ដោយ ៖ រ៉ាណេត
សៀមរាប ៖ នៅក្នុងរយៈពេល៦ខែនៃត្រីមាសទី១ ឆ្នាំ២០២០ តំបន់ទស្សនាកម្សាន្តអង្គរក្រុងសៀមរាប រកចំណូលបានប្រមាណ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនា ក្រោមចំនួនទេសចរសរុបជិត៤០ម៉ឺននាក់។

ផ្អែកតាមរបាយការណ៍ផ្លូវការបស់គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅរយៈពេល៦ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេសចំនួន ៣៨៧, ៨៤០នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៦៨.៨៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
សម្រាប់ចំណូលបានពីការលក់បណ្ណ ចូលទស្សនាជូនភ្ញៀវបរទេសវិញ នៅឆមាសទី១នេះ ទទួលបានចំនួន ១៨,០៩២,៥៥០ដុល្លារ ធ្លាក់ចុះ៦៧.៥៤%។
សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល០៦ខែ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ៧៧៥,៦៨០ដុល្លារ។
សម្រាប់ក្នុងខែមិថុនា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១,៧៤៧នាក់ បានចូលទស្សនាអង្គរ បានចំនួន៧១,២១៩ដុល្លារ ធ្លាក់ចុះជាង៩៨ភាគរយ។ ដោយឡែកចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល០៦ខែ ក្នុងឆ្នាំ២០២០ មានចំនួន៨,៥៤៤នាក់ បានចំណូល ៨៥,៤៤០ ដុល្លារ ។
ជាមួយនឹងការធ្លាក់ចុះនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។ យ៉ាងណាមិញយើងសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
មានន័យថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។ ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល៕






