រដ្ឋាភិបាលគ្រោងសាងសង់ស្ថានីយ៍រ៉ាដាតម្លៃ ៧ លានដុល្លារថ្មីមួយទៀតនៅខេត្តកំពង់ធំនៅឆ្នាំក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយដៃគូអភិវឌ្ឍន៍ ADB គ្រោងសាងសង់ស្ថានីយ៍រ៉ាដាថ្មីមួយទៀតសម្រាប់ព្យាករឧតុនិយម និងអាសកាសធាតុក្នុងទំហំទឹប្រាក់ប្រមាណ ៧ លានដុល្លារអាមេរិក នៅក្នុងខេត្តកំពង់នៅឆ្នាំក្រោយនេះ ។

លោក ចាន់ យុទ្ធថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងធនធានទឹក និងឧតុនិយម»ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដានីមួយត្រូវប្រើប្រាស់ថវិកាច្រើន ព្រោះត្រូវទិញសម្ភារៈ និងឧបករណ៍ផ្សេងៗសម្រាប់បំរើដល់ការព្យាករណ៍ឧតុនិយម និងអាកាសធាតុ។

លោកបន្តថា “សម្រាប់ស្ថានីយរ៉ាដាតេជោសែនស្ថិតនៅក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម ដែលប្រើប្រាស់ក្នុងការព្យាករណ៍បច្ចុប្បន្ននេះ មានការប្រើប្រាស់ថវិកាច្រើនក្នុងាការសាងសង់ ។ អញ្ចឹងតាមការប៉ាន់ស្មានសម្រាប់ស្ថានីយ៍ថ្មីដែលគ្រោងសាងសង់មួយទៀតនៅខេត្តកំពង់នេះ អាចនឹងប្រើប្រាស់ថវិកាប្រមាណ ៧លានដុល្លារអាមេរិក”។
លោកបន្តថា “សម្រាប់រ៉ាដាតេជោសែនយើងមានប្រព័ន្ធទិន្ន័យ ប្រព័ន្ធព្យាករណ៍ យើងមានផ្កាយរណប សម្រាប់ចាប់យកស្ថានភាពពពក និងការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងបណ្តុះធនធាតុទឹក។ សម្រាប់ស្ថានីយ៍រ៉ាដាថ្មីនេះ បានសហការជាមួយដៃគូអភិវឌ្ឍន មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការសាងសង់ក្នុងទំហទឹកប្រាក់តម្លៃ ៧លានដុល្លារអាមេរិក”៕

សភាពាណិជ្ជឌូបៃ អះអាងថា កម្ពុជាជាទិសដៅឈានមុខគេមួយសម្រាប់ការនាំចេញទៅទីផ្សារខ្លួន

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានលើកឡើងថាជាទិសដៅឈានមុខគេមួយសម្រាប់ការនាំចេញទៅទីក្រុងឌូបៃ។ នេះបើយោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មឌូបៃ។ សភាពាណិជ្ជកម្មរបស់ទីក្រុងឌូបៃ បង្ហាញបន្ថែមទៀតនៃទីផ្សារអារ៉ាប់អេមីរ៉ាត ដែលកំពុងពង្រីកទីផ្សារនៅអាស៊ីជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រួមជាមួយថៃ និងសឹង្ហបូរី ដែលជាប្រទេសដែលត្រូវបានកំណត់ថាមានសក្តានុពលខ្លាំងបំផុតសម្រាប់ពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត។

នេះនឹងត្រូវបានជម្រុញដោយការកាត់បន្ថយថ្លៃដើមដែលបណ្តាលមកពីការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតរវាងអារ៉ាប់រួម និងអាស៊ីអាគ្នេយ៍។ ហើយវានឹងត្រូវបានជំរុញបន្ថែមទៀតដោយការជំរុញដើម្បីពង្រីកការនាំចេញពីមូលដ្ឋានរឹងមាំនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងទៅកាន់ទីផ្សារអាស៊ីធំទូលាយ។

