អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាធ្លាក់ចុះក្រោម១០%ក្នុងឆ្នាំ២០២០

ដោយ ហ្សូលី

ភ្នំពេញៈ អត្រាភាពក្រីក្ររបស់ប្រជាជនក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះក្រោម១០ភាគរយ ដែលជាភាពជោគជ័យរបស់រាជរដ្ឋាភិបាល បានជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។

លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការបានប្រាប់អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានភាពជោគជ័យ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយបានធ្វើឲ្យអត្រាភាពក្រីក្រ បានធ្លាក់ចុះពី១៣.៥ភាគរយ នៅឆ្នាំ២០១៤ មកនៅក្រោម១០ភាគរយនាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “ការធ្លាក់ចុះកម្រិតភាពក្រីក្ររបស់ប្រជាជននេះ ដោយសារតែការប៉ាន់ប្រមាណចំពោះកម្រិតជីវភាពរបស់ពលរដ្ឋ ដែលចាកផុតពីក្រោមបន្ទាត់ក្រីក្រនេះ ដោយពួកគេអាចរកចំណូល បានជាមធ្យមគឺលើស៦០០០រៀលក្នុងមួយថ្ងៃ”។

លោកបញ្ជាក់ថា មូលហេតុដែលធ្វើអោយកម្ពុជា សម្រេចបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ រួមទំាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទៅតាមវិស័យនីមួយៗពាក់ពន្ធ័ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិស័យកសិកម្ម  សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀត ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានលទ្ធភាពលើកស្ទួយកម្រិតជីវភាពនៅតាមមូលដ្ឋានរៀងខ្លួន។

ក្រសួងផែនការ និងស្ថាប័នជំនាញ នឹងបង្កើនវិធានការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ពីការបំរែបម្រួលចំនួនរបស់ប្រជាជន ដែលរស់នៅក្នុងប្រទេស ឫក៏តំបន់ តាមរយៈ ឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ អត្រាកំណើត ការចំណាកស្រុក ការតាំងលំនៅថ្មី និង ដីកសិកម្ម ដើម្បីជួយប្រជាពលរដ្ឋក្រីក្រអោយចំទិសដៅ និងប្រសិទ្ធភាពក្នុងការជួយពួកគេងើបចេញពីបន្ទាត់ភាពក្រីក្រ៕

ធនាគាពិភពលោកផ្តល់ជំនួយឥតសំណង៧,៦៧លានដុល្លារដល់កម្ពុជាដើម្បីជំរុញ សេវាសាធារណៈ

ដោយ ប៊ី

ភ្នំពេញៈ ធនាគាពិភពលោកបានអនុម័តជំនួយឥតសំណង ចំនួនពីរកញ្ចប់បំពេញបន្ថែមទៀត ដែលមានតម្លៃ៧,៦៧ លានដុល្លារនៅថ្ងៃនេះ សម្រាប់គាំទ្រដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជា។

បើទុកជាមានការកែលម្អបានប្រសើរឡើងច្រើន គួរសមហើយក្តីនូវលទ្ធភាពទទួលបានសេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក៏គុណភាពរបស់សេវានេះនៅតែជាបញ្ហាប្រឈមធំមួយនៅឡើយ។

ការផ្តល់មតិដោយផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ ដែលបានជ្រាបអំពីសេវាទាំងនេះ ជាពិសេសពីសំណាក់ពលរដ្ឋទូទៅ ជាកត្តាសំខាន់មួយជំរុញឱ្យសេវាសាធារណៈនានាទទួលបានការកែលម្អគុណភាពកាន់តែប្រសើរឡើង នៅជុំវិញពិភពលោក។

កញ្ចប់ជំនួយឥតសំណងទីមួយ មានទឹកប្រាក់ចំនួន៥,៩៥លានដុល្លារអាមេរិក ត្រូវបានអនុម័ត ផ្តល់ទៅឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់ធ្វើសកម្មភាពនានាពាក់ព័ន្ធ ផ្នែកគណនេយ្យភាពសង្គម រួមមានការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋអំពីសេវានានាដែលពួកគាត់មានសិទ្ធិទទួលបាន និងអំពីការប្រើប្រាស់មូលនិធិសាធារណៈ។

អ្នកសម្របសម្រួលនឹងរៀបចំធ្វើនូវតារាងពិន្ទុ សម្រាប់ពលរដ្ឋធ្វើការវាយតម្លៃគុណភាពរបស់សេវាសាធារណៈ និងផ្តល់ការឯកភាពគ្នា នៅលើផែនការសកម្មភាពរួមមួយចំនួនជាមួយអ្នកផ្តល់សេវា សម្រាប់កែលម្អគុណភាពរបស់សេវាបន្តទៀត។

កញ្ចប់ជំនួយឥតសំណងទីពីរ មានទឹកប្រាក់ចំនួន១,៧២លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹងសមត្ថភាព របស់អ្នកផ្តល់សេវារដ្ឋាភិបាល នៅក្នុងការជូនព័ត៌មានដល់សាធារណជន អំពីការបំពេញមុខងារនិងការប្រើប្រាស់មូលនិធិដោយគណៈកម្មាធិការនេះ និងក្នុងការឆ្លើយតបឱ្យបានកាន់តែល្អឡើង ទៅនឹងមតិយោបល់របស់ពលរដ្ឋ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា “ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ជាចំណុចផ្តោតយកចិត្តទុកដាក់មួយ នៅក្នុងចំណោមផ្នែកសំខាន់ៗនានា នៅក្នុងឯកសារក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំនៅប្រទសកម្ពុជា”។

