World Bank អនុម័តឥណទាន ៩៣លានដុល្លារ ដល់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣នៅកម្ពុជា

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក ថ្ងៃនេះបានអនុម័តឥណទាន ៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នៅប្រទេសកម្ពុជា។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ សេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ការជួយឱ្យកសិករខ្នាតតូច និងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនេះ រដ្ឋាភិបាលបានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។

ចាប់តាំងពីឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។ គម្រោងទាំងនេះបានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា មណ្ឌលសុខភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។ តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាន និងធ្វើការដាំដុះដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវា និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ”។

លោកស្រីបានបន្តថា “គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ”។

គម្រោង LASED ជំហាន៣ នឹងបន្តពង្រីកសមិទ្ធផលថែមទៀតតពីគម្រោងជំហាន១ និងជំហាន២ នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នឹងជួយគាំទ្រផងដែរដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដែលកំពុងតែប្រព្រឹត្តទៅឱ្យបានឈានទៅចប់សព្វគ្រប់។

ជាមួយគ្នានេះ គម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ដែលបានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចរួចរាល់ហើយផងដែរ។
គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំង និងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន មណ្ឌលសុខភាព និងមណ្ឌលសហគមន៍។

អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។
គម្រោងនេះនឹងផ្តល់ជំនួយបច្ចេកទេសផងដែរ ដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ដល់សកម្មភាពផលិតកម្ម និងទីផ្សារ ដើម្បីគ្រប់គ្រងមូលនិធិសហគមន៍សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here