ប្រទេសកម្ពុជាបានកំណត់ខ្លួនវាជាទីតាំងសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វាមានន័យថា ការទទួលស្គាល់ថ្មីៗនេះរបស់ឌូបៃអំពីសក្តានុពលរបស់វាមិនមែនជាការភ្ញាក់ផ្អើលទេ។ ដោយអ្នកសេដ្ឋកិច្ចខ្លះបានពិពណ៌នាថាជា “ប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់” ដែលការពង្រីកសេដ្ឋកិច្ចទ្វេដងស្ទើរតែរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៨ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងដើរផ្លូវដ៏ល្អសម្រាប់បង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ដោយប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅក្នុងប្រទេសអារ៉ាប់រួមរួចហើយ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៧ ត្រូវបានគេរំពឹងថានឹងបើកឱកាសកាន់តែច្រើនក្នុងការទាក់ទាញអាជីវកម្មទាំងទិសដៅទាំងពីរ។ ការសង្កត់ធ្ងន់ជាពិសេសនឹងផ្តោតលើការពង្រឹងការនាំចេញផលិតផលកសិកម្ម ប្រេង និងឧស្ម័នយ៉ាងច្រើនចូលមកក្នុងកម្ពុជាពីឌូបៃ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៃអេមីរ៉ាត។

វាទំនងជាឃើញមានការកើនឡើងនៃចំនួនប្រជាជនកម្ពុជាដែលជ្រើសរើសរស់នៅ និងធ្វើការនៅឌូបៃនៅពេលដែលឱកាសអាជីវកម្មបានបង្ហាញខ្លួន។ ជាការពិតណាស់សម្រាប់អាជីវកម្មនៅក្នុងទីក្រុងឌូបៃ ដូចជាក្រុមហ៊ុន Mubadala Petroleum វិស័យប្រេងនៅកម្ពុជាដែលកំពុងលេចធ្លោឥឡូវនេះផ្តល់នូវឱកាសវិនិយោគអំណោយផលជាមួយនឹងការងារថ្មីដែលបានកើតឡើង។

កម្ពុជាបង្ហាញខ្លួនជាប្រទេសមានប្រជាសាស្ត្រខ្ពស់បំផុតមួយពីអាស៊ីអាគ្នេយ៍នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់អារ៉ាប់រួម។ មានតែជនជាតិហ្វីលីពីន និងមីយ៉ាន់ម៉ាមកពីតំបន់នេះប៉ុណ្ណោះដែលទទួលបានសមាមាត្រប្រជាជនកាន់តែច្រើន។ អាជីវកម្មកម្ពុជាកាន់តែច្រើននឹងត្រូវបានជំរុញដោយឱកាសដែលកំពុងរីកចម្រើនដែលជំរុញដោយកត្តាទាក់ទាញ ដូចជាតំបន់គ្មានពន្ធលើតម្លៃបន្ថែម ភាពជាម្ចាស់បរទេសពេញលេញ និងពន្ធនាំចូលនាំចេញសូន្យ។

ទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាជាមួយអេមីរ៉ាតអារ៉ាប់រួមគឺបង្ហាញពីការពង្រីកសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ – មិនមានប្រទេសជាច្រើននៅលើពិភពលោកបានកើនឡើងខ្ពស់ជាង ៧ ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ១៩៥០៕

ក្រុមហ៊ុនជប៉ុនធំមួយ បង្ហើបពីគម្រោងវិនិយោគកែច្នៃផលិតផលត្រី ដើម្បីនាំទៅកាន់ទីផ្សារជប៉ុន

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនបាននិងកំពុងសិក្សាលើលទ្ធភាពវិនិយោគក្នុងការចិញ្ចឹមត្រីទីឡាប៉្យាដែលជាប្រភេទត្រីទឹកសាបនៅកម្ពុជា ខណៈការវិនិយោគនេះផ្តោតសំខាន់លើការកែច្នៃផលិតផលត្រីសម្រាប់នាំចេញទៅទីផ្សារជប៉ុន។ នេះបើយោងតាមការលើកឡើងរបស់អង្គការ JICA។

ព័ត៌មាននេះត្រូវបានចែករំលែកដោយតំណាងអង្គការ JICA ប្រចាំនៅកម្ពុជាក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

តំណាងអង្គការ JICA បានលើកឡើងថា ការិនិវយោគនេះនឹងផ្តោតលើកែច្នៃផលិតផលត្រីសម្រាប់នាំចេញទីផ្សារជប៉ុន។

