កញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាចជួយដល់ការពង្រីកSMEs បានជាង៥០០កន្លែងនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្មលោកកៅ ថាចបានឱ្យដឹងថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល នឹងជួយដល់សហគ្រាស ប្រមាណជាង៥០០ទីតាំងនៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។

លោកបានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាង ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជានាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានរហូតដល់៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង)។

លោកបន្ថែមទៀតថា “ដើម្បីទទួលបានឥណទាណនេះ សហគ្រាសធុនតូច និងមធ្យម មានគម្រោងពង្រីកអាជីកម្ម អាចបង្កើតការងារថ្មីបន្ថែមពី៥ ដល់៣០កន្លែងយ៉ាងតិច ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ទុនវិនិយោ​គសម្រាប់ពង្រីកអាជីវកម្មជាដើម”។

ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញា​បនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)។

រាជរដ្ឋាភិបាលកម្ពុជា បានទំលាក់កញ្ចប់ថវិកា៥០លានដុល្លារអាមេរិក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA៕

អាជ្ញាធរខេត្តព្រះសីហនុត្រៀមសណ្ឋាគារកម្រិតអន្តរជាតិចំនួន២មានជាង២០០គ្រែ សម្រាប់ដាក់អ្នកជំងឺ Covid-19

ដោយៈ រ៉ាណេត

ព្រះសីហនុៈ អាជ្ញាធរខេត្តព្រសីហនុបាននិងកំពុងរៀបចំ និងត្រៀមសណ្ឋាគារកម្រិ​តអន្តរជាតិចំនួន២ ដែលមានគ្រែជាង២០០សម្រាប់ដាក់អ្នកជំងឺឆ្លង Covid-19 ខណៈដែលចំនួន អ្នកផ្ទុកមេរោគមានចំនួនរហូតដល់៣២នាក់ នៅក្នុងខេត្តជាប់់មាត់សមុទ្រមួយនេះ។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីបានពិនិត្យឃើញមានអ្នកផ្ទុកមេរោគ Covid-19 មានចំនួនរហូតដល់៣១នាក់ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខេត្ត បានសម្រេចបិទសណ្ឋាគារ ដែលពាក់ព័ន្ធតែមួយទីតាំងប៉ុណ្ណោះ ដោយមិនបានបិទក្រុងព្រះសីហនុ ដូចពាក្យចចាមអារាមនោះទេ។

លោកបន្តទៀតថា “អនុលោមតាមអនុសាសន៍របស់សម្ដេចតេជោ អាជ្ញាធរខេត្តបានរៀបចំ និងត្រៀមសណ្ឋាគារចំនួន២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើនឹង២០២ គ្រែ បន្ថែមពីលើមន្ទីរពេទ្យបង្អែកខេត្ត ដែលសរុបទាំងអស់គឺមានចំនួន១២៧បន្ទប់ ស្មើនឹង ២៤៤ គ្រែ រួមជាមួយនឹងអគារមួយចំនួនទៀត សម្រាប់ទុកដាក់អ្នកជំងឺCovid-19” ។

លោកគួច ចំរើនបានបន្តទៀតថា អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាន និងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវផងដែរថា ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺកូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេនាំគ្នា ធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ៕

ក្រុមហ៊ុនជប៉ុនកំពុងសិក្សាផែនការមេអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន CHUGOKU Electric Power Co., Ltd របស់ប្រទេសជប៉ុន បាននឹងកំពុងសិក្សា ផែនការមេអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា និងពិភាក្សាអំពីគម្រោងសហប្រតិបត្តិការបន្តរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងក្រុមហ៊ុននាពេលអនាគត។

យោងតាមកិច្ចប្រជុំរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក SHIGERU ASHITANI តំណាងក្រុមហ៊ុន CHUGOKU Electric Power Co., Ltd កាលពីពេលថ្មីៗនេះ បានពិភាក្សាអំពីលទ្ធផល នៃការសិក្សាផែនការមេ អភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា ដែលក្រុមហ៊ុនបានធ្វើក្នុងរយៈពេលកន្លងមក និងគម្រោងបន្តទៀត ។

រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនChugoku Electric Power Co., lnc មកពីប្រទេសជប៉ុន ការសិក្សាផែនការមេបន្ទាន់ សម្រាប់រយៈពេលមធ្យម (២០២០ ដល់ ២០៣០) ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា។ តែយ៉ាងណាក៏ដោយរដ្ឋាភិបាលមិនបញ្ជាក់ពីទំហថវិកា ដែលត្រូវបានអនុម័តឱ្យក្រុមហ៊ុននេះ ធ្វើការសិក្សានោះទេ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាព បានឱ្យដឹងថា កម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យចំនួន៤ គម្រោងបន្ថែមទៀតដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនី នៅក្នុងឆ្នាំ២០២០ និង ២០២១ ។

ចំពោះដំណើរការនៃការអភិវឌ្ឍគម្រោងទាំង៤នោះ តាមការសិក្សារបស់ក្រុមហ៊ុន ជប៉ុន និងក្រុមហ៊ុនអូស្ត្រាលីមានប្រសិទ្ធភាព ត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី គឺគម្រោងទី១ នៅខេត្តពោធិ៍សាត់៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង២០មេហ្កាវ៉ាត់ ។

ផលប្រយោជន៍នៃការអភិវឌ្ឃគម្រោងទាំង៤ ត្រូវបានអគ្គិសនីកម្ពុជាបានលើកឡើងថា តាមការពិនិត្យនិងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិ​យោគគម្រោងនេះមានផលប្រយោជន៍ ចំពោះព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់។

ព្រមទាំងផ្តល់បន្ថែមប្រភពអគ្គិសនី ដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនី អាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ។

លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធ ប្រមាណ១,៨លានដុល្លារអាមេរិកក្នុង១ឆ្នាំជាមធ្យម ក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕

រដ្ឋាភិបាលកំពុងរៀបចំប្លង់មេនិងប្លង់ប្រើប្រាស់ដីឆ្នេរអូរត្រេសនិងកោះ៧នៅដែនសមុទ្រ

ដោយគង់ សូរិយា

ព្រះសីហនុៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងជំរុញការរៀបចំប្លង់គោ​លប្រើប្រាស់ដី ដើម្បីជំរុញការអភិវឌ្ឈនៅតាមបណ្តាកោះនានា មួយចំនួននៅខេត្តព្រះសីហនុ ពិសេសតំបន់សមុទ្រនៃខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងនេះ ដែលបានចេញផ្សាយក្នុងអង្គសន្និបាតរបស់ខ្លួនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងនឹងជំរុញការរៀប​ចំជំរុញការអនុម័តប្លង់មេឆ្នេរគំរូអូរត្រេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប្លង់មេប្រើ​ប្រាស់ដីធ្លីនៅតាមបណ្តាកោះចំនួន៧ទៀត ដូចជា កោះឬស្សី កោះក្របី ខេត្តព្រះសីហនុ។ កោះគី កោះសេះ ខេត្តកំពត កោះទន្សាយ ស្ថិតក្នុងខេត្តកែប និងកោះអំពិលទាំងបីនិងកោះឈ្មោះពុសារកណ្តាល ស្ថិតក្នុងខេត្តកោះកុង។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តរួចផងដែរ នូវប្លង់គោលរាជធានី ក្រុងចំនួន៦ នៅកម្ពុជា។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី មានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព និងជំរុញផែនការអភិវឌ្ឍន៍ឲ្យចំទិសដៅ មានសណ្តាប់ធ្នាប់របៀបរៀប​រយ និងដើម្បីធ្វើការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបន្តថា “ប្លង់គោលប្រើប្រាស់ដីធ្លី ក៏នឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ឋសម​ស្រប ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នៅតំបន់នោះ​ មានភាពបៃតង ប្រកបដោយសុខ ពិសេសសំដៅលើកកំពស់សុខមាលភាព និងសេដ្ឋកិច្ចសង្គមបានល្អប្រសើរ”៕

