ដោយ ប៊ី
ភ្នំពេញៈ កាស៊ីណូNagaWorld ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ ពីក្រសួងសុខាភិបាល ដែលនឹងអនុញ្ញាតកម្សាន្តចំរុះនេះនេះ បើកដំណើរការឡើងនូវប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលរួមមានល្បែងប្រភេទវីអាយភី និងស្លុតម៉ាស៊ីន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធខាងមុខនេះតទៅ។
សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Naga បានឱ្យដឹងថា “នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៅកាស៊ីណូណាហ្គាវើល ហើយបានសន្និដ្ឋានថា ក្រុមហ៊ុនគឺអនុលោមតាមតម្រូវការនៃច្បាប់សុខភាព និងជាមួយនីតិវិធីប្រតិបត្តិស្តង់ដារដែលបានកំណត់ ដោយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19”។
សេចក្តីជួនដំណឹងបានឱ្យដឹងទៀតថា ក្រុមហ៊ុនណាហ្គាវើលមានមោទនភាពដែលត្រូវបានជ្រើសរើសដោយក្រសួងសុខាភិបាល ដើម្បីចាប់ផ្តើមប្រតិបត្តិការអាជីវកម្មល្បែង និងកំណត់ស្តង់ដារសម្រាប់ប្រតិបត្តិករល្បែងដទៃទៀតនៅក្នុងប្រទេស។ ការបើកដំណើរការអាជីវកម្មវីអាយភី និងស្លុតម៉ាស៊ីនឡើងវិញគឺជាការសាកល្បងមួយ ដែលស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន និងការអភិវឌ្ឍរបស់ជំងឺ COVID-19។
ករណីនៃឆ្លងនៅប្រទេសកម្ពុជាមានការគ្រប់គ្រងបានល្អ ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលបានការកោតសរសើរ និងអបអរសាទរនៅលើពិភពលោក ចំពោះវិធានការណ៍ ដែលបានអនុម័ត ដើម្បីរក្សាអត្រានៃការឆ្លងទាបជាមួយនឹងអត្រាមរណភាពសូន្យ។ ចំនួនករណីឆ្លង ចំនួន១៤១ គិតត្រឹមថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ដែលក្នុងនោះ១១៧ ករណី (៨៣ ភាគរយ) ត្រូវបាននាំចូល។ ១៣១ ករណីត្រូវបានព្យាបាលជាសះស្បើយ (៩៣ ភាគរយជាសះស្បើយ)។
សេចក្តីជួនដំណឹងបានបន្ថែមទៀតថា ការបើកណាហ្គាវើលឡើងវិញ ជាវិធីសាស្រ្តប្រុងប្រយ័ត្ន ហើយដូច្នេះគោលការណ៍ណែនាំ ដែលចេញដោយក្រសួងសុខាភិបាលនឹងត្រូវបានអនុវត្តយ៉ាងតឹងរឹងដោយក្រុមហ៊ុន។ ក្រសួងសុខាភិបាលក៏បានណែនាំផងដែរថា ការបើកដំណើរការណាហ្គាវើលគឺជាគំរូ និងបានចេញនូវវិធីសាស្រ្តពីរជំហានសម្រាប់ការអនុវត្តន៍។
ការបើកឡើងវិញនូវសេដ្ឋកិច្ច និងការបើកអាជីវកម្មកាស៊ីណូឡើងវិញ គឺជាវិធីជាជំហានៗ ហើយក្លាយជាគំរូសម្រាប់ការស្នើសុំ បើកដំណើរការកាស៊ីណូផ្សេងទៀត ប្រសិនបើមានសំណូមពរសុំការអនុញ្ញាតឱ្យបើកឡើងវិញ៕