ចំណេះដឹង! ការជួលអចលនទ្រព្យមានពេលកំណត់ និងគ្មានពេលកំណត់ ត្រូវធ្វើឡើងយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ កិច្ចសន្យាជួលអចលនវត្ថុ ចាំបាច់ត្រូវតែមានកំណត់រយៈពេលជួលច្បាស់លាស់ ឬក៏អាចធ្វើដោយមិនមានកំណត់ពេល។ កិច្ចសន្យាជួលអាចធ្វើឡើងដោយមានកំណត់រយៈពេលជួលក៏បាន ឬដោយគ្មានពេលកំណត់ក៏បាន វាអាស្រ័យនឹងការព្រមព្រៀងគ្នារវាង ម្ចាស់វត្ថុ និងអ្នកជួល។

ក៏ប៉ុន្តែបើចង់ជួលដោយមានកំណត់ពេល ច្បាស់លាស់ គូភាគីចាំបាច់ត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ព្រោះច្បាប់កំណត់ថា កិច្ចសន្យាជួលអចលនវត្ថុ ដែលធ្វើត្រឹមតែមាត់ទទេ ដោយមិនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ គឺត្រូវចាត់ទុកថាជា កិច្ចសន្យាដែលគ្មានកំណត់ពេល(មាត្រា ៥៩៩)។

“កិច្ចសន្យាជួលដោយគ្មានកំណត់ពេល” មិនមែនមានន័យថា គូភាគីត្រូវតែជួលអស់មួយជីវិតនោះទេ! គ្រាន់តែថាបើជួលមានរយៈពេលកំណត់ កិច្ចសន្យាជួលត្រូវបញ្ចប់ នៅពេលផុតពេលកំណត់ (បើកំណត់ថា ជួលរយៈពេល១ឆ្នាំ ដល់គ្រប់១ឆ្នាំ កិច្ចសន្យាជួលនេះត្រូវបញ្ចប់) លើកលែងតែគូភាគីព្រមព្រៀងបន្តកិច្ចសន្យានេះតទៅទៀត។

ផ្ទុយទៅវិញ កិច្ចសន្យាជួលដោយគ្មានកំណត់ពេល ត្រូវមានសុពលភាពរហូតទាល់តែគូភាគីស្នើសុំបញ្ចប់។ ការស្នើសុំបញ្ចប់កិច្ចសន្យានេះ អាចធ្វើឡើងដោយភាគីណាមួយក៏បានដែរ (ពីខាងម្ចាស់វត្ថុក៏បាន ឬពីខាង អ្នកជួលក៏បាន) ហើយអាចសុំបញ្ចប់កិច្ចសន្យានេះ នៅពេលណាក៏បានដែរ ក៏ប៉ុន្តែ ត្រូវជូនដំណឹងទៅភាគីម្ខាងទៀតឲ្យបាន យ៉ាងតិច៣ខែ មុនដល់ថ្ងៃបញ្ចប់កិច្ចសន្យា ចំពោះការជួលផ្ទះឬអគារផ្សេងទៀត។

មានន័យថា ម្ចាស់ផ្ទះមិនមែននឹកឃើញចង់ឈប់ជួល ក៏ប្រាប់ទៅអ្នកជួលឲ្យរើចេ​ញភ្លាមៗបានទេ។ អ្នកជួលក៏មិនអាចថា ចង់ចេញក៏ប្រាប់ ទៅម្ចាស់ផ្ទះថ្ងៃនេះហើយរើចេញស្អែកបានដែរនោះដែរ (អាចរើចេញ ភ្លាមៗបាន ក៏ប៉ុន្តែ ត្រូវនៅបន្តបង់ថ្លៃឈ្នួលផ្ទះ ៣ខែទៀត)។

ចំពោះការជួលដីធ្លី ការសុំបញ្ចប់កិច្ចសន្យា ត្រូវមានការជូនដំណឹងទៅភាគីម្ខាងទៀតយ៉ាងតិច១ឆ្នាំ។ បើសិនជាដីនោះជាដីកសិកម្ម មានរដូវដាំដុះប្រមូលផល ការបញ្ចប់កិច្ចសន្យាជួលត្រូវធ្វើឡើង នៅចន្លោះរដូវដាំដុះ មានន័យថានៅក្រោយពេលប្រមូលផល   រដូវមួយ និងមុនពេលចាប់ផ្តើមដាំដុះរដូវបន្ទាប់៕