ធនាគារពិភពលោកបានចាត់ទុកក្របខណ្ឌ គណនេយ្យភាពសង្គមរបស់រដ្ឋាភិបាលថា ជាកិច្ចខិតខំទូទៅដ៏សំខាន់មួយ សម្រាប់បំពេញទៅលើការវិនិយោគ ក្នុងវិស័យអប់រំសុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត និងសេវាដទៃទៀត តាមរយៈអភិក្រមជាលក្ខណៈប្រព័ន្ធនិងប្រកបដោយចីរភាព ដើម្បីប្រមែប្រមូលពលរដ្ឋឱ្យចូលរួមពាក់ព័ន្ធ និងពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឱ្យអ្នកផ្តល់សេវាមានគណនេយ្យភាពនៅក្នុងការបំពេញមុខងាររបស់ខ្លួន។

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ មានគោលបំណងទ្រទ្រង់ដល់ការអនុវត្តដំណាក់កាលទីពីរ នៃគម្រោងក្របខណ្ឌគណនេយ្យភាពសង្គម ដែលមានអាយុកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្របខណ្ឌនេះគឺជាផ្នែកស្នូលមួយខ្វះមិនបាន នៅក្នុងកម្មវិធីកែទម្រង់វិមជ្ឈការរបស់រដ្ឋាភិបាល ដែលសំដៅពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ជាគំនិតផ្តួចផ្តើមរួមរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល ហើយស្ថិតក្រោមការចាត់ចែងរបស់គណៈកម្មាធិការដឹកនាំភាពជាដៃគូ (Partnership Steering Committee/PSC) ដែលមានក្រសួងមហាផ្ទៃ និងតំណាងរបស់អង្គការក្រៅរដ្ឋាភិបាល ជាសហប្រធាន។

គណៈកម្មាធិការនេះ មានសមាសភាពសមាជិក រវាងតំណាងមកពីក្រសួងនានានៃរដ្ឋាភិបាល — មានក្រសួងមហាផ្ទៃ, អប់រំ យុវជននិងកីឡា, សុខាភិបាល, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧស្សាហកម្ម និងសិប្បកម្ម, និង សាធារណការនិងដឹកជញ្ជូន —និងតំណាងសង្គមស៊ីវិល។

លោកង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធាននៃលេខាធិការ   ដ្ឋានរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោ​មជាតិមានប្រសាសន៍ថា “រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាព ISAF នេះដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះ ឱ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព”។

លោកបន្ថែមទៀតថា “ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព និងក្នុងការឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ពលរដ្ឋ និងវិស័យឯកជននាពេលអនាគត”។

គម្រោងនានានៅក្រោមភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់លើអ្នកផ្តល់សេវាសាធារណៈ ដែលរួមមានសាលារៀននិងមណ្ឌលសុខភាព ឃុំ សង្កាត់ ស្រុក និងរដ្ឋបាលក្រុង នៅក្នុងខេត្តចំនួន១០ គឺខេត្តបន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កែប និងខេត្តព្រះសីហនុ។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលយើងសម្រេចបានក្នុងប៉ុន្មានឆ្នាំមកនេះ លោកជឿជាក់ថា ជំនួយថ្មីនេះនឹងកាន់តែពង្រឹងបានថែមទៀតនូវការឆ្លើយតបរបស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា។

លោកបន្ថែមទៀតថា “ក្របខណ្ឌគណនេយ្យភាពសង្គមនេះ ជាយុគសម័យថ្មីមួយនៃការផ្តល់សេវាសាធារណៈ ដែលអមមកជាមួយនូវការលើកកម្ពស់ ឱ្យមានកិច្ចសន្ទនាបែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើឱ្យមានការប្រែប្រួលយូរអង្វែង នៅក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ”។

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ ស្ថិតក្រោមការគ្រប់គ្រងដោយធនាគារពិភពលោកនិងឧបត្ថម្ភហិរញ្ញវត្ថុ ដោយមូលនិធិមរតកសម្រាប់គណនេយ្យភាពសង្គម  និងការផ្តល់សេវានៅកម្ពុជា (Cambodia Social Accountability and Service Delivery Trust Fund) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វ៊ីស៕

ចិនត្រៀមត្រឡប់មកវិញជាមួយគម្រោងយក្សមួយចំនួននិងយុទ្ធសាស្រ្ត ស្តារសេដ្ឋកិច្ច៤ចំនុច

ដោយ ហ្សូលី

ប្រទេសចិនៈ ប្រទេសចិនបានរៀបចំកិច្ចប្រជុំប្រឹក្សារដ្ឋបន្ទាន់មួយ ដើម្បីឱ្យប្រទេសខ្លួនត្រៀមខ្លួនសារជាថ្មី ត្រឡប់យកមកនូវគម្រោងយក្ស5G និងពិភាក្សាអំពីយុទ្ធសាស្រ្តចំនួន៤ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ខណៈចិនបានរងការឈឺចាប់ពីមេរោគឆ្លងពាសពេញប្រទេស។

