កម្ពុជា-ជប៉ុនប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសកម្ពុជា-ជប៉ុន បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឱ្យមានទំហំកាន់តែទំហំបន្ថែមទៀង និងបានឯកភាពជំរុញឱ្យស្ថានព័ន្ធធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីឱ្យប្រសើរឡើងនូវបរិយកាសវិនិយោគនៅកម្ពុជា ក្នុងគោលដៅទាក់ទាញវិនិយោគិនជប៉ុនឱ្យបានកាន់តែច្រើនឡើង។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថា្នក់ឧត្តមមន្ត្រីរវាងកម្ពុជា-ជប៉ុនចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ភាគីទាំងពីរ មានសុទិដ្ឋិនយមលើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរមាននិន្នាការល្អដែលបានកើនឡើងប្រមាណ២.០០០ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ និងបន្តបន្តកើនឡើងនៅក្នុងឆ្នាំ២០២០នេះ បើទោះបីជាត្រូវប្រឈម នឹងស្ថានភាពរាតត្បាតជាកលនៃជម្ងឺកូវីដ-១៩។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីកម្ពុជាបានម្តែងការអរគុណចំពោះតួនាទីដ៏សកម្មរបស់ភាគីជប៉ុន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និង ជំនួយជាច្រើនរបស់ជប៉ុននៅក្នុងវិស័យផ្សេងៗ ហើយភាគីជប៉ុនបានសន្យាថា នឹងបន្តជួយដល់កម្ពុជា ជាពិសេសក្នុងវិស័យអាទិភាព ដូចជា ការអភិវឌ្ឍវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងធនធានមនុស្សជាដើម៕

សូមអានខ្លឹមសារពេញចំពោះលទ្ធផលនៃកិច្ចប្រជុំនៅខាងក្រោម៖

មន្រ្តីជាន់ខ្ពស់ធនាគារជាតិព្យាយាមបកស្រាយលើបញ្ហាឥណទានទាក់ទងនឹងវិបត្តិCovid19

ដោយៈ រ៉ាណេត

ភ្នំពេញៈ មានការលើកឡើងជាច្រើន ពាក់ព័ន្ធទៅនឹងការទទូចស្នើសុំដល់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការពន្យារពេលលើការបង់ប្រាក់ រួមជាមួយនឹងការលើកលែងការប្រាក់ក្នុងអំឡុងពេលវិបត្តិ Covid-19។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់អំពីលទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤ ពាក់ព័ន្ធទៅនឹងកិច្ច ជួយសម្របសម្រួលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកស្រីបានសរសេរលើបណ្តាញទំ នាក់ទំនងសង្គមគណនីផ្លូវការរបស់លោកស្រីថា ធនាគារជាតិនឹងផ្តល់នូវការសម្របសម្រួលមួយចំនួនដូចជា ទី១- ការត្រូវផ្តល់ការពន្យាឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកស៊ីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធឫវិធានការផេ្សងៗ។

យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។

ទី២ ការទាមទាឱ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយកការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារប្រៀបដូចមេតុងទីនអញ្ចឹងដែរ បើអ្នកដេញបានមុនមិនបង់ចូលក្រុម មេតុងទីនត្រូវទទួលខុសត្រូវ ហើយអ្នកក្រោយក៏អត់បានដេញដែរ។ ណាមួយមិនដឹងថាវិបត្តិនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នក ដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។

ដូច្នេះត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ។ ទី៣ មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកស៊ី តូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសម្រួ​លនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង។ បើគាត់គិតថាអតិថិជនណាមួយជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើសពីការស្នើរសុំពីអាជ្ញាធរទៀត។

ប៉ុន្តែបើក្រុមហ៊ុននោះតាមពិតទៅជួបបញ្ហា តាំងតែពីមុនវីរ៉ុសវាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាពបច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ។

ទី៤ ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៥យ៉ាងដើ​ម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះមានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឱ្យគាត់បន្តផ្តល់ឥណទាន ក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួល ដល់ការសម្រេចចិត្តពន្យាពេលសងរបស់គាត់៕

រដ្ឋាភិបាលបញ្ឈប់ផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីមេគង្គក្រោមរយៈពេល ១០ឆ្នាំជាផ្លូវការ

