រដ្ឋាភិបាល ច្រានចោលព័ត៌មានគ្រោងបិទទីក្រុងភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រកាសច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលគ្មានប្រភពច្បាស់លាស់ និងត្រូវបានចែកចាយតាមបណ្ដាញសង្គមផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ» ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលវីរុស Covid-19 ។

សារជាសម្លេងដែលមន្ដ្រីរដ្ឋាភិបាល ច្រានចោលបន្ទាប់ពីមានការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា “បងបានទទួលព័ត៌មាន មួយជាផ្លូវការ ចាំប្រាប់បងប្អូនយើងទាំងគ្នាណា ខាងចិនគេមកជួយខ្មែរនឹង ឥឡូវគេសំណូមពរឱ្យ សម្ដេចតេជោ ហ៊ុន សែន ក្នុងថ្ងៃទី២៥ ទៅនឹង ឱ្យបិទផ្សារ ឱ្យបិទភោជនីយដ្ឋាន បិទអីទាំងអស់”។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា រដ្ឋាភិបាល សូមច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្ដាញសង្គម ផ្សព្វផ្សាយថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស Covid-19”។

អង្គភាពអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺវីរុស Covid-19 ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប ជាអនុប្រធាន រួមទាំង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស Covid-19។

អង្គភាពអ្នកនាំពាក្យ អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល ។

អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ -១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ៕

រដ្ឋាភិបាលចិន សន្យាផ្តល់ជំនួយគ្រប់បែបយ៉ាងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានសន្យាផ្តល់ជំនួយដល់កម្ពុជាគ្រប់បែបយ៉ាងយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងជំងឺដង្ហើមប្រភេទថ្មីកូវីដ ១៩ ខណៈគិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។

តាមការចុះផ្សាយការផ្សេព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិននៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា
កាលពីថ្ងៃទី២៣ខែមីនាម្សិលមិញនេះ លោក Gengshuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧទ្ទេសនាមអំពីសភាពការណ៍មានពាក់ព័ន្ធស្តីពីការធ្វើកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩រវាងចិននិងកម្ពុជានៅក្រុងប៉េកាំង ។

លោកបានថ្លែងថា ភាគីចិននឹងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រទេសកម្ពុជា ដែលនេះមិនត្រឹមតែជាការបង្ហាញពីមិត្តភាពពិសេសរវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើគួរតែមាន ដោយសារតែចិននិងកម្ពុជា ជាសហគមន៍រួមវាសនានិងជាមិត្តដែកថែបផងដែរ ។

លោកបន្តថា “ភាគីចិន និងភាគីកម្ពុជា នឹងពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ដើម្បីរួមវិភាគទាន ដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ជាមួយគ្នា”។

រដ្ឋាភិបាលចិនកាលពីម្សិលមិញនេះបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ខណៈពេលថ្មីៗនេះ ស្ថានភាពជម្ងឺវីរុស ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋចិនមានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។

ក្រុមគ្រូពេទ្យជំនាញចិនទាំងនេះ នឹងផ្តល់បទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជម្ងឺក្នុងពេលព្យាបាល។ ក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសទាំង៧ រូបនេះ ត្រូវបានចាត់បញ្ជូនមកកាន់តំបន់អាស៊ានដំបូងគេបង្អស់ដោយរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានជំនួយជាម៉ាសវេជ្ជសាស្រ្ត ម៉ាសN95 សម្លៀកបំពាក់ការពារវីរុស វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជាផងដែរ៕

GMAC អំពាវនាវឱ្យទីផ្សារបញ្ជាទិញគោរពតាមកិច្ចសន្យា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ GMAC បានចេញសេចក្ដីអំពាវនាវដល់ភាគីភាគីពាក់ព័ន្ធទាំងអស់ពួតដៃគ្នាដើម្បីអាចបន្តរស់បាន រួមជាមួយនឹងការទាមទារឱ្យគ្រប់បណ្តាអ្នកបញ្ជាទិញផលិតផលវិស័យឧស្សាហកម្មរោងចក្រកាត់ដេរពីកម្ពុជាទាំងអស់ឱ្យគោរព និងអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួន។

