គម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបានបន្តសកម្មភាពសាងសង់យ៉ាងសកម្មនៅតំបន់ផ្លូវ៦០

ដោយគង់ សូរិយា

        ភ្នំពេញ ចូលដល់ចុងត្រីមាសទី១ឆ្នាំ២០២០នេះ ទោះជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងលេចឡើងក្តី ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍ ការសាងសង់គំរោងធំៗជាច្រើនបាននិងកំពុងបន្តយ៉ាងសកម្មនៅតាមមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

បច្ចុប្បន្នគំរោងលំនៅដ្ឋាន ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះរួចហើយ ដែលអនាគតតំបន់នេះនឹងមានការរីកចម្រើនលឿ​ន​និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានកាន់តែរសរវើក និងកាន់តែទាក់ទា ញការចាប់អារម្មណ៍។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នតំបន់នេះស្ថិតនៅកណ្តាលក្រុ​ង​​រួចទៅហើយ និងជាតំបន់មានការអភិវឌ្ឍន៍លឿន ដោយសារទីតាំងមានភាពអំណោយ​ផលកៀកនឹងកណ្តាលរាជធានី និងជាតំបន់ថ្មី ដែលងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋមេធំៗមួយចំនួនបានរៀបចំល្អប្រសើររួចហើយ។

លោកបន្តថា “តំបន់នេះក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយម​សម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម”។លោកបន្តថា “វានឹងក្លាយជាតំបន់ដ៏រសរវើក​មួយនាពេលអនាគត”។

បច្ចុប្បន្នផ្សារទំនើបធំៗចំនួនពីរ បាននិងកំពុងសាងសង់ គំរោងខុនដូR&F, Urban illage ផ្សារទំនើបរបស់បុរីប៉េង ហួត ផ្សារទំនើបរបស់ក្រុមហ៊ុនជីព ម៉ុងលែនដ៏ និងផ្សារទំនើបAEON MALL3នឹងសាង​សង់នៅតំបន់នេះនាពេលខាងមុខ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោកស្រីចេវ សុឃុនបានមានប្រសាស​ន៍ថា គ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ សុទ្ឋតែមានការអភិវឌ្ឍលឿន និងក្នុងទម្រង់ខុសៗគ្នា ប៉ុន្តែសម្រាប់តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ពិសេសផ្លូវ៦០ម៉ែត្រជាតំបន់មានការ​អភិវឌ្ឍលឿន និងតម្លៃដីធ្លីបានកើនឡើងខ្ពស់រួចទៅហើយ។

លោកស្រីបន្តថា ហេតុផល​ដែលតម្លៃដីធ្លីឡើងខ្ពស់នៅតំបន់នេះ ដោយសារទី១ វាមានចម្ងាយជិតបើសិនជាចូលមក​កាន់កណ្តាលក្រុង ទី២វាជាទីក្រុងថ្មី និងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ និងទី៣ ហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ពីតំបន់នេះទៅកាន់ព្រលានយន្តហោះ ក៏ជិត និងកៀកនឹងកណ្តាលក្រុង។

លោកបន្តថា “រយៈពេល៣ទៅ៥ឆ្នាំខាងមុខ វានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ដ៏ធំមួយ និងជាទីក្រុងថ្មីមួយដែលមានភាពរសរវើក តែបើគិតរយៈពេល៥ទៅ១០ឆ្នាំខាងមុខ គឺយើងសម្លឹងទៅកាន់តំបន់ស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៥”។លោកបន្តថា “តំបន់នានានៃទិសទាំង៤របស់រាជធានីមានការអភិវឌ្ឍន៍ដូចគ្នា តែលឿន​ឬយឺត វាអាស្រ័យលើពេលវេលា ហើយតម្លៃអចលនទ្រព្យក៏នៅធូរថ្លៃផងដែរ បើធៀបនឹង​តំបន់មានការអភិវឌ្ឍលឿន”។

