ក្រុមហ៊ុនផលិតចំណីសត្វដ៏ធំរបស់ចិននឹងបើករោងចក្រនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វយក្សរបស់ចិន Yantai China Pet Foods Co. , Ltd កំពុងវិនិយោគលើក្រុមហ៊ុនផលិតចំណីសត្វចិញ្ចឹមថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលនឹងត្រូវបានហៅថា I Tao Pet Supplies (Cambodia) Co. Ltd។

រោងចក្រថ្មីនេះនឹងមានទីតាំងនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយនឹងផលិតផលិតផលរបស់ក្រុមហ៊ុន Yantai រួមទាំងផលិតផលម៉ាក Wanpy។

ក្រុមហ៊ុន Yantai China Pet Foods Co. , Ltd មានទីតាំងនៅទីក្រុង Yantai ដោយប្រើប្រាស់ទុកវិនិយោគ ១២ លានដុល្លារ លើផ្ទៃដី ៤០០ ០០០ ម៉ែត្រការ៉េ។ ក្រុមហ៊ុនមានរោងចក្រ ១៤ កន្លែងនៅលើពិភពលោក និងរោងចក្រ ១៦ នៅក្នុងប្រទេសចិន។

លោក Hao Zhongli សា្ថនិកក្រុមហ៊ុន Yantai China Pet Foods Co. , Ltd ដែលបានចាប់អាជីវកម្មផលិតចំណីសត្វនេះតាំងពីឆ្នាំ ១៩៩៨ បានថ្លែងថា “សត្វចិញ្ចឹមគឺមិត្តភក្តិ និងគ្រួសាររបស់យើង ហើយក្រុមហ៊ុនព្យាយាមផ្គត់ផ្គង់ចំណីសត្វទៅកាន់អតិថិជនរបស់យើង”។

ប្រទេសកម្ពុជានឹងនៅបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានព្យាករណ៍ថានឹងនៅតែមានកំណើនរឹងមាំនៅក្នុងឆ្នាំ ២០២០ នេះ។

លំហូរចូលនៃការវិនិយោគផ្ទាល់នៅកម្ពុជានឹងមានតម្លៃប្រមាណ ៣,៩៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ កើនឡើង ១០ ភាគរយ បើធៀបនឹង ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា។

កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទឹកប្រាក់ជិត ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ១២ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។

ចំនួន ៤៣ ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុនបានមកពីប្រទេសចិន ១១ ភាគរយមកពីប្រទេសកូរ៉េខាងត្បូង ៧ ភាគរយពីប្រទេសវៀតណាម ៦ ភាគរយមកពីប្រទេសសឹង្ហបូរី ៦ ភាគរយមកពីប្រទេសជប៉ុននិងចំនួនផ្សេងទៀតបានមកពីប្រទេសផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជា (NBC)៕

ជប៉ុន នឹងនាំយកសហគ្រាសខ្នាតតូច និងមធ្យមមកកាន់កម្ពុជាបន្ថែមទៀតនៅចុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ យ៉ាងយូរនៅអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ បណ្តាសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតទៅលើវិស័យចំរុះផ្សេងគ្នាតាមរយៈសមាគមជប៉ុន-កម្ពុជា។

ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) បានសន្យានៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូស័ក្ដិ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានមានប្រសាសន៍បញ្ជាក់ថា ដោយសារការមើលឃើញពីភាពជាក់ស្ដែងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងភាពល្អប្រសើនៅក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ នៅត្រឹមអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ តាមរយៈសមាមជប៉ុន-កម្ពុជា នឹងនាំសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត។

លោក តាកាហាស៊ី ហ្វូមីអាគី បានបន្តទៀតទៀតថា “នៅក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម ដែលមានបំណងចូលមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ គឺមានច្រើនវិស័យផ្សេងគ្នា ហើយតាមរយៈវត្តមានសហគ្រាសទាំងអស់នេះ ក្រៅពីការបណ្តាក់ទុនវិនិយោគដែលអាចផ្តល់ចំណូលដល់កម្ពុជាក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ថែមទាំងជួយបណ្តុះបណ្តាលជំនាញ និងចំណេះដឹងផ្នែកបច្ចេកទេសដល់ពលករកម្ពុជាផងដែរ”។

លោកបញ្ជាក់ថា “សមាគមជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទី២ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះម្ដងទៀត ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងតំបន់ ខណៈដែលបច្ចុប្បន្ននេះ នៅក្នុងចំណោមសមាជិកសមាគមជប៉ុន-កម្ពុជា មានសហគ្រិនមួយរូប បានបង្ហាញពីចំណាប់អារម្មណ៍ និងកំពុងតែសិក្សាអំពីការផលិតផលិតផលសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា ក្នុងការបង្កើតម៉ាកបញ្ជាក់គុណភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ានើ សូស័ក្ដិ បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។ តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះ កម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឱ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតយកឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ចូលរួមនៅក្នុងពិព័រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ផងដែរ។ ដោយឡែកទាក់ទងនឹងការបង្កើតម៉ាកនានា លោករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការជិតស្និទ្ធជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែមលើករណីនេះ។

យោងតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបជាង ២,៥ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿង បង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែ ច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិ យោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាព ធុរកិច្ច ជប៉ុនតូចធំ ប្រមាណ ១,៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យដូចជា វិស័យ ធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម៕

សម្តេចតេជោប្រកាសបិទការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម លើកលែងតែការដឹកជញ្ជូនទំនិញ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា និងប្រជាជនកម្ពុជាចូលទៅក្នុងប្រទេសវៀតណាមចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាតទៅ តែសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាន់ព្រំដែននៅតែដំណើរការដដែល។

យោងតាមសារជាសំលេងតាមរយៈប្រព័ន្ធតេឡេក្រាមមួយបង្ហាញថា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការសម្រេចនេះបានធ្វើឡើងដើម្បីជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ។

សម្តេចតេជោថា “ការផ្លាស់ប្តូរទំនិញ បើអាចធ្វើទៅបាន គឺយើងឆ្លងទៅយកទំនិញនៅខាងវៀតណាមដើម្បីយកចូលមកស្រុកយើង រួចហើយខាងគាត់ឆ្លងមកយកទំនិញខាងនេះ (កម្ពុជា) យកទៅចូលស្រុកគាត់(វៀតណាម) ។ អញ្ចឹងទេ ពាណិជ្ជកម្មនៅតែដំណើរធម្មតា និងធ្វើឱ្យពាណិជ្ជកម្មនៅតាមព្រំដែននៅតាមព្រំដែននៅតែដំណើរការធម្មតា”។

សម្តេចតេជោបន្តថា “វៀតណាមដឹកទំនិញមកដាក់នៅកន្លែងណាមួយទៅ យើងយកឡានទៅដឹកចេញពីទីនោះមក ហើយយើងដឹកទំនិញទៅដាក់កន្លែងណាមួយ ហើយវៀតណាម យកឡានមកដឹកចូលទៅវៀតណាមទៅ ។ អញ្ចឹងទំនិញនៅតែមានការផ្លាស់ប្តូរបានតាមរយៈ យើងមិនឆ្លងចូលទៅកាន់វៀតណាម ហើយវៀតណាមនិងមិនចូលកម្ពុជាទេ”។

សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹក ឬបដិការនោះទេ ស្របពេលដែលវៀតណាមបានបិទច្រកព្រំដែនចេញកម្ពុជាដោយគ្មានការជូនដំណឹង ។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

លិខិតនេះ បញ្ជាក់ថា ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា៕

គម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដីមាសសំរោងលើ នឹងសម្ពោធហាងកាហ្វេArabitia Café និងផាប់ភូមិយើងនៅដើមសប្ដាហ៍ក្រោយ

ដោយ ៖ រ៉ាណេត

កណ្តាលៈ ដូចទៅនឹងផែនការ ដែលបានគ្រោងទុកទៅលើកិច្ចអភិវឌ្ឍ នៃគម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្បែរផ្លូវជាតិលេខ៤ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា កំពុងតែបន្តសកម្មភាពសាងសង់យ៉ាងមមាញឹក និងគ្រោងបើកដំណើរការជាផ្លូវការ នូវហាងអាហារដ្ឋានដ៏ល្បីឈ្មោះចំនួន២ ព្រមគ្នានៅដើមសប្ដាហ៍ក្រោយនេះ។

ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងស្របទៅតាមផែនការរបស់ក្រុមហ៊ុន ខេអេច លែន ដែលប្រឹក្សាលើគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាស បានពន្លឿនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមានផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត លំនៅដ្ឋាន ជាពិសេសហាងលក់ទំនិញ អាហារដ្ឋាន ហាងកាហ្វេ ម៉ាកល្បីយ៉ាងមមាញឹក និងគ្រោងបើក សម្ពោធបើកលក់ជាផ្លូវការ នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ រួមមានហាងកាហ្វេដ៏ល្បីឈ្មោះ Arabitia Café និងផាប់ភូមិយើង។

អ្នកតំណាងដែលទទួលខុសត្រូវ និងគ្រប់គ្រងការអភិវឌ្ឍន៍គម្រោងក្រុងថ្មី ដីមាសសំរោងលើបានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនបានពន្លឿនសកម្មភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំណង់ឱ្យស្របទៅ តាមផែនការដែលបានគ្រោងទុក។

ជាក់ស្ដែងរហូតមកដល់ពេលនេះ ក្រៅពីរៀបចំតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញបង្ហូរទឹកនិងការបង្ហាប់ដី ក្រុមហ៊ុនបានសម្រេចលើការសាងសង់ហាងលក់កាហ្វេ Arabitia Café ១០០ភាគរយ រួមជាមួយនឹង ផាប់ភូមិយើង ដែលនឹងត្រូវសម្ពោធបើកលក់ជាផ្លូវការនៅដើមសប្ដាហ៍ក្រោយនេះ ក្រោមវត្តមានរបស់លោកអគ្គនាយកហាងកាហ្វេ Arabitia Café ផ្ទាល់ និងម្ចាស់គម្រោងផងដែរ។

ជាមួយគ្នានេះដែរ ជាការអបអរសាទរនៃការបើកសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ហាងកាហ្វេArabitia Café បានផ្ដល់ជូននូវកម្មវិធីពិសេស ដោយការបញ្ចុះតម្លៃ៥០ភាគរយ ហើយក្នុងរយៈពេល៧ថ្ងៃបន្ទាប់ អតិថិជននឹងទទួលបានកម្មវិធីទិញ២ ថែមជូន១។ ដោយឡែកសម្រាប់ហាងផាប់ភូមិយើង ក៏មានការបញ្ចុះតម្លៃ៥០ភាគរយក្នុងរយៈពេល៣ថ្ងៃជាប់គ្នាផងដែរ គឺថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២០។

អ្នកតំណាងរូបនេះបានបន្តទៀតថា សម្រាប់គម្រោងសំណង់លំនៅដ្ឋានផ្ទះល្វែង ត្រូវបានបុកគ្រឹះ នឹងចាក់ធ្នឹម ក្រវ៉ាត់រួចរាល់ និងត្រៀមរៀបឥដ្ឋឡើងជញ្ជាំង ដែលសុទ្ធតែធានាបាននូវគុណភាពកម្រិតស្ដង់ដារសំណង់ត្រឹមត្រូវ ដោយអ្នកជំនាញបានធ្វើការពិសោធន៍ទៅលើកម្រិត នៃគុណភាពល្បាញស៊ីម៉ង់មុនពេលចាក់បេតុងទាំងអស់។ ជាពិសេសកម្រាស់ប្លង់សេនីមួយៗ សុទ្ធតែគោរពទៅតាមបទដ្ឋានសំណង់ ក្រោមការប្រកាន់យក គោលការណ៍សំណង់មានគុណភាពមាន សោភ័ណភាព និងផ្ដល់ផាសុកភាពខ្ពស់ដល់អ្នករស់នៅ។

ក្រុមហ៊ុន ខេអេច លែន គឺជាក្រុមហ៊ុនប្រឹក្សាក្នុងការអភិវឌ្ឍន៍ និងទទួលសិទ្ធលក់នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាសសំរោងលើ ដែលមានការ បែងចែកជាតំបន់លំនៅដ្ឋាន តំបន់លំហែកាយ និងតំបន់អាជីវកម្ម រួមមាន ផ្ទះល្វែងបែបទំនើប រីសតទំហំ៣ហិកតា ហាងកាហ្វេ ផាប់ ភោជនីយដ្ឋាន ម៉ាត ឱសថដ្ឋាន សាឡន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ និងសួនច្បារសាធារណៈ រួមទាំងហេដ្ឋារចសម្ព័ន្ធជាច្រើនទៀតប្រក​បដោយគុណភាព និងស្តង់ដាខ្ពស់។

