ក្រសួងព្រះបរមរាជវាំងបិទមិនឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាដោយសារបារម្ភពីCovid19

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃ១៨មីនានេះ តទៅដើម្បីបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ។

យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅនេះ បានឱ្យដឹងថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូវីដ ១៩ កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវំាង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃទី ១៨ ខែមីនេះតទៅ។

សេចក្តីជូនដំណឹងដដែលបន្តថា ការបើកឱ្យដំណើរការចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំងនឹងជូនដំណឹងនៅពេលក្រោយ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា ម្សិលមិញនេះ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បិទ KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅតាមមូលដ្ឋាននានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់នឹងការរីករាលដាល នៃជំងឺកូវីដ១៩។

ការស្នើឱ្យអភិបាលរាជធានី-ខេត្តបិទ KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) ទាំងនោះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបញ្ជាក់ថា នៅកម្ពុជាមានការរកឃើញជំងឺកូវីដជាច្រើកករណីជាបន្តបន្ទាប់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះកម្ពុជាមានចំនួនអ្នកឆ្លងជំងឹ Covid-19 នេះមានចំនួន៣៥នាក់ហើយ។

លោកស្រីបន្តថា ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កា ទប់ស្កាត់ ចំពោះការរីករាលដាល និងការព្យាបាលអ្នកដែលឆ្លងនូវជំងឺកូវីដ ១៩ នេះ ប្រកបដោយប្រុងប្រយ័ត្នខ្ពស់បំផុត៕

ជប៉ុនផ្ដល់ជំនួយ ២៩លានដុល្លារ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការចៃការជប៉ុនប្រចាំកម្ពុជា បានផ្តល់គម្រោងជំនួយសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅលើអគារវិទ្យាស្ថានគរុកោសល្យចំនួន២នៅកម្ពុជា រួមមាននៅរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង ក្នុងទំហំទឹកប្រាក់សរុប ៣១៧០លានយ៉េន ស្មើនឹងប្រមាណ ២៩លានដុល្លារអាម៉េរិក បានសម្រេចប្រមាណ៣៣ភាគរយហើយ។

ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ លោក MASHAKI SAKAKURA បានប្រាប់ក្រុមអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗនេះនៅវិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងថា មកដល់ពេលនេះវិទ្យាស្ថានគរុកោសល្យទាំង២ ទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបង បានដំណើរការសាងសង់ដោយក្រុមហ៊ុនជប៉ុនបានប្រមាណ៣៣ភាគរយហើយ។

លោកបញ្ជាក់ថា “វិទ្យាស្ថាននៅខេត្តបាត់ដំបង មានអគារ ៥ខ្នង គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ចំណែកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញមាន ៤ខ្នង គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលបញ្ចប់វិទ្យាស្ថានគរុកោសល្យទាំង២នេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផ្តល់ការអប់រំគ្រូបង្រៀនដល់កម្រិតបរិញ្ញាបត្រ និងជាវិទ្យាស្ថានបណ្តុះធនធានមនុស្សលើកកម្ពស់គុណភាពអប់រំ និងគុណភាពគ្រូបង្រៀនផងដែរ”។

ការអភិវឌ្ឍធនធានមនុស្ស គឺស្ថិតនៅក្នុងមុំ១ នៃមុំទាំង៤ របស់យុទ្ធសាស្ត្រចតុកោណក្នុងអាណត្តិ៥ឆ្នាំនេះ។ ចំណែកគុណភាពនៃការអប់រំ គឺជាចំណុចអាទិភាពមួយនៅក្នុងវិស័យអប់រំរបស់កម្ពុជា។ ក្រសួងអប់រំយុវជន និងកីឡា បានកសាងនូវផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ(២០១៩-២០២៣) ដើម្បីដាក់ចេញនូវការកែទម្រង់ក្នុងវិស័យការ លើកកម្ពស់គុណភាពអប់រំ និងការពង្រីកសេវាអប់រំ ឱ្យកាន់តែទូលំ ទូលាយទូទាំងប្រទេស ជាពិសេសការអភិវឌ្ឍធនធានមនុស្ស សម្រាប់នាំផ្លូវកម្ពុជាឈានឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