ដោយ ហ្សូលី

ភ្នំពេញៈ កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យ ។ នេះបើតាមឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃពុធ ទី ១៨ មីនា ឆ្នាំ ២០២០នេះ។

ការសម្រេចនេះ ដោយសារតែប្រទេសជិតខាង គឺប្រទេសឡាវបានបើកទំនប់ថ្មីចំនួន២បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ប្រទេសឡាវជាប្រទេសតែមួយគត់ ដែលមានផែនការសាងសង់វារីអគ្គិសនី នៅអាងទន្លេមេគង្គក្រោម។

ឆ្លងកាត់ព្រំដែនក្នុងប្រទេសឡាវ ថាមពលពីកន្លែងវារីអគ្គិសនីដនសាហុងថ្មី បានចាប់ផ្តើមហូរចូល ទៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសកម្ពុជា កាលពីខែមករាក្រោមកិច្ចព្រមព្រៀងដែលមានអាយុកាល៣០ឆ្នាំ។

ប្រទេសកម្ពុជាកាលពីឆ្នាំមុន មានការដាច់ចរន្តអគ្គិសនីច្រើន ដោយសារតែតម្រូវការកើនឡើង ព្រោះមានការរីកចំរើនផ្នែកសំណង់ អមនឹងការវិនិយោគរបស់ចិន។

លោក វិចទ័រ ចូណា អគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានReutersថា “រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន ហើយណែនាំកម្ពុជាឱ្យស្វែងរកថាមពលនៅតំបន់ផ្សេង”។លោកបន្ថែមថា “យោងទៅតាមការសិក្សា យើងត្រូវការការអភិវឌ្ឍធ្យូងថ្ម LNG ដែលនាំចូលពីប្រទេសជិតខាង និងថាមពលពន្លឺព្រះអាទិត្យផងដែរ”។

នៅក្នុងផែនការ ១០ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់២០៣០ កម្ពុជាមិនមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីទេ។ ហើយយើងក៏មិនអាចផ្តល់ព័ត៌មានលម្អិត និងគម្រោងមេរបស់រដ្ឋាភិបាលបានដែរ។

អគ្គិសនីកម្ពុជា ប្រើថាមពលវារីអគ្គិសនីប្រហែល៤៨% នៃផលិតកម្មអគ្គិសនី ក្នុងស្រុក។ នេះបើតាមឋអគ្គិសនីកម្ពុជា៕

ប្រភព(REUTERS)

រដ្ឋមន្ត្រីប្រៃសនីយ៍ៈ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាពុំទាន់បានដំណើរការល្អនៅឡើយទេ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍អះអាងថា សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការទៅដោយរលូននៅឡើយ ដែលអាចបណ្តាលមកពីការព្រួយបារម្មណ៍ខ្លាច មានការវាយប្រហារពីអ៊ីនធឺណិត និងការជ្រៀតចូលលួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកនៅមានទំហំតូចនៅឡើយ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ និងសន្តិសុខបច្ចេកវិទ្យាគមនា​គមន៍និងព័ត៌មាននៅថ្ងៃទី ១៨ ខែមីនា នេះ បានឱ្យដឹងថា សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការលើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន ជាពិសេ​ស សកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិក។

លោកបន្តថា “ហេតុដូច្នេះពេលដែលយើងត្រូវការពង្រីក គឺយើងចាំបាច់ត្រូវតែពង្រឹងនូវបញ្ហាសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិតទាំងផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្ត និងធនធានមនុស្ស”។

លោករដ្ឋមន្ត្រីបន្តទៀតថា ប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ចាប់ផ្តើមដំបូងតែងតែបង្កើតនូវយន្តការ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CERT/CSIRT) ស្ទើរគ្រប់ប្រទេស ប៉ុន្តែតាមរយៈយន្តការនេះការងារគឺនៅមានកម្រិតទាបនៅឡើយ ដោយគ្រាន់តែធ្វើការសម្របសម្រួល ដោះស្រាយឧប្បទេវេហតុ សន្តិសុខអ៊ីនធឺណិត តែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលបណ្តាលមកពីការកើនឡើងនូវការវាយប្រហារ ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា កាន់តែមានលក្ខណៈធំទៅៗ និងស្មុគស្មាញផងនោះ ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានលក្ខណៈថ្នាក់ជាតិត្រូវតែបង្កើតឡើង ដោយក្នុងនោះគឺត្រូវពង្រីកនូវវិសាលភាពអោយទូលំទូលាយជាងនេះទៀត ដោយធ្វើការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ដើម្បីជំរុញអោយវិស័យឌីជីថល កាន់តែមានការរីកចម្រើ​ន ទូលំទូលាយ សម្រាប់ប្រើគ្រប់វិស័យទាំងអស់ជាពិសេស សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល យើងត្រូវធ្វើយ៉ាងណាឱ្យមានភាពម្ចាស់ការ លើបញ្ហាសន្តិសុខបច្ចេកវិទ្យាគម​នាគមន៍ និងព័ត៌មាន”។

វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថលនៅក្នុងប្រទេ​សកម្ពុជាបាននឹងកំពុង និងកាន់តែរីកចម្រើនឡើង ហើយនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថលក្នុងការជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអ៊ីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យា ដែលជំរុញនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០  ឱ្យបានកាន់តែជោគជ័យ៕

តើមហាយក្សចិនឬអាមេរិកជាអ្នកនៅពីក្រោយការបំផ្ទុះឲ្យមានវិបត្តិCovid19?

ដោយ Propertyarea.asia

អន្តរជាតិ៖ អ្នកនយោបាយអាមេរិកនិយាយបង្កាច់បង្ខូចប្រទេសចិនដោយគ្មានភស្តុតាងនឹងត្រូវអាម៉ាស់មុខដោយសារការពិត បន្ទាប់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទូតនៃប្រទេសចិន និងអាមេរិកបានជួបពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃទី១៦ ខែមីនា។

លោកYangJiechi ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិនបានបញ្ជាក់យ៉ាងម៉ឺងម៉ាតចំពោះលោកMike Pompeoរដ្ឋមន្ត្រីការបរទេសអាមេរិកថា អ្នកនយោបាយមួយចំនួនរបស់អាមេរិកបាននិយាយបង្កាច់បង្ខូចជាបន្តបន្ទាប់ចំពោះប្រទេសចិន និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបង្ការ និងគ្រប់គ្រងករណីជំងឺCovid-19ដែលជាការធ្វើឱ្យខូចឈ្មោះប្រទេសចិន នេះបានធ្វើឱ្យប្រជាជនចិនមានកំហឹងយ៉ាងខ្លាំង។

ភាគីចិនដាស់តឿនអាមេរិកថា រាល់ការប៉ុនប៉ងណាដែលចង់បង្កាច់បង្ខូចឈ្មោះប្រទេសចិន គឺមិនអាចបានសម្រេចឡើយ ទង្វើណាដែលបំផ្លាញផលប្រយោជន៍របស់ប្រទេសចិន គឺសុទ្ធតែត្រូវទទួលបានការតបតវិញយ៉ាងដាច់ខាតពីប្រទេសចិន។

ថ្ងៃទី១៧ ខែមីនា ពេលឆ្លើយតបសំណួរអំពីករណីដែលអ្នកដឹកនាំអាមេរិកអះអាងថា ជំងឺCovid-19 ជាវីរុសចិន អ្នកនាំពាក្យក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា នេះជាការបង្ខូចឈ្មោះរបស់ប្រទេសចិន ប្រទេសចិនមានកំហឹងយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាត។

នេះជាការព្រមានដ៏កម្រ និងមានភាពម៉ឺងម៉ាត់បំផុតរបស់ប្រទេសចិនចំពោះភាគីអាមេរិកដែលបានបង្ខូចឈ្មោះប្រទេសចិន ចាប់ពីការផ្ទុះករណីជំងឺCovid-19មក ដែលនាំឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង។

កំហឹងរបស់ប្រទេសចិនគឺអាចយោគយល់បាន ព្រោះរយៈពេលជាងមួយខែកន្លងមក ប្រជាជនចិនបានធ្វើពលិកម្មយ៉ាងធំធេងដើម្បីបង្កើតជាខ្សែការពារទី១ និងផ្តល់ពេលវេលាដ៏មានតម្លៃសម្រាប់ការបង្ការ និងគ្រប់គ្រងករណីជំងឺឆ្លងនៅលើសកលលោកដោយទទួលបានការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ។

