ដោយស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានថ្លែងថា ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបវិបត្តិនេះ ការវិនិយោគលើវិស័យកសិកម្មជារឿងល្អប្រសើរមួយ ខណៈវិស័យដទៃទៀតកំពុងរងផលប៉ះពាល់។

លោកឧកញ៉ាដែលជាប្រធានសមាគម អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារៀសលថ្ងៃទី២៩ មិថុនានេះថា ក្នុងពេលពិភពលោកកំពុងជួបវិបត្តិបែបនេះ កម្ពុជាក៏កំពុងប្រឈមបញ្ហាដែរ ទាំងវិស័យពាណិជ្ជកម្ម ទេសចរណ៍ជាដើម ប៉ុន្តែវិស័យមួយនៅតែល្អ គឺវិស័យកសិកម្ម ដែលនៅតែមានតម្រូវការនិងតម្លៃល្អប្រសើរ។
លោកបានបន្តថា “វិស័យកសិកម្មជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ហើយវារីកចម្រើនបានក្នុងដំណាក់កាលនេះ ដែលមានទាំងតម្លៃ និងតម្រូវការល្អប្រសើរ”។លោកបន្តថា “ខ្ញុំក៏បានវិនិយោគលើវិស័យកសិកម្មផងដែរ ប៉ុន្តែវាមិនទាន់ឲ្យផលនៅឡើយទេ”។

លោកឧកញ៉ាលី ហួរបានបន្តថា នៅពេលបច្ចុប្បន្នក្រុមហ៊ុនធំៗលើពិភពលោក សុទ្ឋតែជួបបញ្ហា ហេតុនេះបើចង់ឲ្យលោកផ្តល់យោបល់ពីការធ្វើជំនួញ គឺយើងកំពុងពិបាកដូចគ្នា ព្រោះនៅលើពិភពលោកប្រទេសនិមួយៗ តែងតែពឹងផ្អែកគ្នាទៅវិញទៅមក ហេតុនេះបើសិនជាយើងលែងមានបញ្ហាក៏ដោយ ក៏ប្រទេសដទៃទៀតនៅមានបញ្ហា ប្រទេសក្នុងតំបន់នៅមានបញ្ហា ក៏យើងមិនអាចធ្វើអ្វីបានដែរ។
លោកបន្តថា “”ទាល់តែពិភពលោករកឃើញថ្នាំ និងវ៉ាក់សាំងសម្លាប់ជំងឺCovid-19ទើបពិភពលោកអាចដើរទៅមុខ ហើយសេដ្ឋកិច្ចដំណើរការបានល្អប្រសើរឡើងវិញ”៕