រដ្ឋាភិបាលបញ្ជាក់ កម្ពុជាមិនមានបញ្ហាខ្វះខាតអង្ករ អំឡុងពេលនៃការរីករាលដាល COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការផ្ទុះឡើងនៃកូវីដ១៩ (COVID-19)នៅលើពិភពលោល រួមមានប្រទេសកម្ពុជា ធ្វើឱ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជា និងអាចជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសគឺថ្លៃអង្ករ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយរបស់ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា។

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ ស្របពេលដែលការប្រមូលផលស្រូវប្រាំង ២០១៩-២០២០ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គឺបាននឹងកំពុងច្រូតកាត់បានជាង៨០% ស្មើនឹងជាង ២.៣លានតោនស្រូវ ហើយតំបន់មួយចំនួន គឺចាប់ផ្តើមធ្វើការដាំដុះជាបន្តទៀត។

ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និង សហព័ន្ធស្រូវអង្ករកម្ពុជា “សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករបាន។ សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ បានត្រៀមសន្និធិ និងលក្ខណៈគ្រប់គ្រាន់សម្រាប់លក់ជូនដល់ទីផ្សារ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅក្នុងប្រទេស”។

សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នៅបន្តដំណើរការបើកលក់អង្ករចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ រហូតអាចទប់ស្កាត់ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងឈានទៅលុបបំបាត់ជំងឺនេះ បានទាំងស្រុងពីកម្ពុជា តាមទីតាំងកំណត់មួយចំនួន នៅរាជធានីភ្នំពេញដូចខាងក្រោម៖

* ស្នាក់ការក្រុមហ៊ុនហ្រ្គីនត្រេដ អាគារលេខ៦៥-៦៧-៦៩ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទ០១២ ២៩៨ ៩២៥។

* មណ្ឌលឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីដែលមានកង្វះខាតអង្ករ នៅតាមបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកអង្ករតាមរថយន្តធំ ទៅលក់ដល់ទីតាំងផ្ទាល់តែម្តង ដោយប្រើពេលវេលាមិនឱ្យលើសពីរយៈពេល២៤ម៉ោង៕

មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ

ដោយ វុត្ថា

ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី ដែលមានទីតាំងនៅជាប់សាលមហោស្រពចេនទ្បា នឹងមានវត្តមានឆាប់ៗខាងមុខនេះ សម្រាប់ បោះដុំគ្រឿងបន្លាស់ ផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកវិទ្យាទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទូទៅ ដែលមានផាសុកភាព និងទំនើបទាន់សម័យដ៏ធំក្នុងទីក្រុងភ្នំពេញ។

បើតាមការឱ្យសារព័ត៌មាននានា បានឱ្យដឹងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្នុងការផ្តល់ សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅសម្រាប់ប្រជាជនកម្ពុជាគ្រប់ ស្រទាប់វណ្ណៈផងដែរ។

គម្រោងនេះរំពឹងថានឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែបដូចទៅនឹងបណ្តា ប្រទេសជិតខាងក្នុងតំបន់ផងដែរ។ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ នឹងរួមបញ្ចូលគ្នាជាមួយការលក់ដូរគ្រឿងបរិក្ខារបច្ចេកវិទ្យា និងផ្គត់ផ្គង់សេវាកម្មគ្រប់ប្រភេទ ទាំងអស់រាប់រយមុខពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងគ្រឿងអេទ្បិចត្រូនិកផងដែរ៕

ធនាគារជាតិ ដាក់ចេញវិធានការថ្មីៗមួយចំនួនទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានសម្រេច ដាក់ចេញនូវវិធានការបន្ទាប់ចំនួ ន៥ បន្ថែមពីលើវិធានការចាស់ ដើម្បីជួយបង្កើនដើមទុនដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នានា ក្នុង ការជួយ កាត់បន្ថយនូវផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺ Covid_19 ។

បន្ថែមលើវិធានការដែលបានដាក់ចេញចំនួន៣កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បី បង្កើនដើមទុន នោះ នៅយប់ថ្ងៃដដែលនេះ ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមាន៖

១៖ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២៖ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។

៣៖ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤៖ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥៖ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ដោយឡែក វិធានចំនួន៣ ដែលបានដាក់ចេញក្នុងគោលបំណងជួយបង្កើនដើមទុនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីមានលទ្ធភាពបន្តផ្ដល់កម្ចី រួមមាន ៖

១៖ ធនាគារជាតិនៃកម្ពុជា ពន្យារការឱ្យអនុវត្តន៍នូវប្រកាស ស្ដីពីទ្រនាប់ដើមទុន ដែលគ្រោងឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនទុនបង្វិល ដែលមានអនុបាតពី៥០ភាគរយទៅ១០០ភាគរយ នៅដើមឆ្នាំ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ការធ្វើបែបនេះ ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដើមទុនច្រើនក្នុងដៃ ងាយស្រួលផ្តល់កម្ចីឱ្យអតិថិជន។

២៖ កាត់បន្ថយអត្រាការប្រាក់នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា ហៅកាត់ថា LPCO ។ ចាប់ពីថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សម្រេចកាត់បន្ថយអត្រាការប្រាក់ ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដេញថ្លៃរកប្រាក់រៀល ប្រើប្រាស់ជាដើមទុន។

៣៖ កាត់បន្ថយការប្រាក់មូលបត្រអាចជួញដូរបាន (NCD) ដែលកន្លងទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទិញពីធនាគារជាតិនៃកម្ពុជា ដើម្បីចំណេញអត្រាការប្រាក់ ប៉ុន្តែចាប់ពីស្អែកទៅ គឺត្រូវកាត់បន្ថយអត្រាការប្រាក់ ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខិលពីការទិញ NCD ទៅជាផ្តល់កម្ចីឱ្យអតិថិជនវិញ ។

អគ្គនាយក បច្ចេកទេស ធនាគារជាតិ នៃកម្ពុជា លោកស្រី ជា សិរី បានមានប្រសាសន៍ ថា «ដោយសារសង្កេតឃើញនូវការវិវត្តន៍ថ្មីៗ យើងក៏សម្រេចចិត្តដាក់ចេញវិធានការថ្មីចំនួន៣ទៀត ដើម្បីសម្រួលសន្ទនីយភាព (មានទុនច្រើនក្នុងដៃ)។ ការដែលយើងទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ឥណទាន ឬក៏យើងទាមទារចង់ឱ្យគ្រឹះស្ថាន រក្សាភាពទន់ភ្លន់ ក្នុងការលើកលែងការយកការប្រាក់ ឬប្រាក់ដើមនោះ គឺទាមទារឱ្យគ្រឹះស្ថាន ត្រូវតែមានលុយច្រើនក្នុងដៃ បានន័យថា មានសន្ទនីយភាពច្រើនក្នុងខ្លួន»។

លោកស្រីបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឱ្យអាជីវកម្មមួយចំនួនជួបញ្ហា ដោយសារមិនមានអតិថិជន ធ្វើឱ្យមានចំណូលតិចជាងមុន ឬខាត ក្នុងករណីអាជីវករទាំងនោះ មានឥណទានជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ យើងបានស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រក្សាភាពទន់ភ្លន់តាមស្ថានភាពជាក់ស្ដែង ដោយអាចពិនិត្យមើលលទ្ធភាពបន្ធូរបន្ថយ ឬពន្យារពេលក្នុងការសង់ប្រាក់ ឬការប្រាក់»។

លោកស្រីបន្តទៀតថា «យើងបានផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថាននីមួយៗធ្វើទៅតាមលក្ខខណ្ឌផ្សេងៗ មានន័យថា ប្រសិនបើអាជីវករមានបញ្ហាជាក់លាក់ ដោយសារតែជំងឺ Covid_19 ពិតមែន គ្រឹះស្ថានអាចពន្យារពេលការសង់ប្រាក់ដើម, ការប្រាក់ ឬគាត់អាចកាត់បន្ថយនូវ អត្រាការប្រាក់ជាដើម តាមស្ថានភាពជាក់ស្ដែង។ ប្រសិនក្រុមហ៊ុនខ្លះ អាចមានលទ្ធភាព អាចពន្យារពេលខ្លះ ឬអាចពន្យារសងប្រាក់ដើម តែយកអត្រាការប្រាក់ ទាំងនេះខាងធនាគារជាតិ បានសំណូមពរដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ»៕