តាមរយៈសេចក្ដីអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC ដែលចេញកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងថា ដោយសារតែការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 នៅពេលបច្ចុប្បន្ននេះបានធ្វើឱ្យមានភាពចលាចលដើ់ជីវិតរស់នៅ និងអាជីវកម្មនៅក្នុងវិស័យរោងចក្រ។ ដូច្នេះ ដើម្បីជំនះស្ថានភាពដ៏លំបាកនេះ GMAC សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ដើម្បីអាចរស់បានទាំងអស់គ្នា។

ជាមួយគ្នានេះ សមាគមរោងចក្រកម្ពុជា ក៏បានធ្វើការអំពាវនាវចំពោះអ្នកបញ្ជាទិញទាំងអស់ សូមកុំបោះបង់កម្ពុជា សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលយកការដឹកជញ្ជូនទំនិញដែលបានផលិតរួចហើយ និងទំនិញដែលកំពុងផលិត ដោយធ្វើការទូទាត់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឱ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងាររបស់ពួកគេ។

ដោយឡែកចំពោះរោងចក្រទាំងអស់ ត្រូវធានាសុវត្ថិភាពកម្មករជាចម្បង សូមរក្សាការយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ ដែលជាវិធានការ កាពារនៅកន្លែងការងារ ដើម្បីការពារកម្មកររបស់យើង និងជួយបង្ការការឆ្លាងរាលដាលនៃវីរុសនេះ។ សូមឱ្យប្រាកដថា កម្មកររបស់យើងយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងបញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ចំពោះកម្មករ និងសហជីពទាំងអស់ សូមមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុងអនុវត្តនៅកន្លែងការងារ។ សូមធ្វើជាផ្នែកមួយនៃដំណោះស្រាយ ជាពិសេសបន្តនៅឱ្យឆ្ងាយនិងកាត់បន្ថយជាអតិបរមាចំពោះពិធីជួបជុំផ្សេងៗ។

តាមរយៈកិច្ចរួមសហការនេះប្រាកដណាស់ថា យើងអាចនឹងពុះពារឈ្នះជំងឺឆ្លងរាតត្បាតជាសាកលនេះ ហើយអាចការពារជីវិតរបស់យើង និងធានាបាននូវការស់រាននៃអាជីវកម្មផងដែរ ៕

ការបិទច្រកព្រំដែនថៃ មិនរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជា

ដោយ ហ្សូលី

ភ្នំពេញ៖ ការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា-ថៃ អំឡុងការវាយលុកនៃជំងឺកូវីដ ១៩ មិនមានផលប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសថៃឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋលេខាធិកា លោក ស៊ាង ថៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃចន្ទ ទី ២៤ ឆ្នាំ ២០២០ ឱ្យដឹងថា « ការបិទច្រកព្រំដែនរវាងថៃ និងកម្ពុជា បណ្តោះអាសន្ននេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេរភាគី ព្រោះអាជ្ញាធរថៃរឹតបន្តឹងតែជាមួយជនស៊ីវិលដែលឆ្លងកាត់ព្រំដែនតែប៉ុណ្ណោះ។»

លោកបន្តថា មិនមានជាបញ្ហាចោទអ្វីដែលបណ្តាលឱ្យមានផលប៉ះពាល់ឡើយព្រោះថា ការផ្លាស់ប្តូរពាណិជ្ជកម្មនៅតែបន្តជាធម្មតា ប៉ុន្តែក្រសួងនឹងនៅតែតាមដានយ៉ាងល្អិតល្អន់អំពីផលវិបាកផ្សេងៗ។

ជាមួយគ្នា មន្ត្រីក្រសួងពាណិជ្ជកម្មតាមបណ្តារខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង បានបញ្ចេញមតិស្រដៀងៗគ្នាថា សម្រាប់ការនាំចេញទំនិញទៅប្រទេសថៃមិនមានបញ្ហាគួរឱ្យបារម្ភ ប៉ុន្តែការនាំចេញកសិផលអាចនឹងមានផលពិបាកដោយសារតែជិតដល់រដូវប្រមូលផលហើយ ដូច្នេះមានផលវិបាកបន្តិចបន្តួចប៉ុណ្ណោះៗ។