         រដ្ឋាភិបាលតាមរយៈរដ្ឋបាលក្រុងភ្នំពេញ បាននិងកំពុងរៀបចំផែនការអភិវឌ្ឈន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់បៃតង។ បច្ចុប្បន្នរដ្ឋបាលក្រុងភ្នំពេញបាននិងកំពុងសហការជាមួយសាលាក្រុងប៉ារីសប្រទេសបារាំង ដើម្បីសិក្សាពីប្រព័ន្ឋហេដ្ឋារចនាស​ម្ព័ន្ឋនានា ដូចជាផ្លូវ ប្រព័ន្ឋលូ ប្រព័ន្ឋរំដោះទឹកជំនន់ជាដើម ដើម្បីធ្វើយ៉ាងណាបញ្ចៀស​វិបត្តិហេដ្ឋារចនាសម្ព័ន្ឋនិងលំហូរចរាចរនាពេលអនាគត ដោយសារតែតំបន់ភាគខាងត្បូង​មានមនុស្សរស់នៅកាន់តែច្រើននារយៈពេល៥ទៅ១០ឆ្នាំខាងមុខ៕

ចំណេះដឹង! តើការបង់ពន្ធប្រថាប់ត្រា៤ %ត្រូវមានឯកសារភ្ជាប់អ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា  ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា ៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។

  លិខិតមានលក្ខណៈគតិយុត្តិដូចខាងក្រោម ត្រូវជាប់ពន្ធប្រថាប់ត្រា៖

– លិខិតស្តីពីការបង្កើតក្រុមហ៊ុន                   ១,0០០,០០០ រៀល

– លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា     ១,0០០,០០០ រៀល

-លិខិតស្តីពីការបិទក្រុមហ៊ុន                       ១,0០០,០០០ រៀល

  • ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
  • ០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬ ទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។

ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដ នៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគួរប្រាក់ពន្ធដែលត្រូវបង់៕

ប្រទេសឡាវបិទប៉ុស្តិ័ត្រួតពិនិត្យព្រំដែនកម្ពុជា និងវៀតណាមជៀសវាងការឆ្លង មេរោគCovid19

ដោយ ហ្សូលី

ប្រទេសឡាវៈ រដ្ឋាភិបាលឡាវអនុម័តឱ្យមានការបិទប៉ុស្តិ៍ ត្រួតពិនិត្យច្រកព្រំដែនកម្ពុជា និងវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ បន្ទាប់ពីកម្ពុជានិងវៀតណាមបានប្រកាសពីករណីជាបន្តបន្ទាប់។

ការិយាល័យនៃរដ្ឋបាលខេត្ត Houaphanh បានចេញសេចក្តីជូនដំណឹងបន្ទាន់កាលពីសប្តាហ៍មុន ដោយបញ្ជាឱ្យមានការបិទប៉ុស្តិ៍ ត្រួតពិនិត្យព្រំដែនវៀតណាមចំនួន ១០ កន្លែងក្នុងចំណោម១៤របស់ភាគឥសាននៃខេត្តនេះ។

មូលហេតុដែលបណ្តាលឱ្យមានការបិទជាបណ្តោះអាសន្ននេះ ដោយសារប្រទេសឡាវកំពុងខ្វះខាតធនធាននិងសម្ភារៈពិនិត្យមើលពីស្ថានភាពសុខភាពអ្នកធ្វើដំណើរ ខណៈបច្ចុប្បន្ននេះប្រទេសឡាវទើបតែប្រកាសនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០២០នេះថា មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៧៩ ករណី។

នៅសល់តែ៤ច្រកទៀតប៉ុណ្ណោះ ដែលនៅបើកដំណើរការ ព្រោះថាវាជាច្រកធំលក្ខណៈអន្តរជាតិ ដែលមានម៉ាស៊ីនស្កេនតែមួយប៉ុណ្ណោះនៅតាមច្រកនិមួយៗនោះ។

