CBRE៖ អ្នកវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកនឹងនៅតែបន្តសកម្មខ្លាំង ក្នុងឆ្នាំ២០២០

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនជំនាញអចលនទ្រព្យCBRE បានឱ្យដឹងថា អ្នកវិនិយោគអច​លនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តការវិនិយោគ និងកាន់តែមានសកម្មភាពច្រើននៅក្នុងឆ្នាំ ២០២០នេះ។

បើតាមការស្ទង់មតិនៅឆ្នាំ ២០២០នេះបង្ហាញថា អ្នកវិនិយោគទិញលក់អចលនទ្រព្យនានានៅបន្តចរន្តទិញលក់ដដែល បើទោះបីជាមានការរំខាន ដោយសារមេរោគក៏ដោយ។ កាវបណ្តាក់ទុនវិនិយោគលើវិស័យនេះ មានស្ថេរភាពល្អប្រសើរប្រមាណជា៧៥ ភាគរយឯណោះ ដូចគ្នាទៅនឹងឆ្នាំ២០១៩។

ក្រុមហ៊ុនCBRE បង្ហាញសញ្ញាវិជ្ជមានថា ការទម្លាក់ការប្រាក់ ស្របតាមសេដ្ឋកិច្ចនៅតាមតំបន់និមួយៗ ដើម្បីគាំទ្រតម្លៃអចលនវត្ថុ ចំពេលសក្តានុពលទីផ្សារ និងសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថា នឹងមាននិរន្តភាពនៅក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Henry Chin ប្រធានស្រាវជ្រាវនៅ APAC / EMEA នៅ CBRE បានមានប្រសាសន៍ថា “ប្រាក់ចំណូលមានស្ថេរភាព និងទិន្នផលខ្ពស់ដែលផ្តល់ដោយអចលនទ្រព្យពាណិជ្ជកម្ម ដែលទាក់ទងទៅនឹងទ្រព្យផ្សេងទៀត បានក្លាយជាអ្នកគាំទ្រដ៏សំខាន់នៅពីក្រោយការវិនិយោគអចលនទ្រព្យ”។

នៅកន្លែងផ្សេងទៀតដូចជាទីក្រុងប៉េកាំង បានដាក់ទីក្រុងសៀងហៃ ជាទិសដៅវិនិយោគដែលពេញនិយមតបំផុត នៅក្នុងប្រទេសចិនជាលើកដំបូង ដែលគាំទ្រដោយតម្រូវការនិងមូលដ្ឋានផ្គត់ផ្គង់ ដែលមានសុខភាពល្អ មានទីតាំងវិមជ្ឈការនៅលើរ៉ាដារបស់វិនិយោគិន។

លោកGreg Hyland ប្រធានទីផ្សារមូលធនCBRE បាននិយាយថា ការឆ្លើយតបដែលទទួលបានបន្ទាប់ពីការផ្ទុះឡើង នៃមេរោគឃើញថា មានអ្នកវិនិយោគកាន់តែច្រើន។ បរិយាកាសអត្រាការប្រាក់ទាបនេះ នឹងធានាបាននូវទិន្នផលអចលនទ្រព្យ រីករាលដាល បើធៀបនឹងថ្លៃដើម នៃហិរញ្ញប្បទាននៅតែមានភាពទាក់ទាញ។

វិនិយោគិនផ្តោតលើការទទួលបានប្រាក់ចំណេញខ្ពស់ នឹងបន្តអនុវត្តយុទ្ធសាស្រ្តបន្ថែមតម្លៃ ខណៈពេលដែលវិនិយោគិនតិចជាងមុន។ មួយវិញទៀត ត្រូវបន្តកិច្ចព្រមព្រៀង ដែលមានកាលានុវត្តភាពដោយសារតែហានិភ័យខ្ពស់។

ទោះយ៉ាងណាទស្សនវិស័យរយៈពេលវែង ត្រូវបានគេរំពឹងថានឹងមានភាពល្អប្រសើរដោយការស្ទុះងើបឡើងវិញ នៅអាស៊ីប៉ាស៊ីហ្វិកមានច្រើនជាង សេដ្ឋកិច្ចតំបន់ផ្សេងទៀត៕

ដើម្បីទប់ទល់និងចាប់យកឱកាសពេលទីផ្សារអចលនទ្រព្យមានវិបត្តិគួរធ្វើបែបណា?

ដោយគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីវិធីសាស្រ្តមួយចំនួន ដើម្បីទប់ទល់ហានិភ័យ នៅពេលទីផ្សារអចលនទ្រព្យជាទីផ្សារលិច-អណ្តែត ដែលវិស័យនេះតែងតែ អណ្តែតបួនដប់ឆ្នាំ លិចបីបួនឆ្នាំ។

លោកង៉ែត ជូអ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consultingបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានវិធីសាស្រ្ត៤យ៉ាង ដើម្បីអាចជួយអោយអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសបានទៀតផងដូចជា ទី១ ច្នៃអចលនទ្រព្យអោយមានលំហូរសាច់ប្រាក់: មានវិធីសាស្រ្ត២យ៉ាង ដែលអ្នកអាចច្នៃអចលនទ្រព្យ ឲ្យទទួលបានលំហូរសាច់ប្រាក់។

វិធីសាស្រ្តទី១ ការលក់បង់រំលស់រយៈពេលវែង និងវិធីសាស្ត្រទី២គឺការដាក់ជួល។

លោកបន្តថា “ការដាក់ជួលជាការល្អម្យ៉ាងដែរ ប្រសិនបើអចលទ្រព្យរបស់អ្នកនៅមានសក្តានុពលខ្ពស់ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វ២”។

ទី២ រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង: អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេ​ងដូចជាប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីកំឡុងឆ្នាំ២០០៧-២០១០ វិស័យនេះមានវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង លោកបានចាប់យកឱកាស តាមរយៈប្រើប្រាស់លំហូរសាច់ប្រាក់ពីប្រាក់ខែ ដើម្បីទទួលកម្ចីពីធនាគារមកធ្វើការវិនិយោគដោយមិនញញើតដៃ។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានវិនិយោគ នៅពេលមានវិបត្តិបែបនោះទេ។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យហុងកុង លោក លីកាស៊ីង សំរុកទិញដីធ្លីនៅកំឡុងពេលដែលប្រទេសស្ថិតក្នុងវិបត្តិធំៗ ដូចជា នៅពេលមានបដិវត្តន៍វប្បធម៌ និង កុប្បកម្មនៅទីលានធានអាមិន។ ប្រភពទុនក្នុងការវិនិយោគ គឺលោកទទួលបានពីផលចំណេញនៃការផលិតផ្កាសិប្បនិម្មិត។

ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យថៃ លោកសុងសាក់ឌី អូឡាម បានប្រើ

ចំណូលពីសិប្បកម្ម ផលិតផ្កាសិប្បនិម្មិតទិញដីស្រែប្រាំង និងកសិដ្ឋានចិញ្ចឹមក្រពើនៅជាយក្រុងបាងកក ក្នុងកំឡុងឆ្នាំ១៩៨៥-១៩៨៦បានចំនួន១៦០ហិកតា។ ប្រមាណជា១០ឆ្នាំក្រោយ លោកបានអភិវឌ្ឍជាលំនៅដ្ឋាន និងអាគារពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក។

ទី៣ រក្សាបំណុលក្នុងកំរិតដែលអ្នកអាចគ្រប់គ្រងបាន: ពោលគឺលំហូរសាច់ប្រាក់ចូលពីប្រភពទាំងពីរខាងលើ គួរតែស្មើយ៉ាងតិច១៥០%នៃការតព្វកិច្ចសងបំណុល និងតំរូវការចាយវាយក្នុងគ្រួសារប្រចាំខែ។ និងទី៤ រៀនរស់ក្នុងជីវិតសាមញ្ញ: បើអ្នកមានទំលាប់រស់នៅសាមញ្ញ នោះអ្នកនឹងមិនមានសំពាធផ្លូវចិត្តនៅពេលទីផ្សារជាប់គាំងនោះទេ ព្រោះអ្នកមិនបានរំពឹងយកប្រាក់ ឬផលចំណេញពីការវិនិយោគមកចាយវាយហ៊ឺហារ។ ជារឿយៗ អ្នកខ្លះហៅថាជាការរស់នៅក្នុងជីវិតក្រាំង៕