ក៏ប៉ុន្តែមានមនុស្សមួយចំនួននៅឯនាយសមុទ្របែរជាមិនយកចិត្តទុកដាក់លើការបង្ការ និងគ្រប់គ្រងករណីជំងឺឆ្លង ហើយប្រើករណីជំងឺឆ្លងជាឧបករណ៍សម្រាប់បង្ហាញពីទោសាគតិ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងធ្វើការវាយប្រហារខាងភូមិសាស្ត្រនយោបាយទៅវិញ។

ចាប់តាំងពីសហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ករណីដំបូងកាលពីថ្ងៃទី២០ខែមករាមក អ្នកនយោបាយសហរដ្ឋអាមេរិកមិនគ្រាន់តែធ្វើឱ្យខកខានឱកាសដ៏បំផុតសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនោះទេ ថែមទាំងបង្ហាញពីច្របូកច្របល់ខាងការប្រកាសព័ត៌មាន ការធ្វើតេស្តវីរុស ការបង្ការ និងគ្រប់គ្រងតាមសហគមន៍ និងការធានាផ្នែកវេជ្ជសាស្រ្តជាដើម។

បន្ទាប់ពីបញ្ហានៃការបង្ការ និងគ្រប់គ្រងករណីជំងឺCOVID-19 របស់សហរដ្ឋអាមេរិកត្រូវបានលាតត្រដាងជាបន្តបន្ទាប់ អ្នកនយោបាយសហរដ្ឋអាមេរិកខិតខំជះទឹកកខ្វក់ទៅលើប្រទេសចិន ដែលប្រហែលធ្វើឡើងក្នុងចេតនាផ្សេងទៀត ពោលគឺខំបិទបាំងការពិតនៃប្រភពវីរុស។

ពេលថ្មីៗកន្លងមកនេះមានភស្តុតាងកាន់តែច្រើនឡើងៗបង្ហាញថា សហរដ្ឋអាមេរិកប្រហែលជាប្រភពដើមនៃវីរុសCOVID-19 ជាពិសេសពេលថ្មីៗនេះ លោកRobert Redfield ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានទទួលស្គាល់ថា អ្នកជំងឺមួយចំនួនដែលស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយក្នុងមួយរយៈពេលកន្លងទៅ តាមពិតគឺមានលទ្ធភាពស្លាប់ដោយសារឆ្លងជំងឺ COVID-19 ដែលជាភស្តុតាងថ្មីបញ្ជាក់ពីការប៉ាន់ប្រកាណរបស់មជ្ឈដ្ឋានខាងក្រៅថា ជំងឺ COVID-19 គឺមានប្រភពពីសហរដ្ឋអាមេរិក។

បច្ចប្បន្ននេះស្ថានការណ៍រីករាលដាលនៃជំងឺ Covid-19 នៅទូទាំងពិភពលោកមានភាពស្មុគស្មាញខ្លាំង ។ កាលពីថ្ងៃទី ១៦ ខែ មីនា ករណីឆ្លងជំងឺ Covid-19 នៅប្រទេស និងតំបន់ផ្សេងទៀតបានលើសពីចំនួនអ្នកឆ្លងនៅប្រទេសចិន ពិសេសគឺប្រទេសអឺរ៉ុប និងអាមេរិកក្លាយជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផតុពីជំងឺ Covid-19 ក្នុងដំណាក់កាលគន្លឹះនេះ ឥស្សរជននយោបាយមួយចំនួនរបស់អាមេរិកប៉ុនប៉ងចេញថ្លៃ ១០០០ លានដុល្លារអាមេរិកឱ្យក្រុមហ៊ុន ឱសថមួយរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីធានាថា វ៉ាក់សាំងដែលសិក្សាស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុនមួយនេះគឺសម្រាប់តែផ្គង់ដល់អាមេរិកប៉ុណ្ណោះ ទង្វើដែលមិនទទួលខុសត្រូវ និងអាត្មានិយមបែបនេះ កំពុងក្លាយជាកម្លាំងបំផ្លិចបំផ្លាញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបង្ការ និងគ្រប់គ្រងជំងឺ Covid-19 ហើយក៏កំពុងក្លាយជា “វិរុសនយោបាយ” ដែលពិភពលោកទាំងមូលត្រូវកំចាត់ចោលឱ្យបានឆាប់បំផុតផងដែរ ។

