ប្រា​សាក់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ 19

ដោយ វល័ក្ខ

ភ្នំពេញ៖ តប​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន 100លាន​រៀល ជូន​ចំពោះ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ19 នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់ សូម​ចូលរួម​ជា​កម្លាំង​ផ្នែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់ បង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ19 ដើម្បី​សុវត្ថិភាព និង​សុខភាព​ប្រជាជន​កម្ពុជា។

លោក សូ​នី បន្ត «ក្រៅពី​ការរួមចំណែក​ជា​ថវិកា​ជាមួយ​រដ្ឋាភិបាល ប្រា​សាក់ ក៏បាន​ដាក់ចេញ​ជា​វិធានការ​ជាបន្ទាន់ និង​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ 19 ដល់​បុគ្គលិក និង​អតិថិជន ដោយបាន​អនុវត្ត​វិធាន​ផ្នែកអនាម័យ​ល្អ និង​សុវត្ថិភាព ដូចជា ការត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​របស់​បុគ្គលិក និង​អតិថិជន​ទាំងអស់​មុននឹង​ចូលក្នុង​អគារ​ប្រា​សាក់ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ​ឬ​អាល់កុល​លាងដៃ ការពាក់​ម៉ាស់ ការរក្សា​គម្លាត​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការសម្អាត​ការិយាល័យ​ជាប្រចាំ»។

ប្រា​សាក់ ក៏បាន​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​កូ​វីដ 19 តាម​ប័ណ្ណ​ផ្សាយ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ផលិត​វីដេអូ​ខ្លី​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រា​សាក់ និង​ផលិត​ឯកសារ​អប់រំ​ក្នុងការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ 19 ផ្សេងទៀត​ជូន​ដល់​បុគ្គលិក​និង​អតិថិជន​ទាំងអស់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​និង​ចូលរួម​ប្រយុទ្ធ​នឹង​ការ​ចម្លងជំងឺ​ដ៏​កាច​សាហាវ​នេះ។

លើសពីនេះ ប្រា​សាក់ ក៏បាន​លើកទឹកចិត្ត​ឱ្យ​អតិថិជន​និង​សាធារណជន​ងាក​មកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​វិញ ក្នុង​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក-ភ្លើង ស្គេ​ន​ទូទាត់​តាម QR កូដ តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​សេវា​ទូទាត់​ឆ្លង​ធនាគារ​តាម​កម្មវិធី​បាគង​នៅលើ​ទូរស័ព្ទដៃ ដើម្បី​ចៀសវាង​ការប្រើប្រាស់​សាច់ប្រាក់​ដែល​មិនចាំបាច់ ដែល​អាចមាន​ជាប់​បាក់តេរី និង​វីរុស ជាយថាហេតុ។

លោក​បន្តថា «ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាពគ្រប់ៗគ្នា។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុមគ្រួសារ។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ 19 និង​រក្សាបាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់គ្នា!»៕

សម្តេចស ខេង៖ កម្ពុជាមិនទាន់ប្រកាសបិទជើងហោះហើរនៅឡើយទេ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់បានប្រកាសបិទជើងហោះហើរត្រង់មកពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកមកកាន់កម្ពុជានៅឡើយទេ ខណៈដែលក្រុមហ៊ុនអាកាសមួយចំនួនបានប្រកាសបិទដោយខ្លួនឯង។

សម្តេចក្រឡាហោម ស ខេង នៅក្នុងពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថាកម្ពុជាមិនទាន់មានវិធានការបិទជើងហោះហើរនៅឡើយទេ តែ កន្លងមកនេះ មានក្រុមហ៊ុនមកពីបណ្តាប្រទេសមួយចំនួនបានបិទដោយខ្លួនឯង ដោយសារតែមានការភ័យក្លាចចំពោះការឆ្លងនូវជំងឺកូវីដ ១៩ ។

