កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ខ្នាតតូចជាង៦០០គម្រោងតម្លៃ៦០លានដុល្លារ ពីប្រទេសជប៉ុន

ដោយ ហ្សូលី

ភ្នំពេញៈ បើគិតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាយល់ព្រមទទួលយកជំនួយសម្រា​ប់អភិវឌ្ឍន៍ខ្នាតតូចចំនួនជាង៦០០គម្រោងហើយពីប្រទេសជប៉ុន។

ជំនួយនោះ នឹងត្រូវប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាជននៅកម្ពុជា។ នេះបើតាមប្រសាសន៍ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិជប៉ុន) នាព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២០ នេះនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩១រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តន៍ គម្រោងគូសាណូណិនេះចំនួន៦២៤គម្រោង នៅទូទាំងប្រទេសកម្ពុជា។

លោកMikami Masahiro បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥត សំណងក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិជប៉ុន) សម្រាប់ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដូចជានៅខេត្តរតនៈគិរី ក្រចេះ មណ្ឌលគិរី ពោធិ៍សាត់ ជាដើម ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ អាចទទួលបានទឹកស្អាត និងអនាម័យយ៉ាងងាយស្រួល ព្រមទាំងកែលម្អជីវភាពរស់នៅកា​ន់តែប្រសើរថែមទៀត។

ឯកអគ្គរាជទូតរំពឹងថា “គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុនទាំងអស់នេះ ពិតជានឹងទទួលបានផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា”។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយគូសាណូណិរបស់ជប៉ុន” ជាគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន។ គម្រោងនេះមានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍៕

GMAC ៖ ទីផ្សារនៅអឺរ៉ុប និងអាមេរិកមួយចំនួនបានផ្អាកការបញ្ជាទិញទំនិញ វាយនភ័ណ្ឌពីកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទើបតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម ពីប្រទេសមហាមិត្តចិន ដើម្បីសម្រួលដល់ដំណើរការសង្វាក់ផលិតកម្ម កាលពីសប្ដាហ៍មុននោះ ពេលនេះស្រាប់ទីផ្សារសំខាន់ធំៗមួយចំនួននៅអឺរ៉ុប និងទីផ្សារនៅអាមេរិក ផ្អាកការបញ្ជាទិញផលិតផលវិស័យកាត់ដេរពីកម្ពុជា ក្រោយទទួលរងការវាយប្រហារដោយមេរោគ Covid-19។

តាមរយៈការធ្វើបទសម្ភាសន៍ជាមួយវិទ្យុបារាំង-អន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC)បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀកបំពាក់ពីកម្ពុជាមួយចំនួន បានជូនដំណឹងមកខាងGMAC ដោយស្នើឱ្យមានការផ្អាក ការដឹកជញ្ជូនទំនិញវាយនភណ្ឌនៃវិស័យកាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប-អាមេរិក ដោយសារការរីករាលដាលនៃមេរោគ Covid-19។

លោកកាំង ម៉ូនីកា បានមានប្រសាសន៍ថា “ទីផ្សារបញ្ជាទិញមួយចំនួនបានស្នើឱ្យមានការផ្អាកដឹកជញ្ជូន ទំនិញទៅកាន់ទៅទីនោះ (ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប) ខណៈដែលពេលនេះទីផ្សារធំៗទាំង២ កំពុងទទួលរងនូវផលប៉ះពាល់ពី Covid-19 យ៉ាងខ្លាំង”។ លោកបានបន្តទៀតថា “ប្រឈមនឹងការរាលដាលនៃមេរោគ Covid-19 នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយចំនួន បានប្រកាសព្យួរការងារដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួលសរុបដល់កម្មករ និយោជិតចំនួន៦០ភាគរយ ភ្ជាប់នឹងលក្ខ​ខណ្ឌតម្រូវឱ្យកម្មករ ត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម។

ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនវត្ថុធាតុដើមជាច្រើននាវា មកកម្ពុជា ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្ម នៃវិស័យកាត់ដេរបានដំណើរការឡើងវិញ។