គ្រូពេទ្យឯកទេសផ្នែក ព្យាបាលជំងឺ COVID-19 របស់ចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺ Covid-19 នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះភ្នំពេញ -អន្តរជាតិ តាមច្រក VIP ជើងយន្តហោះពិសេសនៅព្រឹកថ្ងៃនេះ ដើម្បីចូលរួមព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរីករាលដាលនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា នៅត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង៨៖៣០នាទី ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺរលាកផ្លូវដង្ហើម Covid-19 នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ដើម្បីចូលរួមជួយព្យាបាលអ្នកជំងឺ Covid-19 និងទុបស្កាត់ការរីករាលដាលនៅកម្ពុជា ក្រោមវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារង់ចាំស្វាគមន៍ទទួលដំណើរ។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា “អ្នកជំនាញការរបស់ប្រទេសចិនចំនួន៧នាក់ នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងការផ្តល់នូវចំណេះដឹង និងចែករំលែកនូវបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។ ដោយឡែកសម្រាប់អ្នកដែលមានបញ្ហាមេរោគ Covid-19 ដែលពិនិត្យឃើញវិជ្ជមានចំនួន២នាក់ ដែលបានព្យាបាលជាសះស្បើយកាលពីពេលកន្លងទៅ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេសនោះ ក៏នៅតែរក្សាបាននូវសុខភាពល្អធម្មតាដដែ។”។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលចិន បានផ្តល់នូវជំនួយជាសម្ភារៈ និងឧបករណ៍សម្រាប់ទប់ស្កាត់មេរោគ Covid-19 មួយចំនួនធំ ។ ដោយឡែកសម្រាប់ក្រុមអ្នកជំនាញការទាំង៧នាក់ដែលមកពីប្រទេសចិន ដែលមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺ Covid-19 កំពុង រាតត្បាតនៅក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ៕

អាជ្ញាធរកម្ពុជា-ថៃ សម្រេចបិតច្រកព្រំដែនទាំងអស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19

ដោយ ៖ រ៉ាណេត

ប៉ោយប៉ែត ៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបន្តឹងវិធានការប្រយុទ្ធជម្ងឺ Covid-19 ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ខេត្តបន្ទាយមានជ័យ ស្រះកែវ មានការអនុញ្ញាតឱ្យចេញចូលតែឡានដឹកទំនិញធំៗតែប៉ុណ្ណោះ។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សារវាងមន្ត្រីជាន់ខ្ពស់តំណាងប្រទេសទាំង២ រួមមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងលោក វរ៉ាផាន់ សុវាណុន ( Mr. Woraphan Suwannus) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ជាលទ្ធផល តំណាងភាគីទាំងប្រទេសបានសម្រេចបិតច្រកព្រំដែនទាំងអស់ជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ។

នៅក្នុងជំនួប និងកិច្ចប្រជុំនេះបានឱ្យដឹងថា ការអនុវត្តបិទច្រកព្រំដែនទាំងអស់នេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយលើកលែងតែ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការចេញចូលតែរថយន្តដឹកទំនិញធំៗ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឱ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ ថ្ងៃ ។ ដោយឡែក ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺ គឺអនុញ្ញាតឱ្យលក់ដូរ រស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ហើយក្នុងករណីចេញហើយពុំអនុញ្ញាតឱ្យចូលវិញនោះទេ និងត្រូវរង់ចាំរហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រហូតដល់ម៉ោង១០យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។

ច្រកទ្វារដែលប្រកាសបិទទាំងនោះរួមមាន ច្រកទ្វាអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វាអន្តរជាតិភ្នំដី ច្រកទ្វា អូរ ស្មាច់ និងច្រកទ្វារតំបន់ស្ពានជ័យជំនះ តំបន់ពាមតា តំបន់២០៣ តំបន់៤០០(សំឡូត) តំបន់ សែនចៅ តំបន់អូរអន្លក់ តំបន់អូររំដួល តំបន់ម៉ាឡៃ តំបន់បឹងត្រកួន តំបន់ជប់គគីរ និងច្រកទ្វាតំបន់ អានសេះ រួមជាមួយនឹងច្រកទ្វារព្រំដែនមួយចំនួនទៀត៕

មហាសេដ្ឋីJack Maផ្តល់ម៉ាសជិត២លាននិងសម្ភារៈបរិក្ខាផ្សេងៗដល់កម្ពុជា និងបណ្តាប្រទេសមួយចំនួនដើម្បីប្រយុទ្ឋCovid19

ដោយគង់ សូរិយា

ភ្នំពេញៈ មហាសេដ្ឋីJack Maដែលបានចូលនិវត្តន៍៍ពីក្រុមហ៊ុនAlibaba បានប្រកា​សលើបណ្តាញទំនាក់ទំនងសង្គមថា លោកនឹងផ្តល់ម៉ាស់១,៨លាន និងសម្ភារៈបរិក្ខាជាច្រើនទៀតដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត។

តាមរយៈសារលើគណនេយ្យTwitterរបស់លោក លោកJack Maបានសរសេរនៅថ្ងៃទី២១ មិនានេះថា អាហ្គានីស្ថាន បង់ក្លាដេស កម្ពុជា ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់

ប៉ាគីស្ថាន និងប្រទេសស្រីលង្ការ នឹងទទួលបានជំនួយបន្ទាន់មួយចំនួន សំរាប់ប្រយុទ្ឋប្រឆាំងនឹងជំងឺCovid19 ដែលសម្ភារៈទាំងនោះរួមមានឈុតការពារម៉ាស៊ីនអុកស៊ីសែន រួមទាំងទែរម៉ូម៉ែត្រ។