អាជ្ញាធរ និងមន្ត្រីសុខាភិបាលប្រទេសឡាវបាន នឹងកំពុងរៀបចំបរិក្ខារនិងឧបករ​ណ៍ផ្សេងៗ ជាពិសេសគឺក្រុមការងារសុខាភិបាលប្រចាំការ ត្រួតពិនិត្យនៅច្រកព្រំដែនផ្សេងៗទៀត ដែលស្ថិតនៅភាគខាងត្បូងប្រទេសឡាវ គឺនៅព្រំប្រទល់វៀតណាមដូចគ្នា ក្នុងនោះក៏មានកម្ពុជាផងដែរ។

ប្រទេសឡាវបើកតែព្រំដែនថៃតែប៉ុណ្ណោះ ព្រោះប្រទេសថៃមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមានភាពប្រសើរជាងនៅប្រទេសរបស់ខ្លួន ទោះបីជាបច្ចុប្បន្នប្រទេសថៃកំពុងមានករណីជាង១៤០ក៏ដោយ៕

រហាត់ទឹកអង្គរដ៏ធំ មានអាយុកាល៦០ឆ្នាំនឹងដាក់ឱ្យប្រើឡើងវិញនៅ ខែមេសាខាងមុខនេះ

ដោយៈ រ៉ាណេត

សៀមរាបៈ រហាត់ទឹកអង្គរដ៏ធំជាងគេ និងមានអាយុកាលតាំងពីទសវត្សរ៍ទី៦០ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងត្រូវបញ្ចប់ការជួសជុលក្នុងពេលឆាប់ៗ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមេសា ឆ្នាំ២០២០ខាងមុខ ក្រោយការជួសជុលអស់រយៈពេលជាងកន្លះឆ្នាំ។

រហាត់ទឹកឈើដ៏ធំមួយ ស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាង ដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត តែក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាប មកស្រោចស្រពកូនឈើ នៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។

នៅក្រោយពេលដែលប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហា​ត់ទឹក និងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជំនួសរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រហាត់ទឹកនេះ ក៏មានការជួសជុលដោយសហការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹក សម្រាប់ស្រោចកូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ខណៈដែលទឹកស្ទឹងមានតិច។

ក្រោមហេតុផលនៃអាយុកាលកាន់តែច្រើន និងមិនសូវមានការថែទាំរហាត់ទឹកអង្គរដ៏ធំមួយនេះ កាន់តែទ្រុឌទ្រោម មិនអាចប្រើប្រាស់បាន ប៉ុន្តែដោយសារមានការស្នើសុំពីព្រះសង្ឃដែលជាអ្នកអភិរក្ស រួមជាមួយអាជ្ញាធរជាតិអប្សរាផងដែរនោះ រហាត់ទឹកមួយនេះ ត្រូវសម្បុរសជននៅរាជធានីភ្នំពេញ ទទួលបន្ទុកលើការជួសជុល និងសាងសង់ឡើងវិញ ទុកជាសម្បត្តិរួមនៅក្នុងតំបន់ប្រាសាទតាកែវ៕

ធនាគារពិភពលោកៈសេដ្ឋកិច្ចប្រទេសថៃដាំក្បាលចុះបណ្តាលឱ្យអត្រាភាពក្រីក្រ កើនឡើងខ្ពស់

ដោយ ហ្សូលី

ប្រទេសថៃៈ ធនាគារពិភពលោកបានឱ្យដឹងថា អត្រាភាពក្រីក្រនៅប្រទេសថៃកើនឡើងជាលំដាប់ ខណៈពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ មានសភាពយ៉ាប់យឺន ដែលជាហេតុបណ្តាលឱ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រ ក្នុងប្រទេសមានសេដ្ឋកិច្ចខ្ពស់ជាងគេលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំស្តីពីភាពក្រីក្រ និងវិសមភាពប្រទេសថៃ កាលពីសប្តាហ៍មុនបានឱ្យដឹងថា អត្រាភាពក្រីក្រ ក្នុងប្រទេសថៃបានហក់ឡើងពី៧.២% ដល់៩.៨% កាលពីឆ្នាំ ២០១៨ ដោយបច្ចុប្បន្នប្រជាជនក្រីក្រ បានកើនឡើងប្រមាណជិត ២លាននាក់ទៀត។