ក្រោមការជួយផ្គត់ផ្គង់វត្ថុធាតុដើមកាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យរោងចក្រមួយចំនួនមានដំណើរការសង្វាក់ផលិតកម្ម ដើម្បីផលិតទំនិញសម្រាប់ផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែបែរជាមិនមានទីផ្សារនាំចេញ ដោយសារអ្នកបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកឱ្យផ្អាកការផ្គត់ផ្គង់ទំនិញ ខណៈដែលតំបន់ទាំង២ ដែលជាទីផ្សារសំខាន់របស់វិស័យកាត់ដេរកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃមេរោគCovid-19។

ទោះយ៉ាងណា អ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថាសមា​គមនៅមិនទាន់ មានការសម្រេចយ៉ាងណានៅឡើយទេ ដោយពេលនេះកំពុងធ្វើការស្រង់ព័ត៌មានពីក្នុងចំណោមសមាជិករបស់ខ្លួនថា តើគួរតែមានការផ្អាកផលិតកម្មនៃវិស័យនេះជាបណ្តោះអាសន្ន ឬយ៉ាងណា៕

អាជ្ញាធរជាតិអប្សរាប្រកាសបិទសារមន្ទីរចំនួន ៣ នៅខេត្តសៀមរាប ដើម្បីបង្កាឆ្លងជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសបិទសារមន្ទីរចំនួន ៣ នៅក្នុងខេត្តសៀមរាប ក្នុងគោលដៅបញ្ចៀសការប្រមូលផ្តុំគ្នា ដែលងាយនឹងប្រឈមហានិភ័យនានា ជាពិសេសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

សេចក្ដីជូនដំណឹងស្ដីពីការបិទជាបណ្តោះអាសន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅបន្ទាប់ពី សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ ១៩ (Covid 19) ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា នឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលនិងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអនុប្រធាន ដែលមានសមាសភាព ចូលរួម ២៥រូប មកពីក្រសួង-ស្ថាប័ន- អភិបាលខេត្តរាជធានី ខេត្ត ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ច ដូចជា ៖ កំណត់គោលនយោបាយ និងយុទ្ធសាស្ដ្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់ លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្ដរជាតិ ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម។

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានដែលកម្ពុជារកឃើញមានចំនួន៣៧នាក់ ស្រី២ នាក់ និង ប្រុស ៣៥នាក់ ដែលក្នុងនោះមានជនជាតិចិនម្នាក់ នៅខេត្តព្រះស៊ីហនុបានជាសះស្បើយ អង់គ្លេស៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ បារាំង ២នាក់ ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ ម៉ាឡេស៊ី ៥នាក់ ខ្មែរ ២៤នាក់ ក្នុងនោះមានអ្នកដែលវិលត្រឡប់មកពី(ចូលរួម)ពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២១នាក់៕

សញ្ញាវិជ្ជមាន៖ ករណីឆ្លងថ្មីនៃវីរុស COVID-19 ធ្លាក់ចុះដល់ “សូន្យ”នៅប្រទេសចិន

ដោយ ប៊ី

ចិន៖ ប្រទេសចិនមិនមានករណីឆ្លងថ្មីនៃវីរុស COVID-19 នៅក្នុងស្រុកជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិដែលបានធ្វើឱ្យប្រជាជនចិនជាង ៨ ម៉ឺននាក់ឆ្លង។ ប៉ុន្តែវាអាចជាសញ្ញាមួយដែលប្រទេសនេះបានយកឈ្នះលើជំងឺនេះដែលបណ្តាលឱ្យស្លាប់។

ខណៈពេលដែលចំណុចកណ្តាលនៃការផ្ទុះបានផ្លាស់ប្តូរទៅទ្វីបអឺរ៉ុប ដែលបច្ចុប្បន្នមានករណីជាច្រើនត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃច្រើនជាងកម្រិតវិបត្តិនៅប្រទេសចិន អ្នកជំនាញខាងរោគឆ្លងព្រមានថាយក្សអាស៊ីអាចប្រឈមមុខនឹងរលកនៃការឆ្លងជាបន្តបន្ទាប់ដោយផ្អែកលើគំរូដែលត្រូវបានគេឃើញនៅក្នុងរោគរាតត្បាតផ្សេងទៀត។

ធម្មជាតិនៃវីរុសពិសេសនេះក៏បង្កើនហានិភ័យនៃការកើតឡើងវិញផងដែរ។ វីរុសនេះគឺពិបាកក្នុងការរកឃើញ និងមានរយៈពេលយូរជាងមួយដែលបណ្តាលឱ្យមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងឆ្នាំ ២០០៣ ដែលបានឆ្លងមនុស្សចំនួន ៨០០០ នាក់។ នោះនឹងធ្វើឱ្យរលកនាពេលអនាគតនៃជំងឺរាតត្បាតថ្មីកាន់តែពិបាកការពារ។