ដំណឹងល្អ! ចិនរកឃើញវ៉ាក់សាំងប្រឆាំងជម្ងឺCOVID-19 បានដោយជោគជ័យ

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! នេះ បើតាមការផ្សព្ចផ្សយារបស់ស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។

ស្ថានទូតចិនបន្តទៀតថា វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ៕

រដ្ឋាភិបាលសម្រេចកាត់បឹងកប់ស្រូវទំហំ៨៣ហិកតាឱ្យរដ្ឋបាលរាជធានីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រ៉ាណេត

ភ្នំពេញៈរដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងកប់ស្រូវ ឬបឹងតាម៉ោឃសរុប៨៣ហិកតា ជូនរដ្ឋបាលរាជធានីភ្នំពញសម្រាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតសួនច្បារ និងឧទ្យានធម្មជាតិសាធារណៈ ព្រមគ្នាជាមួយនឹងការសាងសង់ អគារហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ។

តាមរយៈលិខិតលេខ ៣៦៩ សជណ.មយ ចុះថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ថា រាជ    រដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតាស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដដែលនេះ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អភិបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ៣៦៨ សជណ.មយ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ៧៥ហិកតា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។

ការសម្រេចនេះ យោងតាមលិខិតលេខ០១៦.២០ លស.គចុះថ្ងៃទី៥ ខែមីនាឆ្នាំ២០២០របស់រដ្ឋ បាលរាជធានីភ្នំពេញ។ លិខិលេខ ១២៨.ខន .០២០ សជ ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិបាលរាជធានីភ្នំពេញតាមរយៈលិខិតលេខ ៨២៧ សជណ.ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ជាគោលការណ៍យកដី ចំនួន២០ហិកតានៅបឹងតាមោក ក្នុងចំណោមទំហំសរុបចំនួន៣ ២៣៥,៧ ហិកតា ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគទៅផ្សារថ្មីនៅបឹងតាមោកវិញ៕

លោកដូណាល់ ត្រាំបង្ហាញសញ្ញាវិជ្ជមានលើការស្នើសុំប្រាក់៥៨ពាន់លានដុល្លារ សម្រាប់គាំទ្រក្រុមហ៊ុនអាកាសចរណ៍

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេស បន្ទាប់ពីឧស្សាហកម្មនេះបានរូវការជំនួយទឹកប្រាក់៥៨ពាន់លានដុល្លារ នៅពេលដែលតម្រូវការធ្វើដំណើរថយចុះដោយសារតែមេរោគឆ្លង។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទី១៦ មីនា ឆ្នាំ ២០២០កន្លងមកថា «ដរាបណាក្រុមហ៊ុនអាកាសចរណ៍ ជួបការព្រួយបារម្ភ ពួកយើងនឹងគាំទ្រក្រុមហ៊ុនអាកាសចរណ៍១០០%។ យើងនឹងជួយពួកគេខ្លាំងណាស់”។

តម្រូវការជំនួយសាធារណៈភ្លាមៗ បង្ហាញពីជម្រៅនៃការឈឺចាប់ នៃសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងជួបប្រទះមុនពេលការផ្ទុះឡើង នៃតម្រូវការធ្វើដំណើរ និងពិពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុធ្ងន់ធ្ងរ។

ក្រុមហ៊ុនដែលស្នើសុំប្រាក់ចំនួនជាង៥០ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអាកា​សចរណ៍ដឹកអ្នកដំណើរ និង៨ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនដឹកទំនិញ បាននិយាយថា «បរិយាកាសសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺមិនមាននិរន្តរភាពទេ ហើយវាត្រូវបានផ្សំដោយការពិតដែលថាវិបត្តិនេះមិនមានទីបញ្ចប់ទេ”។