សម្តេចបន្តទៀថា តែសម្រាប់ការបិទច្រកព្រដែន យើងក៏បានស្រុះស្រួលគ្នាជាមួយភាគីថៃ និងវៀតណាមក្នុងការបិច្រកព្រំដែន ។ ព្រលានយន្តហោះទាំងបីកម្ពុជា មានព្រលានយន្តហោះអន្តរជាតភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ នៅតែដំណើរការ តែបើគេប្រកាសបិទ យើងក៏បិទដែរ ព្រោះយើងគ្មានជំរើសផងដែរ ដូចការបិទច្រកព្រំដែនដូច្នោះដែរ។

យោងតាមរបាយការណ៍ប៉ុសច្រករបស់ព្រលានយន្តហោះកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងខែមីនា បើធៀមទៅនឹង ខែធ្នូឆ្នាំ ២០១៩រយៈពេល១ខែ បន្ទាប់ពីមានជំងឺកូវីដ ១៩ គឺសម្រាប់ខែធ្នូ ឆ្នាំ ២០១៩ មានជើងយន្តហោះព្រលានទាំងបីមានចំនួន ៤២៧៤ ជើង ដោយបច្ចុប្បន្នមានចំនួន ២៥៧៤ថយប្រមាណចុះ ៤០ ភាគរយនិងដំណើរថយចុះ ៥០ ភាគរយ ។ ដោយឡែកសម្រាប់ជើងហោះហើរខេត្តសៀមរាប ក្នុងអន្តរកាលពេលនេះគឺមិនទាន់មានសោះ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៣១លានដុល្លារពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅក្រុងតាខ្មៅ

ដោយៈ រ៉ាណេត

កណ្តាលៈ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់នូវហិរញ្ញប្បទាន ឥតសំណងចំនួន៣១លានដុល្លារ ទៅលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ ស្របពេលដែលកំណើន នៃតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងខ្ពស់។

ជំនួយអភិវឌ្ឍន៍ជាផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់កម្ពុជាក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណ៣១០លានដុល្លារ ត្រូវបែងចែកជា២គម្រោង រួមមាន គម្រោងជំនួយហិរញ្ញាប្បទានឥតសំណង និងគម្រោងឥណទានសម្បទាននោះ ទឹកប្រាក់ចំនួន៣១លានដុល្លារ ត្រូវបានកាត់ចូលជាកញ្ចប់ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងតម្រូវការ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកជំនាញមកពីអង្គការ ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ធ្វើការសិក្សាលម្អិតស្តីពី វឌ្ឍនភាពគម្រោងសាងសង់រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែង និងលទ្ធភាពក្នុងការអនុវត្តគម្រោងក្រោ​មជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

គម្រោងដែលនឹងត្រូវអនុវត្តន៍ រួមមាន គម្រោងការងារផ្សេងៗជាច្រើនដូចជា ប្រព័ន្ធផលិតកម្មថ្មី ស្ថិតនៅទីតាំងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ-ស្ថានីយបូមទឹកឆៅពីទន្លេបាសាក់ មានសមត្ថភាពផលិត៣៣.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ -ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកសមត្ថភាព៣០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដោយកាលបរិច្ឆេទអនុវត្តគម្រោងត្រូវបញ្ចប់នៅខែ កញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុនសាងសង់ នឹងធ្វើការដេញថ្លៃជ្រើសរើស ទៅតាមនីតិវិធីក្រុមហ៊ុនគ្រប់គ្រង និងដំណើរការ គឺក្រុមហ៊ុន SPC(Special Purpose Company) ជាក្រុមហ៊ុនជប៉ុននឹងត្រូវបង្កើតឡើងសម្រាប់គ្រប់គ្រង និងថែទាំព្រព័ន្ធផលិតកម្ម ក្នុងរយៈពេល១០ឆ្នាំ និងលក់ទឹកដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ការពង្រីកប្រព័ន្ធទឹកស្អាតនៅទីក្រុងតាខ្មៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាកត្តាសំខាន់បំផុត ពីព្រោះជាទីតាំងជិតរាជធានីភ្នំពេញ និងមានកំណើនប្រជាពលរដ្ឋរស់នៅដ៏ច្រើន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏កំពុងតែទន្ទឹងរង់ប្រើប្រាស់ទឹកស្អាត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលប្រជាពលរដ្ឋនៅតាមទីប្រជុំជន នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ  និងជៀសផុតពីជម្ងឺឆ្លងនានា ដោយសារការប្រើទឹកមិនស្អាត៕

គំរោងសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែងកាន់តែអស់សង្ឃឹម ខណៈADBបានបញ្ចប់ការសិក្សា

ដោយស៊ីវ ម៉េង

ភ្នំពេញៈ គំរោងសាងសង់ឡើងវិញនូវព្រលានយន្តហោះ ក្នុងខេត្តស្ទឹងត្រែង ប្រហែ​លជាស្ថិតនៅឆ្ងាយនៅឡើយ ខណៈរដ្ឋាភិបាលបានជ្រើសរើសយកខេត្តមណ្ឌលគិរី សំរាប់សាងសង់ព្រលានយន្តហោះនៅភូមិភាគឥសាន្ត។

ព្រលានយន្តហោះខេត្តស្ទឹងត្រែង ធ្លាប់បានសិក្សាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយអ្នកជំនាញបានរកឃើញថា ខេត្តស្ទឹងត្រែងជាចំណុចកណ្តាលនៃបណ្តាខេត្តស្ថិតនៅភូមិភាគឥសាន្ត និងងាយតភ្ជាប់ជាមួយប្រទេសឡាវ និងប្រទេសថៃ ប៉ុន្តែការ​សម្រេចចិត្តបែបណា ស្ថិតនៅលើផែនការអាទិភាពរបស់រដ្ឋាភិបាល។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា ព្រលានយន្តហោះខេត្តស្ទឹងត្រែង ត្រូវបាន​ដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ជាមួយគំរោងផ្សេងទៀត ដូចជា ទឹកស្អាត និងឡូជីស្ទិករួចហើយ ប៉ុន្តែការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍នេះ ត្រូវការការសិក្សារយៈពេលវែង ដើម្បីពិនិត្យមើលពីចំណុចអាទិភាព និងផលប្រយោជន៍ដែលទទួលបានការអភិវឌ្ឍនេះ។

លោកបន្តថា “ផែនការសាងសង់ព្រលាននេះនឹងត្រូវឆ្លងកាត់ ការពិនិត្យពិច័យជាច្រើនពីអ្នកជំនាញ នៃដៃគូអភិវឌ្ឍន៍មុនសម្រេចសាងសង់ឬអត់?។ ហេតុនេះវាមិនប្រាកដថាគំរោងនេះ នឹងជាប់ក្នុងផែនការអាទិភាពរបស់រដ្ឋាភិបាលឬទេ?”។ លោកបន្តថា “ព្រលាន​យន្តហោះនេះ អាចចំណាយថវិកាវិនិយោគចន្លោះពី៥០ ទៅ៦០លានដុល្លារអាមេរិក ព្រោះព្រលាននេះមានដីស្រាប់រួចហើយ”។

គំរោងសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែងនេះ បានដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងដាក់ជូនដៃគូអភិវឌ្ឍន៍គឺធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធនាគារនេះស្វែងរកដៃគូវិនិយោគ។

លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាសយាន​ដ្ឋានកម្ពុជាបានថ្លែងថា ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានសិក្សាពីសក្តានុពល នៃការសាងសង់ព្រលានយន្តហោះក្នុងស្រុក លើគ្រប់បណ្តាខេត្តរួចហើយ ហើយបានរកឃើញថា ខេត្តស្ទឹងត្រែង បាត់ដំបង និងព្រះវិហារជាខេត្តមានសក្តានុពលអាចវិនិយោគព្រលានយន្តហោះបាន។