ប្រទេសថៃអនុញ្ញាតឱ្យចូលប្រទេសខ្លួន លុះត្រាមានលុយ១សែនដុល្លារ និងលិខិតបញ្ជាក់សុខភាព

ដោយ ហ្សូលី

ប្រទេសថៃៈ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានតម្រូវឱ្យអ្នកធ្វើដំណើរមិនថាជនជាតិថៃ ឬជនបរទេសនោះទេ ដែលធ្វើដំណើរតាមយន្តហោះ ត្រូវបង្ហាញលិខិតបញ្ជាក់ពីស្ថានភាពសុខភាព និងលុយ១០០,០០០ដុល្លារ ទើបអនុញ្ញាតឱ្យចូលប្រទេសខ្លួន។

នេះគឺជាយន្តការដែលអាជ្ញាធរថៃ តម្រូវឱ្យមានជាដាច់ខាតជៀសវាងការឆ្លងរីករាលដាលមេរោគកូវីដ១៩។ លិខិតដែលបញ្ជាក់ពីស្ថានភាពសុខភាពនោះ ត្រូវសង្កត់ធ្ងន់ត្រង់ថា បញ្ជាក់ឱ្យច្បាស់ថាអ្នកដំណើរនោះ ពិតជាគ្មានវីរុសទើបអនុញ្ញាតឱ្យចូលប្រទេសថៃ។ អាជ្ញាធរថៃទុករយៈពេលឱ្យ៧២ម៉ោង សម្រាប់អ្នកដំណើរទៅធ្វើការបញ្ជាក់ពីសុខភាពរបស់ខ្លួន។

មានប្រទេសចំនួន១៥ ដែលត្រូវមានលិខិតបញ្ជាក់ពីស្ថានភាពសុខភាពនោះ មានដូចជា ចក្រភពអង់គ្លេស Denmark បារាំង អាល្លឺម៉ង់ ជប៉ុន(តាមទីក្រុង) NetherLands ណ័រវេស អេស្ប៉ាញ ស៊ុលដង់ ស្វីស និងអាមេរិក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍សំណូមពរ ឱ្យអ្នកធ្វើដំណើរបង្ហាញពីការធានារ៉ាប់រ៉ង ដែលស្មើនឹងទឹកប្រាក់ប្រមាណយ៉ាងច្រើនណាស់១០០,០០០ដុល្លារ ដើម្បីប្រាកដថា ពួកគេអាចមានលទ្ធភាពព្យាបាលខ្លួនពីជំងឺកូវីដ១៩ បន្ទាប់ពីត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន។ នេះសម្រាប់អ្នកធ្វើដំណើរណា ដែលបានឆ្លងកាត់ប្រទេសចិន ហុងកុង អ៉ីរ៉ង់ អ៉ីតាលី ម៉ាកាវ និងកូរ៉េជាដើម។

សម្រាប់អ្នកធ្វើដំណើររូប ណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ឬឯកសារដែលអាជ្ញាធរថៃត្រូវការទេនោះ គឺអាជ្ញាធរដាច់ខាតមិនអាចអនុម័ត ឱ្យអ្នកធ្វើដំណើរនោះហោះហើរឬឈានចូលមកប្រទេសថៃឡើយ។

អ្នកដែលអនុវត្តន៍តាមលក្ខខណ្ឌហើយ ត្រូវបានអនុញ្ញាតឱ្យឡើងជិះយន្តហោះ តែត្រូវផ្តល់អាស័យដ្ឋាន នៃកន្លែងស្នាក់នៅរបស់ពួកគេ នៅក្នុងប្រទេសថៃទាំងបែបបទជាលាយលក្ខណ៍អក្សរ ឬតាមកម្មវិធីទូរស័ព្ទ៕

