ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលបង្កើតឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក។

លោក កឹម បុរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោកចំនួន៥៥លានដុល្លារ សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង។
លោកបញ្ជាក់ថា គម្រោងខាងលើនេះគឺធ្វើឡើងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ ធានានូវការទទួលបាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។
គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក បែងចែកជាពីរសមាសភាគ សមាសភាគទី១ ផ្នែកការផ្គត់ផ្គង់ទឹកស្អាត អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។

ចំណែកឯសមាសភាគទី២ ផ្នែកអនាម័យ គឺអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន និងទីតាំងអាជីវកម្មអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធលូក្រុង។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងស្វែងរកប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានាក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តកម្ម ការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ និងភាពជាម្ចាស់ មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រងសំណល់ សហការជាមួយវិស័យឯកជន និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករ ។
ធនាគារពិភពលោក គឺជាដៃគូសហការយូរអង្វែងសំខាន់មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបណ្តាខេត្តអាទិភាពមួយចំនួនតាមរយៈគម្រោងខាងលើនេះ៕