លោកបន្តថា “បន្ទាប់ពីបានសិក្សាបញ្ចប់ ក្រុមហ៊ុនបាន្តល់អនុសា​សន៍ ឲ្យរដ្ឋាភិបាលវិនិយោគព្រលានទាំងបីនេះ ប៉ុន្តែរហូតមកទល់ពេលនេះ អ្វីៗមិនទាន់មានព៌តមានវិវិត្តន៍ទេ”។លោកបន្តថា “ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា គ្រប់គ្រងប្រលានយន្តហោះអន្តរជាតិទាំងបី ប៉ុន្តែបើរដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនវិនិយោ គព្រលានដទៃទៀត យើងនឹងសិក្សាពីបញ្ហានេះ”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រ​សាសន៍ថា ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែងជារឿងល្អ ដែលអាចជួយសម្រួ​ល​ និងកាត់បន្ថយពេលវេលាធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។លោក​ស្រីបន្តថា ទោះជាផ្លូវគោកមានភាពងាយស្រួលក្តី តែការធ្វើដំណើរត្រូវចំណាយពេលយូរ ហេតុនេះបើមានព្រលានយន្តហោះ លោកស្រីគិតថាព្រលានយន្តហោះនេះនឹងទាក់ទាញការធ្វើដំណើរ។

លោកស្រីបន្តថា “ព្រលានយន្តហោះនេះ ក៏អាចតភ្ជាប់ជាមួយព្រលានក្នុងតំបន់ផងដែរ ហេតុនេះវានឹងជាការតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍ និងជំរុញការអភិវឌ្ឍននៅភូមិភាគឥសាន្តកាន់តែលឿន”៕

រដ្ឋាភិបាលបានកំណត់រាជធានី ខេត្តចំនួន៦សំរាប់ធ្វើជាមូលដ្ឋានឧស្សាហកម្មជាតិ

ដោយគង់ សូរិយា

ភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យករាជធានី ខេត្តចំនួន៦ជាមូលដ្ឋានសម្រាប់រៀបចំតំបន់ឧស្សាហកម្មជាតិ ដោយសារ តំបន់ទាំងនោះមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប​និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងក្នុងបទបង្ហាញមួយកាលពីពេលកន្លងមកថា យុទ្ធសាស្រ្តកម្ពុជាបានកំណត់តំបន់អទិភាពមួយចំនួន ជាតំបន់មូលដ្ឋានឧស្សាហកម្មជាតិ និងជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដើម្បីបម្រើដល់ការធ្វើពាណិជ្ជកម្ម។ លោកបន្តថា ក្នុងគោលដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច កម្ពុជាបានកំណត់តំបន់អទិភាពមួយចំនួន ជាមូលដ្ឋានឧស្សាហកម្មជាតិ រួមមានទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ក្រុងប៉ៃលិន និងខេត្តសៀមរាបជាដើម។

លោកបន្តថា “មូលដ្ឋានទាំងអស់នេះ ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ជាទីប្រជុំជនប្រកបដោយសក្តានុពល ដើម្បីបម្រើដល់ការនាំចេញនាំចូលក្នុងការធ្វើពាណិ​ជ្ជកម្ម”។

ក្នុងយុទ្ធសាស្រ្តដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល គឺការគិតគូរក្នុងការបង្កើនធនធានមនុស្ស ជាវិស័យអទិភាពទី១ ដែលរាជរដ្ឋាភិបាលកំពុងកែទម្រង់ រួមមានការអប់រំវិជ្ជាជីវៈSTEM  សុខាភិបាល និងបញ្ហាពាក់ព័ន្ធសង្គមផ្សេងៗទៀត។ ការពិពិធកម្មសេដ្ឋកិច្ច រួមមានផ្លូវដឹកជញ្ជូន ការគ្រប់គ្រប់តាមប្រព័ន្ធឌីជីថល ការគ្រប់គ្រងកំណើនសេដ្ឋកិច្ចទៅតាមយន្តរបស់រាជរដ្ឋាភិបាល និងនិងការអភិវឌ្ឍន៍ជនបទជាដើម ដែលបញ្ហាទាំងនេះទាក់ទងទៅដល់ការកែទម្រង់ អភិបាលកិច្ចល្អផងដែរ ។

