ដោយ ៖ វុត្ថា
សៀមរាប ៖ អភិបាលខេត្តសៀមរាបបានដាក់ចេញនូវវិធានការចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញលិខិតមួយច្បាប់ផ្ញើជូនលោក លោកស្រី អភិបាលក្រុង ស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា រដ្ឋបាលខេត្ត បានសង្កេតឃើញថា នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក មានសកម្មភាពបុគ្គល ឬក្រុមមួយចំនួន បានធ្វើការបំផុសបំផុលចលនាឱ្យធ្វើការកាប់រាន ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធបែងចែកកាន់កាប់ ការទិញលក់ និងការបញ្ជាទិញលក់ដីរដ្ឋដោយខុសច្បាប់។
លោកបន្តថា សកម្មភាពនេះ មានដូចជា ដីនៅតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ការពារ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ដើម្បីរំលោភបំពានយកធ្វើជាដីកម្មសិទ្ធិ ក្រោមហេតុផលខ្វះដីសម្រាប់អាស្រ័យផល ឬការបង្កបង្កើនផល និងគោលបំណងមួយចំនួនផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង អភិរក្ស ការពារ និងបាត់បង់ដីរបស់រដ្ឋ។
លោកអភិបាលខេត្តបន្តថា ដើម្បីពង្រឹងការអភិរក្ស ការពារ ការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព ព្រមទាំងធានាបាននូវនិរន្តភាពផលប្រយោជន៍សាធារណៈ ជាពិសេសស្របតាមច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីភូមិបាល និងលិខិតបទដ្ឋានគតិយុត្តត្រូវចាត់វិធានការយ៉ាងម៉ឺនម៉ាត់ និងស្មារតីទទួលខុសត្រូវដូចខាងក្រោម៖
១) ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់ការបំផុសបំផុលចលនា ទោះនិតិបុគ្គល ឬរូបវន្ដបុគ្គលណា ក៏ដោយក៏ពុំមានសិទ្ធិរុករាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ន្ធតំន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្ស ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិឡើយ។
២) ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការទិញលក់ និងការបញ្ជាក់ទិញលក់ លើដីរដ្ឋដោយខុសច្បាប់ និងត្រូវបន្តណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងមេភូមិ មេឃុំ ចៅសង្កាត់ ស្តិតនៅក្នុងដែនសមត្ថកិច្ចការគ្រប់គ្រងរបស់ខ្លួន។
៣) ត្រូវបន្តកិច្ចសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងការបំពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន។
៤) ត្រូវរៀបចំផែនការសកម្មភាពអនុវត្ត និងផ្តល់របាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជ្រាប និងផ្តល់គោលការណ៍ណែនាំបន្ថែមក្នុងករណីចាំបាច់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បានព្រមានដល់មន្ត្រីរាជការដែលឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីជួរគណបក្ស។
សម្តេចតេជោបានថ្លែងថា “ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ” ៕