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ការស្ថាបនាហេ  ដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ មានសន្ទុះលឿនបំផុតដែលអាចសម្រេចបានមុនផែនការ ខណៈដែលពេលនេះបានសម្រេចជាង៤០ភាគរយហើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ប្រ​សាសន៍ប្រាប់តាមទូរស័ព្ទថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយ បណ្តាញបង្ហូរទឹកនានា នៅទូទាំងក្រុងព្រះសីហនុ ជាលទ្ធផលគឺសម្រេចបានប្រមាណជាង៤០ភាគរយ។

លោកបានបន្តទៀតថា “ការសាងសង់ផ្លូវនេះ ជាទូទៅមានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃ និងយឺតនៅកន្លែងខ្លះ ដោយសារបច្ចេកទេសដាក់លូ ប៉ុន្តែត្រូវបានដោះស្រាយហើយ”។ លោកបន្តថា “ផ្លូវអូរត្រេះ តភ្ជាប់ទៅឆ្នេរដទៃទៀត ដូចជាឆ្នេរអូរឈើទាល ឆ្នេរសុខា ជាដើម ត្រូវបានចាក់បេតុង ដោយឡែក ចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។

លោកបន្តទៀតថា រាល់ថ្ងៃនេះ មិនមែនមានតែផ្លូវក្នុងក្រុងនោះទេ ដែលសម្រុកសាងសង់ ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ដូចគ្នា ដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុក និងទាន់ពេលវេលាដែលបានកំណត់។

រដ្ឋាភិបាលបានស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងដើ​  ម្បីឆ្លើយតបទៅនឹងសភាពការណ៍ នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជា ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។

លោកបន្តថា ផ្លូវទាំងនេះ ត្រូវប្រើរយៈពេលក្នុងការស្ថាបនា ត្រឹមតែ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប ដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេស ធានាបានគុណភាពខ្ពស់រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបាន ពីការដោះដូរធនធាន នៅខេត្តព្រះសីហនុ និងថវិការបស់រាជរដ្ឋាភិបាល ចំនួនប្រមាណជាង៣០០លានដុល្លារអាមេរិក ក្រោមការទទួលបន្ទុកដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕

អ្នកជំនាញៈ ការទិញដីឡូតិ៍នៅជាយក្រុងក្នុងពេលបច្ចុប្បន្នមានឱកាសចំណេញខ្ពស់

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យហាក់បីដូចជាមានភាពស្ងប់ស្ងាត់ ក្នុងនោះក៏មានអាជីវកម្មដីឡូតិ៍ផងដែរ ដោយសារតែការផ្ទុះនៃមេរោគឆ្លងកូវីដ១៩ ប៉ុន្តែយ៉ាងណាអ្នកជំនាញ និងអ្នកវាយតម្លៃអចលនទ្រព្យ ក៏បានបង្ហើបពីផលវិជ្ជមាន នៃការទិញដីឡូតិ៍ក្នុងពេលបច្ចុប្បន្នផងដែរ។

លោកអ៊ិន សំណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ ២០២០ នេះថា អ្នកដែលចង់វិនិយោគលើវិស័យដីឡូតិ៍ នាពេលនេះគឺជាឱកាស ព្រោះក្រោយពីកូវីដ១៩បញ្ចប់ទៅ អ្នកទិញអាចមានឱកាសចំណេញច្រើន។

លោកបន្តថា “អ្នកដែលហ៊ាន គឺជាឱកាសរបស់គាត់ហើយ ដូច្នេះគាត់គួរតែវិនិយោគនៅពេលនេះ”។លោកបន្តថា “តម្លៃដីឡូតិ៍នៅជាយក្រុងបច្ចុប្បន្ន មានភាពធូរថ្លៃច្រើនដូចជាតំបន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ ៤ ព្រោះថាផ្លូវជាតិលេខ៣ពង្រីកដល់ទៅ៦០ម៉ែត្រ ដែលសាងសង់បានប្រមាណ៤០%ហើយ”។

