រដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ

0

ដោយ ៖ ប៊ី
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យទីផ្សារទំនិញបើកបន្ថែមពីលើយន្តការដែលមានស្រាប់ ខណៈភាគីទាំងពីរ បានឯកភាពនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃនេះ។

លោក សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជា បានថ្លែងថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទីផ្សារទំនិញត្រូវបានបើកបន្ថែមពីលើយន្តការដែលមានស្រាប់។

លោកបានបន្តថា ច្រកចូលទីផ្សារផ្នែកសេវាកម្ម ក៏ត្រូវបានធ្វើឱ្យប្រសើរឡើង កិច្ចសហប្រតិបត្តិការិនិយោគ ត្រូវយកចិត្តទុកដាក់លើសសរស្តម្ភនៃការជំរុញ និងសម្រួលវិនិយោគ វិធានការដើមកំណើត នីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាយន្តការអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ក៏ត្រូវបានរៀបចំឡើងដោយមានភាពច្បាស់លាស់ និងអនុគ្រោះ។

លោក បានថ្លែងថា “វិស័យពាក់ព័ន្ធនានា ត្រូវបានកំណត់នៅក្នុងកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងសម្រួលពាណិជ្ជកម្មរវាងភាគីទាំងពីរ និងផ្តល់លទ្ធភាពដល់ភាគីទាំងពីរ អាចពិគ្រោះយោបល់ និងឯកភាពលើការជ្រើសរើសវេទិកា និងនីតិវិធីដោះស្រាយវិវាទ”។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៏មានសារៈសំខាន់របស់កម្ពុជា។ នៅពេលចូលជាធរមាន កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ជាពិសេស ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ទៅកាន់ទីផ្សារដ៏ធំរបស់ចិន តាមរយៈការឯកភាពលើការបើកទីផ្សារទំនិញបន្ថែមនេះ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក តាមរយៈការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជាប្រែក្លាយកម្ពុជាជាប្រទេសមានសក្តានុពលទាក់ទាញវិនិយោគធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារចិន។

កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផល និងផ្លែផ្គាដែលកើតចេញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការប្តេជ្ញាបន្តរឹតចំណងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត និងរឹងមាំលើគ្រប់វិស័យ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃប្រទេសទាំងពិរ។

សេចក្តីប្រកាសព័ត៌មានខាងលើ បានឱ្យដឹងថា “ភាគីទាំងពីរ បានឯកភាពនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានប្រាប់គេទំព័រ Propertyarea.asia កាលពីថ្មីៗនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយពីសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។
លោកបន្តថា “ការកិច្ចការងារនេះសុក្រឹត្យជាងមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង”។

លោកបន្តថា “ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន”។
លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។

លោក ថ្លែងទៀតថា “ចំណុចដែលយើងអាចទទួលបានសារៈប្រយោជន៍ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿនពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលូនជាងមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here