លោកវង្សី វិស្សុតបានបន្តថា នៅក្នុងក្របខណ្ឌនៃការរក្សាកំណើនសេដ្ឋកិច្ច កម្ពុជាកំពុងការចាប់ផ្តើម ធ្វើឲ្យប្រសើរឡើងលើបច្ចុប្បន្នកម្ម ទំនើបកម្មដែលមានស្រាប់ រួមមានឧស្សាហកម្ម កសិកម្ម កម្មន្តសាល និងវិស័យសេវាជាដើម ជាពិសេសការស្វែងរកប្រភេទឧស្សាហកម្មផ្សេងៗទៀត ដើម្បីជម្រុញឲ្យកំណើនកើនឡើងជាមុន ក្នុងនោះកម្ពុជាត្រូវតែធ្វើប្រតិភូកម្មសេដ្ឋកិច្ចម្ខាង និងការបង្កើតភាពប្រគួតប្រជែងម្ចាងទៀតផ្សេងទៀត ផងដែរ។

គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាលឆ្នាំ បានកំណត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិតក្នុងខេត្តស្វាយរៀងជាតំបន់ សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម មានលក្ខណៈពិសេសមួយ ជាលទ្ឋផលក្រុងទាំងពីរកំពុងមានការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិយ៉ាង​ច្រើននាពេលបច្ចុប្បន្ននេះ៕

អារ៉ាប់ប៊ីសាអូឌីតត្រៀមថវិកា៣០ពាន់លានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ចទោះបីអ្នកឆ្លងមេរោគកូវីដ១៩មានចំនួនតិច

ដោយ ហ្សូលី

អារ៉ាប់ៈ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិការប្រមាណ៣០ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច បើទោះបីជានៅក្នុងប្រទេស អ្នកឆ្លងមេរោគកូវីដ១៩មានចំនួនតិចក៏ដោយ។ នេះបើតាមឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ជាតិរបស់ប្រទេសអារ៉ាប់។

យោងតាមការបកស្រាយពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានឱ្យដឹងថា ថវិកាបម្រុងទាំងនោះនឹងទុកប្រើប្រាស់ សម្រាប់ជំរុញសេដ្ឋកិច្ច និងវិស័យសុខាភិបាល ដោយក្នុងនោះថវិកាជិតពាក់កណ្តាល ត្រូវបែងចែកទៅគាំទ្រធនាគារ ស្ថាប័នហិរញ្ញវត្ថុ សហគ្រាសខ្នាតតូចនិងមធ្យម។

រដ្ឋមន្ត្រីនោះបានបន្តថា “ការប្រមូលពន្ធ និងកាតព្វកិច្ចគយ ត្រូវបានពន្យាពេល ចំណែកលុយ ដែលជំពាក់លើវិស័យឯកជនវិញ ត្រូវទូទាត់ឱ្យរួចរាល់”។ លោកបន្តថា “ផ្សារហ៊ុននៅអាស៊ី និងអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្លាក់ចុះដោយសារតែបញ្ហានៃវិបត្តិសុខភាពពិភពលោក កូរ៉ូណាវីរុសឬកូវីដ១៩ ដែលជាកត្តាមួយជះឥទ្ធិពលមកលើសេដ្ឋកិច្ចប្រទេសអារ៉ាប់ដូចគ្នា”។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលអារ៉ាប់បានឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគនេះមានប្រមាណ២៧៤ករណី ប៉ុន្តែមិនទាន់មានករណីស្លាប់នៅឡើយទេ។

ប្រទេសអារ៉ាប់ កំពុងប្រឈមនឹងការបិទទីតាំងជាច្រើនកន្លែង ដូចជា សាលារៀន កន្លែងសាធារណៈ ផ្អាកជើងហោះហើរ ពន្យាពេលអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្រទេស។

ក្នុងនាមជាប្រទេសនាំប្រេងឆៅធំជាងគេនៅលើពិភពលោក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវប្រឈមនឹងការធ្លាក់ចុះតម្លៃប្រេង ដែលជាចំណូលស្នូលចម្បងរបស់រដ្ឋាភិបាល។ តម្លៃប្រេងបានធ្លាក់ចុះប្រមាណសល់ត្រឹម២៥ដុល្លារ ក្នុងមួយបារ៉ែលនៅសប្តាហ៍នេះដើម្បីទប់ទល់ និងជួយផ្គតផ្គង់តម្រូវការក្នុងរដូវកាលវីរុស រួមទាំងជាការប្រកួតប្រជែងតម្លៃជាមួយប្រទេសរុស្សីផងដែរ៕