គម្រោងក្រុងថ្មី ដែលកំពុងលេចរូបរាងឡើងមួយនេះ ត្រូវបានហ៊ុព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដែលមានមុំសេដ្ឋកិច្ច៣ធំៗ ៖ មុំសេដ្ឋកិច្ចទីមួយ គឺផ្លូវជាតិលេខ៤ មុំសេដ្ឋកិច្ចទីពីរ ផ្លូវជាតិលេខ៥១ និងម៉ុសេដ្ឋកិច្ចទីបី គឺផ្លូវល្បឿនលឿន៦០ម៉ែត្រ និងគម្រោងផ្លូវរដ្ឋផ្សេងទៀត ដែលមានទំហំ២០ម៉ែត្រ៣០ម៉ែត្រ និង៤៥ម៉ែត្រ ហើយក៏ជាតំបន់ ដែលមានប្រជាជនរស់នៅច្រើនកុះករ មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ព្រមទាំងស្ថិតនៅក្នុង គម្រោងអភិវឌ្ឍរបស់រដ្ឋ ដែលនឹងត្រូវកាត់ចូល ក្រុងក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕

ស្ពានអាកាសបត់ឆ្វេងខ្សែទី១នៅក្បាលថ្នល់នឹងដាក់ឱ្យដំណើរការមុនពិធី បុណ្យចូលឆ្នាំខ្មែរ

ដោយ ហ្សូលី

ភ្នំពេញៈ ស្ពានអាកាសបត់ឆ្វេងខ្សែទី១ ត្រង់ចំណុចក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់នេះ ក្រុមការងារបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដោយអ៊ុតកៅស៊ូលើស្ពាន រៀបចំគំនូសចរាច​រណ៍ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម។

លោកបន្តថា “បច្ចុប្បន្ននេះរាជធានីភ្នំពេញ ចំនួនយានយន្តរបស់ប្រជាពលរដ្ឋកើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ”។

ការស្ថាបនាស្ពានអាកាសបត់ឆ្វេងខ្សែទី១នេះ គឺក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍ ។

គម្រោងនេះគឺជាការស្ថាបនាដោយក្រុមហ៊ុនOCIC មានប្រវែង៧៧ម៉ែត្រ ដែលចាប់ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រមានទទឹង៧ម៉ែត្រកន្លះ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្មផងដែរ៕

រដ្ឋាភិបាលទទួលបានសំណើរស្ថាបនាផ្លូវលំជនបទទូទាំងប្រទេសជាង ២០០០គម្រោងក្នុងមួយឆ្នាំ

ដោយ ហ្សូលី

ភ្នំពេញៈ ក្នុងមួយឆ្នាំក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលបានសំណើរស្ថាបនាផ្លូវលំជនបទជាង២០០០សំណើរ នៅទូទាំងប្រទេសកម្ពុជា។

លោកគង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះ ក្រសួងទទួលបានសំណើជាង២០០០សំណើរក្នុង១ឆ្នាំ ដើម្បីសាងសង់ស្ថាបនា ជួសជុល ថែទំាផ្លូវលំជនបទនៅទូទំាងប្រទេសពិសេសនៅតំបន់ដាច់ស្រយាល។

លោកបានបន្តទៀតថា “សំណើខ្លះក្រសួងត្រូវបានរក្សាទុកសិន សំណើខ្លះទៀតត្រូវបានដោះស្រាយ ដូចជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ និងផ្លូវខេត្តចូលទៅកាន់ស្រុក ជាផ្លូវមានសារៈសំខាន់ ជាកន្លែងដែលបណ្ដុំសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវលើកជាអាទិភាពសាងសង់មុនគេ”។

មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទបានអះអាងថា  ក្រសួង និងពង្រីកឲ្យបានគ្រប់២៥រាជធានីខេត្ត ប៉ុន្តែ១ឆ្នាំបង្កើនបន្តិចម្តងៗ មិនអាចពង្រីក២៥ខេត្តតែម្តងបានទេ។ ឆ្នាំ២០២០នេះគម្រោង ដែលថែរទាំប្រចាំ និងសាងសង់កែលម្អនេះមានរួចហើយមានការកើនឡើង១០ភាគរយ តាមកំណើនថវិកាជាតិ ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះមាននិតិវិធីច្បាស់លាស់ ទី១ពាក់ព័ន្ធលទ្ធកម្ម ទី២ ពាក់ព័ន្ធអ្នកអនុវត្ត ទី៣ ពាក់ព័ន្ធការត្រួតពិនិត្យ មាននិតិវិធីក្នុងការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ មានដំណាក់ការច្បាស់​លាស់ ផ្លូវនេះទទួលបានលទ្ធផលល្អ ទាំងផ្នែកគុណភាពនិងសោភ័ណភាព។

លោកគង់ ភឿនបានបញ្ជាក់ថា ក្នុងគម្រោងសាងសង់ផ្លូវសហគមន៍នេះ ក្រសួងអនុវត្តន៍បានចំនួន១៧ខេត្ត ពីមុនក្រសួងអភិវឌ្ឍន៍បានតែ១២ខេត្តទេ។ ឆ្នាំ២០២០នេះក្រសួ​ងបន្ថែមបាន៥ខេត្តទៀត ក្នុងនោះមានខេត្តកំពត ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែងនិងខេត្តត្បូងឃ្មុំ។

ការស្ថាបនាផ្លូវនានានេះ ដើម្បីធានាឲ្យមានផ្លូវខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា ដើម្បីជាសរសៃឈាមសេដ្ឋកិច្ច និងសម្រួលដល់ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕

ចំណេះដឹង! តើពន្ធលើប្រាក់ចំណូលត្រូវបានអនុវត្តដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

យោងតាមឯកសារអគ្គនាយកដ្ឋានពន្ធដារបាឱ្យដឹងថា ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធ បានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទ រួម បញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។

ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។

អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ

១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល

២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបាន ក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្ម លើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។

៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ ដោយក្រុមប្រឹក្សាអភិ   វឌ្ឍន៍កម្ពុជា។

៤- តាមតារាងអត្រាពន្ធកំណើន តាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណូល ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ  អត្រាពន្ធ

ពី  ០ ៛  ដល់  ១២.០០០.០០០ ៛  ០%

ពី  ១២.០០០.០០១ ៛  ដល់  ១៨.០០០.០០០ ៛  ៥%

ពី  ១៨.០០០.០០១ ៛  ដល់  ១០២.០០០.០០០ ៛  ១០%

ពី  ១០២.០០០.០០១ ៛  ដល់  ១៥០.០០០.០០០ ៛  ១៥%

លើសពី  ១៥០.០០០.០០០ ៛  ២០%

៥- ចំពោះសហគ្រាស ដែលមានសកម្មភាពជាសំខាន់ ក្នុងការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោមៈ ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬនូវហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។

ខ. ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា២០ថ្មី(មួយ)៕

គម្រោងអភិវឌ្ឍន៍ទីក្រុងរាមCRYSTAL VILLE REAM BEACH តម្លៃ១០០០លានដុល្លារ នឹងចាប់បើកការដ្ឋានក្នុងពេលដ៏ខ្លីខាងមុខនេះ

ដោយ ៖ រ៉ាណេត

ព្រះសីហនុៈ តំបន់ឆ្នេររាម នៃខេត្តព្រះសីហនុ កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង ដោយគំរោងវិនិយោគថ្មីមួយ Crystalville Ream Beach ដែលមានទុនវិនិយោគសរុបរហូតដល់១០០០លានដុល្លារ គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងជំហានដំបូងនៅពេលឆាប់ៗខាងនេះ។

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ដែលមានទំហំទឹកប្រាក់វិនិយោគយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងធ្វើឱ្យតំបន់រាម ខេត្តព្រះសីហនុ ក្លាយជាទីឋានដ៏អស្ចារ្យដែលមានការអភិវឌ្ឍចំរុះ ដូចជាបណ្តុំលំនៅដ្ឋានប្រភេទវីឡា កម្រិតអភិជន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារផ្កាយ៥ រួមនឹងតំបន់កម្សាន្តជាច្រើនទៀត ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនដ៏ធំមកពីសឹង្ហបូរី។

នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH កញ្ញាលីម សុខដាវីន បានបង្ហើបប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០កន្លងមកថា “នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងស៊ីវិល័យដ៏ធំមួយនេះ នឹងត្រូវបានបែងចែកជាដំណាក់កាល និងតំបន់ផ្សេងគ្នាជាច្រើន ដែលក្នុងនោះរួមមានដូចជា លំនៅដ្ឋានលំហែរកាយបែបវីឡាកម្រិតអភិជន (៣ប្រភេទផ្សេងគ្នា) សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ ផ្សារទំនើប ក្លឹបលើឆ្នេរសមុទ្រ រួមជាមួយនឹងអាងហែលទឹកសមុទ្រសិប្បនិម្មិត CRYSTAL LAGOON ដ៏ធំនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ ដែលមានទំហំរហូតដល់៦ហិកតា”។

លំនៅដ្ឋានបែបវីឡាទាំង៣ប្រភេទ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំ និងើកដំបូងនៅក្រុងរាមមួយនេះ គឺសុទ្ធតែមានលក្ខណៈខុសប្លែកពីគម្រោងទូទៅ ដោយសារតែក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅ បែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ។

កញ្ញាបានបន្តទៀតថា “អ្វីដែលរឹតតែអស្ចារ្យ និងជាភាពទាក់ទាញនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាវីឡាសម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានភាពអស្ចារ្យជាច្រើនទៀត ក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ”។កញ្ញាបន្តថា “គ្រប់វីឡាទាំងអស់សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ”។

កញ្ញាបន្តថា សម្រាប់ការចាប់ផ្ដើមអភិវឌ្ឍន៍ ក្នុងដំណាក់កាលដំបូង ដែលមានការសាងសង់លំនៅដ្ឋានបែបវីឡាដូចបានបញ្ជាក់ខាងលើនេះ ក្រុមហ៊ុនក៏មានការអភិវឌ្ឍទៅលើគម្រោ​ងអគារខុនដូលំដាប់អន្តរជាតិCITADINES ដែលមានកម្ពស់១០ជាន់ ស្មើនឹងប្រមាណ៦០០យូនីតផងដែរ។

ជាមួយគ្នា ជាការអបអរសាទរជាមួយ នឹងគម្រោងនៃការបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខ ក្រុមហ៊ុនបានរៀបចំកម្មវិធីយ៉ាងពិសេសជាច្រើន សម្រាប់អតិថិជន ដែលក្រៅពីទទួលបានការបញចុះតម្លៃថោកជាងទីផ្សារ ថែមទាំងទទួលបានអត្ថប្រយោ​ជន៍បន្ថែមជាច្រើនទៀតដូចជា ទទួលបានកម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រទេសបណ្តាប្រទេសនានារយៈពេល១៤ថ្ងៃក្នុង១ឆ្នាំ ដោយស្នាក់សណ្ឋាគារ ឬអាផាតដ៏ល្បីឈ្មោះ CITADINES ដែលស្ថិតនៅក្នុង ASCOTT GROUP ហើយអ្វីដែលរឹតតែពិសេសជាងនេះ គឺការទទួលបានការធានា ពីក្រុមហ៊ុនក្នុងជួលត្រឡប់មកវិញ ក្នុងរយៈពេលរហូតដល់១០ឆ្នាំ។

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ក្នុងដំណាក់ដំបូងនេះ ស្ថិតនៅតំបន់ដែលពោរពេញ ទៅដោយសម្រស់ធម្មជាតោយ៉ាងត្រកាល ដោយនៅពីក្រោយគម្រោងមានជួរភ្នំដ៏ខ្ពស់ និងវែងអន្លាយ នៅពីគម្រោងជាប់ជាមួយនឹងបឹងកោងកាង នៅចំពីមុខគម្រោងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ភ្ជាប់ជាមួយនឹងមហាវិថីឆ្នេររាម ដែលមានទំហំ៥០ម៉ែត្រ តភ្ជាប់ទៅកាន់ឆ្នេរអូរត្រេះ៕

https://www.facebook.com/101737261223131/videos/976848716000960/

តម្លៃសាំងនឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈក្រុមហ៊ុន KrisEnergy នៅតែប្តេជ្ញាផលិតប្រេងដំបូងនៅកម្ពុជានៅឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកសៀង ថៃបានឱ្យដឹងថា តម្លៃសាំង និងប្រេងម៉ាស៊ូតនៅកម្ពុជា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារភាពតានតឹងពិភពលោក ខណៈក្រុមហ៊ុន KrisEnergyនៅតែបន្តជម្រុញការអភិវឌ្ឍន៍ប្រេងអប្សរា ដោយមានគោលបំណងផលិតប្រេងដំបូងក្នុងឆ្នាំនេះ។