ដើមចមដែលបណ្តាលឱ្យអត្រានេះឡើងខ្ពស់ ព្រោះតែកំណើនសេដ្ឋកិច្ចយឺតហើយប្រាក់ចំនូលរបស់ប្រជាជន ដែលប្រកបមុខរបរជាកសិករនៅជនបទ និងអ្នកជំនួញក្នុងទីក្រុងមានការធ្លាក់ចុះ។ មួយវិញទៀត វាកើតឡើងស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលលោកកំពុងជួបប្រទះផលវិបាក ការធ្លាក់ចុះនៃការប្រើប្រាស់ និងការវិនិយោគជាដើម។

អ្នកវិភាគបានឱ្យដឹងថា ចំនូលធ្លាក់ចុះគឺជាកត្តាធំ ដែលបង្ហាញនៅក្នុងឆ្នាំ ២០១៩កន្លងទៅ។ ហើយតំបន់ដែលក្រីក្របំផុតនោះ គឺនៅភាគខាងត្បូង ចំណែកឯភាគខាងជើងក៏មានអត្រាខ្ពស់គួរសមដែរ។

ការព្យាករណ៍ទិន្នផលសរុបឆ្នាំ២០២០ កាន់តែអាក្រក់ទៅៗ ដោយសារការផ្ទុះនៃមេរោគឆ្លងកូវីដ១៩ ដែលបានជះឥទិ្ធពលដល់វិស័យទេសចរណ៍ ដ៏សំខាន់របស់ប្រទេសថៃ។

យ៉ាងណាមិញ ធនាគារពិភពលោក (WHO) បានណែនាំឱ្យអាជ្ញាធរបន្តពង្រឹងបណ្តាញសុវត្ថិភាពក្នុងប្រទេស និងព្យាយាមបង្កើតការងារកាន់ប្រសើរ សម្រាប់អ្នកមានប្រាក់ចំណូលទាបផងដែរ៕

បុរីតម្លៃ២០លានដុល្លារលើកដំបូងនៅក្រុងពោធិសាត់ទទួលបានការចាប់អារម្មណ៍ច្រើន

ដោយគង់ សូរិយា

         ភ្នំពេញៈ បុរីឧកញ៉ាភួ ពុយ ស្ថិតនៅក្រុងពោធិសាត់ ដែលគ្រោងបោះទុនវិនិយោគតម្លៃ២០លានដុល្លារអាមេរក ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត និងបណ្តាខេត្តនានា។

លោកឧកញ៉ាភួ ពុយប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងអ្នកវិនិយោគបុរីផ្សារភួ ពុយខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ មិនានេះថា រហូតមកទល់ពេលនេះ ការលក់លំនៅដ្ឋានក្នុងបុរីនេះទទួលបានការគាំទ្រច្រើន ដោយសារលក្ខខ័ណ្ឌមួយចំនួន ដូចជា ខេត្តពោធិសាត់មានផ្សារតែ១ តែលោកបានសាងសង់ផ្សារនិងផ្តល់់ជូនអតិថិជន អ្នកទិញបុរីនៅស្តង់ក្នុងផ្សារដោយឥតគិតថ្លៃ បរិយាកាសអំ ណោយផលរបស់គំរោង ដែលស្ថិតនៅលើផ្ទៃដីប្រមាណ៥០ហិកតា។

លោកឧកញ៉ាបានបន្តថា “ការបើកលក់លំនៅដ្ឋានក្នុងបុរីនេះ បានចាប់ផ្តើមកាលពី​ចុងឆ្នាំមុន ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត ព្រោះផ្ទះក្នុងបុរីនេះមានតម្លៃសមរម្យ ដោយលក់ចាប់ពីតម្លៃ២៩,០០០ដុល្លារអាមេរិកឡើងទៅ”។លោកបន្តថា “តម្លៃលំនៅដ្ឋានក្នុងបុរីនេះមានភាពខុសៗគ្នា អាស្រ័យលើទីតាំងផ្ទះនិមួយៗ ក៏ដូចជាស្ថានភាពផ្លូវផងដែរ”។