កាលពីដើមសប្តាហ៍នេះមហាសេដ្ឋីរូបនេះ ក៏បានប្រកាសថា មូលនិធិJack Ma និងមូលនិធិAlibaba កំពុងដឹកជំនួយបន្ទាន់ដល់សហរដ្ឋអាមេរិក ក្រោយពីបានជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ឋប្រឆាំងCovid19នៅប្រទេសជប៉ុន  អ៊ីរ៉ង់ និងអ៊ីតាលីរួចមក។ ក្រុមការងាររបស់លោក ក៏បានពង្រីកការដឹកជញ្ជូនឧបករណ៍ធ្វើតេស្តជួយដល់បណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិកផងដែរ៕

សណ្ឋាគារ ផ្ទះសំណាក់ អាផាតម៉ិនជិត១០០ទីតាំងបានបិទទ្វារនៅកម្ពុជា ដោយសារតែឥទ្ធិពលCovid-19

ដោយៈ រ៉ាណេត

សៀមរាបៈ ក្រោមឥទ្ធិពលនៃវិបត្តិនៃការរាតត្បាតមេរោគ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ និងជំរុញឱ្យបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងអាផាតមិនសរុបជិត១០០ទីតាំង ដែលមានបុគ្គលិកបម្រើការងារជាង២០០០នាក់ បានបិទទ្វារ ដោយសារតែគ្មានភ្ញៀវចូលស្នាក់នៅ។

គិតត្រឹមចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០ នេះ មានសណ្ឋាគារចំនួន៤១ ទីតាំង ស្មើនឹង៣១៣៩បន្ទប់ ដែលមាននិយោជិតចំនួន២០១៤នាក់ ក្នុងនោះស្រី៨៤៤នាក់ ប្រុស១១៧០នាក់ ត្រូវបានបិទទ្វារផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតែគ្មានភ្ញៀវចូលស្នាក់នៅ ដោយសារការរីករាលដាលនៃជំងឺCovid-19 ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅក្នុងចំណោមសណ្ឋាគារទាំង៤១ទីតាំងខាងលើនេះ មានសណ្ឋាគារចំនួន១៨ ស្មើ៨៧១បន្ទប់ បានបិទទ្វារទាំងស្រុង ក្នុងនោះសណ្ឋាគារបិទ បានដាក់ពាក្យរួចរាល់មានចំនួន២សណ្ឋាគារ និងមិនទាន់បានមកដាក់ពាក្យមានចំនួន១៦សណ្ឋាគារ ។ ចំណែកសណ្ឋាគារផ្អាកបណ្តោះអាសន្នមានចំនួន២៣សណ្ឋាគារ ស្មើនឹង២២៦៨បន្ទប់ ក្នុងនោះសណ្ឋាគារផ្អាកបានដាក់ពាក្យផ្អាកមានចំនួន១១សណ្ឋាគារ និងមិនទាន់បានដាក់ពាក្យមានចំនួន១២សណ្ឋាគារ។

ក្រៅពីសណ្ឋាគារ ក៏មានអាផាតមិនចំនួន២ទីតាំង ស្មើនឹង១៣៨បន្ទប់ បានបិទទ្វារ។ ដោយឡែក អាជីវកម្មផ្ទះភ្ញៀវ(home stay) ដែលបានបិទមានចំនួន៤១  ហើយសម្រាប់អាជីវកម្ម​ភោជនីយដ្ឋានបានបិទចំនួន២ភោជនីយដ្ឋាន។

ក្រសួងទេសចរណ៍បានធ្វើការសន្និដ្ឋានថា នៅសប្តាហ៍ទី៣ និងទី៤ ខែមីនានេះ អាជីវកម្មទេសចរណ៍មួយចំនួនធំ អាចប្រឈមការបិទទាំងស្រុង ព្រោះមិនមានភ្ញៀវ ដែលធ្វើឱ្យអាជីវកម្ម ជួបបញ្ហាលើការចំណាយសម្រាប់ថ្លៃភ្លើង បុគ្គលិក និងការចំណាយផ្សេងៗទៀត៕

ការសិក្សាៈទីតាំងចំនួន៥របស់កម្ពុជាកំពុងក្លាយជាតំបន់ភស្តភារកម្មជំរុញ កំណើនសេដ្ឋកិច្ចជាតិ

ដោយវុត្ថា

ភ្នំពេញៈ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំសម្រាប់ឆ្នាំ២០២០ ដោយសន្ទុះនៃផលិតផលសរុបក្នុងស្រុក (GDP) ស្ថិតក្នុងអត្រា៦,៨ភាគរយ ដែលថមថយបន្តិចជាងសន្ទុះ៧ភាគរយកាលពីឆ្នាំ២០១៩កន្លងមកនេះ។

ជាមួយគ្នានេះ វិស័យភស្តុភារកម្ម ក៏បានរួមចំណែកយ៉ាងខាន់ ក្នុងជំរុញកំណើនសេដ្ឋកិច្ចនេះផងដែរ។

