តើកត្តាអ្វីទើបការិយាល័យរួមទាក់ទាញសហគ្រិនវ័យក្មេងដែលបើកអាជីវកម្មផ្តួចផ្តើមថ្មី?

ដោយ ហ្សូលី

ភ្នំពេញៈ ការិយាល័យរួម (Co-Working Space) ដែលជាកន្លែងធ្វើការសម្រាប់សហគ្រិនឯករាជ្យវ័យក្មេង ឬជាក្រុមមានសមាជិកតិច ដែលមានបំណងបើកអាជីវកម្មផ្តួចផ្តើមថ្មី បច្ចុប្បន្នវាកំពុងទាក់ទាញ និងមានភាពពេញនិយមច្រើន ដោយសារកត្តាចំបងមួយចំនួន។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ បានបញ្ជាក់ថា “ការិយាល័យរួមមានអត្ថប្រយោជន៍ច្រើន ដោយមានផ្តល់បរិក្ខារពេញលេញដូចជា គ្រឿងសង្ហារឹម បណ្តាញអ៉ិនធឺណែត ម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់រៀបចំខ្លួនឯងនោះទេ”។

លោកពន្យល់ថា ក្រុមហ៊ុនតូចៗ ឬសហគ្រិនវ័យក្មេង មិនចាំបាច់ជួលការិយាល័យធំៗផ្ទាល់ខ្លួនឡើយ ព្រោះទីនោះមានតម្លៃថ្លៃ ដូច្នេះការិយាល័យរួមនឹងផ្តល់ឱ្យនូវតម្លៃសមរម្យ ដែលអាចផ្តល់ជាការបង់ប្រចាំខែគិតទៅតាមម៉ែត្រការ៉េឬតុ។ ប៉ុន្តែបច្ចុប្បន្នទីផ្សារគិតជាតុច្រើនជាង អាចអង្គុយបាន៣ ទៅ៤នាក់ រីឯតម្លៃវិញមានចាប់ពី៣០០ដុល្លារឡើងទៅ តាមចំនួនតុ។

មិនតែប៉ុណ្ណោះ កត្តាគួរឱ្យទាក់ទាញមួយទៀតនោះ លោក វ៉ា វីរៈ បានលើកឡើងថា “ក្រុមហ៊ុនឬអាជីវកម្មផ្តួចផ្តើមថ្មី អាចកំណត់ទីតាំងរបស់ការិយាល័យរួមបាន ឧទា​ហរណ៍ នៅពេលមានការទម្លាក់ទំនិញ ផ្ញើសំបុត្រ ឯកសារនានា ព្រមទាំងរបស់របរចាំបាច់ផ្សេងៗនោះបានដោយមិនចាំបាច់ព្រួយបារម្ភច្រើន”។

ទន្ទឹមនេះលោកសង្កត់ធ្ងន់ថា សហគ្រិនអាចមានឱកាសជួបមនុស្សច្រើន នៅទីនោះ អាចប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ និងជួយសហការគ្នាទៅវិញទៅមក ព្រោះភាគច្រើនការិយាល័យរួមច្រើន តែស្ថិតនៅតំបន់ទីប្រជុំជន ងាយស្រួលជួបពិភាក្សាជាមួយអតិថិជនផងដែរ។

អ្នកជំនាញមួយរូបដែលជាអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គាបានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asiaថា  កត្តាមានច្រើនដែលធ្វើឲ្យ​ការិយាល័យរួមមានភាពទាក់ទាញ។ កត្តាទាំងនោះមានដូចជា ការិ​យាល័យរួម អនុញ្ញាតឱ្យក្រុមហ៊ុនតូចៗអាចធ្វើការមានវិជ្ជាជីវៈ ហើយមួយទៀតនោះបើពួកគាត់ ទៅជួលការិយា​ល័យធំៗ អាចនឹងមិនមានលទ្ធភាពជួល ដូច្នេះការិយាល័យរួមនេះនឹងផ្តល់ឱកាសឱ្យពួកគាត់បាន។

ជាការពិតការិយាល័យរួម មិនទាន់មានការរីកដុះដាល ទូទាំងប្រទេសកម្ពុជានៅឡើយទេ ដោយឡែកមានច្រើនតំបន់គួរសមក្នុងទីក្រុងភ្នំពេញ ដូចជា ម្តុំបឹងកេងកង ទួលទំពួង បឹងព្រលឹត និងទួលគោកជាដើម។

យ៉ាងណាមិញ អ្នកវិនិយោគលើវិស័យការិយា​ល័យរួមសម្រាប់ជួល ឬហៅថា Co-working Space នេះ ចាប់ផ្តើមលូតលាស់បន្តិចម្តងៗ ព្រោះថាកម្ពុជាកំពុងមានការកើនឡើងខ្លាំងនូវសហគ្រិន ឬអ្នកដែលចង់រកស៊ីមុខជំនួញផ្សេងៗ៕

ប្រធានCVEAប្រាប់យុទ្ធសាស្ត្រ៣ក្នុងការវិនិយោគអចលទ្រព្យទទួលបាន ប្រាក់ចំណេញខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេធ្វើឡើងច្រើនវិធី និងច្រើនយុទ្ធសាស្ត្រ ក្នុងគោលបំណងរួមតែមួយ គឺចង់ទទួលបានប្រាក់ចំណេញខ្ពស់។ ជាការចែករំលែក ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើន។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អ ឆ្លើយតបទៅនឹងការវិនិយោគ ដូចជា ទី១- ការវិនិយោគជាលក្ខណៈបុគ្គល ទី២- ការវិនិយោគជាលក្ខណៈក្រុមតូចៗ និងទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលមូលដ្ឋានទាំង៣នេះ អាចជួយជម្រុញការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ប្រកបទៅដោយភាពជោគជ័យ និងទទួលបានប្រាក់ចំណេញ។

ទី១ ការវិនិយោគជាលក្ខណៈបុគ្គល

អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការចាប់ផ្ដើមចេញពីមូលដ្ឋាន ក្នុងការស្វែងរកប្រភពនៃព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់យើង នៅក្នុងតំបន់ ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម ដែលការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា ដោយមិនត្រូវបានចំណាយថវិកានោះទេ។

ទី២ ការវិនិយោគជាលក្ខណៈក្រុមតូចៗ

ជាកិច្ចសហការជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញនៅពេលអនាគតរួមគ្នា ដោយការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។ តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់? ចម្លើយគឺ ត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុមដោយមានការចែកបែងចែកនូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។

ការចងក្រងជាក្រុម គឺអាចជួយដុសខាត និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបថនៃទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។

ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ (Real Estate Investment Trust)

ការវិនិយោគបែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួម វិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបញ្ជាក់ផងដែរថា នៅក្នុងចំណោមមូលដ្ឋានវិនិយោគទាំង៣ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគនៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។

លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹក្សាបន្ថែមជាមួយសមាជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”៕

កម្ពុជានៅមិនទាន់មានការបិទទ្វាររោងចក្រដោយការឆ្លងជំងឺ Covid-19 នោះទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានរោងចក្រណាមួយបិទទ្វារ ដែលបណ្តាលមកពីការឆ្លងជំងឺ Covid-19 នៅឡើយនោះទេ ក្រៅពីការខ្វះខាតវត្ថុធាតុដើម។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជៈ លោក ហេង សួរ បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការមិនបិទរោងចក្រនេះ ដោយសារតែរោងចក្រ មិនមែនបម្រើសេវាជូនអតិថិជននោះឡើយ ហើយកម្មករ និយោជិតដែលធ្វើការងារនៅក្នុងរោងចក្រនីមួយៗ ពួកគាត់ជួបតែសហការី និងក្រុមគ្រួសាររបស់គាត់ ហើ​យក៏គ្មានអ្នកក្រៅនាំជំងឺមកចម្លងដល់ពួកគាត់ដែរ។

លោកបានឡើងទៀតថា “បើមានជំងឺ Covid-19 នេះកើតឡើង អ្វីដែលត្រូវបិទគឺភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេមិនបិទរោងចក្រនោះទេ ដោយសាររោងចក្រមិនបម្រើសេវាដល់អតិថិជននោះទេ អត់មានលទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ”។លោកបន្តថា “ កត្ដាទាំងនេះវាជាលក្ខណៈពិសេស ដែលអង្គការសុខភាពពិភពលោក និងក្រុមវេជ្ជសាស្ត្រវាយតម្លៃថា តំបន់ណាដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណាដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ”។

លោកបានលើកជាឧទាហរណ៍ថា “នៅក្នុងប្រទេសថៃគេមិនបានបិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន  ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យ ដោយសារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិតគាត់ជួបមិត្តភក្តិផ្សេង​ៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យ។ ផ្ទុយទៅវិញ រោងចក្រនៅ ប្រទេសថៃ វៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺ Covid-19 គឺជាមនុស្សដែលមានសុវត្ថិភាពបំផុត”។

លោកបានបញ្ជាក់ថា ចំពោះកន្លែងដែលធ្វើការជាមួយមនុស្សដដែល  គឺរក្សាទុកឱ្យ​នៅដដែល ហើយការទុកនោះ ដើម្បីរក្សាសុវត្ថិភាពបងប្អូនកម្មករទាំងអស់ ហើយបើបញ្ឈប់កម្មករនោះ បងប្អូននឹងធ្វើការទៅកាន់កន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមានការឆ្លងជំងឺវិញ។ ប្រទេសថៃបានប្រកាសមិនធ្វើបុណ្យចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះ មនុស្សនឹងធ្វើការចល័តពេញប្រទេសថៃ ហើយអ្នកទាំងអស់នោះដែលមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅស្រុក ដែលអាចនឹងជួបអ្នកធ្វើដំណើរមានហានិភ័យក្នុងការឆ្លងមេរោគទៅវិញ៕

ក្រុមហ៊ុនROYAL GROUP បោះទុនជាង១៣៤៤លានដុល្លារ សាងសង់រោងចក្រអគ្គិសនី ដុតធ្យុងថ្មនៅខេត្តកោះកុង

រូបតំណាង

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន ROYAL GROUP របស់អ្នកឧកញ៉ាគិត ម៉េងបានបោះទុនវិនិយោគប្រមាណ១៣៤៤,២០លានដុល្លារអាមេរិក ដើម្បីវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យុងថ្ម ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

ចំណោមទុនវិនិយោគដ៏ច្រើននេះ មាន៣០ភាឡរយជាទុនវិនិយោគរបស់Royal Group និងខ្ចីពីធនា​គារ៧០% តាមអត្រាការប្រាក់៦,៥% ខណៈគម្រោងវិនិយោគនេះ ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។

យោងតាមសេចក្តីព្រាងច្បាប់ ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនឯកជន ដែលវិនិយោគវិស័យអគ្គីសនីកាលពីកន្លងមកនេះបានឱ្យដឹងថា  -រោងចក្រអគ្គិសនីដែលក្រុមហ៊ុន ROYAL GROUP ត្រូវអភិវឌ្ឍន៍ គឺរោងចក្រអគ្គិសនីដុតធ្យុងថ្ម មានអានុភាពដំឡើងសរុប៧០០ មេហ្គាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ៦៨០ មេហ្គាវ៉ាត់។

សេចក្តីព្រាងច្បាប់ដដែលបន្តថា  អគ្គិសនីកម្ពុជាត្រូវធានាទិញថាមពល៨០% នៃអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ស្មើនឹង៤៧៦៥,៤៤លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ រូបភាពវិនិយោគ គឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម(Build-Own-Operate=BOO)។

រដ្ឋាភិបាលបញ្ជាក់ទៀតថា ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់ រួមមាន៖ ១- ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២- ហេដា្ឋរចនាសម្ព័ន្ធដឹកជញ្ជូនធ្យូងថ្ម ពីផែក្នុងសមុទ្រមករោងចក្រអគ្គិសនី ៣- ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់រោងចក្រអគ្គិសនី និង៤- ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងខែ្សបណ្តាញបញ្ជូនភា្ជប់ទៅអនុសា្ថនីយបុទុមសាគរបស់អគ្គិសនីកម្ពុជា។

សម្រាប់រយៈពេលសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេវិស័យអគ្គិសនី ដោយម៉ាស៊ីនទី១ ទំហំ (១x៣៥០) មេហ្គាវ៉ាត់ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ ទំហំ (១x៣៥០)មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរករនៅឆ្នាំ២០២៤។ ដំណើរការអាជីវកម្ម របស់រោងចក្រអគ្គិសនីនេះ គឺមានរយៈពេល៣៥ឆ្នាំ។

គម្រោងវិនិយោគនេះ មានភាពចាំបាច់ក្នុងការបំពេញ ឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត ជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយ ថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចម្យ៉ាងទៀង កង្វល់លើបញ្ហាបរិស្ថាន ត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន៕

គម្រោងវារីវប្បកម្មចិញ្ចឹមត្រីរបស់អាមេរិកលើកដំបូងបានចាប់ផ្តើម ដំណើរការនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ កសិដ្ឋាន Rathada Farms Hatchery ដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីអាមេរិកWISHH បានដាក់ត្រីដំបូងគេនៅកម្ពុជា ទៅក្នុងប្រព័ន្ធវារីវប្បកម្មចិញ្ចឹមត្រីក្នុងស្រះដែលមានប្រព័ន្ធលំហូរទឹកដើម្បីចិញ្ចឹមត្រី។

ប្រព័ន្ធផ្លូវទឹកផ្តល់នូវបរិស្ថាន ដែលមានការគ្រប់គ្រងកាន់តែប្រសើរ ក្នុងការថែរក្សាត្រី រួមទាំងផ្តល់ចំណីចំណីសណ្តែកសៀង ដូចចំណីដែលផលិតដោយដៃគូយុទ្ធសាស្ត្រ WISHH ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

មូលនិធិឆៀងសណ្តែករបស់កសិករនៅមីសសួរី (Missouri) បានគាំទ្រជំនួយបច្ចេ​កទេស WISHH ក្នុងការរៀបចំផែនការ និងសាងសង់ប្រព័ន្ធវារីវប្បកម្មវារីវប្បកម្ម នៅកសិដ្ឋានចិញ្ចឹមត្រី Rathada Farms Hatchery។ អាជីវកម្មដែលគ្រប់គ្រងដោយក្រុមគ្រួសារនេះគឺត្រីទីឡាប៉ា និងត្រីប្រា។ រដ្ឋាចិញ្ចឹមត្រីតាមរយៈ “ពូជ” និងដំណាក់កាលភ្ញាស់មុនពេលលក់កូនត្រីទៅឱ្យអ្នកចិញ្ចឹមត្រីនៅក្នុងតំបន់។

កម្មវិធី WISHH បានប្រើប្រាស់ការវិនិយោគ លើការធ្វើសណ្តែកសៀងរបស់មីសសួរី ដោយបញ្ចូលសមត្ថភាពផលិតកម្មត្រីរបស់កសិដ្ឋានRathada ដោយដាក់ចូលទៅក្នុងពាណិជ្ជកម្មវារីវប្បកម្ម ដែលគាំទ្រថវិកាដោយគម្រោងអាជីវកម្មវារីវប្បកម្ម សម្រាប់ការធ្វើពាណិជ្ជកម្មប្រកបដោយចីរភាព (CAST) របស់សហរដ្ឋអាមេរិក។

កសិដ្ឋាន Rathada មានតួនាទីសំខាន់ ក្នុងការអប់រំប្រជាកសិករអំពីបច្ចេកវិទ្យាផលិតកម្មថ្មីនេះ រួមជាមួយការសហការជាមួយ CAST។ កន្លែងភ្ញាស់កូនត្រី និងកសិដ្ឋានចិញ្ចឹមត្រីនេះ នឹងរៀបចំធ្វើការចង្អុលបង្ហាញសម្រាប់កសិករដទៃទៀត ដើម្បីរៀនពីការអនុវត្តការគ្រប់គ្រងត្រីឱ្យកាន់តែប្រសើរឡើង រួមមានប្រូតេអ៊ីនសណ្តែកសៀង និងគុណប្រ​យោ​ជន៍អាហារូបត្ថម្ភដទៃទៀតនៃចំណីត្រីអណ្តែត។

លោកភារធារី Michael A. Newbill របស់សហរដ្ឋអាមេរិក បានថ្លែងកាលពីដើមឆ្នាំ ២០១៩ ថា សហរដ្ឋអាមេរិក គាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។

គម្រោងCAST បានទទួលការឧបត្ថម្ភថវិកា ពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជាក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិ​កម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។

គម្រោងCAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀ​ង សំរាប់ជាចំណីសត្វសំរាប់ឧស្សាហកម្មវារីវប្បកម្ម ដែលកំពុងតែមានកំណើនលូតលាស់របស់ប្រទេសកម្ពុជា។

កសិកម្មគឺជាវិស័យមួយសំខាន់បំផុតនៅកម្ពុជា ដោយផលិតកម្មមានកំណើន ១៧% នៅឆ្នាំ២០១៧ ហើយឈានដល់ជាង២០០,០០០ តោន។

គោលបំណងនៃគម្រោងCAST ក្នុងការបង្កើនផលិតកម្មវារីវប្បកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្មកម្ពុជា ហើយនឹងជួយកែលំអជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សំខាន់មួយទៀតគឺថា វានឹងកាត់បន្ថយផងដែរនូវសម្ពាធ ទៅលើការចាប់ត្រីធម្មជាតិ ដែលនៅពេលបច្ចុប្បន្ននេះ ត្រូវជា៧៦% នៃផលិតកម្មត្រីសរុប៕

