញ់ពិសារ មានគុណភាព មានអនាម័យខ្ពស់ សេវាកម្មល្អពេញចិត្ត ដើម្បីបំរើជូនអតិថិជន។ ខ្ញុំសង្ឃឹមថា ហាងកាហ្វេ Arabitia និងផាប់ភូមិយើង នៃក្រុងថ្មីដីមាសសំរោងលើនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន”។

នៅក្នុងឱកាសនាពេលនោះ ម្ចាស់អាហារដ្ឋាន ផាប់ភូមិយើង ដែលត្រូវបានបើកសម្ពោធក្នុងពេលជាមួយគ្នានេះ លោក ម៉ាច ស៊ីមាន ក៏បានមានប្រសាសន៍ផងដែរថា “ការសម្រេចបើកសម្ពោធ ផាប់ភូមិយើង នៅពេលនៅជាឱកាសដ៏ល្អនិងស្ថិតនៅទីតាំងដ៏ល្អ និងមានសក្ដានុពល ដែលនឹងជួយជម្រុញឱ្យអាជីវកម្មទទួលបានជោគជ័យនៅពេលខាងមុខនេះជាក់មិនខាន”។ លោកបានបន្តទៀតថា “ផាប់ភូមិយើង គឺជាអាជីវកម្មបែបទាន់សម័យ ដែលស្របទៅនឹងកម្រិតជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ដែលទាំងការរៀបចំរចនាម៉ូដដ៏ស្រស់ស្អាត និងទាក់ទាញ មានទីធ្លាធំទូលាយ មានបរិក្ខាទំនើបៗ ដែលបំពាក់ទៅដោយប្រព័ន្ធការពារសុវត្ថិភាពខ្ពស់”។

លោក ម៉ាច ស៊ីមាន បានបន្តថា “តាមរយៈវត្តមាន ផាប់ភូមិយើង ដែលទើបសម្ពោធបើកដំណើរការនៅពេលនេះ នឹងចូលខ្លួនមកបម្រើអតិថិជនទៅលើសេវាម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទពេលរាត្រី ក្រោមការប្រគំតន្ត្រីយ៉ាងពិរោះរណ្តុំ ដែលមានជាលើកដំបូងនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងថ្មី ដីមាស សំរោងលើ នៅលើផ្ទៃដីទំហំប្រមាណ៥០ហិកតា ជាមួយនឹងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជននៅក្នុងតំបន់”។

តំណាងក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនប្រឹក្សាក្នុងការអភិវឌ្ឍន៍ និងទទួលសិទ្ធលក់នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាសសំរោងលើ លោក ជុន ជីម បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពបំផុតចំពោះវត្តមានអាជីវកម្មហាងកាហ្វេម៉ាកល្បី ARABITIA និង ផាប់ភូមិយើង បានចាប់បើកដំណើរស្របតាមផែនការយ៉ាងជោគជ័យនៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី ដីមាស សំរោងលើ នៅពេលនេះ”។ លោកបានបន្តថា “បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ជាច្រើននៅ ទីក្រុងថ្មី ដីមាស សំរោងមាស កំពុងតែលេចរូបរាងឡើងជាបន្តបន្ទាប់ ដែលក្រៅពីអាជីវកម្មទាំង២សម្ពោធបើកដំណើរការនៅពេលនេះ នៅមានសំណង់អគារភោជនីយដ្ឋាន ម៉ាត សាឡន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍សំណង់សំនៅដ្ឋាន តំបន់លំហែរកាយជាដើម ដែលការអភិវឌ្ឍជាបន្តបន្ទាប់នេះ ធ្វើឱ្យក្រុងថ្មី ដីមាស សំរោងលើ ក្លាយជាតំបន់ដ៏មានសក្ដានុពល និងមានភាពទាក់ទាញខ្ពស់”។