យោងតាមការសិក្សាផែនការមេស្តីពី ការកែលម្អប្រព័ន្ធភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងសាធារណការ និដឹកជញ្ជូន បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនបានបង្ហាញថា ទីតាំងចំនួន៥នៃប្រទេសកម្ពុជា កំពុងមានការកើនឡើងខ្ពស់ស្របទៅកំណើនសេដ្ឋកិច្ច សេវាកម្ម ដឹកជញ្ជូន និងប្រជាពលរដ្ឋដែលរួមមាន ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ  ច្រកព្រំដែនគោក ច្រករបៀងបាត់ដំបង-កំពង់ចាម និងតំបន់ឦសាន្ត។

១) រាជាធានីភ្នំពេញ

ឧស្សាហកម្មចម្បងៗនៅក្នុងឬនៅជុំវិញរាជធានីភ្នំពេញ ជាឧស្សាហកម្មធុនស្រា​ល​ដូចជា រោងចក្រកាត់ដេរ និងរោងចក្រផលិតស្បែកជើង សម្រាប់ការនាំទៅកាន់ទីផ្សារទាំងឡាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ទោះមានកំណើនថ្លៃផលិតកម្ម ជាពិសេសកំណើនថ្លៃពលកម្ម ដែលនឹងបង្កងផលអវិជ្ជមាន ដល់ឧស្សាហកម្មទាំងនេះ ក្នុង   រយៈពេលខាងមុខក្តី ការអភិវឌ្ឍថ្មីៗ ដែលកំណត់ទ្រង់ទ្រាយឧស្សាហកម្ម ក្នុងរាជធានីភ្នំពេញ ទំនងជាជាត្រូវរាប់បញ្ចូលទាំង១)។

ឯកសារដដែលបានឲ្យដឹងទៀតថា កំណើនទំនើបកម្ម នៃឧស្សាហកម្មធុនស្រាលបច្ចុប្បន្ន បានផ្តល់លទ្ធភាពឱ្យឧស្សា​ហកម្មនេះ អាចឆ្លើយតបទៅនឹងតម្រូវឱ្យមានប្រសើរជាងមុន ២) ការធ្វើពិពិធកម្មនៃវិស័យកម្មន្តសាល ឆ្ពោះទៅរកឧស្សាហកម្ម ដែលតម្រូវឱ្យមានបំណែក និងវត្ថុធាតុដើមថ្មីៗសម្រាប់ផលិតកម្ម៣)វិស័យកម្មន្តសាលជំនួសការនាំចូល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាពិសេសសម្រាប់ប្រជាជនក្នុងក្រុង។

គេរំពឹងថាកំណើនសេដ្ឋកិច្ចជាបន្តនេះ នឹងបង្កើនប្រាក់ចំណូលក្នុងរាជធានីភ្នំពេញដែលកំណើនប្រាក់ចំណូលនេះ នឹងបង្កើនទំហំនិងបរិមាណនៃទំនិញពាណិជ្ជកម្ម (សម្រា​ប់អ្នកប្រើប្រាស់ និងអាជីវកម្ម)។ ជាទូទៅប្រជាជននៅក្នុងទីក្រុង ដូចជា ទីក្រុងភ្នំពេញនឹងមានទ្រព្យធនកាន់តែច្រើនដូច្នេះ ពួកគេនឹងប្រើប្រាស់ផលិតផលកាន់តែច្រើនប្រភេទ និងមានតម្លសកាន់តែខ្ពស់ ដែលតម្រូវឱ្យមានភស្តុរភារកម្មច្រើនប្រភេទ និងតម្លៃកាន់តែច្រើន ស្របទៅតាមកំណើននៃភាពស្មុកស្មាញ និងភាពទំនើបនៃឧស្សាហកម្ម។

កម្ពុជានឹងត្រូវការវិស័យភស្តុភារកម្មដើម្បីផ្តល់សេវាជាច្រើនដែលឆ្លើយតបទៅនឹងកំណើនតម្រូវការដ៏ច្រើនដូចជា ទំហំ តម្លៃ ល្បឿន ភាពញឹកញាប់ និងសេវាទាន់ពេលវេលា។

២) ក្រុងព្រះសីហនុ

រោងចក្រភាគច្រើននៅក្នុងក្រុងព្រះសីហនុ ជាឧស្សាហកម្មធុនស្រាល ដែលផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។ រោងចក្រទាំងនេះ ប្រើសេវាកំពុងផែក្រុងព្រះសីហនុ ក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ គឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រកម្មន្តសាលប្រភេទថ្មី ដែលផលិត​ផលតូច ស្រាល និងតម្លៃបន្ថែមខ្ពស់ផងដែរ។

ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើនឡើងជាប្រចាំស្របទៅតាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៃប្រទេសកម្ពុជា។ កំពង់ផែក្រុងព្រះសីហនុ នឹងត្រូវពង្រីកសមត្ថភាព និងភាពអាចបត់បែនបានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

ខេត្តកំពតដែលនៅក្បែនោះ បានផលិតផលស៊ីម៉ង់ត៍ ដោយប្រើប្រាស់ថ្មកំបោរដែលបានមកតំបន់ជុំវិញខេត្ត នឹងបង្កើតប្រភពទាំងទំនិញល្អ ស្រាប់ខ្សែផ្លូវដែកភាគខាងត្បូង។