ឧស្សាហកម្មអាកាសចរណ៍ កំពុងស្វែងរកការបង្វិលប្រាក់ពន្ធឡើងវិញ ដែលបានបង់ ដោយអ្នកដំណើរទៅរដ្ឋាភិបាលសហព័ន្ធចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣១ ខែមីនានិងការលុបចោលពន្ធបណ្តោះអាសន្ន។

ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីដូណាល់ត្រាំ លោកLarry Kudlow បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋលេខាធិការក្រសួងរតនាគារបាន និងកំពុងធ្វើកិច្ចចរចាស្តីពីជំនួយរបស់ក្រុមហ៊ុនអាកាសចរណ៍។

លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ គឺជាបណ្តាញគន្លឹះមួយនៅក្នុងសេដ្ឋកិច្ច។ យើងឃើញបញ្ហាមេរោគនេះ មានបញ្ហារាប់ខែមិនមែនប៉ុន្មានឆ្នាំទេ។ ហើយយើងមិនចង់ឃើញក្រុមហ៊ុនអាកាសចរណ៍បរាជ័យទេ។ យើងនឹងព្យាយាមជួយពួកគ”។

ក្រុមហ៊ុនដឹកជញ្ជូនកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការចំណាយរួមមាន ការកាត់ផ្តាច់ការហោះហើរយន្តហោះ និងការឈានដល់កិច្ចព្រមព្រៀងជាមួយសហជីពមួយចំនួន សម្រាប់ការទុកចោលដោយអវត្តមានដោយស្ម័គ្រចិត្ត។

ជនជាតិអាមេរិក កាត់បន្ថយការហោះហើរអន្តរជាតិ៧៥% ចំពេលការធ្លាក់ចុះនៃតម្រូវការនិងការហោះហើរក្នុងស្រុកកើនឡើង៣០ភាគរយ៕

ក្រសួងដែនដីប្រមូលចំណូលចូលថវិការជាតិបានប្រមាណ១១៤លានដុល្លារក្នុងមួយឆ្នាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុប បានប្រមាណ១១៤លានដុល្លារកាលពីឆ្នាំ ២០១៩កន្លងទៅ មានការកើនឡើងប្រមាណ១៧,៥០ ភាគរយ។

តាមរយៈបាយការណ៍ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ ក្រសួងបានប្រ​មូ​លចំណូលចូលថវិការជាតិសរុប១១៤លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ១៧,៥០ភាគរយ ស្មើនឹង១៧លានដុល្លារបើប្រៀបធៀបកាលពីឆ្នាំចាស់។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំំណោមចំណូលដែលប្រមូលបានប្រមាណ១១៤លានដុល្លារ ក្នុងនោះបានពីការប្រមូលលើសេវាសុរិយោដី បានចំនួន ១២,៥០លានដុល្លារ។ ចំណូលពីសេវាសំណង់ទូទៅបានចំនួន១១,១៥លានដុល្លារ។ ចំណូលពីសេវាសំណង់ លើសសន្ទស្សន៍បានចំនួន៣,៦០លានដុល្លារ និងចំណូលពីការជួលអចលនទ្រព្យបានចំនួន០,០៧លានដុល្លារ។

ដោយឡែកចំណូលចូលជាថវិកាជាតិ ដែលមានទំហំច្រើនជាងគេនោះ គឺបានមកពីចំណូលពន្ធប្រថាប់ត្រាពីការផ្ទេរកម្មសិទ្ធិ ដែលប្រមូលនៅអង្គភាពពន្ធដារបានរហូតដល់ទៅចំនួន៨៦,៧៥លានដុល្លារ។