៣សប្ដាហ៍ក្នុងខែមីនារដ្ឋាភិបាលអនុម័តលើគម្រោងចំនួន៧មានទំហំទឹកប្រាក់ សរុបចំនួនជាង២៤លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាព ដែលកំពុងប្រឈមនឹងការរាតត្បាតពីជំងឺសាកលលោក Covid-19 ក៏ដោយ ក្រោមការស្នើសុំវិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ នៅត្រឹមរយៈពេល៣សប្ដាហ៍នៃខែមីនា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងថ្មីចំនួន៧ ស្ថិតនៅបណ្តាខេត្ត/ក្រុងផ្សេងគ្នា មានទំហំទឹកប្រាក់វិនិយោគសរុបចំនួន២៤,៤លានដុល្លារ និងផ្តល់ឱកាសការងារបានចំនួន៦៧៥២នាក់។

ក្រុមហ៊ុនស្នើសុំវិនិយោគទាំង៧ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួមមានដូចជា ទី១ – ក្រុមហ៊ុន TEXSSEL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ (Home Textiles) មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៣៤កន្លែង។

ទី២ – ក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៨៣៤កន្លែង។

ទី៣ ក្រុមហ៊ុន  TIMBERPACK CARTON CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។ ទី៤  ក្រុមហ៊ុន FORTRESS INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩២៨កន្លែង។

ទី៥  ក្រុមហ៊ុន JIN MING LI JIAN ONE CO., LTDគម្រោងបង្កើតរោងចក្រខារអំបោះ មានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ទី៦  ក្រុមហ៊ុន SUZEN (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រ ចាក់ និងកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧២៦កន្លែង។

ទី៧ ក្រុមហ៊ុន MIL UNITED MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង៕

ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃនឹងបង្កើនភាពទាក់ទាញដល់ការវិនិយោគក្នុង ទីក្រុងបាវិតនាពេលអនាគត

ដោយ ប៊ី

ក្រុងបាវិតៈ ក្រសួងដឹកជញ្ជូនរបស់វៀតណាម កំពុងសិក្សាលើសំណើរ ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញ ទៅម៉ុកបៃជាប់ព្រំដែនកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមកាលពីពេលថ្មីៗនេះ។

គម្រោងនេះ អាចភ្ជាប់ទៅនឹងគម្រោង ដែលបានស្នើមួយទៀតគឺផ្លូវល្បឿនលឿនរវាងភ្នំពេញ និងទីក្រុងបាវិតដែលស្ថិតនៅជាប់ព្រំដែនផងដែរ។

ការសិក្សាពីលទ្ធភាពមុននៅលើផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃដែលនឹងមានចម្ងាយ៥៣.៥គីឡូម៉ែត្រ ត្រូវបានដាក់ជូនទៅក្រសួងដឹកជញ្ជូនវៀតណាម នាពេលថ្មីៗនេះ ហើយនឹងត្រូវការការយល់ព្រម ពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

ព័ត៌មាននេះបានលេចចេញ នៅក្នុងកិច្ចប្រជុំរវាងអភិបាលក្រុងហូជីមិញ និងអភិ​បាលខេត្ត Tay Ninh នៅជាប់ព្រំដែនកម្ពុជា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះវាត្រូវបានបង្ហាញថា គម្រោងនេះ នឹងត្រូវភ្ជាប់ទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានៅច្រកទ្វារអន្តរជាតិម៉ុកបៃ។

ប្រជាជនដែលរស់នៅទីក្រុងបាវិតសាទរ ចំពោះគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធដែលតភ្ជាប់ជាមួយទីក្រុងបាវិត ខណៈគម្រោងនឹងធ្វើអោយកាន់ប្រសើរឡើង ក្នុងការធ្វើពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរ។

លោកហួត សុផាត ប្រជាជនម្នាក់ដែលរស់ទីក្រុងបាវិត បានប្រាប់គេហទំព័រ Propertyarea.asiaនារសៀលថ្ងៃទី២៣​មិនានេះថា ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាវិតបាននិងកំពុងត្រូវបានស្ថាបនា ហើយរយៈ២ ឬ៣ឆ្នាំខាងមុខ ទីក្រុងបាវិតនៅកាន់តែមានភាពទាក់ទាញបន្ថែម។

លោកបន្តថា “បច្ចុប្បន្នបើទោះបីជាមានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែរយៈពេល ២ ឬ៣ ឆ្នាំខាងមុខ ខ្ញុំសង្ឃឹមថា បាវិតនឹងត្រឡប់មករកប្រសើរឡើងវិញ ព្រោះហេដ្ឋរចនាសម្ព័ន្ធ នឹងត្រូវបានរៀបចំកាន់ប្រសើរឡើង”។

