ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គិតត្រឹមអំឡុងខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍ជាច្រើនប្រភេទ បាន និងបិទបណ្ដោះអាសន្នសរុប ២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥ ៤០៥នាក់ទទួលរងនូវផលប៉ះពាល់ពីវិស័យនេះ ។

របាយការណ៍ក្រសួងទេសចរណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ តែយ៉ាងណាមិញគេសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
របាយការណ៍ដដែលបន្តថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ា និងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។
របាយការណ៍ដដែលបន្ថែមថា ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹងដែរថា ជាមួយនឹងការបិទទីតាំងអាជីវកម្មទេសចរណ៍នេះ ចលនាទេសចរណ៍ក្នុងស្រុកនឹងមានកំណើន លឿនជាងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។
លោកបន្តថា បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកំណត់ថាអ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីបញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។
ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ Bរបស់កម្ពុជាឡើយ។ អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
មួយវិញទៀតក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេក្នុងករណីអ្នក ដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាកូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕






