វិភាគ៖ តើបណ្តាប្រទេសសមាជិកអាស៊ានបានទទួលផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងពិភពលោក ?

0

ដោយ ៖ ប៊ី
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងចុះហត្ថលេខានៅពេលខាងមុខ នឹងដើរតួជានិមិត្តរូបដ៏មានអត្ថន័យនៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគី ដែលមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកសិក្សាជនជាតិវៀតណាមម្នាក់។

លោក Vo Tri Thanh អតីតអនុប្រធានវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចវៀតណាម បានប្រាប់បណ្តាញសារព័ត៌មានស៊ីនហួនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការរីកចម្រើននាពេលបច្ចុប្បន្ននៃការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូរបស់ខ្លួន ប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដែលប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា មេដឹកនាំនៃប្រទេសជាសមាជិកបានស្វាគមន៍ចំពោះការរីកចម្រើន ដែលបានធ្វើសម្រាប់ការបញ្ចប់កិច្ចចរចា RCEP ពេញលេញ ហើយទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០២០។

នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ក៏ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។

លោក Thanh ជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ ដោយសារការប្តេជ្ញាចិត្តរបស់ប្រទេសដែលចូលរួម។ កិច្ចព្រមព្រៀង RCEP ដែលបានផ្តួចផ្តើមគំនិតដោយអាស៊ានក្នុងឆ្នាំ ២០១២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានស្នើឡើងរវាងរដ្ឋជាសមាជិកទាំង១០ និងដៃគូ FTA ចំនួន ៦ របស់ខ្លួនគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលសេឡង់ និងឥណ្ឌា។

យោងតាមលោក Thanh កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងមានអត្ថន័យជាពិសេស ដោយសារបរិបទ ដែលនិយមគាំពារពាណិជ្ជកម្មបានកើនឡើងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដែលផ្ទុយនឹងនិន្នាការនៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសាកលភាវូបនីយកម្ម។ លោកបានលើកឡើងថា “វានឹងដើរតួជាការបង្ហាញមួយដោយមិនគិតពីការលំបាក និងការអភិវឌ្ឍស្មុគស្មាញនោះទេ ប្រទេសដែលចូលរួម RCEP នៅតែរក្សាជំនឿលើពាណិជ្ជកម្មសេរី ការគាំទ្រ និងដំណើរការ ដោយសុទិដ្ឋិនិយម ហើយការតភ្ជាប់កាន់តែស៊ីជម្រៅនៅតែជានិន្នាការសំខាន់នៅក្នុងតំបន់ និងពិភពលោក”។

លោក Thanh បាននិយាយថា ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នឹងផ្តោតលើរបៀបដែលវាធ្វើសមកាលកម្ម (synchronize) វឌ្ឍនភាពនៃសមាហរណកម្ម និងការអភិវឌ្ឍនៅអាស៊ីប៉ាស៊ីហ្វិក ដែលជាជំហានឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក (FTAAP)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលទើបនឹងចេញថ្មីៗ មេដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា RCEP ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាអាស៊ានពិភពលោក លើការរួមចំណែកដល់ការស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាត និងក្នុងការបង្កើតបណ្តាញផ្គត់ផ្គង់ដែលមានភាពធន់។ ដោយមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនដោយការរីករាលដាលនៃជំងឺរាតត្បាតទីកូវីដ១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានគេរំពឹងថានឹងជម្រុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសចូលរួម និងក្នុងចំណោមប្រទេសដទៃទៀត។

នៅពេលដែលបានចុះហត្ថលេខារួច កិច្ចព្រមព្រៀង RCEP នឹងក្លាយជាប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកដែលមានចំនួន ៤៥ ភាគរយនៃចំនួនប្រជាជនពិភពលោក ៤០ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងប្រហែលមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ទំហំទីផ្សារដ៏ធំរបស់ RCEP និងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំរវាងអាស៊ាន និងដៃគូសន្ទនាបានលើកឡើងថា ការកាត់បន្ថយរបាំងពាណិជ្ជកម្មតូចតាច ដែលកិច្ចព្រមព្រៀងផ្តោតលើនឹងបង្កើនផលប្រយោជន៍ពាណិជ្ជកម្មយ៉ាងសំខាន់។ នេះបើយោងតាមលោក Vo Dai Luoc ប្រធានផ្នែកវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងនយោបាយក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
លោក Luoc បាននិយាយថា “អត្ថប្រយោជន៍ទាំងនេះនឹងផ្លាស់ប្តូរទៅជាការបង្កើតចំនួនការងារកាន់តែច្រើន ដូច្នេះនឹងនាំឱ្យមានការកើនឡើង GDP និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសេដ្ឋកិច្ចអាស៊ាន ដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា”។

ដោយសាររបាំងពាណិជ្ជកម្មធ្លាក់ចុះ ហើយការចូលទីផ្សារទំនិញ និងសេវាកម្មត្រូវបានធ្វើឱ្យប្រសើរឡើង អាស៊ាននឹងកាន់តែទាក់ទាញដល់ក្រុមហ៊ុនបរទេស ដែលចង់ចូលរួមនៅក្នុងតំបន់ ដែលមានសមាហរណកម្មកាន់តែច្រើន។ អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “នេះនឹងជួយលើកកម្ពស់តម្លាភាពក្នុងពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យមរបស់អាស៊ាន ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាកល និងតំបន់”។

តាមរយៈការអនុវត្តរបស់ RCEP អាស៊ានអាចជួយភ្ជាប់បណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ដែលត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ ដែលប្លុកនេះអាចបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ លោកបានមានប្រសាសន៍ថា “ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាអ្នកតស៊ូមតិយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះប្រទេសវៀតណាមពិតជានឹងទទួលបានផលប្រយោជន៍ពីវាជាមួយនឹងផលប៉ះពាល់ភ្លាមៗ”។

យោងតាមអ្នកជំនាញរូបនេះបានឱ្យដឹងថា RCEP នឹងប្រគល់ឱ្យសហគ្រាសវៀតណាមនូវឱកាស ដើម្បីជំរុញការនាំចេញចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មី និងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ ការកាត់បន្ថយពន្ធនាំចូលនឹងបើកឱកាសថ្មីសម្រាប់ផលិតផលពីវិស័យលេចធ្លោ ដូចជាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន វាយនភណ្ឌ និងស្បែកជើង និងកសិកម្ម។

ស្រដៀងនឹងទស្សនៈរបស់លោក Luoc លោក Thanh បានពន្យល់បន្ថែមទៀតថា ការចូលរួម RCEP នឹងជំរុញឱ្យបណ្តាប្រទេសអាស៊ានបង្កើនការកែទម្រង់និងការបង្កើតថ្មី ក៏ដូចជាការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ លោកក៏បាននិយាយផងដែរថា ប្រទេសចិនបានលេចធ្លោជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន និងជាអ្នកដើរតួនាទីយ៉ាងមុតមាំក្នុងការជំរុញការចរចា៕
លោកបានបន្តថា “រួមគ្នាជាមួយតួនាទីរបស់អាស៊ានក្នុងការកសាងមូលដ្ឋានស្ថាប័នសហប្រតិបត្តិការតួនាទីរបស់ចិនគឺមានសារៈសំខាន់ណាស់ក្នុងការចុះហត្ថលេខា និងអនុវត្ត RCEP”៕

LEAVE A REPLY

Please enter your comment!
Please enter your name here