លោក Liu Shihu អនុប្រធានផ្នែកវិនិយោគនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងពន្លឿនការស្ថាបនាគម្រោងធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានគ្រោងទុកនាពេលកន្លងមកក្នុងនោះ រួមមាន គម្រោងសាងសង់ទាក់ទងនឹងបណ្តាញ5G និងមជ្ឈមណ្ឌលទិន្នន័យ។ វានឹងពង្រីកទំហំនៃចំណងពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងបង្កើនល្បឿននៃគម្រោងទាំងនេះ។

ទីប្រឹក្សារដ្ឋចិនបានដាក់បញ្ជានេះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងធ្វើឱ្យទីផ្សារប្រទេសចិនមានស្ថេរភាពឡើងវិញ។ រដ្ឋាភិបាលនឹងចាត់ទុកការបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យមានស្ថិរភាពការវិនិយោគមូលធន និងកំណើនការប្រើប្រាស់ក្នុងស្រុក។

រដ្ឋាភិបាលចិននឹងពង្រីកជំនួញថ្មីៗ ដើម្បីធានាថាកម្ចីត្រូវបានយកទៅប្រើប្រាស់សម្រាប់គម្រោងមានគុណភាពខ្ពស់ និងជួយកាត់បន្ថយផលវិបាកហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនខ្នាតតូចនិងគ្រឹះស្ថានមីក្រូនានា។

រដ្ឋាភិបាលបានលើកឡើងពីយុទ្ធសាស្រ្តចំនួន៤ ដែលចិនត្រៀមជើងព្រួលសម្រាប់ស្តារសេដ្ឋកិច្ចមានដូចជា ទី១ ការបង្វិលប្រាក់ពន្ធនាំចេញ៖ អត្រានៃការបង្វិលប្រាក់ពន្ធនាំចេញសម្រាប់ផលិតផលអនាម័យ និងសម្ភារៈផ្សេងៗ នឹងត្រូវកើនឡើង ១៣% ពី ៥%។

ទី២ កាត់បន្ថយតម្លៃប្រេងសាំង៖ គណៈកម្មាធិការអភិវឌ្ឍន៍និងកែទម្រង់ជាតិ បានកំណង់តម្លៃប្រេងសាំង និងម៉ាស៊ូតឱ្យកាត់បន្ថយត្រឹម១៤៤ដុល្លារអាមេរិក តែប៉ុណ្ណោះ​ក្នុងមួយធុង។ ទី៣ ជម្រុញឱ្យមានការប្រើប្រាស់កាតធនាគារ៖ យោងតាមធនាគារប្រជាជាតិចិន PBOC បានឱ្យដឹងថា ចំនួនប្រតិបត្តិការធនាគារធ្លាក់ចុះជិត១៥% ស្មើនឹង១៩០លានដុល្លារ ខណៈចំនូនគណនីធនាគារ នៅក្នុងប្រទេសកើនឡើង១២% ក្នុងរយៈពេលដូចគ្នា។

ទី៤ បង្កើនទីផ្សារហ៊ុន៖ ប្រធានសេដ្ឋវិទូបាននិយាយថា ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននាពេលថ្មីៗនេះ នឹងមានការកែតម្រូវឡើងវិញ ដោយសារតែស្ថានភាពតានតឹងក្នុងប្រទេសចិន។ យ៉ាងណាមិញ សេដ្ឋកិច្ចចិននឹងប្រសើរឡើងវិញនៅត្រីមាសទី២ និងទី៣ ជាពិសេសជួយគាំទ្រដល់ទីផ្សារភាគហ៊ុន ដែលគ្មានការប្រែប្រួលដូចទីផ្សារភាគហ៊ុនសកលទេ៕

វិភាគៈ តើរដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវដោះស្រាយបញ្ហាCovid19យ៉ាងដូចម្តេច?

ដោយយិន លាងគង់ៈស្ថាបនិនៃគេហទំព័ររPropertyarea.asia

ភ្នំពេញៈ មនុស្ស៥០០លាននាក់កំពុងស្នាក់នៅផ្ទះ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ហើយប្រជាជនខ្មែរស្ថិតក្នុងចំណោមប្រជាជនទាំងនោះ។ យើងកំពុងនៅក្នុងវិបត្តិ១ ដែលមនុស្សគ្រប់គ្នាភ័យស្លន់ស្លោលើបញ្ហាផ្លូវចិត្ត និងបារម្ភពពីបញ្ហាសុខភាពរបស់ពួកគេ។

វាមិនមែនជាពេលត្រូវបន្ទោសគ្នានោះទេ វាមិនមែនជាពេលសាចទឹកដាក់គ្នាទៀតឡើយ ប៉ុន្តែវាជាពេលរួបរួមដើម្បីសង្រ្គោះពិភពលោក ពិសេសឆ្នាំងបាយរបស់ប្រជាពល​រដ្ឋខ្លួនឯង។

ការររីករាលដាលដ៏លឿននៃមេរោគCovid19 បានធ្វើឲ្យគេនឹកឃើញសោកនាដ​កម្មនៅទ្វីបអឺរ៉ុបកាលពីឆ្នាំ១៩១៣ ដែលមេរោគស្រដៀងគ្នានេះ(Swan Flue)បានសម្លាប់មនុស្សប្រមា​ណ៣០លាននាក់ ប៉ុន្តែបញ្ហានៃមេរោគCovid19នេះ ទំនងជាមិនបង្កមហន្តរាយ និងសោក​នាដកម្មលើអ្វីដូចដែលបានកើតឡើង កាលពីជាង១០០ឆ្នាំមុននោះទេ។