លោកវេង សាខុន បានស្វាគមន៍ចំពោះការវិនិយោគនេះដោយនិយាយថា ការវិនិយោគនេះនឹងបង្កើតការងារថ្មី និងរួមចំណែកកាត់បន្ថយការចាប់ត្រីពីបឹងធម្មជាតិ និងទន្លេ។

នៅក្នុងកិច្ចប្រជុំនេះ JICA ក៏បានជម្រាបជូនលោករដ្ឋមន្រ្តីអំពីគម្រោងដែលទទួលបានជោគជ័យក្នុងការកែច្នៃវត្ថុធាតុដើមសូត្រ និងសាប៊ូដែលត្រូវបានគេរាយការណ៍ថាកំពុងពេញនិយមនៅប្រទេសជប៉ុន៕

សម្តេចតេជោ សម្រេចប្រើប្រាស់សាលារៀននៅតាមបណ្តាខេត្តជាកន្លែងសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីត-19

ដោយវុត្ថា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានចេញសារសំឡេងដោយដាក់ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដោយបានសម្រេចប្រើប្រាស់សាលារៀននៅតាមបណ្តាខេត្តធ្វើជាន្លែងសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩ ។

នៅក្នុងសាសំឡេងនោះសម្តេចតេជោបានមានប្រសាសន៍ ជូនថ្នាក់ដឹកនាំជាពិសេសគឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩នៅតាមខេត្តឱ្យដោះស្រាយបន្ទាន់ ដោយជ្រើសរើសសាលារៀន។

សម្តេចតេជោថ្លែងថា “យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើតឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល គឺវាមិនគ្របគ្រាន់ទេ”។

សម្តេចតជោបន្ថែមថា “អញ្ចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នលជូនយោបល់ខ្ញុំថាអោយយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់ ប៉ុន្តែគឺវាមិនល្អទេ ចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្តនិងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើង ចូលអោយដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់”។

សម្តេតេជោ បន្ថែមថា រាជធានីភ្នំពេញមិនជាចំណោទទេ ដោយសារយើងមាន មន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែ ហើយក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយនឹងសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ មិនជាចំណោទទេ ប៉ុន្តែអ្វីដែលជាចំណោទគឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើមិចត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយឬពីរ គឺអោយមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បីយកមកជួយការងារនេះតែម្តង ។

សម្តេចបន្ថែមទៀតថា ហើយជាពិសេសគឺសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវមានការចំបាច់ នេះជាវិធីដែលដោះស្រាយបន្ទាន់ ហើយយើងមានអគារស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅប្រទេសចិនគេកសាងអគារភ្លាមៗ ដែលយើងគឺមិនចំបាច់ ទេ គឺយើងយកអគារសាលារៀនតែម្តង បន្ទប់សាលារៀនដែលយើងបានធ្វើកន្លងទៅស្អាតៗណាស់ ហើយរឿងដែលខ្វះគឺថាខ្វះតែបន្ទប់ទឹកទេ ប៉ុន្តែបើនិយាយពីសាលាមានកន្លែងខ្លះគឺមានបន្ទប់ទឹក ប៉ុន្តែបណ្តាញទឹកដែលត្រូវផ្គត់ផ្គង់គឺវាត្រូវអោយគ្រប់ ដែលត្រូវខិតខំដោះស្រាយបញ្ហានឹងបន្ទាន់។

សម្តេចតេជោ ក៏បានស្នើដល់អភិបាលខេត្តនិងថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាងគឺនៅពេលមានអ្នកជំងឺច្រើនដែលមិនអាចរកកន្លែងដាក់បាន តែយើងបានត្រៀមបម្រុងទុកហើយ ។

សម្តេចតេជោមានប្រសាសន៍ថា សូមអោយថ្នាក់ខេត្ត ឯកឧត្តម ម៉ម ប៊ុនហេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងគឺចូលរួមផ្តល់មតិបន្ថែមទៅអោយសុខាភិបាលខេត្ត រួមជាមួយនឹងគណៈអភិបាល ដើម្បីពិនិត្យទៅថា គួរយកកន្លែងណាដែលសមស្រប យើងមិនមែនចេះតែដើរយកទេ គឺយកកន្លែងណាដែលសមស្រប ដែលមានលទ្ធភាព ហើយដែលមិនអាចរីករាលដាលទៅកន្លែងដទៃ៕