ចំណេះដឹង! តើការចុះកិច្ចសន្យាជួលរយៈពេលវែងមានសារៈប្រយោជន៍អ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ ការចុះកិច្ចសន្យាជួលអចលនទ្រព្យក្នុងរយៈពេលវែង នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកជួលផ្ទាល់ ព្រោះការជួលរយៈពេលវែងនេះ នឹងជួយសន្សំបន្ថែមលើតម្លៃ ដែលនឹងអាចកើនឡើងនៅពេល ដែលកិច្ចសន្យាជួលត្រូវបានបញ្ចប់ ហើយពេលនោះ អ្នកមិនអាចរកបានលំនៅឋានណាមួយ ដែលមានស្ថានភាពដូចគ្នានឹងតម្លៃដូចគ្នានោះឡើយ។

ម្យ៉ាងវិញទៀត ការចំណាយលើការថ្លៃជួលនឹងនៅថេរ ព្រោះតម្លៃជួលកើនឡើងពី១០ទៅ១៥ ភាគរយប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ហើយ ខណៈដែលសំណង់អគារថ្មីៗ ដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗបន្តមានវត្តមានលើទីផ្សារជួលអចលនទ្រព្យនោះ តម្លៃជួលក៏បន្តកើនឡើងតាមនោះដែរ។

បន្ថែមពីនេះ ការចុះកិច្ចសន្យារយៈពេលវែង ក៏អាចជួយអ្នកឲ្យមានសិទិ្ធ ក្នុងការចរចាព្រមព្រៀងគ្នា។ គួរចងចាំថាម្ចាស់លំនៅឋានភាគច្រើន ក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែង អាចបង្កើតភាពទុកចិត្តលើគ្នាទៅវិញទៅមកបានច្រើនជាងផងដែរ។

ប្រសិនបើលោក អ្នករក្សាកិច្ចសន្យាជួលវែងជាងរយៈពេល ដែលអ្នកស្នាក់នៅប្រទេសកម្ពុជា មានជនបរទេសមកធ្វើការក្នុងប្រទេសនេះ ឬអ្នករស់នៅក្នុងស្រុកជាច្រើនក៏កំពុងរកកិច្ចសន្យា ជួលបណ្តោះអាសន្នដែលមានរយៈពេលខ្លីដែរ។ វាអាចផ្តល់ឱកាសឲ្យអ្នកបញ្ចប់ការបង់ប្រាក់ តាមកិច្ចសន្យាជួលដោយធ្វើឡើង តាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្នសម្រាប់អ្នកជួលរយៈពេលខ្លីក្រោយទៀត៕

លោកឧកញ៉ា នួន រិទ្ធីៈ សន្តិភាពរបស់កម្ពុជា ដែលរកបាននិងការពារដោយប្រមុខរាជរដ្ឋាភិបាល ផ្តល់ឱកាសក្រុមហ៊ុនKFA ឈរជើងយ៉ាងរឹងមាំក្នុងវិស័យអចលទ្រព្យរយៈពេល៥ឆ្នាំមកនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងឱកាសខួបគម្រប់៥ឆ្នាំ (២០មីនា ឆ្នាំ២០១៥ ២០២០ មីនា ឆ្នាំ២០២០) នៃក្រុមហ៊ុនKFA លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន បានបង្ហាញនូវការដឹងគុណ និងថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកសាងនិងការពារសន្តិភាពជូនកម្ពុជា ធ្វើឱ្យក្រុមហ៊ុនដែ​លរកស៊ីក្នុងវិស័យអចលវត្ថុមួយនេះ អាចឈរជើងបានយ៉ាងរឹងមាំ ជួយជំរុញសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ មិនានេះថា “ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន KFA សូមថ្លែងអំណរគុណ និងដឹកគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង និងការពារសន្តិភាព ធ្វើឱ្យកម្ពុជាមានសន្តិភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន ផ្តល់ឱកាសឱ្យក្រុមហ៊ុនរបស់យើងខ្ញុំ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសូមអរគុណដល់ស្ថាប័នធនាគារ រួមទាំងអតិថិជនទាំងអស់ផងដែរ ដែលបានជឿជាក់ និងទុកចិត្តមកលើសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ”។

លោកឧកញ៉ាបានបន្តទៀតថា អ្វីៗដែលយើងទទួលបាននៅពេលនេះ ដោយហេតុមានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ ជាពិសេសគោលនយោបាយបើកចំហរជើងមេឃរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់អ្នកវិនិយោគ ធ្វើឱ្យក្រុមហ៊ុន KFA មានឱកាសក្នុងការចូលរួម និងទទួលបានលទ្ធផលគួរជាទីមោទន រហូតមកដល់ពេលនេះ។

លោកឧកញ៉ាបន្តថា “អរគុណសន្តិភាព ដែលបានអនុញ្ញាត និងផ្តល់ឱកាសឱ្យក្រុមហ៊ុនរបស់ខ្ញុំមានវឌ្ឍនភាព និងរីកចម្រើនដូចសព្វថ្ងៃនេះ”៕

តើកត្តាអ្វីនាំឱ្យការិយាល័យរួម (Co-working Space) ទាក់ទាញសហគ្រិនវ័យក្មេងដែលបើកអាជីវកម្មផ្តួចផ្តើមថ្មី?