សំខាន់ជាងនេះនោះ គឺការនាំចូលផលិតផលពីប្រទេសថៃអាចរងប្រឈមនឹងផលវិបាក ព្រោះអាចនឹងមានការតម្លើងថ្លៃមុខទំនិញដូចជា គ្រឿងសំណង់ និងវត្ថុធាតុដើមមួយចំនួនទៀត។ ដើម្បីទប់ស្កាត់និងការពារវីរុសកូវីដ ១៩ រដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូលជាធម្មតា។

ការនាំចេញរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កន្លងទៅ ចំណែកឯកម្ពុជាវិញនាំចេញទៅប្រទេសថៃស្មើទឹកប្រាក់ជាង ២ពាន់លានដុល្លារ ដែលភាគច្រើនកម្ពុជានាំចេញផលិតផលដូចជា ពោត ដំឡូងមី និង សណ្តែក។ រីឯកម្ពុជានាំចូលពីថៃវិញមានដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ប្រេង គ្រឿងសំណង់ ចំនីអាហារ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាដើម៕

រដ្ឋាភិបាលប្រកាសការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មីសម្រាប់សហគ្រាសអ្នកជាប់ពន្ធ

ដោយវុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី សម្រាប់សហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ស្តីពីប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងប្រាក់បៀរវត្សជាប់ពន្ធប្រចាំខែ ។

យោងតាមសេចក្តីសម្រេចដែលបានផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០កន្លងមកនេះ បានប្រកាសណែនាំនៃការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី នៃការអនុវត្ត អត្រាកំណើនតាមថ្នាក់ថ្មី ចំពោះសហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀរវត្ស ដែលត្រូវអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ក្នុងនោះ ចំពោះបៀរវត្សជាប់ពន្ធប្រចាំខែ ដោយប្រាក់បៀរវត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មានអត្រាពន្ធ ៥%, បៀរវត្សពី ២ ០០០ ០០១ រៀល ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និងពី ៨ ៥០០ ០០១ រៀល ដល់ ១២ ០០០ ០០០ រៀល អត្រាពន្ធ ១៥% និងលើសពី ១២ ៥០០ ០០០ រៀល គឺមានអត្រាប្រាក់ ២០% ។

ចំណែកទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុក គឺផ្អែកតាមការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមានបន្ទុកកូន ប្តី ឬ ប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀរវត្ស ចំពោះកូនក្នុងបន្ទុក និងសហព័ន្ធជាមេផ្ទះ ក្នុងម្នាក់ៗ ១៥០ ០០០ រៀល ក្នុងមួយខែ ។

ពាក់ព័ន្ធនិងការកាត់បន្ថយមូលដ្ឋានពន្ធខាងលើនេះ ដែលមានអត្រាប្រាក់បៀរវត្សក្នុងរង្វង់ ១ ៣០០ ០០១ រៀល ដល់ ២ ០០០ ០០០ រៀល គឺត្រូវប្រមាណជា ៣២៥ ទៅ ៥០០ ដុល្លារអាមេរិក អាចរួចផុតពីការបង់ពន្ធលើប្រាក់បៀរវត្ស ។
ការគណនាពន្ធលើប្រាក់បៀរវត្សរបស់និយោជិកនិវាសនជន ត្រូវរកមូលដ្ឋានគិតពន្ធលើប្រាក់បៀរវត្ស ដោយយកចំនួនប្រាក់បៀរវត្សជាប់ពន្ធសរុប ដកចេញនូវទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុក ។ ដោយឡែកចំពោះកម្មករ និយោជិត រោងចក្រ សហគ្រាស បៀរវត្សជាប់ពន្ធ ត្រូវបានអនុញ្ញាតឲ្យដកចេញបន្ថែម នូវប្រាក់ឧបត្ថម្ភដែលទទួលបានពីការបំពេញការងារ ៕