ក្រសួងទេសចរណ៍ បានព្យាយាមធ្វើពិពិធកម្ម ទិសដៅទេសចរណ៍ ឧទាហរណ៍ក្រុងព្រះសីហនុ ត្រូវបានកំណត់យក និងជំរុញឱ្យក្លាយទៅជាទិសដៅ ទេសចរណ៍ដ៏ធំមួយ។ មជ្ឈមណ្ឌលចែកចាយ(ឧទាហរណ៍មជ្ឈមណ្ឌលភស្តុភារកម្ម)អាចបម្រើសេចក្តីត្រូវការខាងទេសចរណ៍ តាមរយៈការផ្តល់ទំណិញចាំបាច់ឱ្យបានគ្រប់គ្រាន់។

៣)ច្រកព្រំដែនគោក

ក្រុងបាវិតនិងក្រុងប៉ោយប៉ែត គឺជាច្រកព្រំដែនគោដ៏សំខាន់របស់កម្ពុជា ដែលច្រកទាំងពីរនេះ ស្ថិតនៅតាមអនុច្រករបៀងភាគកណ្តាល នៃច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គភាគខាងត្បូង។ យើងអាចបែងចែកទំនិញ ឆ្លងកាត់តាមច្រកទំាងពីរនេះទៅជា២ប្រភេទ៖ ១) បំណែក/វត្ថុធាតុដើម មកពីរោងចក្រមេក្នុងប្រទេសថៃ និងវៀតណាម និង២)ទំនិញឆ្លងកាត់មកពីប្រទេសថៃ និងវៀតណាមទៅកាន់រាជធានីភ្នំពេញ។

ការបម្លាស់ផលិតកម្មកម្មន្តសាលចេញពីប្រទេសថៃ និងវៀតណាម នឹងកើនឡើងជាបន្តបន្ទាប់ដែលគេរំពឹងថា ទំហំនិងប្រភេទទំនិញ នឹងបន្តកើនឡើងស្របតាមកំណើននោះដែរ។

៤) ច្រករបៀងបាត់ដំបង-កំពង់ចាម

តំបន់ភាគខាងត្បូងនៃបឹងទន្លេសាប ជាតំបន់ដែលមានឈ្មោះល្បី ខាងការផលិតស្រូវអង្ក ដែលមានគុណភាពខ្ពស់។ អង្ករនាំចេញតែងតែត្រូវការ ការដឹកជញ្ជូនតាមរថយន្តទៅកាន់រាជធានីភ្នំពេញ និងដឹកជញ្ជូនចេញពីរាជធានីភ្នំពេញ ទៅកាន់ទីផ្សារក្រៅប្រទេស តាមរយៈកំពង់ផែក្រុងព្រះសីហនុ ឬការដឹកជញ្ជូនតាមផ្លូវទន្លេ។

ការនាំចេញអង្ករបានកើនឡើងក្នុងអត្រាថេរ និងត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត ខេត្តបាត់ដំបងផលិតផលិតផលស៊ីម៉ងត៍ ដែលជាប្រភេទទំនិញមានសក្តានុពល សម្រាប់ប្រតិបត្តិការខ្សែផ្លូវដែកភាគខាងជើងផងដែរ។

៥)តំបន់ភាគឦសាន្ត

តំបន់ឦសាន្តភាគខាងក្រោម មានចំការដំឡូងមី និងចំការកៅស៊ូជាច្រើន ដែលគេរំពឹងថា នឹងក្លាយទៅជាផលិតផលនាំចេញដ៏សំខាន់ ជាពិសេសទៅកាន់ប្រទេសចិន ដោយពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទន្លេ។ ដោយសារផលិតផលដំឡូងមី និងជ័រកៅ​ស៊ូកើនឡើង ស្របតាមលក្ខណអំណោយផល នៃទីផ្សារតម្រូវការភស្តុភារកម្ម ដែលទាក់ទងនឹងកសិផលទាំងនេះ នឹងកើនឡើងស្របទៅតាមកំណើនទាំងនោះដែរ។

តំបន់ឦសាន្តមានរ៉ែធម្មជាតិ ដែលមានសក្តានុពលរួមមាន អត់ទីម៉ូន (ជាប្រភេទដែកកម្រ) រ៉ែប៊ុកស៊ីដ ធ្យូងថ្ម និងមាស ក្នុងខេត្តក្រចេះ ព្រះវិហារ រតនៈគិរី និងខេត្តស្ទឹងត្រែង។ ការអភិវឌ្ឍភស្តុភារកម្ម អាចចូលរួមចំណែកក្នុងការពង្រឹង ការអភិវឌ្ឍអាជីវកម្មរ៉ែ តាមរយៈការផ្តល់បណ្តាញផ្លូវថ្នល់ចូល ចេញពីការដ្ឋានរ៉ែ និងការកាត់បន្ថយថ្លៃដឹកជញ្ជូន។

