រដ្ហាភិបាលនឹងវិនិយោគវារីអគ្គិសនីកម្លាំង១៥០មេហ្កាវ៉ាត់ថ្មីមួយនៅខេត្តកោះកុង

0

ដោយៈ រ៉ាណេត

កោះកុងៈ គម្រោងបង្កើតស្ថានីយវារីអគ្គិសនីថ្មីមួយទៀត ដែលមានកម្លាំង១៥០មេហ្គាវ៉ាត់ នឹងបង្ហាញវត្តមាននៅលើស្ទឹងតាតៃលើ ដោយផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនជំនាញចិនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវារីអគ្គិសនីស្ទឹងតាតៃ កម្លាំង១៥០ មេហ្កាវ៉ាត់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោ​ងមួយនេះ គឺជាធុងអគ្គិសនីថ្មីមួយទៀតសម្រាប់ខេត្តកោះកុង ដែលអនុវត្តដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC)។

លោកបានបញ្ជាក់ថា “គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលស្ថិតក្នុងឃុំឬស្សីជ្រុំ និងឃុំតាតៃលើ នៃស្រុកថ្មបាំង មួយនេះ គឺមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនី នៅទូទាំងខេត្តកោះកុង និងសម្រាប់ចែកចាយទៅកាន់តំបន់ក្បែរខាង”។លោកបន្តថា“គំរោងនេះ កាត់បន្ថយការទិញថាមពលពីប្រទេសថៃ ដែលសុំឱ្យមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បង្ហាញអំពីបញ្ហាសំខាន់ដែលជាគន្លឹះ ដើម្បីធ្វើឱ្យគម្រោងនេះបានសម្រេចលទ្ធផល ជាផ្លែផ្កា និងឈានទៅដល់ដំណើរការគម្រោងស្របតាមផែនការដែលបានគ្រោងទុក”។

អគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក កែវ រតនៈ បានការសាងសង់រោងចក្រផលិតអគ្គិសនីនេះ គឺជាការចូលរួមចំណែករបស់អគ្គិសនីកម្ពុជា ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយកង្វះថាមពល។ បច្ចុប្បន្ននេះអគ្គិសនីកម្ពុជា ត្រូវបានបង្កើនការស្វែងរកថាម​ពលថ្មីបន្ថែមឱ្យបានជាង១ ០០០មេហ្គាវ៉ាត់ នៅមុនដំណាច់ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា “បច្ចុប្បន្នអគ្គិសនីកម្ពុជាកំពុងខិតខំស្វែងរក ថាមពលអគ្គិសនី តាមវិធីជាច្រើនដូចជា សាងសង់រោងចក្រអគ្គិសនីដោយថាមពលធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងការទិញពីប្រភពដែលមានតម្លៃថោក (ប្រទេស ឡាវ) ដើម្បីធ្វើឱ្យវាមានភាពប្រសើរជាងមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here