ដោយ ហ្សូលី

ភ្នំពេញ៖ ការិយាល័យរួម (Co-Working Space) ដែលជាកន្លែងធ្វើការសម្រាប់សហគ្រិនឯករាជ្យវ័យក្មេងឬជាក្រុមមានសមាជិកតិច ដែលមានបំណងបើកអាជីវកម្មផ្តួចផ្តើមថ្មី បច្ចុប្បន្នវាកំពុងទាក់ទាញនិងមានភាពពេញនិយមច្រើនដោយសារកត្តាចំបងមួយចំនួន។

បើតាមឱ្យដឹងពីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ បានបញ្ជាក់ថា « ការិយាល័យរួមមានអត្ថប្រយោជន៍ច្រើនដោយមានផ្តល់បរិក្ខារពេញលេញដូចជា គ្រឿងសង្ហារឹម បណ្តាញអ៉ិនធឺណែត ម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់រៀបចំខ្លួនឯងនោះទេ។»

លោកពន្យល់ថា ក្រុមហ៊ុនតូចៗឬសហគ្រិនវ័យក្មេងមិនចាំបាច់ជួលការិយាល័យធំៗផ្ទាល់ខ្លួនឡើយ ព្រោះទីនោះមានតម្លៃថ្លៃ ដូច្នេះការិយាល័យរួមនឹងផ្តល់ឱ្យនូវតម្លៃសមរម្យដែលអាចផ្តល់ជាការបង់ប្រចាំខែគិតទៅតាមម៉ែត្រការ៉េឬតុ។ ប៉ុន្តែបច្ចុប្បន្នទីផ្សារគិតជាតុច្រើនជាង អាចអង្គុយបាន ៣ទៅ៤នាក់ រីឯតម្លៃវិញមានចាប់ពី៣០០ដុល្លារឡើងទៅ តាមចំនួនតុ។

មិនតែប៉ុណ្ណោះ កត្តាគួរឱ្យទាក់ទាញមួយទៀតនោះ លោក វ៉ា វីរៈ បានលើកឡើងថា « ក្រុមហ៊ុនឬអាជីវកម្មផ្តួចផ្តើមថ្មីអាចកំណត់ទីតាំងរបស់ការិយាល័យរួមបាន ឧទាហរណ៍ នៅពេលមានការទម្លាក់ទំនិញ ផ្ញើសំបុត្រ ឯកសារនានា ព្រមទាំងរបស់របរចាំបាច់ផ្សេងៗនោះបានដោយមិនចាំបាច់ព្រួយបារម្ភច្រើន។»

ទន្ទឹមនេះ លោកសង្កត់ធ្ងន់ថា សហគ្រិនអាចមានឱកាសជួបមនុស្សច្រើននៅទីនោះ អាចប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ និងជួយសហការគ្នាទៅវិញទៅមក ព្រោះភាគច្រើនការិយាល័យរួមច្រើនតែស្ថិតនៅតំបន់ទីប្រជុំជន ងាយស្រួលជួបពិភាក្សាជាមួយអតិថិជនផងដែរ។

អ្នកជំនាញមួយរូបដែលជាអគ្គនាយកក្រុមហ៊ុន ERA គឺលោក ខន គង្គារ បានមានប្រសាសន៍ប្រាប់គេហទំព៍រ Property Area Asia នេះថា « កត្តាមានច្រើនដូចជា ការិយាល័យរួមអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗអាចធ្វើការមានវិជ្ជាជីវៈ ហើយមួយទៀតនោះបើពួកគាត់ទៅជួលការិយាល័យធំៗ អាចនឹងមិនមានលទ្ធភាពជួល ដូច្នេះការិយាល័យរួមនេះនឹងផ្តល់ឱកាសឱ្យពួកគាត់បាន។»