ក្រសួងទេសចរណ៍មានគោលដៅ បង្កើនចំនួនទេសចរណ៍បរទេសឱ្យកើនដល់៧លាននាក់ក្នុងឆ្នាំ២០២០ ហើយក្នុងពេលថ្មីៗនេះ ក្រសួងបានពង្រឹងការទាក់ទាញទេស​ចរណ៍ ក្នុងតំបន់ពាយ័ព្យចេញពីតំបន់បេតិកភណ្ឌអង្គរ។ គម្រោងកែលម្អផ្លូវថ្នល់ និងគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលចែកចាយអាចគាំទ្រ ដល់គោលដៅនយោបាយទាំងនេះ៕

ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមប្រកាសផ្អាកការហោះហើរទៅ និងមកកម្ពុជា និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនថវិកាជេស្តាស្តាប៉ាស៊ីហ្វិក និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានប្រកាសផ្អាកផ្លូវហោះហើរទៅ និងមកពីបណ្តាប្រទេសអាស៊ានរួមមានប្រទេសកម្ពុជា ថៃ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីចាប់ពីថ្ងៃសុក្រទី ២០ ខែមីនា។

ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញបាននិយាយថា ខ្លួននឹងផ្អាករាល់ជើងហោះ ហើរអន្តរជាតិទាំងអស់នៅលើបណ្តាញហោះហើររបស់ខ្លួនរហូតដល់ថ្ងៃទី ៣០ ខែមេសា។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air មិនទាន់បានធ្វើការសម្រេចចិត្តសម្រាប់ផ្លូវអន្តរជាតិមួយចំនួនដែលខ្លួនធ្វើប្រតិបត្តិការ ដូចជារវាងវៀតណាម និងតៃវ៉ាន់ (ចិន) ជប៉ុន និងឥណ្ឌា។

ប្រតិបត្តិការនេះអាចនឹងត្រូវបញ្ឈប់រហូតដល់ខែមេសា។ ទោះយ៉ាងណាក៏ដោយវានឹងពឹងផ្អែកលើសមត្ថភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ។

ក្រុមហ៊ុន Bamboo Airways ក៏បានប្រកាសផងដែរថា ខ្លួននឹងពន្យារពេលផែនការប្រតិបត្តិការជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុងប្រាក (សាធារណរដ្ឋឆែក) ដូចដែលបានគ្រោងទុកនៅថ្ងៃទី ២៩ ខែមីនា។ ផ្លូវនេះត្រូវបានរំពឹងថានឹងបើកនៅចុងខែមេសា។ ក្រុមហ៊ុនអាកាសចរណ៍បានផ្អាកការហោះហើរអន្តរជាតិរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា អ្នកដំណើរនៅលើជើងហោះហើរដែលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរកាលវិភាគក្នុ ងកំឡុងពេលជំងឺរាតត្បាត COVID-19 នឹងអាចផ្លាស់ប្តូរកាលបរិច្ឆេទនៃការហោះហើរ និងការធ្វើដំណើរ បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។

កន្លងមក ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នរវាងប្រទេសវៀតណាម និងចិនដីគោកចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ កូរ៉េខាងត្បូង បារាំង រុស្ស៊ី និងម៉ាឡេស៊ីដោយសារផលប៉ះពាល់នៃជំងឺ COVID-19 ។

យោងតាមអាកាសយានដ្ឋានអន្តរជាតិណូយបៃ ភ្ញៀវមកពីតំបន់ដែលរងផលប៉ះពាល់ដោយ COVID-19 ចាប់ពីថ្ងៃទី ១៩ ខែ មីនានឹងត្រូវដាច់ឆ្ងាយនិងសាកល្បងបន្ថែមលើការផ្តល់សេចក្តីប្រកាសសុខភាព។ នេះគឺជាដំណោះស្រាយដែលបានព្រមព្រៀងរួមគ្នាដោយក្រសួងសុខាភិបាល និងដឹកជញ្ជូនដើម្បីកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋាន ដោយសារតែមានចំនួនច្រើននៃនិតិវិធីនៃការដាក់ឱ្យនៅដាច់ឆ្ងាយសម្រាប់ការមកដល់៕

អជ្ញាធរកម្ពុជា និងថៃ បន្តបិទច្រកព្រំដែនចំនួន២បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ អជ្ញាធរថៃ និងកម្ពុជា បានព្រមព្រៀងក្នុងការបន្តបិទច្រកព្រំដែនមួយចំនួនទៀត ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃមេរោគ Covid-19 ដែលកំពុងកើតមាននៅក្នុងប្រទេសទាំងពីរ។

បន្ទាប់ពីប្រកាសបិទព្រំដែនច្រកចេញចូលអូរស្មាច់រវាងខេត្តសូរិន្ទប្រទេសថៃ និងខេត្តឧត្តរមានជ័យប្រទេសកម្ពុជា នៅត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ អជ្ញាធរប្រទេសទាំង២បានព្រមព្រៀងគ្នាក្នុងការបិទច្រកព្រំដែនព្រំ និងច្រកអូររំដួល ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងខេត្តចាន់បូរីប្រទេសថៃ ជាបណ្តោះអាសន្ន។