ប្រភព(Reuters)

លោក ស៊ុនចាន់ថុលសម្រេចបង្កើតក្រុមការងារសម្របសម្រួលសិក្សាគម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត

ដោយវុត្ថា

ភ្នំពេញៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសម្រេចបង្កើតក្រុមការងារសម្របសម្រួល ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងការរៀបចំឯកសារសិក្សាសមិទ្ធិលទ្ធផល សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាថ្ងៃទីកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០កន្លងមកនេះ បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលជាមួយក្រុមហ៊ុន China Railway International Group Co., Ltd មានចំនួន១៨រូប ដឹកនាំដោយលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធផ្សេងទៀតជាអនុប្រធាន និងសមាជិក។

សេចក្តីសម្រច ក្រុមការងារនេះមានភារកិច្ច ដូចជា ពិនិត្យ សម្របសម្រួល ផ្តល់យោបល់ ជំរុញ និងលើកវិធានការ ព្រមទាំងសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយរាល់ការងារនិងបញ្ហាពាក់ព័ន្ធ នឹងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

ក្រុមការងារនេះមានភារកិច្ចមួយចំនួនដូចជា ទី១-សហការជាមួយមេធាវីគម្រោង ផ្តល់យោបល់លើទិដ្ឋភាពបច្ចេកទេស ផ្នែកនគរូបនីយកម្ម នៃគម្រោងសាងសង់ការវិភាគអំពីប្រសិទ្ធិភាពខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន សង្គម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងគម្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ខាងលើ។

ទី២-សហការជាមួយមេធាវិក្រសួង ពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនវិនិយោគ ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេច និង ធ្វើរបាយការណ៍ជាប្រចាំ និងលើកសំណើរជូនថ្នាក់ដឹកនាំក្រសួង ដើម្បីជំរុញដំណើរការសិក្សាការងាររៀបចំ សមិទ្ធិលទ្ធភាពគម្រោងសាងសង់ កិច្ចព្រមព្រៀងសម្បទាន និងការអនុវត្តគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យទទួលបានជោគជ័យ។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញ ការសិក្សាអនុវត្តលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅច្រកទ្វារព្រំដែន ក្រុងបាវិត ឱ្យបានឆាប់រហ័ស ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់វៀតណាម ពីហូជីមិញមកច្រកទ្វារព្រំដែនម៉ុកបៃ ដែលភាគីវៀតណាមគ្រោងសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥ខាងមុខ។

លោកទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានលើកឡើង កាលពីអំឡុងខែមករា ឆ្នាំ២០២០ កន្លងមកនេះថា ក្រសួងបានចុះកិច្ចព្រមព្រៀង ក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ដើម្បីសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកបន្តថា “ក្រុមការងារកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយ លោកងៀន វ៉ាន់ថេ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ”។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ធ្លាប់ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវល្បឿនលឿន ជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រា ប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋាន សម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធនធ្ងន់៕

អ្នកជំនាញប្រាប់ពីយុទ្ធសាស្រ្ដដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងកំឡុងកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញៈ នៅក្នុងពេលបច្ចុប្បន្នវិស័យអចលនទ្រព្យ កំពុងប្រឈមនឹងបញ្ហាមួយចំនួន អ្នកអភិវឌ្ឍលើវិស័យនេះ កំពុងគិតគូស្វះស្វែងរកវិធីសាស្រ្តយ៉ាងណា ដើម្បីទប់ទល់នៃការរាលដាលរបស់វីរុសនេះ ដូច្នេះអ្នកជំនាញបានប្រាប់ពីយុទ្ធសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយបញ្ហាប្រឈម។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរសព្ទ នៅរសៀលថ្ងៃទី ២៣ មីនា ឆ្នាំ ២០២០កន្លងមកថា ដើម្បីកាត់បន្ថយបញ្ហាប្រឈម អ្នកអភិវឌ្ឍន៍ ដែលកំពុងដំណើរការគម្រោងសាងសង់គួរផ្អាកសិន។ ប៉ុន្តែបើសិនជាចង់លក់ចេញ ឬក៏បន្ទាន់លុយ អាចដាក់លក់ដីនោះនៅក្នុងតម្លៃដែលសមរម្យទាបជាងទីផ្សារ។