ប៉ុន្តែរហូតមកទល់ពេលនេះ សោកនាដកម្មក៏បានកើតឡើងផងដែរ ព្រោះនៅលើពិភពលោក មានមនុស្សសរុបជាង១០,០០០នាក់ហើយបានស្លាប់ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជាង២៤៥,០០០នាក់ និងជាសះស្បើយវិញជាង៨៨,០០០នាក់ ហើយប្រទេសចិនបាន និងកំពុងនាំមុខគេលើការបញ្ឈប់ការឆ្លងរាលដាល និងការស្លាប់ដោយ​សារជំងឺនេះ ទោះបីជាជំងឺនេះបានផ្ទុះចេញពីទីក្រុវូហាន ប្រទេសចិនខ្លួនឯងក្តី។

         ដំណោះស្រាយ និងបញ្ហាប្រឈមនៅកម្ពុជា

         រដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបាន​ចាត់វវិធានការណ៍ភ្លាមៗ លើការបិទសាលារៀនជាលើកដំបូងនៅខេត្តសៀមរាប និងបន្តបិទទូទាំងប្រទេស ហើយរោងភាពយន្ត និងKTV បិទការប្រគុំតន្រ្តី និងកម្មវិធីជាច្រើនផងដែរ ។

ការរបិទទ្វារព្រំដែនរៀតណាម ជាមួយកម្ពុជាដែលផ្តោតលើការធ្វើដំណើរ (លើកលែងការដឹកជញ្ជូនទំនិញ) ការមិនអនុញ្ញាត្តឲ្យប្រជាជន មកពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបចូលទឹកដីកម្ពុជា សុទ្ឋតែជាវិធានការណ៍ចាំបាច់ និងបន្ទាន់ដែលបានដាក់ចេញ ខណៈអ្នកឆ្លងជំងឺCovid19បានកើនឡើងដល់៤៧នាក់ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះជាជនបររទេស និងប្រជាជនកម្ពុជា។

ការដាក់ចេញវិធានការណ៍ចាំាំបាច់ដទៃទៀត គួររតែធ្វើឡើងដូចជាប្រជាជនមកពី  បណ្តាប្រទេសនានា ដែលមានការរាតត្បាតជំងឺនេះ គួរតែត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ តាមវិធានណែនាំរបស់អង្គការសុខភាពពិភពលោក។

ជាមួយគ្នានេះរដ្ឋាភិបាលគួរដាក់ឲ្យអ្នកដំណើរ ដែលមកពីប្រទេសផ្សេងៗដែលមានការររីករាលដាលមេរោគនវ សម្រាកនៅទីតាំាំងមានសុវត្ថិភាពរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន​សុខភាពរបស់ពួកគេ ដែលជាការធ្វើឲ្យប្រាកដថា ពួកគេគ្មានមេរោគទៅចម្លងដល់សមាជិកគ្រួសារ និងសហគមន៍របស់ពួកគេ។

មិនមែនជាពេលវេលាត្រូវកេងប្រវវ័ញ្ច

នៅពេលមានបញ្ហាភ័យខ្លាចពីប្រជាជនកម្ពុជា ក៏ដូចជាតាមបណ្តាប្រទេសនានា ទំនិញនៅតាមទីផ្សារបានឡើងថ្លៃ ពិសេសនៅកម្ពុជាដែលវាជាចេតនាអាក្រក់មួយ ពិសេ​សម៉ាស់បិទមុខបានឡើងថ្លៃកប់ពពក ដោយសារការឆ្លៀតឳកាសទាញយកផលចំណេញដោយអសីលធ៌មរបស់អ្នកជំនួញមួយចំនួន។

វាគួរជាពេលយកអាសារគ្នា វាមិនមែនជាពេលវេលារបស់អ្នកជំនួញ យកផលចំណេញពីស្ថានភាពនេះទេ អរិយជនឬជនមានសីលធ៌ម មានចំណេះដឹង មានជំនាញ មានគុណធ៌ម គួរតែរួបរួមគ្នា គួរតែជួយគ្នាជាជាងកេងប្រវ័ញ្ចពីគ្នាបែបនេះ។

ការប្រកាន់ ការរើសអើងមិនគួរមាននៅក្នុងសង្គមមនុស្ស ដែលមានអរិយធ៌មឡើយ ប៉ុន្តែការមានសន្តានចិត្តជួយគ្នា ចេះរួបររួមគ្នា ទើបជាគុណតម្លៃនៃមនុស្សដែលមានគុណតម្លៃ។

ការរួបរួមគ្នាធ្វើឲ្យខ្មែរខ្លាំង ធ្វើឲ្យខ្មែររីកចម្រើន ព្រោះអង្គរវត្តសាងសង់ឡើងបានដោយ​សារការររួបរួមគ្នា មិនមែនកើតបានដោយសារក្រុមមនុស្សអញនិយម ឬក្រុមហ៊ុនខ្លួនជាទីពឹងនៃខ្លួនឯង ដែលធ្វើឲ្យសង្គមបែកបាក់នោះឡើយ។

         ដំណោះស្រាយចំពោះមុខ  

         ការរួមដៃគ្នារវាងប្រជាជន និងរដ្ឋាភិបាល ដើម្បីកំចាត់មេរោគCovid19 ជាអ្វីដែលត្រូវធ្វើនាពេលនេះ និងធ្វើទាំងអស់គ្នា ហើយអ្វីដែលប្រជាជនត្រូវធ្វើ ទី១ ត្រូវអនុវត្តន៍នូវវិធានអនាម័យតាមការណែនាំ ​របស់អង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាល ដូចជាឧស្សាហ៍លាងដៃ កាត់បន្ថយការជួបជុំ ក្អកឬកណ្តាស់ ត្រូវយកក្រម៉ាឬកន្សែងខ្ទប់មាត់ និងពេលមានបញ្ហាឡើងកំដៅខ្លាំងត្រូវទៅពិនិត្យសុខភាពជាដើម។

ការរក្សាការប្រុងប្រយ័ត្ន និងការអនុវត្តន៍នូវវិធានណែនាំរបស់អង្គការសុខភាពពិភពលោក នឹងធ្វើឲ្យយើងមានសុវត្ថិភាព ហើយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងទំនុកចិត្តពីសំណាក់គ្រូពេទ្យនានា ដែលជាអ្នកធ្វើការជាមួយអាយុជីវិតមនុស្សផ្ទាល់ ត្រូវតែឈរ​លើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ជាជាងការធ្វេសប្រហែស គិតបញ្ហាលុយជាធំ ខណៈគ្រូពេទ្យនៅកម្ពុជា ត្រូវបានសាធារណៈជនរិះគន់ជារឿយៗ ពីបញ្ហាក្រមសីលធ៌មវិជ្ជាជីវៈ និងចំណេះដឹងនៅមានកម្រិតរបស់ខ្លួន។

វាមិនមែនជារឿងត្រូវស្តីបន្ទោសគ្រូពេទ្យនោះទេ ប៉ុន្តែបុត្រាម្នាក់របស់សម្តេចតេជោ លោកបានរិះគន់រួចទៅហើយ ករណីជនជាតិមូស្លីម ដែលមកពីប្រទេសម៉ាឡេស៊ី ពេលទៅពិនិត្យសុខភាពមិនត្រូវបានយកចិត្តទុកដាក់ ហើយបណ្តាលឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍ពួកគេមួយចំនួន។

         ជំនួញនិងបញ្ហាប្រឈម

         គ្រប់មុខជំនួញស្ទើរទាំងអស់បាន និងកំពុងប្រឈមមុខនឹងការបិទទ្វារ និងការក្ស័យទុន ដោយសារការប្រកាសបិទរបស់រដ្ឋាភិបាលមួយចំនួន លើការប្រគុំតន្រ្តី ការបិទKTVនិងរោងភាពយន្តជាដើម។

សំណួរនៅទីនេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ?? ចម្លើយនៅទីនេះគួរតែមានយន្តការមួយចំនួន និងច្បាស់លាស់បន្ថែមទៀតពីរដ្ឋាភិបាល ដូចជា ទី១ ការជួយឧបត្ថម្ភធនពីរដ្ឋាភិបាលលើមុខជំនួញ ឬអាជីវកម្មមួយចំនួន ព្រោះរដ្ឋាភិបាលបានប្រកាសត្រៀមបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរួចហើយ ទី២ ការទម្លា​ក់អត្រាការប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន (រដ្ឋាភិបាលបានស្នើឲ្យពន្យាពេលបង់ប្រាក់រួចហើយ) ជាជាងបញ្ចេញថវិកាតែម្យ៉ាង ដោយសារវាជាបំណុលដែលត្រូវប្រជាជនរ៉ាប់រងបន្តទៀត ខណៈដែលធនាគារកណ្តាល នៅតាមបណ្តាប្រទេសនានាបានទម្លាក់់អត្រាការប្រាក់ទាបបំផុត ឬស្មើសូន្យ ដើម្បីជួយប្រជាជនឬអាជីវកម្មនៅប្រទេសរបស់ពួកគេ។

ទី៣ ម្ចាស់អាជីវកម្មឬអ្នកជំនួញខ្លួនឯង គួរធ្វើការរៀបចំផែនការថ្មីទាក់ទងនឹងអាជីវកម្ម ឬការលក់របស់ពួកគេ ឧទាហរណ៍នៅប្រទេសចិន នៅកំឡុងពេលនេះបានផ្តោតលើការលក់អចលនទ្រព្យតាមអនឡាញ ជាជាងការជួបប្រាស្រ័យទាក់ទងផ្ទាល់ ទី៤ អ្នកជំនួ​ញខ្លួនឯង ក៏ត្រូវតែពង្រីកការលក់ និងការចែកចាយរបស់ខ្លួនដល់ដៃអតិថិជន តាមរយៈការបញ្ចុះតម្លៃ តាមរយៈការដឹកជញ្ជូនដល់លំនៅដ្ឋានផ្ទាល់ បន្ទាប់ពីមានការបញ្ជាទិញតាមអនឡាញ ទី៥ ការបន្តពង្រឹងសុខភាព​ផ្លូវចិត្ត ជាជាងការបិទអាជីវកម្ម(លើកលែងតែអាជីវកម្ម ដែលប្រ​កាសបិទដោយរដ្ឋាភិបាល) ដោយសារការភ័យស្លន់ស្លោពេក ព្រោះការធ្វើជំនួញកំឡុងពេលនេះ ក៏ជាឳកាសពង្រីកនូវផលិតផលថ្មី តាមរយៈការពង្រឹងសមត្ថភាពក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន។