សូមដាស់តឿនឥស្សរជននយោបាយមួយចំនួនរបស់អាមេរិក ត្រូវទទួលស្គាល់ពីស្ថានការណ៍ពិត កុំវាយតមន្លៃទាបចំពោះការប្តេជ្ញាចិត្តរបស់ចិនលើការគាំពារមុខមាត់ប្រទេសជាតិនិងឧត្តមប្រយោជន៍ជាតិឱ្យសោះ។

តើវិរុសមកពីកន្លែងណា? ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនឹងផ្តល់ចម្លើយបាន។ ឥស្សរជននយោបាយរបស់អាមេរិកដែលធ្វើការបង្កាច់បង្ខូចដោយគ្មានមូលហេតុលើប្រទេសចិន នឹងត្រូវអាម៉ាស់មុខដោយសារការពិតមិនខាន!៕

ក្រសួងដែនដី កំពុងតាមដានការវិឌ្ឍរបស់វិស័យសំណង់នៅក្នុងដំណាក់កាលរាតត្បាតរបស់ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា រហូតមកដល់ពេលនេះមន្ត្រីជំនាញរបស់ក្រសួងកំពុងតែសិក្សា និងតាមដានពីការវិវឌ្ឍរបស់វិស័យសំណង់នៅកម្ពុជានៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតមេរោគ Covid-19 បន្តទៀតជាមួយនឹងក្ដីបារម្ភ បើទោះជានៅក្នុងរយៈពេលជាង៧០ថ្ងៃដើមឆ្នាំ២០២០កន្លងមក នៅតែអាចរក្សាបានភាពល្អប្រសើរក៏ដោយ។

អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីដើមសប្ដាហ៍នេះថា នៅក្នុងរយៈពេលជាង២ខែ (ជាង៧០ថ្ងៃ) នៃដើមឆ្នាំ២០២០ កន្លងមកនេះ វិស័យសំណង់នៅកម្ពុជា នៅតែអាចមានសកម្មភាពអភិវឌ្ឍន៍ និងរក្សាបានភាពល្អប្រសើរដដែល។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងដំណាក់នៃការរាតត្បាតនៃបញ្ហា Covid-19 ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចជាច្រើនធ្វើការព្យាករណ៍ថា ព្រឹត្តិការណ៍ជាសាកលដែលកំពុងតែប្រឈមមួយនេះអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកជួបឱនភាពរហូតដល់ប្រមាណ៥០ភាគរយនៅក្នុងឆ្នាំ២០២០នេះ។ ប៉ុន្តែងាកមកចាប់អារម្មណ៍ជាមួយនឹងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា តាមរយៈការដាក់ពាក្យស្នើសុំសាងសង់គម្រោង គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ យើងសង្កេតឃើញថានៅមិនទាន់មានការថមថយចុះនោះទេ ហើយផ្ទុយទៅវិញ ការស្នើសុំសាងសង់ជាចំនួនគម្រោងមានការកើនឡើង”។

លោក សេង ឡូត បានបន្តថា “គិតត្រឹមដំណាច់ខែកុម្ភៈ ដើមឆ្នាំ២០២០ មាន ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាមានត្រឹមតែជាង៣០០គម្រោងតែប៉ុណ្ណោះ ហើយនៅក្នុងរយៈពេល ៣-៤ ខែបន្តទៅមុខ យើងនៅតែបន្តសិក្សា និងតាមដានពីស្ថានការណ៍ និងការវិវឌ្ឍវិស័យនេះទៀត ថាតើនៅតែអាចរក្សាបានលំនឹងដដែល ឬអាចជួបឱនភាពក្នុងកម្រិតណាប្រសិនបើបញ្ហានៃព្រឹត្តិការណ៍វិបត្តិសាកលមួយនេះនៅតែបន្តកើតមាន”។

ភាពរីកចម្រើន និងការអភិវឌ្ឍលើវិស័យសំណង់នៅកម្ពុជា ភាគច្រើនគឺជាការចូលរួមវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗចំនួន១៨ ដែលក្នុងនោះ ការវិនិយោគមកពីប្រទេសចិន ដែលឈរនៅលំដាប់ថ្នាក់លេខ១ ហើយប្រទេសកូរ៉េឈរនៅលំដាប់ថ្នាក់លេខ២ ខណៈដែលប្រទេសជប៉ុនស្ថិតលំដាប់ថ្នាក់លេខ៣ ហើយក្នុងអ្នកវិនិយោគក្នុងស្រុកក៏បានបណ្តាក់ទុនយ៉ាងច្រើនផងដែរ ដោយភាគច្រើនផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន៕

តើអ្នកវិនិយោគអចលនទ្រព្យត្រូវចាត់វិធានការបែបណា ដើម្បីរក្សាស្ថេរភាពអំឡុងភាពតានតឹងនៃកូវីដ ១៩?

ដោយ ហ្សូលី

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាទទួលរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ ហើយអ្នកជំនាញបានបង្ហើបពីគន្លឹះមួយចំនួនដល់អ្នកវិនិយោគលើវិស័យនេះដើម្បីធ្វើយ៉ាងណារក្សាស្ថេរភាពឱ្យបានល្អ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE ប្រចាំប្រទេសកម្ពុជា លោកស្រី អាន សុធីតា បានប្រាប់ដល់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ នេះថា « ការធ្លាក់ចុះគឺមានស្រាប់ទៅហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលអ្នកវិនិយោគអចលនទ្រព្យត្រូវធ្វើគឺ ត្រូវកាត់បន្ថយការចំណាយតាមដែលអាចធ្វើបាន។ ហើយសូមកុំភ័យខ្លាចខ្លាំងពេកដែរ ព្រោះកាលណាភ័យខ្លាចខ្លាំងពេក អាចធ្វើឱ្យអ្នកវិនិយោគបាក់ទឹកចិត្ត។»

ចំណែកឯអ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក សោម កែវម៉ាលីដា បានគូសបញ្ជាក់ថា « វិស័យអចលនទ្រព្យមកទល់ពេលនេះរាងមានភាពទ្រឹង ដោយសារស្ថានភាពនេះមានភាពលំបាកមែនទែន។ ហើយក្នុងតំណាក់កាលនេះបើចង់ធ្វើសកម្មភាពឱ្យមានភាពទាក់ទាញលុះត្រាណាតែអ្នកវិនិយោគអាចមានតម្លៃល្អជូនអតិថិជន។»

លោកបានពន្យល់ទៀតថា « ឧទាហរណ៍ថា បើសិនជាអ្នកវិនិយោគឬក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនានាធ្លាក់លក់ ១០ម៉ឺនដុល្លារ អញ្ចឹងឥលូវអាចលក់ត្រឹម ៨ម៉ឺនឬក៏យ៉ាងណាដែលជាតម្លៃល្អសម្រាប់ចំណេញភ្លាមៗ។ ស្ថានភាពនេះ មានតែប្រើយុទ្ធសាស្រ្តផ្តល់ជូនតម្លៃល្អទើបបាន។»

មិនតែប៉ុណ្ណោះ លោក សោម កែវម៉ាលីដា បានជម្រាបត្រួសៗថា ក្នុងពេលបច្ចុប្បន្ន មានតំបន់មួយចំនួនដែលប្រើប្រាស់យុទ្ធសាស្រ្តផ្តល់តម្លៃល្អជូនអតិថិជនគឺមាននៅតំបន់ ព្រះសីហនុ និងបាវិត ជាដើម។

ទន្ទឹមនេះ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យAmatak Property Service មានប្រសាសន៍ថា « ដើម្បីរក្សាភាពនឹងនរអចលនទ្រព្យ អ្នកវិនិយោគជំហានដំបូងគឺត្រូវរក្សាសុខភាពជាមុនសិន។ កាលៈទេសៈនេះ អ្នកវិនិយោគមានពីរប្រភេទគឺមានអ្នកហ៊ាននិងអ្នកមិនហ៊ាន។ សម្រាប់អ្នកវិនិយោគដែលមានលុយ គេឆ្លៀតឱកាសទម្លាក់តម្លៃ ព្រោះវាជាឪកាសចំណេញដែរ។»

ដោយឡែក លោកស្រី តាំង ហួរ បានព្យាករណ៍ថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នកំពុងមានភាពតានតឹងខ្លាំង ប៉ុន្តែវាមិនធ្ងន់ធ្ងរណាស់ណាទេ យ៉ាងយូរពាក់កណ្តាលឆ្នាំ ២០២០ នេះ ស្ថានភាពច្បាស់ជាត្រឡប់មកប្រសើរឡើងវិញ៕