បច្ចុប្បន្នផ្សារត្រី និងផ្សារបន្លែក្នុងផ្សារភួ ពុយបានបើកដំណើរការលក់ហើយ ដោយ​ក្នុងផ្សារនេះមានតូបចំនួន១៧០០ស្តង់ ហើយផ្សារពាក់កណ្តាលទំនើប នឹងសាងសង់នាពេលខាងមុខនេះ។

លោកឧកញ៉ាភួ ពុយបានបន្តថា កន្លងមកអ្នកខេត្តពោធិសាត់មិនដែលបានលក់ដី ឬផ្ទះច្រើននោះទេ ប៉ុន្តែពេលផ្ទះក្នុងបុរីនេះ បើកលក់ប្រជាជនបានទិញផ្ទះដោយមិនលំបាកក្នុងការបង់រំលស់នោះទេ ពួកគេបង់២០ទៅ៣០ភាគរយភ្លាមៗ ហើយប្រាក់ដែល​នៅសល់ពួកគេអាចបង់ជាមួយបុរីបានរយៈពេលពី៥ ទៅ១០ឆ្នាំ អាស្រ័យលើលទ្ឋភាពរបស់អតិថិជន និងជម្រើសរបស់ពួកគាត់ចង់បាន។

          បុរីឧកញ៉ាភួ ពុយស្ថិតក្នុងសង្កាត់លលក “ស” ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលជាទីរួមខេត្តដ៏មានសក្តានុពលមួយនៃភូមិភាគពាយ័ព្យប្រទេស៕

តំបន់ឆ្នេរសមុទ្រសំខាន់ៗនៅក្រុងព្រះសីហនុកំពុងត្រូវបានពន្លឿនការស្ថាបនា ផ្លូវតភ្ជាប់គ្នា

ដោយ រ៉ាណេត

ព្រះសីហនុៈ ស្ថិតនៅក្នុងគម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តព្រះសីហនុ បច្ចុប្បន្នសម្រាប់តែតំបន់ឆ្នេរ ដែលជាទីកន្លែងដ៏ទាក់ទាញក្នុងវិស័យទេស​ចរណ៍ និងកម្សាន្តសំខាន់ៗមួយចំនួន ត្រូវបានពន្លឿនការសាងសង់ផ្លូវតភ្ជាប់ ប្រកបដោយគុណភាពកម្រិតស្ដង់ដា បង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាជនក្នុងតំបន់។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះថា គិតមកដល់នៅក្នុងចំណោ​ម គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តព្រះសីហនុ សម្រាប់តែតំបន់ឆ្នេរបានធ្វើការថែរក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនានារួចរាល់អស់ហើយ។

លោកបន្តទៀតថា “បច្ចុប្បន្ននៅតាមតំបន់ឆ្នេរសំខាន់ៗនានា នៅក្នុងក្រុងព្រះសីហនុ ត្រូវបានយកចិត្តទុកដាក់លើការថែរក្សា សម្អាតអនាម័យជាប់ជាប្រចាំ ជាពិសេសបានធ្វើការសាងសង់ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់ ដូចជាតំបន់ឆ្នេរ អូរត្រេះ១ ឆ្នេរអូរត្រេះ២ ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរពយជំទាវម៉ៅ និងឆ្នេររៀម ដោយផ្លូវទាំងអស់សុទ្ធតែធានាបាននូវគុណភាព ចាក់គ្រឹះបេតុង និងក្រាលកៅស៊ូពីលើ នឹងមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដមណើរទាំងអស់”។

អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូតបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិ​វឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានបានរៀបចំយុទ្ធសាស្ត្រជាច្រើ​នក្នុងការអភិវឌ្ឍតំបន់ឆ្នេរនានា ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញស័ក្ដិសមទៅនឹងកេរ្តិ៍ឈ្មោះ សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក។

លោកបន្តទៀតថា “គ្រប់ផ្លូវដែលត្រូវបានសាងសង់ឡើងវិញទាំងអស់ នៅទូទាំងខេត្តព្រះសីហនុ ក៏ដូចជាផ្លូវនៅតំបន់ឆ្នេរ ស្ថិតនៅក្នុងគោលដៅរួមតែមួយថា គឺការធ្វើផ្លូវពេលនេះ ធ្វើឱ្យឡានខ្លាចផ្លូវ មិនមែនធ្វើមុខខូចក្រោយទៀតនោះទេ”។

លោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំធ្វើកិច្ចការនេះដោយផ្ទាល់តែម្ដង ទៅតាមបទបញ្ជារបស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសេង ឡូតបានបញ្ជាក់ថា ផ្លូវទាំង៣៤ខ្សែរនេះ ជាផ្លូវគំរូ និងលើកកម្ពស់សោភ័ណភាពនៅទូទាំងខេត្ត ដែលសូម្បីតែចិញ្ចើមផ្លូវក៏ជាប្រភេទថ្មក្រានីត ដែលយកពីខេត្តក្រចេះ កំពង់ឆ្នាំង និងខេត្តតាកែវ ដែលនៅពេលបន្តិចទៀតខាងមុខនេះ ខេត្តព្រះសីហនុនឹងប្រែរូបរាងថ្មី បង្ហាញពីការអភិវឌ្ឍ ទាំងវិស័យសំណង់អគារក្នុងនាមជាមជ្ឈ​មណ្ឌ​លពាណិជ្ជកម្ម ក៏ដូចជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត៕

រដ្ឋសភាចាប់ផ្តើមពិនិត្យគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីចំនួន៣ ក្រោមទុនវិនិយោគ១,៧០០លានដុល្លារ

ដោយវុត្ថា

ភ្នំពេញៈ គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានចាប់ផ្តើមពិភាក្សា និងសិក្សាគម្រោងវិនិយោគ លើសាងសង់រោងចក្រអគ្គិសនីចំនួន៣ ដែលមានទុនវិនិយោគប្រមា​ណ១,៧០០លានដុល្លារ បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានាថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងវិនិយោគលើសាងសង់រោងចក្រអគ្គិសនីចំនួន៣នេះ ត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញដើម្បីពិនិត្យ និងសិក្សាឱ្យបានលម្អិតជាមួយមន្ត្រីជំនាញ មកពីរដ្ឋាភិបាលមុននឹងឈានដល់ការសម្រេចជាផ្លូវការនាពេលខាងមុខនេះ។

យោងតាមខ្លឹមសារកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងវិនិយោគលើវិស័យអគ្គិសនីចំនួន៣ ដូចជា ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី២ គម្រោងខ្សែបណ្ដាញ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

រដ្ឋាភិបាលបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការវិនិយោគ លើវិស័យអគ្គិសនីយ៍នេះបន្ថែមទៅក្នុងផែនការមេឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤៕

ធនាគារកណ្តាលអាមេរិកទម្លាក់ការប្រាក់ជិតដល់ “សូន្យភាគរយ” ដើម្បីជួយសង្គ្រោះ សេដ្ឋកិច្ចរបស់ខ្លួន

ដោយ ប៊ី

ភ្នំពេញៈ ធនាគារកណ្តាលរបស់អាមេរិក បានទម្លាក់អត្រាការប្រាក់ឱ្យនៅជិតសូន្យភាគរយកាលពីយប់មិញ ហើយបានចាប់ផ្តើមកម្មវិធីបោះពុម្ពប្រាក់ ដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក ខណៈដែលខ្លួនព្យាយាមធ្វើឱ្យទីផ្សារស្ងប់ស្ងាត់ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លង COVID-19។

ធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ត្រឹមមួយភាគរយ ក្នុងការកាត់បន្ថយការសង្គ្រោះបន្ទាន់លើកទី២ ចាប់តាំងពីឆ្នាំ ២០០៨ ហើយបាននិយាយថា ខ្លួននឹងបញ្ចូលទឹកប្រាក់ចំនួន៧០០ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ព្រឹកនេះក្រុមហ៊ុន FTSE 100 បានធ្លាក់ចុះ ៧ ភាគរយ ឬ ៣៨០ ពិន្ទុ ហើយទីផ្សារនៅអាល្លឺម៉ង់ បារាំង អេស្បាញ និងអ៊ីតាលីបានធ្លាក់ចុះយ៉ាងខ្លាំង។ សន្ទស្សន៍ប្រាក់អឺរ៉ូបានធ្លាក់ចុះ ៥០ ដែលជាសន្ទស្សន៍ នៃការភ័យខ្លាចចំពោះភាគហ៊ុនអឺរ៉ុប – បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ៨៧,៨៩ ពិន្ទុខ្ពស់ជាង ពេលមានវិបត្តិហិរញ្ញវត្ថុ។

លោកប្រធានាធិបតី Trump ដែលបានបញ្ចេញមតិក្នុងការរិះគន់របស់លោកចំពោះធនាគារកណ្តាលអាមេរិក បានកោតសរសើរចំពោះចំណាត់ការ របស់ធនាគារកណ្តាល និងបានព្យាយាម ធានាដល់ជនជាតិអាមេរិកដែលព្រួយបារម្ភថា ការផ្គត់ផ្គង់ស្បៀងអាហា​រនឹងមិនត្រូវបានរំខានឡើយ។ បន្ទាប់ពីមានបញ្ហាជាច្រើនសប្តាហ៍ រដ្ឋបាលបានសន្យាជាថ្មីម្តងទៀត ដើម្បីពង្រីកការទទួលបានការធ្វើតេស្តរកមេរោគ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ម្នាក់បានបន្ថែមថា “ខ្ញុំនឹងមិននិយាយថាបញ្ហាតេស្តិ៍មន្ទីរពិសោធន៍បានបញ្ចប់នោះទេ”។

នៅសហរដ្ឋអាមេរិកមានករណីឆ្លងវីរុសជាង៣១០០ករណី ត្រូវបានគេរាយការ​ណ៍​ទូទាំងរដ្ឋចំនួន៤៩ គិតត្រឹមថ្ងៃអាទិត្យកន្លងមកនេះ ហើយមន្រ្តីសាធារណៈបានដាក់ពង្រា​យវិធានការណ៍រឹតបន្តឹង ដើម្បីបន្ថយការរីករាលដាលនៃមេរោគនេះ រួមមានការបិទសាលារៀនភោជនីយដ្ឋានបារ៍ និងអាជីវកម្មដទៃទៀត។

ប្រព័ន្ធរដ្ឋបាលសាលាក្រុងញូវយ៉ក ដែលជាសាលារៀនធំបំផុតរបស់ប្រទេសនេះដែលមានសិស្ស១,១ លាននាក់នឹងត្រូវបិទទ្វារនៅសប្តាហ៍នេះ៕

អបអរសាទរៈឳកាសថ្មីនៃការវិនិយោគបង្កើតប្រាក់ចំណេញស្របច្បាប់ជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិCEO MASTER CLUB INVESTMENT Plc

ដោយគង់ សូរិយា

ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា” បានអនុម័តផ្តល់ជូនអាជ្ញាប័ណ្ណពិសេសថ្មីមួយបន្ថែមទៀតដល់ក្រុមហ៊ុនCEO MASTER CLUB INVESTMENT Plc ឱ្យមានសិទ្ធិស្របច្បាប់ក្នុងការបំពេញសេវាបន្ថែមជា “ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិ ” (Distributor) ដែលក្រុមហ៊ុននេះមានសិទ្ធិស្របច្បាប់ ក្នុងការសហការជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត។

ការអនុម័តនេះ ក្រុមហ៊ុនCEO MASTER CLUB INVESTMENT Plc អាចកៀងគរទុនវិនិយោគពីសាធារណៈ និងបង្កើតផលប្រយោជន៍ប្រាក់ចំណេញ ដល់អ្នកវិនិយោគសាធារណៈប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងតម្លាភាពខ្ពស់បំផុត។

