ដោយវុត្ថា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសន្យាផ្តល់ការ សហការជាមួយក្រុមហ៊ុនអូស្រ្តាលី ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានសន្យាថា នឹងនាំក្រុមហ៊ុនវិនិយោគធំៗមកកាន់កម្ពុជានាពេលខាងមុខនេះ។

នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាស្តីអំ ពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលីនាថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០។
អ្នកឧកញ៉ាថ្លែងថា “កម្ពុជាស្វាគមន៍ជានិច្ច ក្នុងការសហការជាមួយគ្រប់ក្រុមហ៊ុនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា និងចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំង និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងធុរកិច្ច”។
លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាថ្លែងថា អូស្ត្រាលីនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ទាំងលើផ្នែកធុរកិច្ច ក៏ដូចជា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេ សភាពាណិជ្ជកម្មកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា។
ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ លោក ឯកអគ្គរដ្ឋទូត បានបង្ហាញពីបំណងដឹកនាំក្រុមហ៊ុនអូស្ត្រាលី មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារីអគ្គីសនី និងថាមពលព្រះអាទិត្យជាដើម។
អ្នកឧកញ៉ា គិត ម៉េង បាននាំយកក្រុមហ៊ុនអូស្ត្រាលីធំៗមួយចំនួនមកកាន់កម្ពុជា ដូចជា ធនាគារANZ Royal ក្រុមហ៊ុន Toll Group និងធនាគារវីងជាដើម ខណៈពេលដែលអ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីចំនួន២លើកផងដែរ៕