កម្ពុជា និងជប៉ុននឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន២ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះជាមានវិបត្តិ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសជប៉ុននិងកម្ពុជាបានសន្យាថា នឹងជំរុញការេធ្វើពាណិជ្ជកម្មទ្វេ​ភាគីឱ្យឈានដល់ ទំហំទឹកប្រាក់២ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីជាមានឥទ្ធិពលនៃមេរោគឆ្លងថ្មី COVID-19 លើសេដ្ឋកិច្ចក៏ដោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗ រវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន លោ​ក​ស្រីជា គឹមថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំនេះ នឹងមានច្រើន បើទោះបីជាមានឥទ្ធិពលពី COVID-19 ក៏ដោយ។

លោកស្រីបាននិយាយថា “កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគី បានកើនលើស២ ពាន់លានដុល្លារ ហើយសម្រាបឆ្នាំ ២០២០ ប្រទេសទាំងពីរបានសន្យាថា នឹងសម្រេចឱ្យបានយ៉ាងហោចណាស់២ពាន់លានដុល្លារ”។

លោកស្រីបានមានប្រសាសន៍ថា “មន្រ្តីប្តេជ្ញាពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងជំរុញស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួ​យគ្នា ដើម្បីកែលំអបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនជប៉ុនឱ្យកាន់តែច្រើន”។

លោកស្រីគឹមថា បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា មន្រ្តីកម្ពុជាបានទទួលស្គាល់តួនាទីដ៏សកម្មរបស់ប្រទេសជប៉ុន ដែលកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ខ្លួន នៅក្នុងវិស័យមួយចំនួន។

លោកស្រីបានមានប្រសាសន៍ថា “ភាគីជប៉ុនបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជាផ្នែកភស្តុភារហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការកសាងសមត្ថភាពមនុស្ស”។

យុទ្ធសាស្ត្រនេះ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ ជាពិសេសវិស័យកសិកម្ម មានសក្តានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិនជប៉ុន។

ចាប់តាំងពីឆ្នាំ១៩៩៥ ប្រទេសកម្ពុជាបានស្វាគមន៍ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤១ គម្រោងដែលមានទឹកប្រាក់សរុប២,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពល ការផ្គុំគ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ចសុខភាព និងផ្នែកលក់រាយ។

គម្រោងចំនួន៦៦នៃគម្រោងទាំងនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពលការផ្គុំគ្រឿង បន្លាស់អេឡិចត្រូនិចគ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ច សុខភាពនិងផ្នែកលក់រាយ៕

អង្គការ ILOការងារជិត២៥លានកន្លែងនឹងត្រូវបាត់បង់ជាសកលដោយសារកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញៈ បើយោងតាមការវាយតំលៃថ្មីមួយ ពីអង្គការអន្តរជាតិខាងការងារ(ILO) វិបត្តិសេដ្ឋកិច្ចនិងកម្លាំងពលកម្ម ដែលបង្កើតឡើងដោយជំងឺរាតត្បាតរ៉ាំរ៉ៃ(COVID-​19) អាចបង្កើនភាពអត់ការងារធ្វើនៅលើពិភពលោកជិត២៥លានកន្លែង។

បើតាមសេចក្តីប្រកាសរបស់អង្គការ ILO បានឱ្យដឹងថា ការងារប្រមាណ២៤.៧ លាននឹងត្រូវបាត់បង់ នេះជាចំនួនកើនឡើង បើធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨-២០០៩ មានចំនួនត្រឹម២២លានប៉ុណ្ណោះ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនអាចនឹងកាត់បន្ថយម៉ោងធ្វើការ និងប្រាក់បៀរវត្សរ៍ ដោយយោងទៅតាមស្ថានភាពសេដ្ឋកិច្ច។ ការជាវទំនិញនិងសេវាសម្រាប់អាជីវកម្ម បានជះឥទ្ធិពលបន្តិចបន្តួចមកលើវិស័យសេដ្ឋកិច្ច។