ជាការពិត ការិយាល័យរួមមិនទាន់មានការរីកដុះដាលទូទាំងប្រទេសកម្ពុជានៅឡើយទេ ដោយឡែកមានច្រើនតំបន់គួរសមក្នុងទីក្រុងភ្នំពេញដូចជា ម្តុំបឹងកេងកង ទួលទំពួង បឹងព្រលឹត និងទួលគោកជាដើម។ យ៉ាងណាមិញ អ្នកវិនិយោគលើវិស័យការិយាល័យរួមសម្រាប់ជួលឬហៅថា Co-working Space នេះ ចាប់ផ្តើមលូតលាស់បន្តិចម្តងៗ ព្រោះថាកម្ពុជាកំពុងមានការកើនឡើងខ្លាំងនូវសហគ្រិនឬអ្នកដែលចង់រកស៊ីមុខជំនួញផ្សេងៗ៕

រដ្ឋាភិបាលចាប់ផ្តើមឲ្យមន្រ្តីរាជការធ្វើការតាមអនឡាញ

ដោយ៖ ម៉ៃ វីរៈ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះនៃជំងឺ COVID-19 ជាសកលមក បណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋជាច្រើនបានឲ្យបុគ្គលិកនឹងមន្ដ្រីជាច្រើនត្រូវបានឲ្យទៅធ្វើការតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះដែរក្រសួងមួយចំនួននៃប្រទេសកម្ពុជាបានអនុញ្ញាតឲ្យមន្រី្តរបស់ខ្លួន បំពេញការងារពីផ្ទះ តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្រសួង ដែលអនុញ្ញាតឲ្យមន្រី្ត ធ្វើការពីផ្ទះ មានដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម និង ទីស្ដីការគណៈរដ្ឋមន្រី្ត ជាដើម។ រដ្ឋសភា ក៏ប្រកាសឲ្យមន្ត្រីធ្វើការនៅផ្ទះដែរ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នផ្សេងៗទៀត ទោះមិនបានអនុញ្ញាតឲ្យមន្ត្រីធ្វើការនៅផ្ទះ តែក៏បានចេញវិធានការតឹងរ៉ឹង ក្នុងការការពារពីជំងឺកូវីដ-១៩ បញ្ហាសុខភាព និង តាមដានពីប្រវត្តិមន្រី្តខ្លួន ជាពិសេសមន្ត្រីដែលទើបវិលត្រឡប់ពីក្រៅប្រទេស ត្រូវដាក់ឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ។ ទន្ទឹមនឹងនេះ ប្រសិនបើមានករណីចាំបាច់ មន្រី្តអាចធ្វើការតាមប្រព័ន្ធអនឡាញ ដើម្បីធានានិរន្តរភាពការងារ។

គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៤៧នាក់ហើយ ដែលបានឆ្លងជម្ងឺកូវីដ១៩ និងមានមនុស្សជាង១ពាន់នាក់ បានទៅធ្វើតេស្តស្វែងរកវីរុសនេះ៕

អ្នកជំនាញមានសុទិដ្ឋិនិយមខ្ពស់លើវិស័យអចលនទ្រព្យកម្ពុជាក្រោយបញ្ចប់ វិបត្តិCovid-19

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងបរិបថនៃការគំរាមគំហែងពីមេរោគCovid-19 ទៅលើពិភពលោកនៅពេលពេលបច្ចុប្បន្ននេះ បានជះឥទ្ធិពលមួយចំនួនមកលើកម្ពុជា ដែលក្នុងនោះ វិស័យអចលនទ្រព្យ ក៏កំពុងស្ថិតនៅក្នុងភាពប្រឈមផងដែរ។

យ៉ាងណាមិញ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានធ្វើការព្យាករណ៍ថា វិស័យអចលនទ្រព្យ នឹងមានភាពល្អប្រសើរឡើងវិញលើសដើម ក្រោយវត្តមានរបស់Covid-19 ត្រូវបានសាបសូន្យអស់ទាំងស្រុង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ដរាបណាការរាតត្បាតរបស់មេរោគមួយនេះនៅតែបន្ត ភាពល្អប្រសើរគ្រប់វិស័យនៅតែមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ។

លោកបានបន្តទៀតថា “បញ្ហាដែលបង្កឡើងដោយមេរោគCovid-19 ជារឿងសំខា​ន់​បំផុត ចំពោះឱនភាពនៃសេដ្ឋកិច្ច។ ប៉ុន្តែប្រសិនបើការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់បានទាំងស្រុងដូចការគ្រោងទុក និងការព្យាករណ៍របស់ចិន វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងមានពន្លឺ និងភាពល្អប្រសើរឡើងវិញ នៅដំណាច់ចុងឆ្នាំ២០២០នេះ”។