ក្រុមហ៊ុនវៀតណាមបោះទុនវិនិយោគដាំកៅស៊ូនៅលើផ្ទៃដី ២ម៉ឺនហិកតានៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានឹងកំពុងបោះទុនវិនិយោកលើការដាំកៅស៊ូនៅលើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់។

កឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា
ទន្ទឹមនឹងការរីកចំរើនលើវិស័យដំណាំកៅ ក្រុមហ៊ុនក៏ត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់បន្ថែមទៀត។

លោកឧកញ៉ាបន្តថា អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម បើទោះបីកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបងប្អូនយើងបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ១៩ជាដើម។

លោករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។

របាយការណ៍របស់ក្រសួងរុក្ខាប្រមញ្ញ និងនេសាទ បានបង្ហាញកាលពីពេលថ្មីៗនេះ ថា កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៨២ ០៧១ តោន ដែលមានតម្លៃ ៣៧៧ លានដុល្លារ កាលពីឆ្នាំ២០១៩ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ទិន្នន័យនេះបង្ហាញទៀតថា ផ្ទៃដីដាំកៅស៊ូនៅកម្ពុជាសរុប ៤០៦ ១៤២ ហិកតា កាលពីឆ្នាំមុនក្នុងនោះកៅស៊ូជាង ២៤៧ ១១៤ ហិកតា ត្រូវបានប្រមូលផល។

របាយការណ៍ដដែលបញ្ជាក់ថា កំណើននៃការនាំចេញនេះដោយសារតម្រូវការកៅស៊ូសកលកើនឡើង និង ការកើនឡើងនៃចំនួនដើមកៅស៊ូចៀរជ័រក៏បានជំរុញឲ្យបរិមាណនាំចេញកើនឡើងផងដែរ៕

NBCផ្តល់កម្ចីលទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបញ្ចេញកម្ចី១,៨០០ លានដុល្លារ ប៉ុន្តែមិនទាន់ទម្លាក់ការប្រាក់

ដោយ ប៊ី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)បានសម្រេចកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មកត្រឹម៧ភាគរយ ចំពោះប្រាក់រៀលនិងរូបិយប័ណ្ណ។ នេះបើយោងតាមសេចក្តីប្រកាសស្ដីពី ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

ការប្រកាសនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានលទ្ធភាពផ្ដល់កម្ចីបន្ថែមជូនអតិថិជនចំនួន១,៨០០ លានដុល្លារអាមេរិកបន្ថែម មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទីមួយ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចបន្ដផ្ដល់កម្ចី ឬផ្ដល់កម្ចីថ្មីដល់អតិថិជន ដើម្បីអាចរក្សាបាននិរន្ដភាពអាជីវកម្ម និងជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃការរីករាលដាលនៃវីរុសកូវីដ១៩។

បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា នឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលវិបាកដែលបង្កឡើង ដោយការរីករាលដាលនៃវីរុសកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា បានកំពុងចាត់វិធានការមួយចំនួន ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាល ធនាគារជាតិនៃកម្ពុជា តាមរយៈការលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុញ្ញាតឲ្យអ្នកខ្ចីប្រា​ក់ពន្យារពេល សងប្រាក់ ឬសងតែការប្រាក់ តាមស្ថានភាពជាក់ស្ដែង និងលទ្ធភាពរបស់គ្រឹះស្ថាន។

អត្រាប្រាក់បម្រុងកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតម្រូវឱ្យរក្សាទុកពី ៨ ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណបរទេសនៅក្នុងធនា​គារជាតិនៃកម្ពុជាំ។ ប៉ុន្តែដោយសារផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19  ធនាគារជាតិបន្ថយមកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណបរទទេសក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

អ្នកជំនាញមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងស្ថានភាពនេះធនាគារជាតិនៃកម្ពុជា ឬរដ្ឋាភិបាលគួរទម្លាក់អត្រាការប្រាក់ដល់ម្ចាស់អាជីវកម្ម និងអ្នកមានតម្រូវការឥណទានផងដែរ ព្រោះការបញ្ចេញប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងស្ថានភាពនេះទេ ខណៈបណ្តាធនាគារកណ្តាល នៅតាមបណ្តាប្រទេសនានានៅលើពិភពលោកបានទម្លាក់ការប្រាក់របស់ខ្លួនភាគច្រើនរួចទៅហើយ។