ចំណែករោងចក្រដែលនៅក្រុងភ្នំពេញ បាននិងកំពុងចាប់ផ្តើមរើទៅម្តុំតំបន់ផ្លូវជាតិលេខ៤ ដូច្នេះបន្តិចទៀតដីម្តុំនោះអាចនឹងឡើងថ្លៃ បើកាលណាអ្នកវិនិយោគទិញពីឥលូវទៅអាចចំណេញច្រើន។

ទន្ទឹមនេះអ្នកជំនាញមួយរូបទៀត លោក នី ទីណាត នាយកក្រុមហ៊ុនអចលនទ្រព្យ BASAK Realty បានគូសបញ្ជាក់ថា « ជាការពិត បញ្ហាកូវីដមិនមែនជាឧបសគ្គអ្វីយូរនោះទេ ខ្ញុំប៉ាន់ស្មានថាយ៉ាងច្រើន៣ ទៅ៤ខែទៀតវានឹងធូរស្រាលវិញហើយ”។លោកបន្ថែមថា “ក្នុងករណីអ្នកដែលមានលុយ គាត់អាចទិញដីឡូតិ៍បាន ប្រសិនបើមានគេចុះតម្លៃ ១០% ២០% ដែលនេះជាឱកាសចំណេញសម្រាប់ពួកគាត់”។

លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group មានអនុសាសន៍ថា  តាមពិតបើសិនជាអ្នកមានធនធាន ចង់ទិញដីឡូតិ៍សម្រាប់អនាគតនៅតែបាន ប៉ុន្តែសុំកុំរំពឹងខ្ពស់ពេក អាចរំពឹងត្រឹមចំនុចមួយបានហើយ ព្រោះកាលណារំពឹងខ្ពស់ពេក វាអាចជួបប្រទះបញ្ហា។ នៅឆ្នាំ ២០២០ នេះបញ្ហាអចលនទ្រព្យក៏មានបញ្ហាខ្លះៗដែរ មិនមែនគ្មានសោះនោះទេ។

យោងតាមការព្យាករណ៍របស់អ្នកជំនាញទាំង៣បានឱ្យដឹងថា ស្ថានភាពអចលនទ្រព្យ អាចនឹងមានភាពប្រសើរឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ដោយសារតែបញ្ហាវីរុស នៅប្រទេសចិនចាប់ផ្តើមបន្ធូរបន្ថយម្តងបន្តិចៗហើយ៕

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣កំពុងទាក់ទាញការវិនិយោគលើវិស័យ អចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការវិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល បានជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់យ៉ាងផុលផុសពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិតាមរយៈសាងសង់លំនៅដ្ឋាន ឃ្លាំង រោងចក្រ និងសហគ្រាសផ្សេងៗ ព្រោះហេដ្ឋារសម្ព័ន្ធនេះ ជាសសៃឈាននៃសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានប្រាប់គេហទំព័រpropertyarea.asia កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកស្រីបាន និងកំពុងតាមដានចំពោះសកម្មភាព វិនិយោគលើវិស័យអចលនទ្រព្យតាមបណ្តោ​យផ្លូវជាតិសំខាន់ៗ របស់គម្រោងវិយោគរបស់រដ្ឋាភិបាល ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលពោពេញទៅដោយមានសកម្មភាពរស់រវើក លើការវិនិយោគវិស័យអចលនទ្រ    ព្យ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣ នៅក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងទាក់ទាញ និងមានការផ្តោតយ៉ាងសំខាន់ពីសំណាក់វិនិយោគិនជាត និងអន្តរជាតិរួមមាន៖

១) គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣

ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាជិត៣០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ។ គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្ប​ទានពីរដ្ឋាភិបាលចិន ។

២) គម្រោងសាងសង់ផ្លូវល្បឿនលឿន

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុនេះ មានប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។

