ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ រោងចក្រកែច្នៃដូងប្រេងដ៏ទំនើបរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី សេដ្ឋីកសិកម្មប្រចាំនៅក្នុងប្រទេសកម្ពុជា ដែលអាចមានលទ្ធភាពក្នុងការផលិតបានរហូតដល់ ៤៥តោនក្នុងរយៈពេលត្រឹមតែ១ម៉ោង កំពុងតែទទួលរងនូវការខាតបង់យ៉ាងច្រើនដោយសារកំណើនផ្លែដូងកើនឡើងហួសផែនការ។

លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់លោកកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា នៅវេលាម៉ោង១រសៀលថ្ងៃសុក្រទី៣ ខែកក្កដា ឆ្នាំ២០២០ចុះមកពិនិត្យមើលរោងចក្រកែច្នៃផ្លែដូងប្រេងដែលមានកម្លាំងផលិត៤៥តោនក្នុងមួយម៉ោង ចំការដូងប្រេងនេះមានទីតាំងស្ថិតនៅនៅក្នុងខេត្តព្រះសីហនុ។
លោកឧកញ៉ាបានបញ្ជាក់ថា “ជាមួយនឹងដំណើរការរោងចក្រនេះ ក្រុមហ៊ុនបានចាប់ផ្តើមបណ្តុះកូនដាំដំបូងកាលពីឆ្នាំ១៩៩៦ ជាបន្តបន្ទាប់ដាំប្រមាណជា២ម៉ឺនហិកតា កាលពីឆ្នាំ២០០០ យើងងបានសាងសង់រោងចក្រកែច្នៃទី១ ដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង នៅក្នុងឆ្នាំ២០១៥ យើងបានសាងសង់រោងចក្រកែច្នៃថ្មីមួយទៀតដែលមានកម្លាំងផលិត៤៥តោនក្នុងមួយម៉ោង” ។
លោកបន្តថា “នៅពេលមានវិបត្តិកូរូណានេះក្រុមហ៊ុនមិនបានបញ្ឈប់បុគ្គលិកកម្មករទេ ថែមទាំងបានបង្កើនការថែទាំ ដាក់ជីប្រមូលផលជាធម្មតា។ បើតាមការព្យាករណ៍ឆ្នាំ២០២០នេះ យើងអាចទទួលផលបានតែ ២៧០ ០០០ តោន ទេ តែបើតាមពិនិត្យមើលកំណើនផលផ្លែដូងអាចកើនឡើងរហូតដល់ ៣០០ ០០០ តោន តែជាអកុសល រោងចក្រកែច្នៃទាំង២នេះមិនអាចទទួលយកទៅកែច្នៃបានគ្រប់ចំនួននោះទេ ធ្វើអោយផលផ្លែដូងប្រេងនៅសល់លើទីលាន ប្រមាណជាជាង ៥០០០តោន បណ្តាលអោយរលួយស្អុយចោល ខាតបង់ថវិការយ៉ាងធ្ងន់ធ្ងរ” ។

ជាមួយនឹងសំណេរបញ្ជាក់ពីភាពខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរខាងលើនេះ លោកឧកញ៉ាបានលើកឡើងផងដែរថា បើតាមការអោយដឹងក្រៅផ្លូវការមកថា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ មានការថយចុះផលផ្លែដូងគួអោយកត់សំគាល់ ចំណែកឯព្រះរាជាណាចក្រកម្ពុជាយើងវិញបែទៅជាមានកំណើនផលផ្លែដូងប្រេងទៅវិញ ៕