នៅពេលដែលប្រទេសដទៃទៀតកំពុងប្រយុទ្ធជាមួយនឹងការរស់នៅរបស់ពលរដ្ឋ ពួកគេនឹងត្រូវមើលប្រទេសចិន ដែលវីរុសនេះបានលេចចេញកាលពីខែ ធ្នូ ឆ្នាំ២០១៩ ដើម្បីមើលថាមានអ្វីកើតឡើងនៅពេលដែលវាទប់ទល់នឹងការបិទទ្វារយ៉ាងតឹងរ៉ឹង និងវិធានការណ៍ដាក់ឱ្យឃ្លាតឆ្ងាយពីសង្គម ដែលបានជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។

វាមិនមានករណីថ្មីណាមួយត្រូវបានគេរាយការណ៍កាលពីថ្ងៃ ព្រហស្បតិ៍ នៅទីក្រុងវូហាន ដែលជាទីក្រុងនៅខេត្តហ៊ូប៉ី ភាគកណ្តាលនៃប្រទេសចិនដែលការផ្ទុះឡើងនៃជំងឺនេះបានចាប់ផ្តើម។ មិនមានករណីថ្មីនៅក្នុងប្រទេសនេះអស់រយៈពេល ៧ ថ្ងៃដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកម្ពស់នៃការផ្ទុះដែលបានសម្លាប់មនុស្សជាង ៣,០០០ នាក់ និងបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ។

លោក David Heymann សាស្ត្រាចារ្យផ្នែករោគឆ្លងនៃសាលាក្រុងឡុង បាននិយាយថា វិធានការណ៍របស់ប្រទេសចិនដែលរាប់បញ្ចូលទាំងតំបន់ដាច់ស្រយាលមួយនៃខេត្តហ៊ូប៉ីដែលមានប្រជាជន ៦០ លាននាក់ទទួលបានជោគជ័យនៅក្នុងប្រទេស៕

រដ្ឋាភិបាលជប៉ុននៅតែបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ទោះជាប្រឈមនឹងវិបត្តិ Covid-19 ក៏ដោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីគោលបំណង និងឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់ថា មិនថាទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមនឹងវត្តបត្តិសាកលដែលកំពុងកើតមានក៏ដោយ រដ្ឋាភិបាលជប៉ុននៅតែបន្តការគាំទ្រ និងផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាដដែល។

តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេហទំព័រ Property area.asia ដែលទទួលបានមុននេះបានបញ្ជាក់ថា ទោះជាស្ថិតនៅក្នុងបរិការណ៍ពិភពលោក ដែលកំពុងតែមានគ្រោះអាសន្ននេះរដ្ឋាភិបាលជប៉ុន នៅតែមានឆន្ទៈខ្ពស់ និងស្មោះត្រង់ជាមួយកម្ពុជា ដោយការបន្តកិច្ចគាំទ្រ និងផ្តល់ជំនួយក្នុងនាមជាដៃគូអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហុីរូ មុីកាមុី (Masahiro MIKAMI) បានមានប្រសាសន៍ប្រាប់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចជំនួបពិភាក្សាការងារកាលពីពេលថ្មីៗនេះថា “នៅក្នុងអាណត្តិបំពេញកិច្ចការទូតនេះ ខ្ញុំនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តនូវកិច្ចគាំទ្រ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌ ដូចជាហិរញ្ញប្បទានឥតសំណងជាដើម”។

លោកបានបន្តទៀតថា “ជំនួយផ្សេងៗទៀតរួមមានដូចជា ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ”។ ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលតែងផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា- ជប៉ុន នាពេលកន្លងមកនេះ ហើយលោនឹងបន្តជួយផ្សព្វផ្សាយ និងជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែល្អបន្ថែមទៀត ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក៏ដូចជាធនធានជាច្រើនមកដល់រដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា “រដ្ឋាភិបាលជប៉ុន តែងតែផ្ដល់នូវកិច្ចគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ក្នុងភាពជាដៃគូតាំងពីដើមរៀងមក ដែលសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុននៅតែជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា”៕