លោកបន្តថា “តួនាទីធនាគារជាតិដែលជាអ្នករៀបចំគោលនយោបាយ និងតាមដានការអនុវត្តន៍ការផ្តល់ឥណទាន ឬគោលនយោបាយនានា គួរគិតផលប្រយោជន៍មនុស្សភាគច្រើន ជាជាងគិតលើផលប្រយោជន៍ធនាគារិកនានា ព្រោះអត្រាការប្រាក់នៅកម្ពុជាមានកម្រិតខ្ពស់ណាស់ ធៀបជាមួយបណ្តាប្រទេសនានា”៕

ធនាគារពិភពលោកបង្កើនហិរញ្ញប្បទាន២០០០លានដុល្លារបន្ថែមដើម្បីឆ្លើយ តបការរីករាលដាល COVID-19

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកកាលពីថ្ងៃអង្គារបានឱ្យដឹងថា ខ្លួនបានបង្កើនដល់ចំនួន១៤ពាន់លានដុល្លារអាមេរិក នូវចំនួនទឹកប្រាក់នៃហិរញ្ញប្បទានរហ័ស ដែលមានសម្រាប់សមាជិក ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺ COVID-19 នេះ និងបន្ថែមចំនួន២ពាន់លានដុល្លារអាមេរិក ដល់កញ្ចប់ដំបូងដែលបានប្រកាសនៅថ្ងៃទី៣ ខែមីនា។

ធនាគារបានឱ្យដឹងទៀតថា ការផ្លាស់ប្តូរនឹងផ្តល់ឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកសរុបចំនួន៨ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រក្រុមហ៊ុនឯកជន និងនិយោជិករបស់ពួកគេ ដែលរងគ្រោះដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺនេះ។

ធនាគារពិភពលោកបានបន្ថែមថា ថវិកាភាគច្រើននឹងត្រូវបានប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុរបស់អតិថិជន ដូច្នេះពួកគេអាចបន្តផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម មូលធន និងផ្តល់ហិរញ្ញប្បទាន រយៈពេលមធ្យមដល់ក្រុមហ៊ុនឯកជន ដែលកំពុងជួបប្រទះនឹងការរំខាននៅក្នុងសង្វាក់ផ្គត់ផ្គង់។

IFC បានឱ្យដឹងដែរថា មូលនិធិនេះក៏នឹងជួយដល់អតិថិជន ដែលមានស្រាប់នៅក្នុងវិស័យទេសចរណ៍ ផលិតកម្ម និងវិស័យដែលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ក្នុងការចំណាយលើបំណុលរបស់ពួកគេ ខណៈពេលដែលជួយឧស្សាហកម្ម ថែរទាំសុខភាព ពេលមានការពន្លឿនបំពេញនូវតម្រូវការសេវាកម្ម ឧបករណ៍ និងថ្នាំពេទ្យ។

លោក David Malpass ប្រធានធនាគារពិភពលោក បានមានប្រសាសន៍ថា ធនា​គារបានប្តេជ្ញាផ្តល់ការឆ្លើយតបរហ័ស និងបត់បែនដោយផ្អែកលើតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកMalpass បានមានប្រសាសន៍ថា “វាចាំបាច់ណាស់ដែលយើងត្រូវកាត់បន្ថយពេលវេលាដើម្បីធូរស្បើយឡើងវិញ”។លោកបានបន្តថា “ប្រតិបត្ដិការគាំទ្រកំពុងដំណើរការ ហើយឧបករណ៍ពង្រីកថវិកា ដែលត្រូវបានអនុម័តនៅថ្ងៃនេះ នឹងជួយទ្រទ្រង់សេដ្ឋកិច្ចក្រុមហ៊ុន និងការងារ”។

មនុស្សច្រើនជាង១៨៧,៧០០ នាក់បានឆ្លងវីរុសនេះ នៅក្នុងប្រទេសចំនួន ១៦២ ហើយ៧,៤៩៥ នាក់បានស្លាប់។

លោក Philippe Le Houerou នាយកប្រតិបត្តិរបស់ IFC បានមានប្រសាសន៍ថា គោលដៅរបស់ស្ថាប័ន គឺដើម្បីជួយដល់អតិថិជនឱ្យមានប្រតិបតិ្តការ ក្នុងកំឡុងពេលមានអាសន្នផ្នែកសុខភាព ដូច្នេះពួកគេអាចជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ យ៉ាងឆាប់រហ័សនៅពេលក្រោយ៕