ទោះយ៉ាងណា  អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានមានប្រសាសន៍ថា មិនទាន់មានរោងចក្រណាមួយនៅប្រទេសកម្ពុជា បានបិទដោយសារបញ្ហាឆ្លងមេរោគកូវីដ ១៩នៅឡើយទេ ដូច្នេះប៉ះពាល់កម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់។ ផ្ទុយទៅវិញ ការផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារតែការខ្វះវត្ថុធាតុដើមមកពីប្រទេសចិនតែប៉ុណ្ណោះ។

ទន្ទឹមនេះ លោកទេព សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា នៅខេត្តសៀមរាប មានការបាត់បង់ការងារប្រមាណ២០០០កន្លែងដោយសារការបិទជាបណ្តោះអាសន្ននៅតាមសណ្ឋាគារចំនួន៤១។

អង្គការពលកម្មអន្តរជាតិបាននិយាយថា នេះមិនមែនដោយសារតែបញ្ហាសុខភាពពិភពលោកតែមួយមុខឡើយ ប៉ុន្តែវាក៏ជាទីផ្សារពលកម្ម និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែរ ដែលជះឥទ្ធិពលដល់ប្រជាជនលើពិភពលោក៕

ត្រឹមរយៈពេល២ខែក្រុមហ៊ុនអចលនវត្ថុជាង១០០នៅចិនប្រកាសក្ស័យធន

ដោយ ហ្សូលី

ប្រទេសចិនៈ ថ្វីត្បិតែមានភាពធូរស្បើយ ពីមេរោគឆ្លងកូវីដ១៩ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអចលនវត្ថុជាង១០០បានប្រកាសថា មុខជំនួញខ្លួនដួលរលំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សារព៌តមានដដែលបានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ ដែលសកម្មនៅប្រទេសចិន បានប្រកាសអំពីការដួលរលំមុខជំនួញ ដែលត្រឹមរយៈពេល២ខែ មានក្រុមហ៊ុនលើសពី១០០បានបរាជ័យ។

ក្រុមហ៊ុនខ្នាតតូច ដល់ខ្នាតកណ្តាលប្រឈមមុខជាងគេ ដោយសារតែមិនមានអតិថិជនចង់ធ្វើការទិញអចលនវត្ថុ ដែលក្រុមហ៊ុនដាក់លក់នោះទេ។

រលកនៃការក្ស័យធន បានបង្ខំចិត្តឱ្យម្ចាស់ក្រុមហ៊ុនខ្នាតតូច ត្រូវចូលហ៊ុនគ្នា ក្លាយជាក្រុមហ៊ុនតែមួយ។ ជាក់ស្តែងដូចជាក្រុមហ៊ុនFu Seng ដែលមានទីតាំងនៅតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាក្រុមហ៊ុនខ្នាតកណ្តាលដំបូងគេដែលដួលរលំ និងលក់ភាគហ៊ុនគ្រប់​គ្រងទៅឱ្យក្រុមហ៊ុនផ្សេង។

បណ្តាក្រុមហ៊ុនដែលបានដាក់ផ្ទះជួល ក្នុងរយៈពេលខ្លី និងវែង ត្រូវអស់សង្ឃឹម ដោយសារការរឹតបន្តឹង និងបម្រាមគោចរពីបរទេស ដែលជាហេតុឱ្យគ្មានការចរាចរណ៍ជួលទាល់តែសោះ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសចិន ចាប់ផ្តើមធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះប្រមាណ១៥ ទៅ២០ភាគរយ។ ក្រុមហ៊ុនសំណង់អាមេរិក បានរងផលប៉ះពាល់ពីចិនដូចគ្នា ព្រោះថាការផ្គង់ផ្គង់សម្ភារៈប្រមាណ៣០% មិនអាចដើរទាន់តម្រូវការដោយយោងទៅតាមការយឺតយ៉ាវនៃការដឹកជញ្ជូន៕

កូរ៉េផ្តល់ជំនួយ៨លានដុល្លារសាងសង់មជ្ឈមណ្ឌលព្យាបាលផ្នែកត្រចៀកច្រមុះបំពង់ក នៅក្រុងភ្នំពេញ