លោក ជុន ជីម បានបញ្ជាក់ថា “គម្រោងក្រុងថ្មី ដែលកំពុងលេចរូបរាងឡើងមួយនេះ ត្រូវបានហ៊ុព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដែលមានមុំសេដ្ឋកិច្ច៣ធំៗ ៖ មុំសេដ្ឋកិច្ចទីមួយ គឺផ្លូវជាតិលេខ៤ មុំសេដ្ឋកិច្ចទីពីរ ផ្លូវជាតិលេខ៥១ និងម៉ុសេដ្ឋកិច្ចទីបី គឺផ្លូវល្បឿនលឿន៦០ម៉ែត្រ និងគម្រោងផ្លូវរដ្ឋផ្សេងទៀត ដែលមានទំហំ២០ម៉ែត្រ៣០ម៉ែត្រ និង៤៥ម៉ែត្រ ហើយក៏ជាតំបន់ ដែលមានប្រជាជនរស់នៅច្រើនកុះករ មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ព្រមទាំងស្ថិតនៅក្នុង គម្រោងអភិវឌ្ឍរបស់រដ្ឋ ដែលនឹងត្រូវកាត់ចូល ក្រុងក្នុងពេលឆាប់ៗខាងមុខនេះទៀតផង”។

ជាការអបអរសាទរនៃការបើកសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ហាងកាហ្វេ Arabitia Café បានផ្ដល់ជូននូវកម្មវិធីពិសេស ដោយការបញ្ចុះតម្លៃ៥០ភាគរយ ហើយក្នុងរយៈពេល៧ថ្ងៃបន្ទាប់ អតិថិជននឹងទទួលបានកម្មវិធីទិញ២ ថែមជូន១។ ដោយឡែកសម្រាប់ហាងផាប់ភូមិយើង ក៏មានការបញ្ចុះតម្លៃ៥០ភាគរយក្នុងរយៈពេល៣ថ្ងៃជាប់គ្នាផងដែរ គឺថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២០៕

ចំណេះដឹង! តើចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីត្រូវបានអនុវត្តដូចម្តេច?

ដោយវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជាកំពុងខិតខំជំរុញការអនុម័ត និងអនុវត្តន៍គម្រោងច្បាប់ កម្មវិធីការងារ និងការសម្របសម្រួលស្ថាប័នដែលពាក់ព័ន្ធនឹងការងារដីធ្លីសំដៅជំរុញឱ្យសម្រេចបាននូវគោលដៅជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចល្អ ដូចមានចែងក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យុទ្ធសាស្ត្របណ្តោះអាសន្នស្តីពីការកាត់បន្ថយភាពក្រីក្រ និងផែនការសកម្មភាពអភិបាលកិច្ចល្អ។

ចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នានៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។

យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្ម និងសំណង់ ស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ មានទិដ្ឋភាពធំៗ៣គឺ៖

១) ដីត្រូវបានគ្រប់គ្រងតាមវិធីដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យមានភាពច្បាស់លាស់ និងមានសុវត្ថិភាពធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះមានភាពងាយស្រួល និងល្មមអាំចំណាយបាន។ វិវាទនឹងថយចុះជាលំដាប់ ហើយចំពោះករណីណាដែលមានលទ្ធភាពអាចដោះស្រាយបាននឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។

២) ដីត្រូវបានរៀបចំតាមវិធីមួយដែលធ្វើឱ្យការប្រើប្រាស់បានល្អប្រកបដោយចីរភាព និងត្រឹមត្រូវតាមបែបបទបរិស្ថាន ។ នៅក្នុងតំបន់ច្រើន ការប្រើប្រាស់ដីទាមទារឱ្យមានតុល្យភាពរវាងអ្នកប្រើប្រាស់ទាំងឡាយ និងការប្រើប្រាស់ច្រើនគោលដៅ ទន្ទឹមនេះ ទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា។

៣) ដីរដ្ឋត្រូវបានការពារសម្រាប់ការប្រើប្រាស់ជាសាធារណៈតាមកន្លែងណាដែលសមនឹងប្រើ ក្រៅពីនោះត្រូវបែអចែកសំរាប់ជាប្រយោជន៍ឯកជនតាមរយៈដំណើរការដែលមានតម្លៃភាព។