ពាក់ព័ន្ធទៅនឹងការប្រមូល ចំណូលចូលថវិកាជាតិពីពន្ធប្រថាប់ត្រា ដែលជាប្រភពចំណូលច្រើនជាងគេនេះ ស្ថិតនៅក្នុងភាពប្រឈម នឹងភាពភ័យខ្លាចការរាតត្បាតមេរោគ Covid-19 នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសម្រេចផ្អាកការយកពន្ធប្រថាប់ត្រាទៅលើរាល់ការទិញលំនៅដ្ឋានទាំងឡាយណា ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក្នុងគោលបំណងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ក៏ដូចជាជួយជំរុញ ឱ្យចរន្ត នៃការទិញលក់វិស័យមួយនេះ នៅតែបន្តសកម្មភាពរលូន និងលើកកម្ពស់វិស័យសំណង់លំនៅដ្ឋានពេញមួយឆ្នាំផងដែរ៕

អគ្គនាយកដ្ឋានគយដាក់ចេញនូវផែនការប្រមូលចំណូល២,៩ ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដាក់ចេញនូវផែនការប្រចាំឆ្នាំរបស់ខ្លួន ដោយនឹងប្រមូលចំណូលសរុបចំនួន២,៩ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ជាមួ​យនឹងការប្រមូល បានប្រាក់ចំណូលជាមធ្យមប្រចាំខែចំនួន២៥០លានដុល្លារ។

កាលពីដើមខែនេះ GDCE បានសម្តែងការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកCOVID-19  លោកគុណ ញឹមអគ្គនាយក GDCE បានមានប្រសាសន៍ថា វានឹងប៉ះពាល់តិច ដល់ផែនការប្រចាំឆ្នាំសម្រាប់ការប្រមូលប្រាក់ចំណូល។

សម្រាប់ឆ្នាំនេះ លោកបាននិយាយថា ផែនការប្រចាំឆ្នាំរបស់ GDCE នឹងប្រមូលចំណូលសរុបចំនួន២,៩ពាន់លានដុល្លារ ជាមួយនឹងការប្រមូលបានប្រាក់ចំណូលជាមធ្យ​មប្រចាំខែចំនួន២៥០លានដុល្លារ។

លោកបានបន្តថា “ក្នុងខែមករាយើងប្រមូលបានជាង២៥០ លានដុល្លារដែលលើ​សពីផែនការរបស់យើង”។ លោកបន្ថែមថា “ទោះជាយ៉ាងណាការរាតត្បាតជំងឺ ដែលកំពុងកើតមានបានប៉ះពាល់ ដល់ផែនការសម្រាប់ខែកុម្ភៈ ដោយការប្រមូលចំណូលមានចំនួន២៣៥លានដុល្លារដែលទាបជាងការរំពឹងទុក”។

ទោះបីជាយ៉ាងណាក៏ដដោយ ការប្រមូលប្រាក់ចំណូលរបស់ខ្លួនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយមានការកើនឡើងជាមធ្យម ១៩,៥ ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៤។

លោកបានថ្លែងថា “សមិទ្ធិផលគួរឱ្យកត់សម្គាល់ គឺជាលទ្ធផលនៃវឌ្ឍនភាពអភិបា​លកិច្ចល្អរបស់ GDCE ដែលឆ្លុះបញ្ចាំងពីការកែទម្រង់ និងការធ្វើទំនើបកម្ម”។

លោកគុណ ញឹមបានកត់សម្គាល់ថា ការប្រមូលចំណូលពីពន្ធគយលើសពី៤២ ភាគរយនៃផែនការរបស់GDCE បើប្រៀបធៀបនឹងឆ្នាំ២០១៤ ហើយប្រាក់ចំណូលបានកើនឡើងពីប្រមា១,៣២ ពាន់លានដុល្លារដល់៣,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើនឡើងប្រមាណ២,៥ដង។

យោងតាម GDCE ប្រាក់ចំណូលឆ្នាំ ២០១៩ ពីពន្ធនាំចូលបានកើនឡើងជាង៣០ ភាគរយ និងពីពន្ធលើតម្លៃបន្ថែម(VAT) ប្រមាណ២៩ ភាគរយ។

ប្រភពចំណូលសំខាន់សម្រាប់ឆ្នាំ២០១៩ គឺការនាំចូលយានយន្ត និងគ្រឿងម៉ាស៊ី​ន ដែលតំណាងឱ្យ៥០ភាគរយនៃប្រាក់ចំណូលសរុប៕