ជាបឋមពាក់ព័ន្ធទៅនឹងការបិទច្រកព្រំដែនអូររំដួលនេះ ភាគីខាងថៃ បានស្នើដល់អាជីវករខ្មែរដែលប្រកបអាជីវកម្ម និងរស់នៅលើទឹកដីថៃទាំងអស់ឱ្យរើមកកាន់ទឹកដីកម្ពុជាជាបណ្តោះអាសន្នដោយមិនមានការបណ្តេញនោះទេ។ ការជូនដំណឹងនេះ ត្រូវបានចាប់អនុវត្តចាប់ពីម៉ោង ០០៖០០ នាទី ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ យប់មិញនេះ៕

អាជ្ញាធរថៃខេត្តសុរិនប្រកាសបិទច្រកព្រំដែនអន្តរជាតិអូរស្មាច់ជាបណ្តោះអាសន្ន

ដោយវុត្ថា

ភ្នំពេញ៖ អាជ្ញាធរថៃខេត្តសុរិន បានចេញប្រកាសបិទច្រកព្រំដែនអន្តរជាតិអូរស្មាច់ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់នៃការរាតត្បាតជំងឺcovid-19នៅក្នុងខេត្តសុរិន ប៉ុន្តែចំពោះបញ្ហារថយន្តដឹកទំនិញ ដែលតម្រូវបង់ពន្ធឲ្យគយនោះគឺនៅធ្វើចរាចរណ៏ចេញចូលបានដោយធម្មតា ដោយមានការទទួលខុសត្រូវចំពោះស្ថាប័នគយ។ នេះ បើយោងតាមសេក្តីជូនដំណឹងរបស់អាជ្ញាធរថៃខេត្តសុរិន ផ្ញើរជូនអាជ្ញាធរខេត្តឧត្តមានជ័យនៅព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ ២០២០នេះ។

បើតាមអាជ្ញាធរថៃ បានឱ្យដឹងថា ការបិទជាបណ្តោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងប្រទេសថៃ ស្របពេលដែលប្រទេសថៃនាពេលបច្ចុប្បន្នកំពុងជួបនូវវិបត្តិការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ មានការកើនឡើងជាបន្តបន្ទាប់។

តែយ៉ាងណាក៏ដោយ បើតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីពេលថ្មីៗនេះ ថា សម្រាប់ច្រកព្រំដែនជប់គគីរ រវាងកម្ពុជា និងថៃត្រូវបាទបិទទាំងស្រុង ដោយពុំអនុញ្ញាតិអោយមានចរាចរណ៍ទាំងទំនិញ និងប្រជាពលរដ្ឋឆ្លងកាន់នោះទេ។

សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងចាំយាមនៃខេត្តកោះកុង នៅតែបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងការដឹកទំនិញចេញចេញចូលរវាងប្រទេសទាំងពីរនៅដំណើរការធម្មតា តែមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាពីមន្ត្រីចត្តាឡីស័ក្តប្រចាំច្រកទ្វាព្រំដែនទាំងនេះ ។

កាលពីពេលថ្មីៗ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានជូនដំណឹងប្រកាសបិទជាបណ្តោះអាសន្នច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ន លើកលែងតែការដឹកជញ្ជូនទំនិញ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីភាគីទាំងពីរ ។

ការសម្រេចបិតច្រកព្រំដែនកម្ពុជា-វៀតាមជាបណ្តោះអាសន្ននេះរបស់រដ្ឋាភិបាលកម្ពុជានេះ គឺដោយសារតែភាគីវៀតណាមបានប្រកាសបិទជាឯកតោភាគី ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាឡើយ ក្រោមហេតុផលទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ ពីកម្ពុជាចូលទឹកដីរបស់វៀតណាម៕

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យជាច្រើនកំពុងសម្រុកទៅកាន់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្របទៅតាមគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងផែនការនៃប្លង់មេរបស់រាជរដ្ឋាភិបាល នៅតាមតំបន់ជាយក្រុងឱ្យមានភាពរីកចម្រើន បច្ចុប្បន្នតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយមកជាតំបន់ដ៏មានប្រជាប្រិយភាព និងមានសក្ដានុពលក្នុងការវិនិយោគវិស័យលំនៅដ្ឋានមិនចាញ់តំបន់អភិវឌ្ឍន៍លំនៅដ្ឋានក្នុងខណ្ឌសែនសុខនោះទេ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានមានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។

លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។ លោក បានបន្តទៀតថា “សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។ លោកបានបញ្ជាក់ថា “វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់មានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម”។

បច្ចុប្បន្ននេះ ចំពោះតម្លៃដីធ្លីនៅក្នុងសង្កាត់ព្រៃស មានការហក់ឡើងខ្ពស់ ពោលគឺកាលបីប្រមាណ២ឆ្នាំមុន ដីដែលស្ថិតនៅជាប់ផ្លូវ៣០ម៉ែត្រ មានតម្លៃក្នុងចន្លោះចាប់ពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះអាស្រ័យទៅតាមសណ្ឋានដី ដោយឡែកនៅពេលបច្ចុប្បន្ននេះ ដីនៅទីតាំងដដែលនេះឡើង ដល់ប្រមាណ១០០០ដុល្លារក្នុងមួយម៉ែត្រ។