មន្ត្រីជំនាញចាប់ផ្តើមចុះសិក្សាលម្អិត ពីគម្រោងផែនការស្តារឡើងវិញនូវព្រលានយន្ដហោះបាត់ដំបង

ដោយវុត្ថា

បាត់ដំបង៖ គណៈកម្មការចម្រុះរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋលេខាធិការអាកាសចរស៊ីវិល នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះបានបើកិច្ចប្រជុំដើម្បីអនុវត្តការចុះស្រង់ស្ថិតិ វាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិដើម្បីបើកដំណើរអាកាសយានដ្ឋានខេត្តបាត់ដំបងឡើងវិញនាពេលខាងមុខនេះ ។

កិច្ចប្រជុំគណៈកម្មការចម្រុះនេះ ដឹកនាំដោយ លោក តម តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាលក្រុង លោកអភិបាលស្រុកសង្កែ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក តិក សាលី បានរៀបរាប់អំពីគោលបំណង នៃការចុះធ្វើរដ្ឋបាលនៅបរិវេណដីជុំវិញអាកាសយាន្តដ្ឋានវាលបែកចានបាត់ដំបង ដើម្បីធ្វើការជួសជុលឡើងវិញ សម្រាប់បម្រើការងារយន្តហោះ ចុះឡើងនៅខេត្តបាត់ដំបង។

លោក ងួន រតនៈ បានស្វាគមន៍ និងសហការជាមួយគណ:កម្មការរួមគ្នាចុះធ្វើរដ្ឋបាលលើដីបរិវេណវាលយន្តហោះក្នុងខេត្តបាត់ដំបង ហើយបានទិន្នន័យច្បាស់លាស់មករាយការណ៍វិញ ជូនគណ:កម្មការក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត រហូតដល់ចប់ប្រកបដោយជោគជ័យ។

បន្ទាប់កិច្ចប្រជុំបច្ចេកទេសហើយ ក្រុមការងារគណៈកម្មការបានសម្រេចដាក់កម្មវិធីចុះទៅធ្វើរដ្ឋបាលទៅតាមជំហានៗ និងធ្វើការដោះស្រាយតាមកម្រិតជាក់ស្តែងផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកបុណ្យទន្លេលើកទី ៦ កាលពីសប្តាហ៍កន្លងមកនេះ បានជំរុញឱ្យមានការសិក្សា និងថែរក្សាឱ្យបានល្អនូវព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ បើទោះបីជាបច្ចុប្បន្នព្រលានយន្តហោះនេះ នៅមិនទាន់មានភាពចាំបាច់ក្នុងការសាងសង់ក្តី ប៉ុន្តែនៅពេលអនាគត នឹងត្រូវការអភិវឌ្ឍជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា បើទោះបីរយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះ សម្រាប់ខេត្តបាត់ដំបង។

សម្តេចបន្តថា “ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឱ្យសម្តេចក្រឡា ហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ”។

សម្តេចតេជោបានបន្តទៀតថា “បើទោះបីព្រលានយន្តហោះបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ប៉ុន្តែនៅពេលប្រជាជនមានការរីកចម្រើនផ្នែកជីវភាព តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ដូច្នេះតម្រូវឲ្យមានការហោះហើរក្នុងស្រុក ទើបត្រូវរៀបចំចក្ខុវិស័យទុកជាមុនបែបនេះ” ៕

កង្វះខាតផ្គង់ផ្គង់សម្ភារៈ បានធ្វើឱ្យគម្រោងទាញយកថាមពលព្រះអាទិត្យធំមួយត្រូវពន្យាពេល

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលបានពង្រីកសក្តានុពលនៅកម្ពុជា ត្រូវបានពន្យាពេលដោយសារខ្វះខាតសម្ភារៈ និងបញ្ហាមួយចំនួនទៀត។

ការពន្យាពេលនៃគម្រោងថាមពលពន្លឺព្រះអាទិត្យនេះមិនមែនតែនៅកម្ពុជាម្នាក់ឯងឡើយ តែប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ក៏ត្រូវពន្យាពេលដូចគ្នា ដោយសារកត្តាខ្វះខាតសម្ភារៈក្នុងការផលិតប្រព័ន្ធថាមពល និងធនធានផ្សេងៗទៀតពីប្រទេសចិន។