ហេតុនេះការពង្រឹងការថែរទាំសុខភាព ការអនុវត្តន៍នូវវិធានទាំងឡាយរបស់ក្រសួ​ងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងការគាំទ្រពីរដ្ឋាភិបាលជាក់ស្តែងពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការភ័យខ្លាច ហើយជំនួសវិញនូវការប្រុង​ប្រយ័ត្ន។ នេះជាអ្វីដែលមានសារៈសំខាន់ជាសារវ័ន្ត ដើម្បីប្រជាជនអាចបន្តធ្វើដំណើរទៅមុខជាមួយ​នឹងការរក្សាបាននូវសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្តរបស់ពួកគេ៕

រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទការចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែងនិងជើងឯកជាបណ្តោះអាសន្ន

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទ ការចូលទស្សនាមជ្ឈមណ្ឌលប្រល័​យពូជសាសន៍ជើងឯក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៩ មីនានេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់ក្រុមហ៊ុនជេស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី  នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល ហើយថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជាបានរកឃើញនូវជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រួមទាំងនៅលើជនបរទេ​សសញ្ជាតិផ្សេងៗផងដែរ។

លិខិតដដែលបញ្ជាក់ទៀតថា ដើម្បីចូលរួមអនុវត្តវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាកិច្ចការអាទិភាពចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទមិនឱ្យមានការចូលទស្សនា ឬស្រាវជ្រាវនានានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះតទៅ រហូតដល់មានការសម្រេចជាថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ បានចុះកិច្ចសន្យាសម្បទានទៅឱ្យក្រុមហ៊ុន ជេស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី  កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០០៥ ដើម្បី គ្រប់គ្រង លើមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ៕

មេFacebook និងលោក Bill Gates ផ្តល់ជំនួយក្រុមអ្នកស្រាវជ្រាវនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19

ដោយ ប៊ី

ភ្នំពេញៈ មូលនិធិរបស់លោកMark Zuckerberg ដែលមានឈ្មោះ Chan Zuckerberg Biohub និងមូលនិធិរបស់លោក Bill Gates បានជួយឱ្យអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជា មានលទ្ធភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។

នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg បាននិយាយថា អង្គការសប្បុរសធម៌របស់លោក Chan Zuckerberg Initiative បានជួយដោះសោរការស្រាវជ្រាវមួយ ដែលអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ដោយមានភាពជាដៃគូជាមួយមូលនិធិ Gate។

នៅក្នុងការបង្ហោះតាមហ្វេសប៊ុកមួយ ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ លោកZuckerberg បានរៀបរាប់លម្អិតអំពីវិធានការណ៍ ដែលហ្វេសប៊ុកកំពុងចាត់វិធានការណ៍ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺCOVID-19 ដូចជាការផ្តល់កន្លែងផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ ដល់អង្គការសុខភាពពិភពលោក (WHO) និងការតាមដានមើលព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងមេរោគនេះ។

លោកបានបន្ថែមទៀតថា “តាមរយៈភាពជាដៃគូ រវាងមូលនិធិសប្បុរសធម៌របស់យើង និងមូលនិធិហ្គេតអ្នកស្រាវជ្រាវនៅកម្ពុជា អាចមានលទ្ធភាពតម្រង់ហ្សែនពេញលេ​ញនៃវីរុសដែលបង្កឱ្យមានជម្ងឺ COVID-19 នាពេលខាងមុខ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងលឿនសម្រាប់ពួកគេដើម្បីកំណត់ថាតើមនុស្សមានមេរោគនេះ”។

លោក Zuckerberg បានសរសេរថា “ក្រុមនេះបានបង្កើតឧបករណ៍សាធារណៈ IDSeq ថ្មី ដូច្នេះអ្នកវិទ្យាសាស្ត្រនៅគ្រប់ទីកន្លែង អាចសិក្សាពីហ្សែនពេញលេញនៅក្នុងបរិបទទូលំទូលាយ នៃជំងឺឆ្លងមេរោគដែលត្រូវបានផ្ទុកឡើងនៅជុំវិញពិភពលោក”។

ការផ្តល់ជំនួយនេះបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងពេលវេលាពិតប្រាកដក្នុងការចម្លងវីរុស COVID-19 នៅក្នុងសហគមន៍ពិភពលោក។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើននៅជុំវិញពិភពលោក ដែលទទួលបានការបណ្តុះបណ្តាលជីវវិទ្យា និងជីវវិទ្យាម៉ូលេគុលពីក្រុមជំងឹជំងឺឆ្លងនៅBiohub ដោយទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងការគណនាលើវេទិកាអាយ IDseqនិងឧបករណ៍ចាំបាច់ និងគ្រឿងផ្គត់ផ្គង់ដើម្បីចាប់ផ្តើមដំណើរការនៅក្នុងប្រទេសរបស់ពួកគេតាមរយៈជំនួយនេះ។

ដោយមានការបណ្តុះបណ្តាល និងការផ្គត់ផ្គង់ ក្រុមអ្នកស្រាវជ្រាវកម្ពុជាអាចវាយតម្លៃយ៉ាងសកម្មនូវអ្វី ដែលកំពុងកើតឡើងនៅក្នុងស្រុកដោយរៀបចំ និងរៀបចំហ្សែនពេញលេញនៃវីរុសCOVID-19 នៅក្នុងផ្ទះដែលជំនួសឱ្យការបញ្ជូនសំណាកទាំងនោះ ទៅមន្ទីរពិសោធន៍នៅប្រទេសមួយផ្សេងទៀតដើម្បីដំណើរការពិនិត្យ។