លោកបានបញ្ជាក់ថា តម្លៃប្រេងឥន្ធ នៈនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ នឹងមិនលើសពី៣.៦១០ រៀល (០,៩ ដុល្លារ) ក្នុងមួយលីត្រនៅឆ្នាំ២០២០ រីឯតម្លៃប្រេងម៉ាស៊ូតនឹងមិនឡើងថ្លៃជាង៣.៣៤៣ រៀល។ លោកបានព្យាករណ៍ថា តម្លៃប្រេងឥន្ធនៈនៅតែបន្តធ្លាក់ចុះនៅក្នុងខែ មីនា។

បច្ចុប្បន្នកម្ពុជាមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន៤០០០ កន្លែងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមានតែ៧០០កន្លែងប៉ុណ្ណោះ ដែលត្រូវបានយល់ព្រមដោយក្រសួងរ៉ែ និងថាមពល។

ក្រុមហ៊ុន KrisEnergy Ltd ត្រូវបានរំពឹងថា នឹងទាញយកដំណក់ប្រេងដំបូងពីប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីនេះ កំពុងខួងអណ្តូងប្លុកA ដែលជាទីតាំងនៅលើដែនទឹកសមុទ្រកម្ពុជា។

នៅក្នុងការឆ្លើយតបតាមសារអេឡិចត្រូនិច ក្រុមហ៊ុនបាននិយាយថា “ទោះបីជាសកម្មភាពតម្លៃប្រេងបច្ចុប្បន្ន មានការព្រួយបារម្ភក៏ដោយ ក៏ក្រុមហ៊ុន KrisEnergy នៅតែបន្តជម្រុញការអភិវឌ្ឍន៍ប្រេងអប្សរា ដោយមានគោលបំណងផលិតប្រេងដំបូងនៅឆ្នាំនេះ”។

ក្រុមហ៊ុន KrisEnergy រំពឹងថា នឹងទទួលបានដំណក់ប្រេងដំបូង ពីការអភិវឌ្ឍនៅតំបន់អប្សរានៅប្លុកA ក្នុងដែនទឹករបស់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ។

ការជួសជុល និងកែលំអរទេះផលិតប្រេង Ingenium II ២ បន្តនៅទីធ្លា Benoi និងផែស្ងួត Gul នៅសឹង្ហបូរី។

ការតំឡើង និងការធ្វើសមាហរណកម្ម ត្រូវបានបញ្ចប់នូវឧបករណ៍ផលិតថាមពលថ្មី បន្ទប់បញ្ជាកណ្តាលបន្ទប់ប្តូរអគ្គិសនី បន្ទប់ទទួលភ្ញៀវ ជើងដងស្ទួច ម៉ាស៊ីនបំលែងអគ្គិសនី និងផលិតកញ្ចប់កែច្នៃទឹក ហើយការបញ្ចប់មេកានិចគ្រប់ប្រព័ន្ធទាំងអស់ ត្រូវបញ្ចប់មុនពេលចាប់ផ្តើមប្រតិបត្តិការ។

ការស្ថាបនាកំពូល និងទ្រនាប់សម្រាប់បំពាក់សម្ភារៈបរិក្ខារអប្បបរមា ដែលបានចាប់ផ្តើមនៅខែ ធ្នូ នៅឯរោងចក្រ PT Profab1 នៅលើកោះបាំបាប្រទេសឥណ្ឌូនេស៊ី។ នៅពេលដែលបានបញ្ចប់ វានឹងត្រូវបានផ្ទុកទៅលើកប៉ាល់ដឹកទំនិញ ទៅកាន់ទីតាំងផលិត។

ដំណើរការរុករុកប្រេង លើផ្ទៃក្រឡាទំហំ២០០គីឡូម៉ែត្រ នៃទិន្នន័យរញ្ជួយ3D ដែលទទួលបាន ពីតំបន់អភិវឌ្ឍន៍អប្សរានៅពាក់កណ្តាលឆ្នាំ២០១៩ ក៏ត្រូវបានបញ្ចប់នៅខែធ្នូដែរ។ យោងទៅតាម KrisEnergy នេះគួរតែធ្វើអោយប្រសើរឡើង នូវរូបភាពនៃភូមិសាស្ត្រ និងការរចនានៃគន្លងអណ្តូងប្រែងមុនការខួងអភិវឌ្ឍន៍។

