ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដំណើរអាជីវកម្មនានានៅក្នុងខេត្តនៅពេលបច្ចុប្បន្ននេះ នៅតែដំណើធម្មតា ទាំងវិស័យភោជនីយដ្ឋាន សេវាកម្ម និងសណ្ឋាគារ ខណៈដែលវិនិយោគិនចិននៅតែបន្តវិលត្រឡប់ចូលមកវិញជាបន្តបន្ទាប់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា ទាំងអាជីវកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់របស់ប្រជាពលរដ្ឋខ្មែរ នៅតែដំណើរធម្មតា ដោយក្នុងនោះ អាជីវកម្មរបស់ជនបរទេសក៏នៅតែដំណើរការធម្មតាផងដែរ។
លោកបន្តថា សម្រាប់អាជីវកម្មទេសចរណ៍មួយចំនួនគឺមានការផ្អាកដំណើរការបណ្តោះអាសន្ន ប៉ុន្តែជារួមសម្រាប់អាជីវកម្មដែលមានម្ចាស់ជាជនជាតិខ្មែរ បានបើកដំណើរការក្នុងចំនួនច្រើន ដែលមិនមានផលប៉ះពាល់នោះទេ។
លោកកបន្ថែមថា សម្រាប់វិនិយោគិនចិន និងប្រជាជនចិនដែលបំរើការជំនាញនៅក្នុងខេត្តព្រះសីហនុកន្លងមកនេះ នៅតែបន្តធ្វើដំណើរមកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយក្នុងមួយសប្តាហ៍មានជើងហោះហើរតាមរយៈព្រលានយន្ដហោះកងកេងចំនួន២ ជើងជារៀងរាល់សប្តាហ៍។
លោក ធី ចន្ធី ម្ចាស់ផ្ទះសំណាក់មួយនៅតំបន់អូត្រេះ បានឱ្យដឹងដែរថា អាជីកម្មផ្ទះសំណាក់ទាំងអស់នៅក្នុងខេត្តព្រះសីហនុនៅតែដំណើរធម្មតា ប៉ុន្តែសម្រាប់អាជីកម្មរបស់ជនជាតិចិនមួយចំនួននៅមិនទាន់បើកដំណើរការនៅឡើយទេ ខណៈដែលពួកគេមិនទាន់ត្រឡប់មមកវិញ។
លោកបន្តថា បើទោះបីអាជីកម្មមានដំណើរការក៏ពិតមែន តែមិនទទួលបានភ្ញៀវច្រើននោះទេ ហើយចំណូលជាប្រចាំអាចបានត្រឹមតែមួយទប់ទល់ចំណាយតែប៉ុណ្ណោះ មិនដូចកាលពីពេលមុនឡើយ ។ លោកបន្ថែមថា សម្រាប់ជនជាតិចិនដែលត្រឡប់មកវិញក្នុងពេលកន្លងមកនេះ គ៏មិនសូវច្រើនដែរ។ ដោយឡែកភ្ញៀវទេសចរក៏មិនទាន់មានច្រើនដែរ ប៉ុន្តែរំពឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងកើនឡើងវិញបន្ទាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញថា ស្ថិតិអាជីវកម្មក្នុងវិស័យទេសចរណ៍ មានចំនួនសរុប៨៧៧ទីតាំង ក្នុងនោះ៖ សណ្ឋាគារ ១០៧ ស្មើនឹង៧,៥១៥ បន្ទប់ បឹងហ្គាឡូ៣៣ ស្មើនឹង៤៦២បន្ទប់។ ផ្ទះសំណាក់ ២៣០ស្មើនឹង ២,៧៧៥ បន្ទប់ ភោជនីយដ្ឋាន/អាហារដ្ឋាន៣១២ ស្មើនឹង១៣,៨៩២កៅអី។ ខារ៉ាអូខេ ៣៨ ស្មើនឹង៤៤៨បន្ទប់ ឌីស្កូតែក៩ ចំណុះ៨៩៨នាក់។ បៀរហ្គាឌិន៣ស្មើនឹង៣៩០ កៅអី ទូកដឹកភ្ញៀវទេសចរ ៣០ម្ចាស់ ស្មើនឹង៥៤កៅអី កីឡាទេសចរណ៍២០ ទីភ្នាកងារទេសចរណ៍២៣ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃ៦(មិនរាប់បញ្ជូលរមណីយដ្ឋានឆ្នេរ)។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តទទួលបានកំណើនទេសចរជាតិ អន្តរជាតិជាមធ្យមពី១០-១៥% ។ ក្នុងឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុបជាង២.២លាននាក់ កើនឡើង៨,៨៧% ក្នុងនោះភ្ញៀវទេសចរជាតិ១.៣៤៣.៦៩០នាក់ ថយចុះ ៨,៣៧% និងភ្ញៀវទេសចរអន្តរជាតិ៨៨៥.៧៩២ នាក់ កើនឡើង៥២,៤១% ៕