អ្នកវិនិយោគបង្ហាញនូវភាពទុទិដ្ឋិនិយមចំពោះការជាប់គាំងសង្វាក់ផលិតកម្មវត្ថុធាតុដើម ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់ធំ ជាពិសេសក៏មានការពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុមួយចំនួនផងដែរ ដោយសារសេដ្ឋកិច្ចសកលលោកកំពុងធ្លាក់ចុះ។

សម្ភារៈដែលត្រូវបានផលិតនោះគឺមានរោងចក្រនៅតំបន់ វូហាន ស៊ីឈាន់ និង ស៊ីជាំង ជាដើម ដែលខ្លះផ្អាកដំណើរការ ចំណែកខ្លះទៀតមានភាពយឺតយ៉ាវផ្នែកផលិតកម្ម។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះគឺ ធនធានមនុស្សមានមិនគ្រប់គ្រាន់។

យ៉ាងណាមិញ ផលិតកម្មនៃផលិតផលទាំងនោះនៅតែបន្តដំណើរការងារផលិតដើម្បីព្យាបាលការពន្យាពេល ហើយត្រូវផ្តោតមកលើការដឹកជញ្ជូនផងដែរ ព្រោះថាតម្រូវការមានគ្រប់បណ្តារប្រទេសនៅលើទីផ្សារសកលលោក។

ម្យ៉ាងវិញទៀត ថាមពលដើរដោយខ្យល់ គឺនៅតែសម្លឹងឆ្ពោះទៅមុខក្នុងឆ្នាំ ២០២០ដដែល បើទោះបីជាមានការគម្រាមកំហែងពីហានិភ័យផ្សេងៗក៏ដោយ៕

អ្នកជំនាញអះអាងថា ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែមានតម្រូវការខ្ពស់ ដោយសារកត្តាមួយចំនួន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមការសិក្សារបស់អ្នកជំនាញក្នុងវិស័យលំនៅដ្ឋានបានបង្ហាញថា នៅក្នុងមួយឆ្នាំតម្រូវការលំនៅដ្ឋានស្នាក់នៅរបស់ពលរដ្ឋកម្ពុជាមានចំនួនរហូតដល់ប្រមាណ៥ម៉ឺនខ្នងជាប្រចាំ ដែលក្នុងនោះប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាបស្ថិតនៅក្នុងកម្រិតខ្ពស់។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទោះជាមានតម្រូវការលំនៅដ្ឋានប្រភេទនេះច្រើន ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍បានជួបភាពប្រឈមចំពោះការលក់នៅលើទីផ្សារ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ បានទទួលស្គាល់ថា តម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យពិតជាមានតម្រូវការទីផ្សារខ្ពស់ពីសំណាក់ប្រជាពលរដ្ឋដែលមានចំណូលទាប ប៉ុន្តែចំពោះភាពប្រឈមទៅនឹងការលក់នៅលក់នៅលើទីផ្សារអាចបណ្តាលមកពីហេតុផលពាក់ព័ន្ធមួយចំនួនក្នុងការអភិវឌ្ឍគម្រោង។

លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ភាគច្រើនគម្រោងដែលអភិវឌ្ឍន៍លំនៅដ្ឋានមានតម្លៃទាប គឺស្ថិតនៅឆ្ងាយពីតំបន់ក្រុង ឬនៅជាយក្រុងបន្តិច ដោយសារតែតម្លៃដីសម្រាប់អភិវឌ្ឍន៍មានកម្រិតទាប អាស្រ័យផលដល់ការវិនិយោគសមស្របសម្រាប់ការលក់ចេញ”។ លោកបានបន្តទៀតថា “ជាធម្មតា ផ្ទះដែលមានតម្លៃទាប គឺជាតម្រូវការរបស់ប្រជាពលរដ្ឋជាច្រើន ប៉ុន្តែភាពប្រឈមនៃការលក់ គឺដោយសារតែពាក់ព័ន្ធទៅនឹងតំបន់លំនៅដ្ឋាននៅឆ្ងាយពីក្រុង ប្រព័ន្ធទឹកស្អាតមិនទាន់មានគ្រប់គ្រាន់ ហើយអ្វីដែលពិសេសនោះគឺការសាងសង់ទំហំផ្ទះតែម្ដង”។