ដំណើរការផ្ទៃក្រឡាទំហំ១.០០០គីឡូម៉ែត្រក្រឡា (៣៨៦ ម៉ែលការ៉េ) នៃទិន្នន័យ 3D លើតំបន់អនាគតដ៏ធំមួយនៅភាគនិរតីនៃប្លុកA ត្រូវបានរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ៕

តម្លៃដីធ្លីនៅទូទាំងប្រទេសជប៉ុនកំពុងកើនឡើងជាគំហុក

ដោយ ហ្សូលី

ជប៉ុនៈ តម្លៃដីធ្លីពាណិជ្ជកម្មនៅទូទាំងប្រទេសជប៉ុន បានកើនឡើងជាគំហុក ខណៈអចលនទ្រព្យនៅសកលលោកកំពុងជាប់គាំង។

កត្តាធំមួយដែលអាចជម្រុញ ឱ្យទីផ្សារដីធ្លីពាណិជ្ជកម្មនៅប្រទេសជប៉ុន កើនឡើងដោយសារតែកំណើនក្នុងវិស័យទេសចរណ៍ ដែលបណ្តាលឱ្យមានតម្រូវការដីធ្លី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងបណ្តាអ្នកវិនិយោគបណ្តាក់ទុនសាងសង់សណ្ឋាគារ និងហាងនានាជាដើម។

ប៉ុន្តែក្រុមអ្នកជំនាញកំពុងប្រយ័ត្នប្រយែង ជាមួយតួលេខនេះដោយសង្ស័យថា ត្រូវបានគេចងក្រង មុនពេលមានជំងឺរាតត្បាតឆ្លង ដែលកំពុងបង្កការបំផ្លិចបំផ្លាញដល់ទេស​ចរណ៍ពិភពលោក។

រដ្ឋាភិបាលប្រទេសជប៉ុន បានធ្វើការស៊ើបអង្កេតលើតម្លៃដី នៅទូទាំងប្រទេសក្នុងឆ្នាំ២០២០នេះ ដោយតម្លៃដីបានកើនឡើងជាមធ្យមប្រមាណ១,៤ ភាគរយ ធៀបនឹងឆ្នាំមុន។  នេះគឺជាឆ្នាំទី៥ហើយ ដែលមានការកើនឡើងតម្លៃជាបន្តបន្ទាប់បែបនេះ។

តម្លៃដីពាណិជ្ជកម្មជាមធ្យមនៅតំបន់ក្រៅទីក្រុងធំៗ កើនឡើងប្រហែល០,៣ ភាគរយ។  ផ្នែកមួយនៃទីប្រជុំជន Kutchan នៅរមណីយដ្ឋានខាងជើងនៃ Niseko ត្រូវបានគេមើលឃើញថាមានតម្លៃខ្ពស់បំផុត សម្រាប់ដីលំនៅដ្ឋានដែលបានកើនឡើង ចន្លោះ៤៤ ភាគរយ និង៥៧,៥ ភាគរយ។

តម្រូវការកំពុងមានការកើនឡើងនៅទីនោះ សម្រាប់ផ្ទះវិស្សមកាលសម្រាប់ជនបរទេស និងកន្លែងស្នាក់នៅសម្រាប់កម្មករស្ថាបនារមណីយដ្ឋាន។

អ្នកជំនាញផ្នែកអចលនទ្រព្យម្នាក់កំពុងតែប៉ាន់ប្រមាណថា ផលប៉ះពាល់នៃជំងឺរាតត្បាតរាលដាល លើឧស្សាហកម្មអចលនទ្រព្យអាចនឹងធ្ងន់ធ្ងរ។

លោកTakeshi Ide ប្រសាសន៍ថា “ការឆ្លងរាលដាលកាន់តែយូរ តម្លៃអចលនទ្រព្យកាន់តែធ្លាក់ចុះ ហើយនៅទីបំផុតនឹងធ្វើឱ្យតម្លៃដីធ្លាក់ចុះទៅជាមួយគ្នា”៕