សម្រាប់គម្រោងលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ ជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម។ ក្រៅពីនេះ ក៏មានគម្រោងបុរីខ្លះធ្វើការសាងសង់លំនៅដ្ឋានបែបទំនើប និងប្រណីត ដាក់លក់នៅក្នុងតម្លៃចន្លោះពី២៥ -៣០ម៉ឺនដុល្លារក្នុងមួយខ្នងផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Great Cam Asia Real Estate លោក ស បញ្ញា ដែលកំពុងកាន់គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ប៉េង អុីម (Borey Peng Im) ដែលមានចំនួន៣៥៥ខ្នង នៅតំបន់ព្រៃស បានមានប្រសាសន៍ថា “កាលពី២ឆ្នាំមុន តំបន់ព្រៃស រាប់ចាប់គិតពីចំណុចផ្លូវបំបែកស្ដុបចំការដូងឆ្ពោះទៅកាន់វត្តព្រៃស ពោរពេញទៅដោយវាលលិចទឹក និងដើមកក់ដុះសងខាងផ្លូវនោះ ពេលនេះត្រូវបានចាក់បំពេញជំនួស ដោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងស្អេកស្កះ ជាពិសេសគម្រោងបុរីធំៗមិនតិចជាង៣០គម្រោងនោះទេ ដែលកំពុងតែមានសកម្មភាពសាងសង់យ៉ាងសកម្ម”។

លោកបានបន្តទៀតថា “ ជាក់ស្ដែងដូចជាគម្រោងសំណង់បុរីលំនៅដ្ឋាន ប៉េង អុីម (Borey Peng Im) ដែលកំពុងតែដំណើរការសាងសង់ដើម្បីបំពេញតម្រូវការអតិថិជន ក៏កំពុងតែមមាញឹកក្នុងការសាងសង់ផងដែរ”។

លោកបានបន្តទៀតថា “ នៅក្នុងគម្រោងសំណង់បុរី ប៉េង អុីម (Borey Peng Im) នេះមានសរុបចំនួន៣៣០ខ្នង ដែលសុទ្ធតែធានាបាននូវគុណភាពសំណង់គុណភាពខ្ពស់ទាំងអស់ដោយគ្រប់សម្ភារៈសំណង់ទាំងអស់សុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន SCG ទាំងអស់ ។ លោកបន្តថា “នៅក្នុងគម្រោងរបស់បុរី ប៉េង អុីម ត្រូវបានសាងសង់ជាលំនៅដ្ឋាន៣ប្រភេទ ដែលក្នុងនោះរួមមានដូចជា ផ្ទះអាជីវកម្មចំនួន២០៦ចំនួនខ្នង ដែលស្ថិតនៅជាប់ផ្លូវធំ ហើយក្រៅពីនេះ គឺជាប្រភេទផ្ទះវីឡាភ្លោះ និងវីឡាកូនកាត់”។

លោក ស បញ្ញា បានមានប្រសាសន៍បន្តទៀតថា “ ជាមួយនឹងភាពល្អប្រសើរ និងសក្ដានុពលនៅក្នុងតំបន់ គម្រោងបុរី ប៉េង អុីម នឹងធ្វើការបើកសម្ពោធលក់ជាផ្លូវការណ៍នៅត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដោយអតិថិជន នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលផ្ដល់ជូនដោយក្រុមហ៊ុន”។ លោកបានបញ្ជាក់ថា “គ្រប់អតិថិជនទាំងអស់ដែលទិញលំនៅដ្ឋាននៅក្នុងគម្រោងរបស់បុរី ប៉េង អុីម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ដែលក្រៅពីទទួលបានការបញ្ចុះតម្លៃចាប់ពី ១០ ០០០-២០ ០០០ ដុល្លារ នៅមានការផ្ដល់ជូនជាច្រើនទៀតដូចជា សម្ភារៈប្រើប្រាស់នៅក្នុងលំនៅដ្ឋានជាច្រើនទៀត ជាពិសេស នៅក្នុងលំនៅដ្ឋានសុទ្ធតែមានបំពាក់ជណ្ដើរយន្តប្រអប់ទាំងអស់ ដែលបង្ហាញពីភាពទាន់សម័យនៃលំនៅដ្ឋានបែបសម័យថ្មី”។

ពាក់ព័ន្ធទៅនឹងការទិញលំនៅដ្ឋានបែបទាន់សម័យ និងស៊ីវិល័យនៃបុរី ប៉េង អុីម (Borey Peng Im) រាល់អតិថិជនទាំងអស់អាចមានជម្រើសជាច្រើនដូចជាការទិញដោយការបង់ផ្ដាច់ និងការបង់រំលោះជាមួយធនាគារជាមួយអត្រាការប្រាក់ទាបក្នុងរយៈពេលយូរ ហើយមានឱកាសទទួលបានភាគលាភជាច្រើនទៀតនៅថ្ងៃខាងមុខដ៏ខ្លី។ រួសរាន់ឡើង ចំនួនមានកំណត់។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៨១ ៥៥៥ ១៦៤ / ០៧៦ ៧៩ ៧៧ ៧៧៨