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានអោយដឹងថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាមួយ នៅឆ្នាំ២០១៧ ដើម្បីសិក្សាពីលទ្ធភាពនៃការបង្កើតផ្លូវល្បឿនលឿនដើម្បីភ្ជាប់ពួកគេ។

ការសិក្សាលទ្ធភាពនៅលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវបានបញ្ចប់កាលពីឆ្នាំមុន ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។ យោងតាម JICA ការស្ថាបនាផ្លូវល្បឿនលឿននេះ នឹងមានប្រវែង១៦០គីឡូម៉ែត្រ និងចំណាយថវិកា៣,៨ ពាន់លានដុល្លារ។

តាមការប្រៀបធៀប ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ – ម៉ុកបៃនឹងត្រូវចំណាយប្រ​ហែល៤៦០លានដុល្លារ។ នេះបើយោងតាមការសិក្សា។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់វៀតណាមលោក Nguyen Van The បានថ្លែងថា ផ្លូវល្បឿនលឿននេះ នឹងពង្រឹងការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភាគខាងត្បូងរបស់ប្រទេសវៀតណាម និងបណ្តាប្រទេសនៅតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា ខាងលិចគឺប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារ​ណការ និងដឹកជញ្ជូនកាលពីខែកុម្ភៈ កន្លងមកនេះឱ្យដឹងថា ក្រសួងបានចុះហត្ថលេខាក្នុងក្របខណ្ឌកិច្ចសន្យាមានរយៈពេល៨ខែ ដើម្បីសិក្សាចំពោះផ្លូវល្បឿនលឿនពីភ្នំពេញ បាវិត រហូតដល់ពេលនេះបាន២ខែហើយ ។

លោកបន្តថា “សម្រាប់ផ្លូវល្បឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ត្រូវបានចុះហត្ថលេ​ខាក្នុងក្រមខណ្ឌឱ្យក្រុមហ៊ុនChina Railway International Group Co., Ltd សិក្សារួចរាល់ហើយ”។ លោកបន្ថែមថា “បន្ទាប់ពីសិក្សារួចរាល់ យើងនឹងអោយគេយករបាយការណ៍មកក្រសួងធ្វើការសិក្សាបន្ថែមទៀត ដើម្បីយើងសិក្សាថា តើការសិក្សានេះអាចសាងសង់បានដែរឬទេ ? តើវាចំណេញឬខាត?  បន្ទាប់មក យើងនឹងធ្វើការចចាររកថវិកាហិរញ្ញប្បទានក្នុងការសាងសង់”៕

កម្ពុជានៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្តាខេត្ត ទោះបីជាមានផ្ទុះវីរុសកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជានៅតែបន្តអនុវត្តការអភិវឌ្ឍ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្តាខេត្តមួយចំនួនដដែល បើទោះបីជាមានការផ្ទុះមេរោគកូវ៉ូណាឬវីរុស ១៩ ក៏ដោយ។

ការជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះមានដូចជានៅតាមផ្លូវជាតិលេខ ១ និងលេខ ៦ ត្រូវអ៊ុតកៅស៊ូបន្ថែមដើម្បីបង្កើនភាពរឹងមាំ ជាមួយការអ៊ុតកៅស៊ូ AC (Overlay) និងការដាក់លូផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងខេត្តកែបគឺមានការជួសជុលផ្លូវជាតិលេខ ៣៣ ដែលជាគម្រោងជំនន់ទឹកភ្លៀង មានក្រាលកៅស៊ូ DBST មានទទឹង ៧ម៉ែត្រ ចំនួន ១០កំណាត់ បើគិតមកទល់ពេលនេះសម្រេចបានប្រមាណ ៧០ភាគរយហើយ នេះបើតាមឱ្យដឹងពីក្រសួងសាធារណការនិងដឹកជញ្ជូន។ នៅលើកំណាត់ផ្លូវជាតិលេខ ៣៣A ក្នុងខេត្តកែបដដែល ក៏មានបន្តស្តារលូអ៊ុយផងដែរ។