លោក អ៊ិន ណាង បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ មានគម្រោងធំៗជាច្រើនដែលវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនអន្តរជាតិ បានផ្អាកសកម្មភាព ដោយ​សារតែបញ្ហាមេរោគមួយនេះ រហូតថ្នាក់ដឹកនាំប្រទេសនានាប្រកាសបិទទ្វារ ដែលជាហេតុធ្វើឱ្យម្ចាស់គម្រោងទាំងអស់នោះ មិនអាចចូលមកដំណើរការបាន ប៉ុន្តែក្រោយពេលដែលវិបត្តិCovid-19 ត្រូវបានសាបរលាបទាំងស្រុង គម្រោងទាំងអស់នេះនឹងបន្តមានសកម្ម​ភាពឡើងវិញជាក់ជាមិនខាន ហើយវាក៏ជម្រុញទៅដល់គម្រោងតូចៗ ខាងក្រោមឱ្យមានភាពល្អប្រសើរផងដែរ ដូចជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាការទិញ-លក់ក្នុងវិស័យដីធ្លីផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង ឫទ្ធី បានមានប្រសាសន៍ថា សម្រាប់ភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តត្រូវការពេលវេលាបន្ថែមទៀតក្រោយ Covid-19 ត្រូវបានលុបបំបាត់។

លោកឧកញ៉ាបានបន្តទៀតថា “ភាពភ័យខ្លាចរបស់មនុស្ស គឺជាកត្តាចម្បងបំផុត ដែលជះឥទ្ធិពលដល់ការវិនិយោគ និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ”។ លោកបន្ថែមថា “   ម៉្យាងទៀត ទោះជាប្រសិទ្ធភាពនៃថ្នាំបង្ការ ក៏ដូចជាប្រសិទ្ធភាពនៃការលុបបំបាត់មេរោគ ដែលកំពុងតែរាតត្បាតលើពិភពលោកមួយនេះ ដូចការគ្រោងទុករបស់អ្នកជំនាញចិន ប៉ុន្តែសម្រាប់វិស័យ ដែលអាចនឹងមានសកម្មភាពជាងគេ មិនមែនជាវិស័យអចលនទ្រព្យនោះទេ”។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តទៀតថា វិស័យដែលអាទិភាពមាន២ គឺវិស័យកសិ​កម្ម និងវិស័យឧស្សាហកម្ម ដែលនឹងត្រូវបានរដ្ឋាភិបាលជម្រុញ លើកទឹកចិត្តលើការវិនិយោគ ព្រោះវិស័យទាំង២នេះ មានភាពចាំបាច់បំផុតនៅក្នុការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាគ្រួសារប្រជនកម្ពុជាផងដែរ។ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ អាចនឹងមានកម្រើកបន្តិចនៅចុងឆ្នាំ២០២០ ឬ២០២១ ជាពិសេសវិស័យលំនៅដ្ឋាន និងការទិញ-លក់ ដីធ្លី ដែលភាគច្រើនជាតម្រូវការ និងការផ្គត់ផ្គង់ក្នុងស្រុក។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា នៅក្នុងអំឡុងពេលនេះ យើងនៅមិនអាចធ្វើការព្យាករណ៍លម្អិតបាននៅឡើយនោះទេ បើទោះជាមានការប្រកាសថា ការទប់ស្កាត់មេរោគ និងការបង្កើតថ្នាំការពារ Covid-19 លេចចេញជាសញ្ញាវិជ្ជមានក៏ដោយ។

លោកបានបន្តទៀតថា “ពេលនេះភាពប្រាកដប្រជា ក្នុងការលុបបំបាត់ទាំងស្រុងនៅពេលណានោះ គេនៅមិនទាន់អាចកំណត់បាននោះទេ”។ លោកបន្តថា “ម៉្យាងទៀត បើទោះជាការលុបបំបាត់ទាំងស្រុង ត្រូវបានធ្វើឡើងដូចការគ្រោងទុក របស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏ដោយ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ នៅតែត្រូវការពេលវេលាដែលយ៉ាងហោចណាស់ ៣-៦ ខែឬអាចច្រើនជាងនេះ ទម្រាំអាចលុបបំបាត់ភាពភ័យខ្លាច និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិនានាឱ្យចូលមកកាន់កម្ពុជា”។

លោកច្រឹក សុខនីម បានបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចទប់ស្កាត់ និងលុបបំបាត់នៅត្រឹមអំឡុងខែមិថុនានោះ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យក្នុងទ្រង់ទ្រាយមធ្យម ដែលរួមមានដូចជាលំនៅដ្ឋាន ដីធ្លី ក៏ដូចជាដីឡូតិ៍ជាដើម អាចនឹងមានសកម្មភាព ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុកតែប៉ុណ្ណោះ៕