៣) គម្រោងស្ថាបនាផ្លូវក្រុងព្រះសីហនុ៣៤ខ្សែ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញនូវផ្លូវចំនួន៣៤ខ្សែ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ នៅក្រុងព្រះសីហនុ បានបើកជាផ្លូវការក្នុងទំហំទឹកប្រាក់សរុបជិត ៣០០លានដុល្លារអាមេរិក។ រដ្ឋាភិបាលសម្រេចហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងព្រះសីហនុនេះ បន្ទាប់ពីទីក្រុងនេះមានការទាក់ទាញ ការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់។

អ្នកជំនាញឱ្យដឹងថា “ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងនេះ និងបន្តទាក់ទាញការវិយោគលើវិស័យអចលនទ្រព្យ និងសំណង់បន្ថែមទៀត បន្ទាប់ពីការស្ថាបនាចប់”។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានឱ្យដឹងដែរថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលជាច្រើន និងធំៗនាពេលនេះនឹងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មផ្សេង។

សម្តេចបន្តទៀតថា ការសាងសងផ្លូវសំខាន់ៗ នៅក្នុងប្រទេសជំរុញឱ្យមានការទិញលក់ដីកាន់តែច្រើន សម្រាប់សាងសង់អគារពាំនិជ្ជកម្ម រោងចក្រ និងសហគ្រាសផ្សេង ដែលអាចផ្តល់ចំណូល និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានដីនៅតាមគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ៕

ចំណេះដឹង! តើអ្នកជាប់ពន្ធអចលនទ្រព្យត្រូវទៅចុះបញ្ជីនៅកន្លែងណា?

ដោយវុត្ថា

ភ្នំពេញៈ អ្នកជាប់ពន្ធមានកាតព្វកិច្ច ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះស្ថិតនៅរបស់ខ្លួន យ៉ាងយូបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះអចលនទ្រព្យដែលចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីវិញនៅឆ្នាំបន្តបន្ទាប់នោះទេ។

សម្រាប់ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនព្រទ្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋាន (www.tax.gov.kh )។

នៅពេលចុះទៅចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង រួមមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរឬសំបុត្រកំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។ សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ស្នាក់នៅ។ ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ឬវិញ្ញាបណត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។

ក្នុងករណីដែលអចលនទ្រព្យ បានទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់។ នៅពេលបានចុះបញ្ជីថ្មី អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ ការចុះបញ្ជីពន្ធលើអចលនទ្រព្យ ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ នៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ។ លេខអត្តសញ្ញាណកម្មសារពើពន្ធនេះ ត្រូវប្រើលើឯកសារដែលពាក់ព័ន្ធ នឹងពន្ធលើអចលនទ្រព្យទាំងអស់អស់។

នៅពេលដែលអចលនទ្រព្យមានការប្រែប្រួល អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានបន្ថែម ទៅតាមទម្រង់ ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ក្នុងករណីដែលអចលនទ្រព្យត្រូបបានបំបែកលក់ ផ្ទេរឬផ្តល់ជាអំណោយ។ ចំណែកអចលនទ្រព្យដែលបានបំបែកត្រូវចុះបញ្ជី។ ដីត្រូវបានយកទសាងសង់ផ្ទះ អគ្គារ ឬសំណង់ផ្សេងៗ។ ផ្ទះអគារ និងសំណងផ្សេងៗ ត្រូវបានសាងសង់បន្ថែមឬបន្ថយ ឬរំលាយចោល និងការផ្លាស់ប្តូរកម្មសិទ្ធិករអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ៕

ក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្មដ៏ល្បីរបស់់អង់គ្លេសទទួលបានសិទ្ឋរចនាប្លង់ ព្រលានយន្តហោះភ្នំពេញថ្មី

ដោយគង់ សូរិយា

         ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់ដ៏ធំ​ និងល្បីល្បាញនៅប្រទេសអង់គ្លេស Foster & Partners ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ១៥០០លានដុល្លារអាមេរិក។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។

ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន ដូចជាអគារដ៏ស្រស់ស្អាត Queen Elizabeth II Great Court និង Bloomberg London ជាដើម។

ព្រលានយន្តហោះភ្នំពេញថ្មី​ គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៦០០ហិកតា  និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោ​គទុនអាណិកជនកម្ពុជា (OCIC)​ ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។

ក្នុងការផ្តល់់បទសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប  និងOCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។

អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។

អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរចំនួន២៧លាននាក់ នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់៣០លាននាក់ស្របតាមផែនការមេ។

អ្នកឧកញ៉ា ពុង ឃាវសែបានបញ្ជាក់ទៀតថា “ក្រុមហ៊ុន នឹងជ្រើសរើសក្រុមហ៊ុនបរទេសមួយចំនួន រួមជាមួយនឹងការប្រើប្រាស់ធនធានបច្ចេកទេស និងបទពិសោធន៍របស់ក្រុមហ៊ុន​OCIC ផ្ទាល់។ នេះគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់គម្រោងមួយនេះ”។

អ្នកឧកញ៉ាថ្លែងទៀតថា គោលដៅនៃសាងសង់អាកាសយានដ្ឋានថ្មី ដើម្បីលើកកម្ពស់ដល់វិស័យសំណង់ ដោយនាំយកនូវបច្ចេកទេសថ្មីៗទំនើបៗមកអនុវត្តន៍ ដែលជាកត្តានាំឲ្យវិស័យសំណង់នៅកម្ពុជា កាន់តែមានភាពរីកចម្រើន ដើរទាន់ពិភពលោក។

ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជា ទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា ​និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ៕

ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុននាំមុខធំៗជាច្រើននឹងមកស្វែងរកឱកាសវិនិយោគ នៅកម្ពុជានាពេលខាងមុខ

ដោយ ប៊ី

ភ្នំពេញៈ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខក្នុងបំណងធ្វើការសិក្សាស្វែងយល់បន្ថែមពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ។ នេះបើយោងតាមការលើកឡើងរបស់លោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា។

ការលើកឡើងរបស់លោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបប្រជុំមួយជាមួយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។

លោកមីអាគី តាកាហាស៊ីបានថ្លែងថា “សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរបស់ជប៉ុននឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងធ្វើការសិក្សាស្វែងយល់ បន្ថែមអំពីឱកាសគោលនយោ​បាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជា ក្នុងការវិនិយោគ”។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ ជូនចំពោះលោក ហ្វូមីអាគី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយឆ្លៀតអញ្ជើញ មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលនេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងពីសក្តានុពលនៃវិស័យកសិកម្ម លក្ខ​ខ​ណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយ និងផែនការ អភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងគោលនយោបាយលើកទឹកចិត្ត លើការ​វិនិយោគវិស័យកសិកម្ម សម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបន្ថែមថា “បច្ចុប្បន្នកម្ពុជា មានសហគមន៍កសិកម្មជាច្រើន ដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្ម ឲ្យដល់កម្រិតមួយធានាបាន នូវគុណភាព តម្លៃបន្ថែម និងស្តង់ដា ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា”។

ក្រសួងក៏ទទួលបានជំនួយឧបត្ថម្ភជាច្រើនពីអង្គការជាតិ និងអន្តរជាតិមានដូចជាអង្គការ JICA, USAID, IFAD, AUSAID, KOICA, ADB and WB -ល-។ ហើយថ្មីៗ នេះ សហភាពអឺរ៉ុប (EU) បានជួយឧបត្ថម្ភថវិកាចំនួនជាង៨០លានដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍវិស័យជលផលផងដែរ ដោយផ្តោតជាសំខាន់ លើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងការកែច្នៃ។

