ដោយ វុត្ថា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់បាគង (Bakong) កាលពីអំឡុងត្រីមាសទី១ ឆ្នាំ ២០២០កន្លងមកនេះ ជាវិធានការមួយក្នុងការបើកច្រកទូទាត់ជាតិ សម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ។
ប្រព័ន្ធបាគង ជាប្រព័ន្ធដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ Download យកពីក្នុងទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយបំពេញតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងកម្មវិធី។ ការដាក់ឲ្យដំណើរការសាកល្បង «ប្រព័ន្ធបាគង» ជាដំណើរវឌ្ឍន៍ភាពក្នុងយុគសម័យថ្មី នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
-->
ធនាគារជាតិនៃកម្ពុជា ពិតជាបានក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅការផ្តល់សេវាហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
គម្រោងបាគង គឺជាគម្រោងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនោះ នឹងអភិវឌ្ឍប្រព័ន្ធទូទាត់មួយដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការបង្ការហានិភ័យពីការវាយលុកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកអ្នកអាចធ្វើការផ្ញើប្រាក់ ឬទទួលប្រាក់ពីមនុស្សជាទីស្រលាញ់ បានគ្រប់ពេលវេលា ពីគ្រប់សេវាដែលធនាគាររបស់លោកអ្នកកំពុងផ្តល់ជូន ឬក៏ធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទរបស់សេវាបាគងផ្ទាល់។ សេវាបាគងមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ដែលនឹងបម្រើជូនលោកអ្នក២៤/៧ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ៕