រដ្ឋសភាត្រៀមអនុម័ត គម្រោងរោងចក្រអគ្គិសនីធំៗចំនួន៣

ដោយ ប៊ី

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តគម្រោងចំនួន៣ ដែលថាមពល ១,១៩៥ មេហ្គាវ៉ាត់។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃអង្គារថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តយកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០វេលាម៉ោង ៨.០០ព្រឹកបើកកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចប្រធានរដ្ឋសភា ។

កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនេះមានរបៀបវារៈចំនួនបី ក្នុងនោះមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ។ ទី៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

នៅក្នុងឱកាសនេះដែរ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន ឯកឧត្តម យឹម លាត លោកជំទាវ គង់ សាឡន និងលោកជំទាវ កុល ធារិន៕

អាស៊ីប៉ាស៊ីហ្វិកនឹងខាតបង់សេដ្ឋកិច្ច ៦២០ ពាន់លានដុល្លារ បើកូវីដ ១៩ អូសបន្លាយដល់ឆ្នាំ ២០២១

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងត្រូវខាតបង់ទឹកប្រាក់ប្រមាណ ៦២០ ពាន់លានដុល្លារអាមេរិក ប្រសិនបើជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តអូសបន្លាយរហូតដល់ត្រីមាសទី ១ នៃឆ្នាំ ២០២១។ នេះបើតាមការព្យាករណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក S&P។

ចំនួនទឹកប្រាក់នៃការព្យាករណ៍នេះគឺគិតចាប់ពីដើមឆ្នាំ ២០២០ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ នៅពេលដែលសេដ្ឋកិច្ចត្រឡប់មកសភាពដើមដូចធម្មតាវិញ។ នេះបើតាមការឆ្លើយតបនៅក្នុងកាសែត The Business Times។

ការខាតបង់នេះគ្រប់ដណ្តប់ទៅលើ តារាងអធិបតេយ្យភាព ធនាគារ ក្រុមហ៊ុន និងតារាងតុល្យការសម្រាប់ក្រុមគ្រួសារនិមួយៗផងដែរ។
អត្រាកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជាមធ្យមគឺ ២.៧ ភាគរយ ដែលជាព័ត៌មានវិវត្តនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញ។

សេដ្ឋកិច្ចនៅសិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ជាពិសេសនៅជប៉ុន នឹងត្រូវរំពឹងថាធ្លាក់ចុះ ខណៈពេលដែលរដ្ឋាភិបាលជប៉ុនទើបតែប្រកាសថា ប្រទេសខ្លួននឹងត្រៀមថវិកាប្រមាណ ១៣៧ពាន់លានដុល្លារដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច។

របាយការណ៍បានឱ្យដឹងថា ការស្ទាប់ស្ទង់នៃសេដ្ឋកិច្ចកំឡុងពេលមានវិបត្តិកូវីដ ១៩នេះ បានជម្រុញឱ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិដែលបណ្តាលឱ្យមានការកើនឡើងនៃកម្ចីសាជីវកម្ម។
ការព្យាករណ៍ដែលបានកែសំរួល គឺផ្អែកលើការប៉ាន់ស្មានរបស់អាជ្ញាធរប្រទេសនិមួយដែលថា ការរីករាលដាលនៃជំងឺរាតត្បាតឈានដល់កម្រិតខ្ពស់បំផុតនៅខែមិថុនាឬខែសីហាឆ្នាំ ២០២០។

ដូចនេះហើយទើប S&P អាចវិវត្តព័ត៌មានផលិតផលក្នុងស្រុកសរុប អត្រាគោលនយោបាយ អតិផរណា និងការព្យាករណ៍អត្រាគ្មានការងារធ្វើនៅក្នុងបច្ចុប្បន្នភាពបាន៕

គម្រោងប្រព័ន្ធធារាសាស្រ្តថ្មីៗត្រូវបានរដ្ឋាភិបាលគ្រោងទៅអភិវឌ្ឍនៅតាមព្រំដែន

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងប្រព័ន្ធធារាស្រ្តថ្មីៗត្រូវបានក្រសួងធនធានទឹកកំពុងរៀបចំគ្រោងអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនថៃនិងវៀតណាម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