ក្នុងខណៈនេះដែរ ក្រុមការងារនៃគម្រោងផលិតកម្មសូត្រ ដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាព នៃគម្រោង ដោយបានរំលេចពីលទ្ធផល សម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រ នៅផលិតជាសាប៊ូ ដែលមានគុណភាពល្អប្រសើរ សម្រាប់ស្រ្តី ហើយផលិតផលនេះ កំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។

សំខាន់មួយទៀត មានក្រុមហ៊ុនជប៉ុនមួយ បាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។

ថ្លែងនៅកាន់ភ្ញៀវក្នុងទឹកចិត្តសប្បាយរីករាយ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងសា​ទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរ នឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូលសំខាន់ជាងនេះ គឺជួយរក្សាមរតកប្រពៃណី ពីបុរាណរបស់ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។

ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែល ទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ហេតុផលនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវឆន្ទៈគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើវិស័យ វារីវប្បកម្មនាពេលអនាគត៕

ស្ថានីយ៍បូមទឹកសម្រាប់រំដោះទឹកចេញពីភាគខាងលិចឆៀងខាងជើងភ្នំពេញ ស្ថាបនាបាន៨០%ហើយ

ដោយ ហ្សូលី

ភ្នំពេញៈ ស្ថានីយ៍បូមទឹកសម្រាប់រំដោះទឹកចេញ ពីភាគខាងលិចឆៀងខាងជើងក្រុងភ្នំពេញមានឈ្មោះថា «ទួលសំពៅ» បានស្ថាបនាប្រមាណ៨០%ហើយ។

ស្ថានីយបូមទឹកទួលសំពៅមានទីតាំង ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជាប់នឹងខណ្ឌ សែនសុខ មកដល់ពេលនេះ អនុវត្តន៍សម្រេចបាន៨០ភាគរយហើយ។  ស្ថានីយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីភាគខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ព្រលានយន្តហោះភ្នំពេញ និងនៅតំបន់ជុំវិញ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍នៅទី១៩ខែមីនា ឆ្នាំ២០២០នេះថា គិតមកដល់ថ្ងៃនេះ ការសាងសង់ដោយបំពាក់ ម៉ាស៊ីនបូមទឹកបន្ថែម នៅស្ថានីយបូមទឹកទួលសំពៅអនុវត្តន៍ ការងារបានសម្រេច៨០ភាគរយហើយ។ ចំពោះសមត្ថភាពនៃស្ថានីយបូមទឹកទួលសំពៅ សម្រាប់ម៉ូទ័រចាស់មានមុខកាត់៨តឹកចំនួន៣គ្រឿង ដែលបានសាងសង់ឡើង កាលពីពេលអតីតអភិបាលរាជធានីភ្នំពេញមកម្ល៉េះ គឺអាចបូមទឹកបាន៥ម៉ែត្រគុបក្នុងមួយវិនាទី។

លោកបន្តថា “នៅដំណាក់កាលចុងក្រោយនេះ ក្រោមការដឹកនាំពីអភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបំពាក់ម៉ូទ័របន្ថែមចំនួន៤គ្រឿងទៀត ដែលមានមុខកាត់ទំហំ១ម៉ែត្រ អាចបូមទឹកបាន១២ម៉ែត្រគុបក្នុងមួយវិនាទី”។ លោកបន្ថែមថា “ក្រោយពីការស្ថាបនាស្ថានីយត្រូវបានបញ្ចប់នោះ ស្ថានីយនឹងមានសមត្ថភាពអាចបូមទឹកបានរហូតដល់១៧ម៉ែត្រគុបក្នុងមួយវិនាទី”។

ស្ថានីយបូមទឹកទួលសំពៅមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌកំបូល មួយផ្នែកនៅខណ្ឌសែនសុខ និងមួយផ្នែកទៀតរំដោះ ទឹកចេញពី ស្រុកអង្គស្នួល ពិសេសរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី និងតំបន់ជុំវិញ។

នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានស្ថានីយបូមទឹកទាំងថ្មី ទាំងចាស់ និងថ្មីចំនួន១៤កន្លែង ដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ដែលមិនទទួលការលិចលង់ដោយ ជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ៕