លោកបានបន្តទៀតថា “ដោយសារតែតម្លៃផ្ទះប្រភេទនេះត្រូវលក់ចេញក្នុងកម្រិតទាប ដូច្នេះអ្នកអភិវឌ្ឍន៍តែងពិចារណាទៅលើតម្លៃថ្លៃដើម ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីចូលទៅក្នុងគម្រោង គឺសុទ្ធតែជាការចំណាយរបស់អ្នកអភិវឌ្ឍន៍ ដូច្នេះនៅពេលសាងសងលំនៅដ្ឋានប្រភេទនេះ ពួកគាត់ត្រូវកាត់បន្ថយនូវចំណាយថ្លៃដើមតាមរយៈការកាត់បន្ថយទំហំផ្ទះ និងការរចនាម៉ូដនានាផងដែរ។ នៅពេលដែលព្យាយាមកាត់បន្ថយចំណាយថ្លៃដើម វានឹងធ្វើឱ្យលំនៅដ្ឋានខ្វះភាពទាក់ទាញ ដូចជាប្រវែងផ្ទះខ្លី ឬមិនសូវមានក្បូរក្បាច់ខ្វះភាពទាក់ទាញជាដើម”។

លោកបានបញ្ជាក់ទៀតថា “ប្រសិនបើមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីចូលទៅកាន់គម្រោងទាំងនេះ វានឹងជួយកាត់បន្ថយថ្លៃដើម ហើយអ្នកអភិវឌ្ឍន៍នឹងបង្កើនគុណភាព សោភ័ណភាពសំណង់ឱ្យកាន់តែមានភាពទាក់ទាញ និងកាន់តែមានតម្រូវការខ្ពស់ជាក់ជាមិនខាន”។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា បច្ចុប្បន្ននេះ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងទៅលើលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលទាប មានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ចំនួន៥ បានបោះទុនធ្វើការអភិវឌ្ឍ និងសាងសង់ដែលមានចំនួនសរុបប្រមាណ១៥០០០ខ្នង ស្ថិតនៅខេត្ត/ក្រុងផ្សេងគ្នា កំពុងតែបន្តសកម្មភាពយ៉ាងសកម្ម ដែលក្នុងនោះនៅក្នុងរាជធានីភ្នំពេញចំនួន២គម្រោង នៅក្នុងខេត្តកណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង។

ក្រុមហ៊ុនចំនួន៥ ដែលបានបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍនៅក្នុងវិស័យនេះរួមមានដូចជា ៖
ទី១- ក្រុមហ៊ុន WorldBridge Home ចំនួន ២ ៥៤៧ខ្នង លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៨៧ ភាគរយ។

ទី២- ក្រុមហ៊ុន B & BM Development Co,. Ltd ចំនួន ៥ ៣៤០ខ្នង លើផ្ទៃដីទំហំ ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំពញរែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយបច្ចុប្បន្នសម្រេចបានប្រមាណ ៣៨ភាគរយ។

ទី៣- ក្រុមហ៊ុន ARAKAWA ចំនួន ២ ៩៦០ យូនីត (ខុនដូ) លើផ្ទៃដីទំហំ១៣ ៦៨០ម៉ែត្រការ៉េ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេចប្រមាណ៤៩ភាគរយ។

ទី៤- បុរីហ្គ្រេនផាក ចំនួន ៥០៧ខ្នង លើផ្ទៃដីទំហំ ៥,១៦ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបានការសាងសង់ប្រមាណ ៦៦ភាគរយ។

ទី៥- ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុប ឯ.ក ចំនួន៤ ២៩៦ យូនីត(ខុនដូ) ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

ឡាវផ្អាកចេញទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ

ដោយ ប៊ី

ឡាវ៖ ប្រទេសឡាវបានប្រកាសឱ្យផ្អាកនូវការផ្តល់ជូនទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ និងបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីឡាវ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវកាលពីថ្ងៃពុធសប្តាហ៍នេះថា ឡាវនឹងផ្អាកចេញរាល់ទិដ្ឋាការមកដល់ (Arrival Visa) និងទិដ្ឋាការអេឡិចត្រូនិច (E-Visa) ទាំងអស់ មួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ដោយឡែក សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា រាល់ជនបរទេសទាំងអស់ ដែលពីមុនមកបានទទួលការលើកលែងទិដ្ឋាការ ឬទទួលបានសេវាកម្មទិដ្ឋាការមកដល់ ឬទិដ្ឋាការអេឡិចត្រូនិច ចាំបាច់ត្រូវតែចូលទៅស្ថានទូតឡាវ ឬស្ថានកុងស៊ុល ដើម្បីដាក់ពាក្យសុំទិដ្ឋាការចូលបន្ថែមទៀត ដោយជាភ្ជាប់មកជាមួយលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការដំណើរ។

ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបិទ រាល់គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយរាប់ចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យតែម្តង ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19។

បើទោះបីជាអាជ្ញាធរប្រទសឡាវ បានដាក់ចេញនូវវិធានជាច្រើនខាងលើនេះក៏ដោយ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់មានសេចក្តីរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 សូម្បីតែម្នាក់នៅឡើយទេ៕

សេដ្ឋកិច្ចអាស៊ីធ្លាក់ចុះ ខណៈការលុបចោលព្រឹត្តិការណ៍នានាខាតបង់លើស ១៧ពាន់លានដុល្លារក្នុងមួយខែ

ដោយ ហ្សូលី

ភ្នំពេញ៖ ការលុបចោលព្រឹត្តិការណ៍នានាដូចជា កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ សន្និបាត ព្រឹត្តិការណ៍ ពិធីបុណ្យជាតិនៅតាមតំបន់អាស៊ី ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនពាណិជ្ជកម្មនិងរៀបចំព្រឹត្តការណ៍មួយចំនួនដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់ប្រមាណលើសពី ១៧ ពាន់លានដុល្លារ។

ថ្មីៗនេះ មានការលុបចោល ឬពន្យាពេលកម្មវិធីជាបន្តបន្ទាប់ដោយសារតែរដ្ឋាភិបាលរបស់ប្រទេសនិមួយៗក្នុងតំបន់អាស៊ី បានហាមឃាត់មិនឱ្យមានការជួបជុំជាបណ្តោះអាសន្ន ដោយសារការផ្ទុះនៃមេរោគឆ្លងទូទាំងសកលលោក។

បើតាមអ្នកវិភាគនៅក្រុមហ៊ុនទីផ្សារមួយបានវិភាគថា ក្នុងតំបន់អាស៊ីការលុបចោលព្រឹត្តការណ៍ដែលប្រើទុនចន្លោះពីជាង ១៤ពាន់លាន ទៅជាង ២៥ពាន់លានដុល្លារ។ កម្មវិធីធំៗទាំងនោះកំពុងត្រូវការកាត់បន្ថយការចំណាយនៅលើ សណ្ឋាគារ ហាង និងភោជនីយដ្ឋាន ជាពិសេសសម្រាប់អ្នកចូលរួមមកពីក្រៅប្រទេសក៏ពួកគេលុបចោលដំណើរឆ្ពោះមកកាន់ព្រឹត្តការណ៍ផងដេរ។

ជាក់ស្តែងដូចជា ការដាក់តាំងបង្ហាញយានយន្តនៅប្រទេសចិន ការប្រគុំតន្រ្តីអន្តរជាតិ ព្រឹត្តការណ៍ខ្សែភាពយន្តប្រចាំឆ្នាំ ការតាំងពិពរណ៌ និងដំណើរកម្សាន្តរបស់សិស្សនិស្សិត សុទ្ធតែត្រូវបានពន្យាពេលនិងលុបចោល ដែលជាហេតុធ្វើឱ្យមជ្ឈមណ្ឌលពាណិជកម្មខាតបង់ទឹកប្រាក់ គ្មានចំណូល និងបណ្តាលឱ្យកម្មករ បុគ្កលិកបាត់បង់ការងារទៀតផង។

ប្រទេសដែលរងគ្រោះខ្លាំងជាងគេនោះនៅតំបន់អាស៊ីគឺប្រទេសថៃ និងសិង្ហបុរី ព្រោះពួកគេជាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយផ្នែកធំផងដែរ។ លើសពីនេះ ប្រទេសសិង្ហបុរី បានដើរតួជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ សិក្ខាសាលា សន្និបាតធំៗបែបអន្តរជាតិ តែបែរជាត្រូវលុបចោលធ្វើខាតបង់ទឹកប្រាក់ប្រមាណជាង ៨ពាន់លានដុល្លារ៕

(Forbes)