ពេលសម្រេចបានចក្ខុវិស័យទាំងនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព សម្រាប់គោលដៅសេដ្ឋកិច្ច និងសង្គមកិច្ច និងធ្វើឱ្យមានការដោះដូរដីធ្វើបានដោយសេរី ព្រមទាំងទទួលបានផលចំណេញពីដីដែលជាបិតិកភណ្ឌសាធារណៈ ៕

គម្រោងសាងសង់និងការវិនិយោគនៅកម្ពុជានៅតែមានភាពនឹងនរ ទោះបីចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើង

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យសំណង់ ការវិនិយោគនៅលើគម្រោងនានានៅតែបន្តសាងសង់ និងមានភាពនឹងនរដដែល បើទោះបីជាស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការរាតត្បាតនៃជំងឺកូវីដ ១៩ក៏ដោយ។

បើតាមឱ្យដឹងពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស៍យសំណង់នៅក្នុងប្រទេសកម្ពុជានៅបន្តមានភាពរឹងមាំជាធម្មតា បើទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជា ជាពិសេសចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កំពុងមានភាពកើនឡើងជាបន្តបន្ទាប់ក្តី។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «គម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងជាងបណ្តារប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»

ប្រទេសទាំង ៣ដែលបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេនោះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលគម្រោងជាការវិនិយោគរបស់ប្រទេសទាំង ៣ ខាងដើមមិនមានការពន្យាពេលដំណើរការសាងសង់នោះឡើយ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងក្នុងកម្ពុជាក៏ដោយ។

សារព៍ត៌មាន Vietnam Plus បានផ្សាយថា បើតាមឱ្យដឹងពី ឧកញ៉ា គីម ហ៊ាង នាយកប្រតិបត្ដិប្រចាំតំបន់នៃក្រុមហ៊ុនអចលនៈទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះថា Keller William Cambodia មានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ ១៩ អាចផ្តល់នូវឱកាសមាសសម្រាប់ក្រុមហ៊ុមសំណង់ដែលសន្សំសំចៃនៅពេលដែលតម្លៃសម្ភារសំណង់និងកម្លាំងពលកម្មកំពុងធ្លាក់ចុះ។ ដូចនេះអ្នកអភិវឌ្ឍដែលបានចុះឈ្មោះក៏ទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធចំនួន ៤ ភាគរយ ពីរដ្ឋាភិបាលដែរ ដែលចាប់អនុវត្តពីខែកុម្ភៈ ឆ្នាំ ២០២០នេះ រហូតដល់ខែមករា ឆ្នាំ ២០២១។

យោងតាមទិន្នន័យរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់កាលពិខែមុនបានឱ្យដឹងថា គម្រោងសាងសង់ជាង ៥០០គម្រោង ត្រូវបានដាក់ស្នើសុំទៅកាន់ក្រសួង ហើយបើធៀបជាមួយទិន្នន័យឆ្នាំមុនមានត្រឹម ៣០០គម្រោងតែប៉ុណ្ណោះ ដូច្នេះនេះជាភស្តុតាងបញ្ជាក់ថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ ចំណែកឯការវិនិយោគនៅលើវិស័យនេះទៀតសោត បើគិតជាទឹកប្រាក់វិញគឺមានចំនួនប្រមាណ ១១ពាន់លានដុល្លារ នេះបើតាមតួលេខដែលទទួលបានពីក្រសួងកាលពីឆ្នាំ ២០១៩ កន្លងទៅ៕

រដ្ឋាភិបាលអនុម័តលើគម្រោងបង្កើតរោងចក្រផលិតម៉ាស មានទុនវិនិយោគជាង ៣លានដុល្លារ នៅភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្របពេលដែលកំណើននៃការប្រើប្រាស់ម៉ាសក្នុងការទប់ស្កាត់ការរាលដាលមេរោគ Covid-19 នៅកម្ពុជា រដ្ឋាភិបាលបានសម្រេចអនុម័តលើគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតម៉ាសមួយកន្លែងនៅរាជធានីភ្នំពេញ ជាមួយទំហំទឹកប្រាក់វិនិយោគជាង៣លានដុល្លារ។

