រដ្ឋបាលខេត្តកំពតចាប់ផ្តើមអនុវត្តន៍គម្រោងពង្រីកក្រុង

0

ដោយៈ រ៉ាណេត

កំពតៈ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញឱ្យខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ រដ្ឋបាលខេត្តកំពត បាននិងកំពុងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមតំបន់សំខាន់ៗ ជាពិសេសអនុវត្តន៍៍នូវគម្រោងអភិវឌ្ឍន៍វិស័យសំណង់នៅតាមតំបន់ជាយក្រុង។

នៅក្នុងផែនការពង្រីកក្រុងកំពតឱ្យមានវិសាលភាពធំទូលាយ និងបង្កើនសោភ័ណភាពឱ្យស័ក្ដិសម ទៅនឹងគោលដៅទិសទេសចរណ៍ កម្រិតអន្តរជាតិប្រចាំតំបន់នេះកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា កិច្ចអភិវឌ្ឍន៍ក្រុងកំពត និងពង្រីកវិសាលភាពឱ្យកាន់តែប្រសើរជាងមុន អាចធ្វើទៅបានគឺត្រូវមានការចូលរួមពីសដំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមគ្នាជាមួយនឹងវិស័យឯកជន។

លោកបានមានប្រសាសន៍ថា “អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការសម្របសម្រួល ណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅលើចំណីប្រឡាយ ក៏ដូចជាចំណីផ្លូវរថភ្លើងឱ្យរុះរើសំណង់តូចៗ ឬរបងសង់លើដីសាធារណៈ និងសិក្សារៀបចំគម្រោ​ងវិនិយោគក្នុងការកសាងផ្លូវ រៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ដើម្បីពង្រី​កការអភិវឌ្ឍន៍ពីក្រុងមកជាយក្រុង”។

លោកជាវ តាយបានបន្តថា “រាល់ការអភិវឌ្ឍ ជាសត្យានុម័តគឺមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឱ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមគ្នាសិក្សាឱ្យបានច្បាស់លាស់”។

ជាមួយនឹងសកម្មភាពនៃការអនុវត្តលើផែនការ ពង្រីកវិសាលភាពក្រុងកំពត បច្ចុ​  ប្បន្នមានក្រុមហ៊ុនឯកជនជាច្រើន កំពុងបោះទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតទៅលើការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ បង្កើតតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ។ ជាក់ស្ដែងក្រៅពីគម្រោងនៅតាមតំបន់មាត់ព្រែកទឹកឈូ រហូតដល់ទំបន់វារីអគ្គិសនីកំចាយ មានគម្រោងចំនួនផ្សេងទៀតនៅជាយក្រុងកំពត ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុក​ទឹកឈូ កំពុងដំណើរការគម្រោងរបស់ខ្លួនយ៉ាងមមាញឹក។

នៅក្នុងផែនការអភិវឌ្ឍន៍ និងពង្រីកវិសាលភាពក្រុងកំពត បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាន និងកំពុងសាងសង់ផ្លូវក្រវ៉ាត់ក្រុងយ៉ាងធំទូលាយ ដើម្បីសម្រួលដល់ការធ្វើចរាច​រណ៍នៅទូទាំងក្រុង ក៏ដូចជាបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋាននានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here