ដោយវុត្ថា
ភ្នំពេញ៖ ខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ៤៩ ក្រុមហ៊ុន លើផ្ទៃដី ជិត ២០ ម៉ឺនហិកតា ដោយដំាដំណាំកៅស៊ូបានចំនួន ជាង ៨៣ ពាន់ហិកតា ដាំដំណាំកៅស៊ូលក្ខណៈគ្រួសារចំនួន២២ ពាន់ហិកតា ដំដំណាំចេកអំបូងលឿង ៣ ពាន់ក់ហិកតា និងដំណាំផ្សេងៗទៀត។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបង្ហាញរបាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានស្តីវឌ្ឍនភាព និងទិដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ ឱ្យដឹងថា ក្រៅពីនេះ ក៏មានការវិនិយោគដាំដំណាំជាលក្ខណៈគ្រួសារផងដែររួមមាន ស្វាយចន្ទី ជាង ៤ ម៉ឺនហិកតា ម្រេចជិត ៨០០ ហិកតា ដំឡូងមី ៦៦ ពាន់ហិកតា និងដំាដំណាំរួមផ្សំជាច្រើនហិកតា។
លោកបន្តថា” ជាមួយគ្នានេះ ខេត្តមានក្រុមហ៊ុនធ្វើមកវិនិយោគសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ៣ កន្លែង រួមមានរោងចក្រផលិតម្សៅមី ២កន្លែង រោងចក្រផលិតស្កស ១កន្លែង”។
លោកបន្ថែមថា “ខេត្តក្រចេះក៏មានតំបន់សេដ្ឋកិច្ចពិសេស ១កន្លែងលើផ្ទៃដីជាង ៨០០ ហិកតា ស្ថិតនៅក្នុងស្រុកស្នួល វិនិយោគដោយក្រុមហ៊ុនចិន ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់រោងចក្រ សហគ្រាសចំនួន ៩ ទីតាំង និងគ្រោងអភិវឌ្ឍន៍បន្តបន្ទាប់ទៀត” ។
លោកអភិបាលខេត្តបន្ថែមថា “បច្ចុប្បន្ន យើងមានក្រុមហ៊ុនកំពុផលិត និងកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្ម ៣ កន្លែងរួមមានរោងចក្រកែច្នៃគ្រឿងសង្ហារឹម ១ កន្លែងកំពុងដំណើរការផលិត រោងចក្រផលិតផ្សៅមី និងរោងចក្រផលិតសំបកកង់រថយន្តកំពុងដំណើរការសាងសង់។ ខេត្តមានផែស្ងួត ១កន្លែងស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលជាកន្លែងដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញចេញចូល”៕






