ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុនដ៏ធំរបស់ចិនមួយបានបង្ហាញពីគម្រោងបណ្តាក់ទុនវិនិយោគរហូតដល់ប្រមាណ១៦០លានដុល្លារ លើការសាងសង់ទីចំណតរថយន្តស្ដង់ដាចំនួន៣ទីតាំង ដែលស្ថិតនៅតំបន់ជាយរាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុន Good Car investmentរបស់ប្រទេសចិន លោកស្រី ឧញ៉ា ចាន់ សុទ្ធា នៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញបានលើកឡើថា ចំណតរថយន្តចំនួន៣ទីតាំង ដែលស្ថិតនៅក្នុងគម្រោងវិនិយោគមួយនេះស្ថិតនៅជាយរាជធានីភ្នំពេញ រួមមាន នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាល តំបន់ផ្លូវជាតិលេខ៦ ហើយមួយកន្លែទៀតកំពុងរកទីតាំងដែលស្ថិតនៅជាយក្រុង។
លោកស្រីឧញ៉ា ក៏បានបង្ហាញពីគោលបំណងនៃការវិនិយោគលើការនាំចូលប្រភេទរថយន្តដឹកទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមករាជធានីភ្នំពេញបន្ថែមពីលើគម្រោងកសាងចំណតរថយន្តចំនួន៣ទីតាំងដែលមានទឹកប្រាក់វិនិយោគ១៦០លានដុល្លារនេះផងដែរ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្វាគមន៏ចំពោះគោលបំណងខាងលើនេះ ព្រោះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវការចំណតរថយន្តជាចំណុចអទិភាពក្នុងទីក្រុងសព្វថ្ងៃដែលខ្វះចំណត។
លោកអភិបាលក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគ ដើម្បីប្រាកដពីភាពជោគជ័យលើការវិនិយោគ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមមកបង្ហាញគម្រោងរបស់ខ្លួន ដោយពុំមានឃើញលទ្ធផលដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឱ្យពួកគេបរាជ័យ៕