លោកស្រីបន្តថា “អ្នកវិនិយោគគួរណាតែផ្តល់នូវលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលដល់អតិថិជន ប្រសិនបើចង់វាយចេញលឿន មានន័យថាងាយស្រួលបង់លុយ ការប្រាក់តិច រយៈពេលយូរ នោះច្បាប់ជាអាចទប់ទល់បាន ប្រសិនជាទាល់ច្រកជ្រុលជាធ្វើគម្រោងចំស្ថានភាពហើយ”។

អ្នកជំនាញមួយរូបទៀតគឺលោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានផ្តល់អនុសាសន៍ថា ក្នុងស្ថានភាពបែបនេះអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលមានគម្រោ​ងកំពុងដំណើរការសាងសង់ អាចបន្តការសាងសង់ទៀតបាន ប៉ុន្តែសម្រាប់គម្រោងថ្មីៗខ្លះក៏អាចព្យួរទុកសិនបានដែរ។

លោកបន្តថា “ដើម្បីឱ្យអចលនវត្ថុអាចលក់ចេញនោះ ស្ថិតនៅលើថាតើក្រុមហ៊ុនឬអ្នកអភិវឌ្ឍអាចបញ្ចុះតម្លៃបានដល់កម្រិតណា ដើម្បីទាក់ទាញអតិថិជន ព្រោះថាកាលណាអ្នកទិញដែលមានលទ្ធភាពឃើញថា មានការបញ្ចុះតម្លៃច្រើន ការកក់ប្រាក់មានលក្ខ​ខណ្ឌល្អ នោះគេប្រាកដជាទិញ”។

បន្ថែមពីលើនេះលោកស្រី អាន សុធីតា នាយិកាភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE នៅប្រទេសកម្ពុជា ធ្លាប់បានបញ្ជាក់ថា  ដើម្បីជួយសម្រួលក្នុងស្ថានភាពបែបនេះ អ្នកអភិវឌ្ឍគួរណាត្រូវកាត់បន្ថយចំណាយ តាមដែលអាចធ្វើបាន ជាពិសេសត្រូវរក្សាចិត្តឱ្យនឹងនរ មិនត្រូវភ័យខ្លាច ជាពិសេសគួរតែរក្សាសុខភាពឱ្យមានមាំមួន៕

ចំណេះដឹង! តើអ្នកស្នើសុំដីសម្បទានដីសង្គមកិច្ចត្រូវមានលក្ខណៈសម្បត្តិដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយ ផ្តល់ដីសម្បទានសង្គមកិច្ចតាមរយៈអនុក្រឹត្យលេខ១៩អនក្រ/បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣។ ដីសម្បទានសង្គមកិច្ច ជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណង សង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

អ្នកសុំដីសម្បទានដីសង្គមកិច្ច ត្រូវមានលក្ខណៈ សម្បត្តិដូចតទៅ៖

ក/ មានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លូវច្បាប់ដើម្បីធ្វើជាម្ចាស់ដី ។

ខ/ ជាមេគ្រួសារនៃគ្រួសារដែលមានសមាជិកចំនួនពីរនាក់ ឬច្រើននាក់ដែលជាប់សាច់សាលោហិតជាមួយគ្នា ឬមានចំណងអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាក្នុងលំ​នៅឋានតែមួយ។