ការផ្ទេរសំណាកអាចធ្វើឱ្យពួកគេខូច ហើយសំខាន់ជាងនេះត្រូវការពេលវេលាបន្ថែម – ពេលវេលាដែលមានតម្លៃជាង នៅពេលផ្ទុះឡើងនេះ។ ការរៀបលំដាប់លំដោយលឿនជាងមុនមានន័យថា ការចែករំលែកទិន្នន័យទាំងនោះលឿនជាងមុន ដូច្នេះអ្នកស្រាវជ្រាវកាន់តែច្រើន អាចទទួលបានការវាយតម្លៃពីពួកគេ រួមទាំងអ្នកស្រាវជ្រាវដែលមិនមានជីវវិទ្យាម៉ូលេគុល និងសមត្ថភាពវិស្វកម្មជឿនលឿន នៅក្នុងបន្ទប់ពិសោធន៍ផ្ទាល់របស់ពួកគេ៕

ការដឹកទំនិញនៅតាមកំពង់ផែភ្នំពេញនៅតែដំណើរធម្មតា បើទោះបីកម្ពុជារកឃើញជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ក) នៅតែបន្តការងារអាជីវកម្ម ឬ ប្រតិបត្តិការជាប្រក្រតី ដោយពុំមានការផ្ទាក ឬបិសកម្មភាពអាជីវកម្ម ឬ ប្រតិបត្តិការឡើយ។ នេះ បើតោសេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ។

ជាមួយគ្នានេះ កំពង់ផែស្វយ័តភ្នំពេញ បានស្នើដល់អតិថិជនទាំងអស់ចូលរួមសហការអនុវត្តតាមការណែនាំរបស់ចត្តាឡីស័កទាំងអស់គ្នា ដើម្បីទប់ទល់នឹងស្ថានភាពជំងឺកូវីដ ១៩ ដែលបាននឹងកំពុងរីករាលដាលជាសកល ខណៈកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវី ១៩ ឬ កូរូណាវីរុសនេះ ចំនួន ៤៧ ករណី ដោយគិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ។

របាយការណ៍កំពង់ផែស្វយ័តភ្នំពេញធ្លាប់បានបានបង្ហាញកន្លងមកនេះថា ប្រទេសដែលបាននាំចូលទំនិញមកកាន់កម្ពុជាតាមរយៈកំពង់ផែស្វយ័តភ្នំពេញ មាន ៧០ ភាគរយមកពីប្រទេសចិន ៩ភាគរយមកពីប្រទេសវៀតណាម និងប្រទេសផ្សេងទៀតប្រហែល ២០ ភាគរយ ។ ទំនិញនាំចូលភាគច្រើន ជាវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ និង គ្រឿងសំណង់។

តាមរបាយការណ៍នេះបានកត់សម្គាល់ថា ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែភ្នំពេញប្រចាំឆ្នាំ ជាមធ្យមមានកំណើន ១៤,៤ ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។ កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រ ក្នុងជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ។

សម្រាប់គម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា បញ្ហា Covid-19 ធ្វើឱ្យប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការបានអះអាងថា ដោយសារតែការរីករាលដាលនៃមេរោគCovid-19 ក្រៅពីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាក៏បណ្ដាលឱ្យប៉ះពាល់ដោយផ្នែកទៅលើផែនការអភិវឌ្ឍជាតិផងដែរ ពិសេសផែនការអភិវឌ្ឍយុទ្ធសាស្ដ្រជាតិឆ្នាំ២០១៩-២០២៣ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ លោក    ថេង បញ្ញាធន បានមានប្រសាសន៍នៅក្នុងសន្នីសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រសួងផែនការ»កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ថា ជាធម្មតាការរៀបចំផែនការងារ អ្នកជំនាញបានកំណត់ក្នុងជំពូកមួយ ដែលនិយាយអំពីហានិភ័យក្នុងដំណើរការ នៃការអនុវត្តផែនការ ដូច្នេះអ្វីដែលជាវិធានការអន្ដរាគមន៍ដំបូងនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ចាប់ផ្ដើមធ្វើការបែងចែក ឬវិភាជថវិការបស់រ  ដ្ឋាភិបាល ដើម្បីអន្ដរាគមន៍។

លោកបានបន្ថែមទៀតថា ការងារទាក់ទងនឹងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិនេះ ជាទូទៅមួយឆ្នាំអ្នកពាក់ព័ន្ធត្រូវធ្វើការតាមដានវាយតម្លៃ វឌ្ឍនភាព នៃការសម្រេចបានការអនុវត្តផែនការនេះ ដូច្នេះនៅពេលដែលធនធានថវិកាមួយចំនួន មិនបានយកមកប្រើប្រាស់សម្រាប់អនុវត្តផែនការ ដូច្នេះការងារអាទិភាពមួយចំនួនមិនបានសម្រេចទៅតាមអ្វីដែលជាចំណុចកំណត់នោះទេ។ ប្រសិនបើមិនបានសម្រេចនូវអ្វីដែលកំណត់នោះទេ ជាលក្ខណៈបច្ចេកទេស យើងធ្វើការកែសម្រួលឡើងវិញ នូវអ្វីដែលជាផែនការអាទិភាព ទើបឈានទៅអនុវត្តបន្ដទៀត។

ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួន៣រួមមាន ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ក្នុងអាណត្តិកាលរបស់ផែនការនេះ ទាំងមូលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។