ក្រឡេកមកមើលខេត្តរតនៈគិរីវិញម្តង មន្ទីរសាធារណការនិងដឹកជញ្ជូនប្រចាំខេត្តបង្កើនការយកចិត្តទុកដាក់បន្ថែមលើការថែទាំផ្លូវជាតិនិងផ្លូវខេត្ត។ ក្នុងនោះ មានការស្រោចកៅស៊ូលើកន្លែងមានស្នាមប្រេះ ការកាយដីគ្មានគុណភាពចេញ ការកៀរសម្រួលតួថ្មលំ និងការរោយថ្មជាដើម។

កំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងខេត្តកោះកុង ត្រូវធ្វើការចាក់បេតុងនិងកៀរកិនបង្ហាប់ស្រោចកៅស៊ូ រួចរោយថ្ម ជួសជុលត្រង់ចំនុចខូចខាត ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

ទន្ទឹមនេះខេត្តបៃលិននៅតែបន្តអនុវត្តការងារថែទាំផ្លូវខេត្តផងដែរ ដែលក្រុមការងារមន្ទីរសាធារណការខេត្តតម្រូវឱ្យធ្វើផ្ទៃថ្នល់រាបស្មើលើកំណាត់ផ្លូវជាតិលេខ ៥៧។

ចំណែកនៅខេត្តសៀមរាបវិញ មានការអនុវត្តហេដ្ឋារចនាសម្ព័ន្ធច្រើនដូចជាការចាក់បេតុងនៅតាមផ្លូវលំតូច និងផ្លូវខេត្ត ការជីកស្រះសហគមន៍ និងគម្រោងជួសជុលទំនប់នានា ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រុកខេត្តប្រើប្រាស់ ទប់ស្កាត់នៅផលវិបាកនានា និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត៕

កម្ពុជា-រុស្ស៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម លើគម្រោងចំនួន៥១

ដោយវុត្ថា

ភ្នំពេញ ៖ គិតពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន កម្ពុជា-រុស្ស៊ី បានចុះអនុស្សារណៈយោគយល់គ្នា ប្រមាណ៥១ ផ្តោតលើវិស័យពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី នៅក្នុងជំនួបជាមួយ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមីនានេះបានឱ្យដឹងថា ប្រជាជនរុស្ស៊ី បានជួយកម្ពុជាយ៉ាងច្រើន ក្នុងគ្រាដ៏លំបាកបំផុតកន្លងមក ដើម្បីកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ខណៈ កិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី បានរីកចម្រើនជាបន្ដបន្ទាប់ និងមានទំនាក់ទំនងល្អ និងចំណងមិត្តភាពយូរអង្វែង។

លោកបន្តថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើវិស័យជាច្រើន កិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សារណៈយោគយល់គ្នាប្រមាណ ៥១ ត្រូវបានចុះហត្ថលេខា លើវិស័យជាច្រើន ចាប់តាំងពីឆ្នាំ ២០១៥ មានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខជាដើម។

លោកហោ ណាំ ហុងបន្ថែមថា បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន១៤ ដែលកំពុងត្រូវបានចរចា ដែលកិច្ចព្រមព្រៀងមួយចំនួន អាចនឹងត្រូវចុះហត្ថលេខានាពេលអនាគត រួមមាន វិស័យអប់រំ ច្បាប់ យុវជន ទេសចរណ៍។ល។

លោកឧបនាយកដ្ឋមន្ត្រីបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពហុភាគី គណៈកម្មការអន្តរ រដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំសម័យប្រជុំលើកទី១១ នៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២០ នៅទីក្រុងភ្នំពេញ ក្នុងទិសដៅពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត។

លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ជាច្រើនឆ្នាំកន្លងមក ទោះបីជាកម្ពុជា មិនមែនជាប្រទេសផលិតប្រេងកាតនិងហ្គាស ដូចប្រទេសដទៃក៏ដោយ។

លោកបន្តថា កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន៥១ បានចុះហត្ថលេខារវាងកម្ពុជា និងរុស្ស៊ី ធ្វើអោយកិច្ចសហប្រតិបត្តិការ របស់យើងកាន់តែស៊ីជម្រៅ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី មានចំនួន៥៥.៣៩លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ សង្ឃឹមថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-រុស្ស៊ី នឹងមានការកើនឡើងថែមទៀត នៅឆ្នាំ២០២០នេះ។ ចំពោះអ្នកទេសចររុស្ស៊ី មកទស្សនាកម្ពុជា មានជាង៥៥ម៉ឺននាក់ នៅឆ្នាំ២០១៩ សង្ឃឹមថា ចំនួនអ្នកទេសចររុស្ស៊ីមកកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ នៅបណ្តាឆ្នាំខាងមុខ៕