គ/ បំពេញលក្ខណៈវិនិច្ឆ័យខាងហិរញ្ញវត្ថុ (ប្រាក់ចំណូលទាប…) ដែលកំណត់ដោយប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឃ/ មិនមែនជាកម្មសិទ្ធិករ ឬជាភោគីនៃដីផ្សេងទៀតដែលមានទំហំស្មើ ឬលើសពីការកំណត់ទំហំដីសម្បទានសង្គមកិច្ច។

ង/ មានឆន្ទៈ និងមានលទ្ធភាពចូលរួម ក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ស្របតាមផែនការសម្បទានដីសង្គមកិច្ចដែលបានយល់ព្រម។

គ្មានជនណាម្នាក់អាចបដិសេធ សិទ្ធិចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចរបស់មេគ្រួសារជាស្រ្តី ជាជនបាត់ បង់សមត្ថភាព ជាអតីតយុទ្ធជនដែលបាត់បង់សមត្ថភាព និងមេគ្រួសារជាយោធិនរំសាយបានទ្បើយ។

ជារួមសម្បទានដីសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ ក្នុងគោលបំណងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដីសាធារណៈរបស់រដ្ឋ ពុំមែនជាកម្មវត្ថុនៃការផ្តល់ដីសម្បទានសង្គមកិច្ចទ្បើយ៕

ការសិក្សាៈប្រជាជន៧៩ភាគរយអាចបង់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិកក្នុង រយៈពេល៧ឆ្នាំខាងមុខ

ដោយ ប៊ី

ភ្នំពេញៈ ការសិក្សាមួយដែលធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា (NBC)បានរកឃើញថា ប្រជាជន៧៩ភាគរយបានឆ្លើយថា ពួកគេអាចបង់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិកក្នុងរយៈពេល៧ឆ្នាំខាងមុខ ខណៈNBCបានស្នើឲ្យប្រជាជនបង់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិក ដើម្បីទប់ស្កាត់ការរាលដាលCovid19។

របាយការណ៍សិក្សាបានឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អ្នកចូលរួមស្ទង់មតិ៧៩ភាគរយ នៃការសិក្សានេះបានឲ្យដឹងថា ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ទំនង​ជាត្រូវបានប្រើនៅតាមផ្សារទំនើប ក្នុងរយៈពេល៧ឆ្នាំខាងមុខ​ និង៦១ភាគរយនិយាយដូចគ្នា សម្រាប់ផ្សារទំនើបធំៗ និង៤៩ភាគរយសម្រាប់ហាងលក់រាយ និងហាងងាយស្រួល។

របាយការណ៍នោះបានរាយការណ៍ថា “អ្នកឆ្លើយប្រហែល២៤ភាគរយ បានបង្ហា​ញចំណាប់អារម្មណ៍របស់ពួកគេ ចំពោះការទូទាត់តាមទូរស័ព្ទហើយ ប្រហែល១ ភាគ៣ នៃការបង់ប្រាក់ដែលមិនប្រើសាច់ប្រាក់”។

កាលពីចុងសប្តាហ៍កន្លងមកនេះ ធនាគារជាតិបានឲ្យដឹងថា “ដើម្បីរួមចំណែកដល់ការការពារCovid-19ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុនានាកាត់បន្ថយការប្រើប្រាស់ និងការចេញមូលប្បទានប័ត្រ សម្រាប់ការទូទាត់សាច់ប្រាក់ និងការទូទាត់ដោយប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក តាមដែលអាចធ្វើទៅបាន”។

កាលពីឆ្នាំមុន ការសិក្សាអំពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជនរបស់ក្រុមហ៊ុនវីសា បានកត់សម្គាល់ពីអត្រារហ័ស ដែលប្រជាជនកម្ពុជាកំពុងទទួលយកការ បង់ប្រាក់ឌីជីថល។

នៅក្នុងឆ្នាំ២០១៧ ចំនួននៃការទិញតាមប្រព័ន្ធឌីជីថល ដែលបានធ្វើដោយប្រើកា​ត​វីសាបានកើនឡើង៥៨ភាគរយ ពីឆ្នាំ២០១៦ ដែលតម្លៃសរុបកើនឡើង៤៣ភាគរយ៕