ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ខណ្ឌឫស្សីកែវ នឹងត្រូវរុះរើចេញក្រោយគម្រោងស្ពានបេតុងថ្មីបញ្ចប់ការសាងសង់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងចរាចរណ៍យ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះ នឹងត្រូវរុះរើចេញក្រោយពេលគម្រោងសាងសង់ស្ពានបេតុងអារមេយោងខ្សែកាបថ្មី ត្រូវបានបញ្ចាប់ការសាងសង់ទាំងស្រុង។

តាមការអះអាងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រោយគម្រោងសាងសង់ស្ពានបេតុងអារមេដែលយោងដោយខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់រវាងខណ្ឌឫស្សីកែ និងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ ត្រូវបានបញ្ចប់ទាំងស្រុង ស្ពានដែកបាឡេដែលស្ថិតនៅស្របគ្នា នឹងត្រូវរុះរើចេញ។

ស្ពានដែកបាឡេ ដែលកំពុងធ្វើចរាចរណ៍យ៉ាងមមាញឹក និងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរាជធានីភ្នមពេញនេះ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ខណៈពេលដែលស្ពានជ្រោយចង្វារទី១ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនកំពុងជួសជុល និងកែលម្អឡើងវិញ។

ដោយឡែកសម្រាប់ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនេះ ដែលយោងដោយខ្សែកាបក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន OCIC មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរខ្សែកាបមានចំនួន៤គន្លង ខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្របំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here