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ(KOICA) បានផ្តល់ជំនួយចំនួន៨លានដុល្លារអាមេរិក ដើម្បីមជ្ឈមណ្ឌលព្យាបាលផ្នែកត្រចៀក ច្រមុះ និងបំពង់ក ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះបាទអង្គឌួង។

អង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) បានផ្តល់ជំនួយប្រមាណ៨លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលព្យាបាលផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។

ការសាងសង់នេះ គឹជាការសហការជាមួយក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឈ្មោះថា Handong Engineering & Construction។ ការបើកការដ្ឋានសាងសង់អគារថ្មីនេះបានប្រារព្ធឡើងកាលពីសប្តាហ៍មុន នៅក្នុងមន្ទីរពេទ្យអង្គឌួង ដោយមានការចូលរួមជាគណៈអធិបតីពី លោកម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោករ៉ូ ហ្យុនជុន នាយកគ្រប់គ្រងប្រចាំការអង្គការ Koica ក្នុងប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Koica បានឱ្យដឹងថា មជ្ឍមណ្ឌលព្យាបាលផ្នែក ត្រចៀក ច្រមុះនិងបំពង់កនេះ គ្រោងនឹងដាក់ឱ្យបញ្ចប់ការសាងសង់ក្នុង      រយៈពេល២០ខែ ព្រមជាមួយនឹងមជ្ឍមណ្ឌលវះកាត់នៅឆ្នាំ២០២២។

គម្រោងសាងសង់មជ្ឈមណ្ឌលនេះ ជាអគារដែលមានកម្ពស់៥ជាន់ ដែលបំពាក់ជាមួយឧបករណ៍ទំនើបៗ និងមានគុណភាពខ្ពស់ សម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ ដើម្បីជួយសម្រួលដល់សេវាសុខាភិបាលក្នុងមន្ទីរពេទ្យ។

អង្គការKoica មានយុទ្ធសាស្ត្រភាពជាដៃគូក្នុងប្រទេស ដែលជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួន ដោយបញ្ចូលយុទ្ធសាស្ត្រជាមួយផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ បាននិយាយក្នុងសេចក្តីប្រកាសថា កម្ពុជាគឺជាដៃគូស្នូលជាមួយអង្គការ koica ដើម្បីជម្រុញការអភិវឌ្ឍន៍គម្រោងធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ សុខាភិបាល និងវិស័យអប់រំ៕

សារព័ត៌មាន Global Time: ក្រុងព្រះសីហនុកំពុងផ្លាស់ប្តូរបន្តិចម្តងៗក្លាយទៅជា ទីក្រុងShenzhen នាពេលអនាគត

ដោយវុត្ថា

ភ្នំពេញៈ សារព័ត៌មាន Global Time បានចុះផ្សាយថា បន្ទាប់ពីអនុញ្ញាតឱ្យនាវា MS Westerdam និងអ្នកដំណើរនិងនាវិកចំនួន២០០០ នាក់ចូលចតនៅកំពង់ផែកាលពីខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ បានធ្វើកំពង់ផែក្រុងព្រះសីហនុ ដែលមានសភាពស្ងប់ស្ងាត់ និងតូចមួយនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់ជាសកល និងភាពអូអរឡើងវិញ។

សារព័ត៌មានបានសរសេរថា ក្រៅពីការផ្តល់ជូនការចាកចេញ ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ ក្រុងព្រះសីហនុ កំពុងស្ថិតនៅក្នុងការផ្តល់ឱកាសដល់អ្នករស់នៅក្នុងតំបន់នេះយ៉ាងច្រើនផងដែរ ។ ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន បាននាំឱ្យមានការអភិវឌ្ឍន៍សួនឧស្សាហកម្ម រោងចក្រ លំនៅដ្ឋាន ពាណិជ្ជកម្ម សណ្ឋាគារភោជនីយដ្ឋាននិងកាស៊ីណូផងដែរ។ ទីក្រុងទេសចរណ៍មាត់សមុទ្រ កំពុងផ្លាស់ប្តូរបន្តិច ម្តងៗ ទៅជាទីក្រុងShenzhen  និងក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មនុស្សមួយចំនួនបានចាប់ផ្តើមហៅក្រុងព្រះសីហនុថាជាកទីក្រុង Shenzhen ទី២។ ផ្លូវឆ្ពោះទៅការអភិវឌ្ឍមិនងាយស្រួលទេ ព្រោះទីក្រុងនៅតែប្រឈមនឹងបញ្ហាអភិវឌ្ឍន៍ជាច្រើន។ ប៉ុន្តែការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបានក្លាយជាការមូលមតិគ្នាលើវិធីដើម្បីឆ្ពោះទៅមុខ។