បើតាមឱ្យដឹងពី ឯកឧត្តម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ ថា «ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការបង្កបង្កើនផលរបស់កសិករនៅតាមព្រំដែនដែលកំពុងប្រឈមនឹងការកង្វះទឹក ធ្វើឱ្យរដ្ឋាផិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គិតគូរលើបញ្ហាធារាសាស្រ្ត និងគ្រោងអភិវឌ្ឍនៅពេលខាងមុខ។»

ឯកឧត្តមបន្តថា តំបន់មួយចំនួនដូចជានៅ ខេត្តតាកែវ កណ្តាល កំពត ព្រៃវែង ស្វាយរៀង តំបន់ដែលស្ថិតនៅក្បែរព្រំដែន កំពុងប្រឈមបញ្ហាខ្វះខាតទឹក ដូចនេះទើបក្រសួងមានគោលដៅ បន្តកិច្ចសហការល្អជាមួយបណ្តារប្រទេសជាមិត្ត និងដៃគូ ត្រៀមអភិវឌ្ឍជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ទាំងផ្ទៃអាងទឹក និងប្រឡាយមេ ទុកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។

កាលពីកន្លងមកប្រព័ន្ធធារាស្រ្តដែលក្រសួងបានធ្វើការអនុត្តរភាពធារាស្រ្ត និងរចនាសម្ព័ន្ធដែលបានអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនមានសមិទ្ធផលដូចជា អាងទឹក ប្រឡាយមេ ឬក៏ប្រឡាយរងថ្នាក់ទី១ តែប៉ុណ្ណោះដូចនេះតម្រូវការក្នុងការអភិវឌ្ឍត្រូវការបន្ថែមទៀត ដែលពេលនេះក្រសួងកំពុងស្វែងរកដៃគូសហការ និងជំនួយពីបណ្តារប្រទេសជិតខាង។

ចំណែកឯដៃគូអភិវឌ្ឍដែលបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធធារាស្រ្តកាលពីថ្មីៗនេះគឺ ធនាគារអភិវឌ្ឍអាស៊ី ADB ដែលកាលពីសប្តាហ៍មុនៗ ក្នុងខែមីនាឆ្នាំ ២០២០នេះ បានបញ្ជាក់ពីយុទ្ធសាស្រ្តគាំទ្រថ្មីសម្រាប់ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២៕

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់បង្វែរការដឹកជញ្ជួនតាមកំពង់ផែព្រះសីហនុ ដោយសារការបិទច្រកព្រំដែនកម្ពុជា-វៀតណាម

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន និងរោងចក្រផលិតវាំងននតៃវ៉ាន់ Nien Made Enterprise Co បានបញ្ជាក់ថា ថាការបិទព្រំដែនវៀតណាម-កម្ពុជានឹងប៉ះពាល់ដល់ការនាំចេញផលិតផលរបស់ខ្លួនពីកម្ពុជា ខណៈទំនិញរបស់ខ្លួននឹងត្រូវបញ្ជូនទៅកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់យឺតយ៉ាវ។ នេះបើយោងតាមកាសែតតៃប៉ិថែមស៍បានរាយការណ៍កាលថ្ងៃចន្ទ។

ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុននេះដឹកជញ្ជូនផលិតផលពីរោងចក្រកម្ពុជាតាមរយៈកំពង់ផែហូជីមីញប្រទេសវៀតណាម។

ក្រុមហ៊ុនបានឲ្យដឹងទៀតថា ខ្លួនបានរៀបចំផែនការយថាភាពដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបិទទ្វារច្រកព្រំដែន។

ក្រុមហ៊ុន Nien Made បានប្រាប់កាសែត Taipei Times ថា ការរឹតបន្តឹងនេះនឹងប៉ះពាល់ដល់ការដឹកជញ្ជូនផលិតផលវាំងនន និងបង្អួចដែលត្រៀមរួចជាស្រេចពីកម្ពុជា។