លោក អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc បានសម្តែងនូវសេចក្តីរីករាយ និងការដឹងគុណយ៉ាងខ្លាំងដល់ក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មការមូលបត្រកម្ពុជាដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc របស់លោក ដោយការផ្តល់អាជ្ញាប័ណ្ណពីរផ្ទួនៗគ្នាតែម្តង ហើយក្រុមហ៊ុនរបស់លោកក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើការសហការជាមួយសហគ្រិន ដែលត្រូវការទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្ម និងប្រាក់ចំណេញរបស់ខ្លួនឱ្យបានឆាប់រហ័ស ក៏ដូចជាការសហការជាមួយអ្នកវិនិយោគសក្តានុពលទាំងឡាយ ដែលចង់ទទួលបានប្រាក់ចំណេ​ញ ចេញពីការវិនិយោគរបស់ខ្លួន ដោយមិនចាំបាច់ប្រឈមនឹងការលំបាក ភាពស្មុគស្មាញ ក៏ដូចជាភាពនឿយហត់ ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងនោះទេ។

លោកបញ្ជាក់ថា “ភាពរឹងមាំរបស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក ដែលមានវិជ្ជាជីវៈច្បាស់លាស់ មានភាពត្រឹមត្រូវស្របច្បាប់ ប្រកបដោយទំនុកចិត្ត និងតម្លាភាពពិតប្រាកដ គឺជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចមួយដ៏សំខាន់ និងរឹងមាំសម្រាប់ប្រទេសជាតិ ដោយសារក្រុមហ៊ុនវិនិយោគក្នុងស្រុក អាចបង្កើតប្រាក់ចំណូល ប្រាក់ចំណេញជាច្រើនដល់អ្នកពាក់ព័ន្ធទាំងអស់ ក៌ដូចជាជម្រុញឱ្យមានការបង្កើតផលិតផលសេវាកម្មថ្មីៗ ការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការបង់ពន្ធចំណូលជូនរដ្ឋបានកាន់តែច្រើន និងយូរអង្វែងទៀតផង”។

“ទីផ្សារមូលបត្រ” ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា”ទីផ្សារភាគហ៊ុន” គឺជាកន្លែង ដែលផ្ដល់ប្រភពទុនដ៏ធំសម្បើមជាងគេគ្មានដែនកំណត់ និងជាប្រភពទុនមិនចេះរីងស្ងួតសម្រាប់អាជីវកម្ម ដែលមានសក្តានុពលទាំងឡាយនៅលើសកលលោក។សម្រា​ប់កម្ពុជា មួយរយ:ពេលចុងក្រោយនេះ គឺមានក្រុមហ៊ុនធំៗមួយចំនួនបានចុះបញ្ជីដាក់ក្រុមហ៊ុនរបស់ខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះ ដើម្បីបង្កើនប្រភពទុនរបស់ខ្លួនអោយកាន់តែខ្លាំងនិងពង្រីកខ្លួនអោយកាន់តែលឿន ហើយបង្កើនប្រាក់ចំណេញអោយបានកាន់តែច្រើន ក្នុងនោះដែរក៏មានធនាគារធំៗមួយចំនួន កំពុងតែរៀបចំខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះ ដើម្បីចាប់យកឱកាសទាញយកប្រយោជន៍នេះផងដែរ ដូចជាធនាគារ  ACELEDA និង ABA… ជាដើម។

CEO MASTER CLUB INVESTMENT Plc បង្កើតឡើងក្នុងគោលបំណងដើម្បីជួយប្រមូល និងគ្រប់គ្រងមូលធនសម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍ ហើយជាបុត្រសម្ព័ន្ធជាមួយនឹងCEO MASTER CLUB ដែលមានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង១0ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនប្រមាណ១,២០០នាក់ គិតត្រឹមខែមីនាឆ្នាំ២០២០ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុនជាមួយនឹងប្រតិបត្តិការអាជីវកម្ម ជាទឹកប្រាក់ប្រមាណជាង១,០០០លានដុល្លារក្នុងមួយឆ្នាំ ហើយបានជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ជាង១០ម៉ឺននាក់៕