ទី២ ដើម្បីកំណត់នូវបណ្តាវិធានការ គោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅក្នុងដំណាក់កាល នៃអាណត្តិកាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាព នៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

ទី៣ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួងស្ថាប័ននានា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពិនិត្យ និងកំណត់អាទិភាពឡើងវិញថា ការងារណាដែលមិនទាន់ចាំបាច់ក្នុងពេលនេះ ត្រូវផ្អាកសិន ដោយហេតុលទ្ធភាពថវិកាមួយចំណែក ត្រូវអន្ដរាគមន៍បន្ទាន់ ដើម្បីលើកកម្ពស់ការងារក្នុងវិស័យសុខាភិបាល ទប់ស្កាត់មេរោគ Covid-19៕

ការលក់សម្ភារៈសំណង់នៅកម្ពុជាមិនទាន់ឃើញមានការធ្លាក់ចុះដោយសារ COVID-19 នោះទេ

ដោយ ប៊ី

ភ្នំពេញៈ ជំងឺ COVID-19 មិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ លើទីផ្សារស៊ីម៉ងត៍ និងសម្ភារៈសំណង់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលកំពុងរក្សានូវតម្រូវការខ្លាំងនាពេលបច្ចុប្បន្ននេះ។

វិស័យសំណង់នៅកម្ពុជាបានរាយការណ៍ថា មិនមានការធ្លាក់ចុះនៃតម្រូវការ ដោយសារតែជំងឺរាតត្បាតគ្របនេះទេ ខណៈដែលតម្លៃស៊ីម៉ងត៍កំពុងមានលំនឹងល្អ។

លោក Wirot Phanitphotchamarn ប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនស៊ីម៉ងត៍កំពតបានមានប្រសាសន៍ថា តម្រូវការនៅតែរឹងមាំសម្រាប់ស៊ីម៉ងត៍ និងសម្ភារៈសំណង់ ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្ម ការវិនិយោគរយៈពេលវែង និងកំណើនគ្រួសារ និងប្រជាជន។ យើងជឿជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលវែង។

ក្រុមហ៊ុនស៊ីម៉ងត៍កំពតបានឱ្យដឹងថា “ក្រុមហ៊ុននឹងមិនបន្ទាបតម្លៃផលិតផលរបស់ខ្លួននៅតាមទីប្រជុំជន ដូចជាខេត្តសៀមរាប និងក្រុងព្រះសីហនុទេដែលការភ័យខ្លាចចំពោះការផ្ទុះឡើងនៃជំងឺ COVID-19 បានធ្វើឱ្យលំហូរភ្ញៀវទេសចរថយចុះ ដោយសំអាងថាទីផ្សារនៅតែរឹងមាំ”។

លោក Phanitphotchamarn មានប្រសាសន៍ថា “យើងមិនមានការព្រួយបារម្ភអំពីតម្លៃនោះទេ ព្រោះវាជាបញ្ហានៃតម្រូវការ និងការផ្គត់ផ្គង់។ ក្រុមហ៊ុនអេសស៊ីជីផ្តោតលើគុណភាព និងតម្លៃ”។

តំណាងផ្នែកលក់របស់ក្រុមហ៊ុនច្រាយ សុគន្ធ លក់គ្រឿងសំណង់ដែលមានមូល  ដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាលបានប្រាប់អន្តរជាតិមួយថា តម្លៃស៊ីម៉ងត៍នៅលើទីផ្សារមិនបានផ្លាស់ប្តូរទេ។

លោកស្រីបាននិយាយថា ឃ្លាំងរបស់លោកស្រី បានដាក់ការបញ្ជាទិញស៊ីម៉ងត៍៣ ប្រភេទគឺខេស៊ីម៉ងត៍ ដែលជាផលិតផលរបស់ក្រុមហ៊ុនស៊ីម៉ងត៍កំពត កំពុងលក់ក្នុងតម្លៃ ១០៣ដុល្លារអាមេរិកក្នុងមួយតោន។ ទន្ទឹមនឹងនេះផលិតផលស៊ីម៉ងត៍ Camel របស់ជីបម៉ុងអ៊ីនជីស៊ីម៉ងត៍លក់ក្នុងតម្លៃ១០១ដុល្លារសហរដ្ឋអាមេរិក និងស៊ីម៉ងត៍បាត់ដំបងស៊ីម៉​ងត៍ដាក់លក់ក្នុងតម្លៃជាង៩០ដុល្លារអាមេរិកក្នុងមួយតោន៕ (Cement News)។

កម្ពុជា-វៀតណាម ដាក់ចេញ នូវគោលការណ៍ចំនួន៤ សម្រាប់ សម្រួលដល់ការដោះដូរទំនិញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយមានការសម្រេចប្រកាសបិតច្រកព្រំដែនជាបណ្តោះអាសន្នទៅលើការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំង២ប្រទេស មន្ត្រី នៃប្រទេស កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធទៅនឹងការរកដំណោះស្រាយ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញក្នុងវិស័យពាណិជ្ជកម្ម ដោយការដាក់ចេញនូវគោលការណ៍ចំនួន៤ ជាដំណោះស្រាយ។

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ៖

១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។

២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។

៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។

៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជនដែលមានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ដោយអនុវត្តតាមវិធានការពារ ដែលណែនាំដោយចត្តាឡីស័ក។

ដំណោះស្រាយទាំង៤ជម្រើសនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ៕