ក្រុមហ៊ុន Nien Made មានមូលដ្ឋានផលិតកម្មចំនួនបួននៅ Dongguan និង Shandong របស់ប្រទេសចិន ក៏ដូចជារោងចក្រនៅកម្ពុជា។

ក្រុមហ៊ុន បានឲ្យដឹងថា “Nien Made បានជូនដំណឹងដល់អតិថិជនប្រអប់ធំរបស់ខ្លួនអំពីគោលការណ៍ទាំងនេះ ហើយនឹងប្រើប្រាស់បានយ៉ាងល្អនូវឃ្លាំងស្តុកទំនិញនៅកម្ពុជា។

ក្រុមហ៊ុនបានឲ្យដឹងថា “ការនាំចេញរបស់យើងអាចនឹងត្រូវបញ្ជូនទៅកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់យឺតយ៉ាវ”។

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កាលពីសប្តាហ៍មុនប្រទេសកម្ពុជា និងវៀតណាមបានយល់ព្រមអនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលព្រំដែនបាវិត-ម៉ុកបៃដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀង (បាវិត) និងខេត្តតៃនិញរបស់វៀតណាម (ម៉ុកបាយ) ។ នេះបើតាមការចេញផ្សាយរដ្ឋាភិបាល។

វាបានបញ្ជាក់ថា រថយន្តដឹកទំនិញត្រូវបានអនុញ្ញាតិអោយចូលទៅក្នុង“ តំបន់ស” របស់ច្រកទ្វារព្រំដែន ប្រសិនបើពួកគេអនុវត្តនូវវិធានការណ៍មួយចំនួនដូចជាការផ្លាស់ប្តូរអ្នកបើកបររថយន្តដឹកទំនិញ និងកុងតឺន័រ។ ច្បាប់នេះនឹងត្រូវអនុវត្តរហូតដល់ជំងឺ Covid-19 ស្ថិតក្រោមការគ្រប់គ្រង។

អាជ្ញាធរបានអនុញ្ញាតឱ្យរថយន្តដឹកទំនិញរបស់វៀតណាមឆ្លងកាត់កំពង់ផែស្ងួតរបស់ខ្លួនដើម្បីជួយសម្រួលដល់ការចែកចាយ ប៉ុន្តែអ្នកបើកបរត្រូវតែពាក់ឈុតការពារប្រឆាំងនឹងមេរោគពេញលេញ។

ក្រុមហ៊ុន Nien Made Co. , Ltd បានរាយការណ៍ថា កាលពីឆ្នាំមុនប្រាក់ចំណូលសុទ្ធបានកើនឡើង ២៤,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ១៤៨,៥១ លានដុល្លារដោយប្រាក់ចំណូលក្នុងមួយហ៊ុនបានកើនឡើងដល់កំណត់ត្រា ០.៥០ ដុល្លារពោលគឺកើនឡើងពី ០,៤១ ដុល្លារក្នុងឆ្នាំ ២០១៨ ។

ក្រុមហ៊ុនបានរាយការណ៍ដែរថា ប្រាក់ចំណូលរួមបានកើនឡើង ៩,៤ ភាគរយដល់ ៧៩០ លានដុល្លារកាលពីឆ្នាំមុនដោយសារការកើនឡើងនៃចំណែកទីផ្សាដែលបង្កើតឡើងតាមតម្រូវការ និងការបង្កើនប្រសិទ្ធភាពផលិតកម្ម។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Nien Made បានធ្លាក់ចុះ ៨,១៩ ភាគរយជារៀងរាល់ឆ្នាំមកនៅត្រឹម ១០១,៨៥ លានដុល្លារ ដោយសារតែការពន្យារពេលផលិតកម្មរោងចក្រនៅប្រទេសចិនកាលពីខែមុនចំពេលមានការផ្ទុះឡើងនៃ Covid-19៕

ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនចំនួន ៣១០លានដុល្លារនឹងជួយលើកកម្ពស់នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ចំនួន ៣១០លានដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ។

នេះ បើយោងតាមឯកសារប្តូរសារដែលចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រោមអធិតបីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖

* ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)
ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

* ឥណទានសម្បទាន សម្រាប់អនុវត្ត៖
ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។
ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)៕