ក្រុងព្រះសីហនុមានមូលដ្ឋានគ្រឹះល្អ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។  ទោះយ៉ាងណាចំនួនប្រជាជនកម្ពុជានៅមានចំនួនតិច ស្របទៅនឹងទីផ្សារថ្មីមានន័យថា ការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅតែប្រឈមនឹងកង្វះដើមទុន និងហេដ្ឋារចនាសម្ព័ន្ធបាននឹងកំពុងអភិវឌ្ឍន៍។ ដើមទុនចិនបានចាប់ផ្តើមជួយប្រទេសកម្ពុជា ឱ្យជៀសផុតពីឧបសគ្គទាំងនេះ។

ក្រុងព្រះសីហនុមានអគារពាណិជ្ជកម្ម និងលំនៅដ្ឋានថ្មីៗជាច្រើន ដែលមានសំណ​ង់ជាច្រើនទៀត ដែលធ្វើរកទីកន្លែងណាមួយ នៅក្នុងទីក្រុងព្រះសីហនុនៅទំនេរនោះទេ។

ខេត្តព្រះសីហនុបានអភិវឌ្ឍន៍ ពីទីក្រុងកំពង់ផែសមុទ្រដ៏ស្ងប់ស្ងាត់ ទៅជាទីក្រុងមានសភាពអ៊ូអរ នៅពេលដែលជនជាតិចិនកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក្រុមហ៊ុន និងអចលនទ្រព្យ ដូចទៅនឹងទីក្រុងShenzhen។

និន្នាការនេះ ត្រូវបានអមដោយការកើនឡើង នៃឧស្សាហកម្មសេវាកម្មទីក្រុងជាមួ​យភោជនីយដ្ឋាន និងសណ្ឋាគារចិន។

បើតាមលោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រោមការគាំទ្រពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ វិទ្យាស្ថានរៀបចំផែនការ និងរចនាប្លង់ទីក្រុងស៊ីនជិន បាននឹងកំពុងជួយក្រុងព្រះសីហនុ ក្នុងការរៀបចំបញ្ចូលទៅជា “ទីក្រុងសិនជិនកម្ពុជា” ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត៕

មានលុយត្រឹម១០០០ដុល្លារក៏អាចក្លាយជាម្ចាស់ដីឡូតិ៍សម្រាប់សាងសង់ លំនៅដ្ឋាននៅក្រុងកំពត

ដោយៈ រ៉ាណេត

កំពតៈ នៅក្នុងក្រុងកំពត ខេត្តកំពត នៅពេលបច្ចុប្បន្នស្ទើរតែគ្មានដីទំនេរ សម្រាប់អភិវឌ្ឍន៍ លើគម្រោងសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ ហើយក៏មិនស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ក្នុងទ្រង់ទ្រាយធំៗនោះដែរ ដោយភាគច្រើនអ្នកវិនិយោគ បានបង្វែរទិសងាកទៅកាន់តំបន់ជិតជាយក្រុង ឬតំបន់ជាយក្រុងតែម្ដង ដោយ​សារតែកត្តាតម្លៃថ្លៃដីបានឡើងឡើងខ្ពស់រួចទៅហើយ។

ម្ចាស់ដីឡូតិ៍លំនៅដ្ឋានមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ក្រាំងអម្ពិល ក្រុងកំពត លោក ជ្រឹម ដារ៉ា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងមកថា នៅក្នុងក្រុងកំពតបច្ចុប្បន្ននេះ មិនមានដីទំនេរច្រើននោះទេ ប្រសិន​បើមានក៏មានមិនធំទូលាយនោះដែរ ហើយភាគច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍នានា បានងាកទៅកាន់តំបន់ជិតជាយក្រុង ឬជាយក្រុងតែម្ដង ដោយសារតែតម្លៃនៅទាបបើប្រៀបទៅតំបន់កណ្តាលក្រុង។