ស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមទៅនឹងបញ្ហាវីរុស Covid-19 ដែលកំពុងរាលដាលជាសាកល ក៏ដូចជានៅកម្ពុជា ដែលតម្រូវឱ្យការប្រើប្រាស់ម៉ាសមានកំណើន នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងបង្កើតរោងចក្រផលិតម៉ាស និងកាបូប ក្រោមការវិនិយោគដោយក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTDមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។

កាលពីចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តទៅលើគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រចំនួន៧ ក្នុងទំហំទឹកប្រាក់វិនិយោគជាង២៤លានដុល្លារ ស្ថិតនៅក្នុងខេត្ត ក្រុងផ្សេងគ្នា ដែលផ្ដល់ឱកាសការងារបានចំនួន ៦៧៥២កន្លែង៕

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនឹងដំណើរការធម្មតា បើទោះមានការរីករាលដាលនៃ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាមត្រូវបានរំពឹងថានឹងនៅតែមានជាធម្មតា បើទោះបីជាមានវិធានការណ៍ត្រួតពិនិត្យព្រំដែនថ្មី ដោយសារការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ។

ប្រទេសទាំងពីរសង្ឃឹមថានឹងទទួលបានពាណិជ្ជកម្មចំនួន ៥ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។
មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានថ្លែងថា ប្រទេសវៀតណាមបានដាក់កម្រិតលើចរាចររបស់ប្រជាជនឆ្លងកាត់ព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លងនេះ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្ត។

“នៅពេលនិយាយអំពីពាណិជ្ជកម្ម វាគឺជាអាជីវកម្មធម្មតា។ មន្រ្តីវៀតណាម និងកម្ពុជានឹងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រាកដថា វិធានការទាំងអស់នេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណា ការធ្លាក់ចុះបរិមាណពាណិជ្ជកម្មមិនអាចចៀសផុតបានទេ ព្រោះការរីករាលដាលរាលដាលនេះនឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនៅកម្រិតពិភពលោក។

ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃសេដ្ឋកិច្ចដោយវីរុសនេះ វៀតណាមបានរៀបចំផែនការជំរុញពាណិជ្ជកម្មដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនៅពេល Covid-19។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងងើបឡើងវិញឆាប់ៗនេះ។
នៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃពុធឯកអគ្គរដ្ឋទូតវៀតណាមលោក Minh Quang Vu បាននិយាយថា ការត្រួតពិនិត្យតឹងរ៉ឹងកំពុងត្រូវបានធ្វើឡើងនៅតាមព្រំដែន។

ឯកអគ្គរដ្ឋទូតក៏បាននិយាយផងដែរថា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាមក្នុងរយៈពេល ៣០ ថ្ងៃទៀតឡើយ។ ការហាមឃាត់មិនអនុវត្តចំពោះអ្នកការទូតទេ។

លោកបាននិយាយថា ការដាក់ឱ្យនៅដាច់ឆ្ងាយនៅតាមទីតាំងដែលបានកំណត់ត្រូវបានពង្រីកដើម្បីរួមបញ្ចូលភ្ញៀវមកពីសហរដ្ឋអាមេរិក សហគមន៍ អ៊ឺរ៉ុប និងបណ្តាប្រទេសអាស៊ាន។

លោក Minh បានមានប្រសាសន៍ថា វិធានការណ៍មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើសុំរដ្ឋាភិបាលវៀតណាមអនុវត្តការរឹតបន្តឹងការធ្វើដំណើរតឹងរ៉ឹងសម្រាប់ជនជាតិវៀតណាម ខណៈពេលដែលទុកឱ្យព្រំដែនបើកចំហសម្រាប់ការដោះដូរទំនិញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ប្រទេសកម្ពុជាស្នើឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួមអាចត្រូវបានអនុវត្តដោយគ្មានការរំខាន”។

ទិន្នន័យពីស្ថានទូតវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មកាលពីឆ្នាំមុនបានឈានដល់ ៤,៧ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ២៣,៨ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧៕

ក្រុមហ៊ុន ហ្វុកស៍ ចុះកិច្ចសន្យាទិញ-លក់ ម្រេច ចំនួន ២៤៥ តោននៅខេត្តត្បូងឃ្មុំ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន ហ្វុកស៍ ( ខេមបូឌា ) បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ-លក់ម្រេច ចំនួន ២៤៥ តោនសហភាពសមាគមន៍ កសិកម្ម ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ គុណភាព សុវត្ថិភាព កសិផល លើកស្ទួយ ជីវភាព ប្រជាកសិករ ធានានិរន្តរភាព ទីផ្សារនិង តម្លៃ ។

លោក ពាង ណារិទ្ធ អភិបាល រង ខេត្តត្បូងឃ្មុំ នៅក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មលើកនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះ ឡើងថា ព្រឹត្តិការណ៍នា ឱកាសនេះ ពិតជាមាន អត្ថន័យ និង បង្ហាញពី វឌ្ឍនភាព នៃ កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ក៏ដូចជា រាជរដ្ឋាភិបាល ដែលពី មួយថ្ងៃទៅមួយថ្ងៃ បាន រិះរក គ្រប់ យុទ្ធវិធី សំដៅ លើកស្ទួយ ជីវភាពប្រជាកសិករ ក្នុង បរិបទ ពាណិជ្ជូបនីយកម្ម សកលភាវូបនីយកម្ម។

លោកបន្តថា ពិធីនេះ ជា លើកដំបូង សម្រាប់ខេត្តត្បូងឃ្មុំ ដែល គោលបំណង នៃ ផលិតកម្មកសិកម្ម តាមកិច្ចសន្យា គឺ ពង្រឹងការ ទទួលខុសត្រូវ និង ភាព ជឿទុកចិត្តគ្នា រវាង ភាគី អ្នក ផលិត និង ភាគី អ្នកទិញ ដោយឈរលើ គោលការណ៍ ស្មើគ្នា និង យុត្តិធម៌ ធានាឱ្យមានភាព ច្បាស់លាស់ អំពី តម្លៃ ការ ប្រមូល ទិញ ការ ផ្គត់ផ្គង់ ផលិតផលកសិកម្ម តាម បរិមាណ និង គុណភាព បង្កើនការ ប្រមូលទិញ ការ កែច្នៃ ការ នាំចេញ ផលិតផលកសិកម្ម រួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានសក្តានុពល លើ ដំណាំឧស្សាហកម្ម ដូចជា កៅស៊ូ ដំឡូងមី ម្រេច ពោតក្រហម ស្វាយចន្ទី ស្វាយកែវរមៀត ជាដើម ។

លោកបន្តថា ក្នុងនោះដំណាំ ម្រេច នៅក្នុងខេត្តត្បូងឃ្មុំ ដែលពលរដ្ឋ បន្តថែទាំ នៅសល់ ចំនួន ជិត២០០០ ហិចតា ដោយ បច្ចុប្បន្ន ម្រេច ផ្តល់ទិន្នផល ៣,៧ តោន ក្នុងមួយ ហិចតា នោះ បរិមាណ ផល ម្រេច ក្នុងខេត្តត្បូងឃ្មុំ ផ្តល់ផល ក្នុង រង្វង់ ៧០០០ តោន ក្នុងមួយឆ្នាំ។

 

បច្ចុប្បន្ននេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្របសម្រួល ទើបបាន មួយ កិច្ចសន្យានេះ ដែល បាន ចូល ជា ធរមាន គឺ រវាង សហភាពសមាគមន៍កសិកម្ម គ្រឿងទេស កម្ពុជា និង ក្រុមហ៊ុន ហ្វុកស៍ ( ខេមបូឌា) ឯ.ក លើ កិច្ចសន្យា ទិញ លក់ ផលិតផល ម្រេច ចំនួន ២៤៥ តោន ដែលមាន សមាជិក ផ្គត់ផ្គង់ ចំនួន ៤៤នាក់ ផងដែរ៕