សម្ដេចតេជោ នឹងចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាទទួលជំនួយអភិវឌ្ឍន៍ពីជប៉ុនប្រមាណ ៣១០លានដុល្លារនៅថ្ងៃស្អែក

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាប្ដូរសារស្ដីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទំហំទឹកប្រាក់សរុបចំនួន ៣៤,១៣៨លានយ៉េន ស្មើនឹងប្រមាណ ៣១០លានដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។

នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅវិមានសន្តិភាព ក្រោមការផ្តល់វត្តមានជាអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើកិច្ចចុះហត្ថលេខាប្ដូរសារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា គ្របដណ្ដបលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។

នៅក្នុងគម្រោងហិរញ្ញប្បទានឥតសំណង រួមមានដូចជា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅមានទឹកប្រាក់ចំនួន ៣៤២១ លានយ៉េន ស្មើនឹងប្រមាណ៣១លានដុល្លារ។ គម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន មានចំនួន ១០០០លានយ៉េន ស្មើនឹង ៩លានដុល្លារ។ គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម មានទឹកប្រាក់ចំនួន៣០០លានយ៉េន ស្មើនឹងប្រមាណ ២,៧លានដុល្លារ។

ដោយឡែកសម្រាប់ឥណទានសម្បទាន សរុបប្រមាណ ២៦៧,៥លានដុល្លារ ដែលក្នុងនោះត្រូវបានបែងចែកជា គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) មានទំហំទឹកប្រាក់ចំនួន ១៧,៧០២ យ៉េន ស្មើនឹងប្រមាណ១៦១លានដុល្លារ ។ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ក្នុងតំណាក់កាលទី៣ (ព្រែកក្ដាម – ធ្លាម្អម) មានទំហំទឹកប្រាក់ចំនួន ១១, ៧១៥ លានយ៉េន ស្មើនឹងប្រមាណ ១០៦,៥លានដុល្លារ។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ផងដែរ៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ខេត្តព្រះសីហនុ និងបន្ទាយមានជ័យ មានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងកាលពីពេលថ្មីៗនេះថា សម្រាប់តែនៅក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងសិក្សារកឃើញថា មានសំណង់ខុសច្បាប់សរុបប្រមាណ៧៥ភាគរយ ។

ជាមួយនឹងការរកឃើញពីចំនួននៃអគារសំណង់ខុសច្បាប់ទាំងអស់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគ្រើនរំលឹកទៅដល់បណ្តាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនម៉ៅការសាងសង់ ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ក៏ដូចជាបណ្តាម្ចាស់គម្រោងសំណង់ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងអនុវត្តទៅតាមគោលការណ៍ច្បាប់ឱ្យបានតឹងរឹង ដើម្បីជៀសវាងមានការខាតបង់ថវិកា រហូតមានជាប់ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ដើម្បីធានាបាននូវប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់សំណង់ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនត្រូវអនុញ្ញាតឱ្យសាងសង់នោះទេ ប្រសិនបើអត់ច្បាប់។ បើត្រូវធ្វើការសាងសង់ គឺត្រូវតែសុំច្បាប់ ហើយច្បាប់សំណង់នេះបានចែងអស់ហើយ អ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត”។

យោងតាមរបាយការណ៍គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៃក្រសួងរៀបចំដដែនដី នគរូបនីយកម្មនិងសំណង់បានត្រួតពិនិត្យសំណង់ជាង៥០០ គម្រោងនៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះសំណង់ខុសច្បាប់មាន១៤កន្លែង ត្រូវបានបញ្ជារុះរើ និងសំណង់ជាង១០០ទាមទារឱ្យមានពិនិត្យគុណភាព និងត្រូវបានណែនាំ បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានរកឃើញភាពមិនត្រឹមត្រូវបទដ្ឋានសំណង់ ៕