លោក ជ្រឹម ដារ៉ា បានបន្តទៀតថា ជាក់ស្ដែងដូចជាគម្រោងដីឡូតិ៍ សម្រាប់លំនៅដ្ឋានដែលស្ថិតនៅក្នុងភូមិគ្រាំង សង្កាត់គ្រាំងអម្ពិល ក្រុងកំពត ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីសាលាសង្កាត់ និងនៅភាគខាងកើតសាលាបឋមសិក្សាពិជ័យ ឧត្តុង្គ ត្រូវបានដាក់លក់ក្នុងតម្លៃសមរម្យ។  សម្រាប់ដីឡូតិ៍សម្រាប់អភិវឌ្ឍន៍ លំនៅដ្ឋាននៅក្នុងគម្រោ​ងខាងលើនេះ ត្រូវបានបែងចែកជា២ប្រភេទ គឺប្រភេទដីឡូតិ៍ដែលមានទំហំ៥ X ២៣ ម៉ែត្រ និងប្រភេទដីឡូតិ៍ដែលមានទំហំ៤,៥០ X ៣១ ម៉ែត្រ ដែលងាយស្រួលក្នុងការសាងសង់លំនៅដ្ឋានរស់នៅជាទីបំផុត។

អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងដីឡូតិ៍ សម្រាប់សំណង់លំនៅដ្ឋានមួយនេះ ក្រៅពីស្ថិតនៅក្នុងតំបន់ក្រុង ដែលមានសក្ដានុពលលើវិស័យសំណង់ គឺនៅមានគម្រោអភិវឌ្ឍន៍ជាច្រើននៅព័ទ្ធជុំវិញ ដែលក្នុងរួមមានទាំងគម្រោងអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្ត គម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទាន់សម័យ រួមជាមួយនឹងគម្រោងអភិវឌ្ឍតំបន់កម្សាន្តក្នុងវិស័យឯកជនចំរុះ ស្របពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលក៏កំពុងអនុវត្តន៍យ៉ាងសកម្ម។

លោកជ្រឹម ដារ៉ា បានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាម្ចាស់កម្មសិទ្ធិដីឡូតិ៍ សម្រាប់សាងសង់លំនៅដ្ឋាន ក្នុងគម្រោងខាងលើនេះ ងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានថវិកា ត្រឹមតែ១០០០ដុល្លារសម្រាប់ការកក់បិតឡូតិ៍ ហើយក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់បង់ត្រឹមតែ៣០ភាគរយ រហូតដល់ដល់២ខែក្រោយទៀតទើបបង់៣០ភាគរយ ដែលស្របទៅតាមគោលការណ៍ក្រុមហ៊ុន ដើម្បីទទួលបានការបំបែកក្បាលដី និងឈានទៅដល់ការកាត់ប្លង់ជូនស្របតាមច្បាប់ ហើយរាល់ការចំណាយក្នុងការកាត់ប្លង់គឺជាការទទួលបន្ទុករបស់ក្រុមហ៊ុន។

លោកបានបញ្ជាក់ថា “គ្រប់អតិថិជនទាំងអស់ សុទ្ធតែអាចមានសិទ្ធិ ក្នុងការទំនាក់ទំនងជាមួយធនាគារនានា ដើម្បីធ្វើការទូទាត់ទៅលើការបង់រំលោះប្រចាំខែ ទៅលើគម្រោ​ងដីឡូតិ៍ក៏បាន ហើយជាការលើកទឹកចិត្តពីក្រុមហ៊ុន សម្រាប់អ្នកទិញ២ឡូតិ៍ក្នុងពេលតែមួយ នឹងទទួលបានការបញ្ចុះតម្លៃជូនភ្លាមៗចំនួន៣ភាគរយ  ហើយសម្រាប់កម្រៃជើងសារអ្នកនាំភ្ញៀវក៏ទទួលបាន៣ភាគរយផងដែរ”។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០៨១ ៥៨ ៥៤ ៣៨ / ០៧៨ ៩០ ១០ ១០ / ០៧១ ៩១ ៤៥ ៩៩៩៕