ប្រធានធនាគារកណ្តាលៈសេដ្ឋកិច្ចសហរដ្ឋអាមេរិកងើបឡើងវិញលឿនជាងការរំពឹងទុក

0

ដោយ ប៊ី

អន្តរជាតិៈ សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកំពុងបង្ហាញសញ្ញាថា កំពុងស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុក ពីការខូចខាតដែលបណ្តាលមកពីវិបត្តិជំងឺCOVID-19 ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានបង្ហាញសញ្ញាថាជំនួយបន្ថែមទៀតអាចត្រូវការដើម្បីពង្រឹងការត្រឡប់មកវិញនេះ។

អ្វីដែលមិនរំពឹងទុកនោះគឺថា ចំនួនការងារនៅអាមេរិកនៅក្នុងខែឧសភា បានកើនឡើង ដោយសារកម្មវិធីគាំទ្រ CARES Act ហើយទិន្នន័យថ្មី ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារ បង្ហាញថា ទំនុកអ្នកប្រើប្រាស់បានកើនឡើងកាលពីខែមិថុនា។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបាននិយាយថា “យើងបានឈានចូលដំណាក់កាលថ្មីដ៏សំខាន់ ហើយបានធ្វើលឿនជាងការរំពឹងទុក”។

ប៉ុន្តែត្រីមាសពី ពីខែមេសាដល់ខែមិថុនា ទំនងជាមានការថយចុះដ៏ធំបំផុតនៃ GDP បន្ទាប់ពីអាជ្ញាធរបានបិទអាជីវកម្មនៅទូទាំងប្រទេស។

លោកថា “ដរាបជំងឺCOVID-19 មិនត្រូវបានគ្រប់គ្រង ដូច្នេះសេដ្ឋកិច្ចមិនអាចងើបឡើងបានពេញលេញនោះទេ”។លោកបានលើកឡើងថា “ការងើបឡើងវិញពេញលេញគឺមិនទំនងកើតឡើងទេ ទាល់តែប្រជាជនមានទំនុកចិត្តថា វាមានសុវត្ថិភាពក្នុងការធ្វើការផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសេដ្ឋកិច្ចឡើងវិញ”។

ការអត្ថាធិប្បាយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋជាច្រើននៅភាគខាងត្បូង និងខាងលិចនៃសហរដ្ឋអាមេរិក រួមទាំងរដ្ឋតិចសាស់ និងរដ្ឋផ្លរីដាត្រូវបានបង្ខំឱ្យធ្វើការរឹតត្បិតជាថ្មី បន្ទាប់ពីបានឃើញករណីCOVID-19 កើនឡើង។

ប្រធានធនាគារកណ្តាលរូបនេះ បានបង្ហាញខ្លួនជាមួយលេខាធិការរតនាគារលោក Steven Mnuchin ដើម្បីពិភាក្សាពីកម្មវិធី CARES ដែលត្រូវបានអនុម័តនៅចុងខែមីនា ដែលផ្តល់ប្រាក់កម្ចី និងជំនួយយ៉ាងច្រើនដល់អាជីវកម្ម និងគ្រួសារ។

លោក Powell បាននិយាយថា “កម្មវិធីទាំងនោះ ដែលរាប់បញ្ចូលទាំងប្រាក់កម្ចីរាប់ពាន់លានដុល្លារនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ប្រាក់កម្ចី និងការទិញសញ្ញាប័ណ្ណ ដោយធនាគារកណ្តាល នៅតែមានសារៈសំខាន់”។លោកបាននិយាយទៀតថា “ផ្លូវឆ្ពោះទៅមុខក៏នឹងពឹងផ្អែកលើសកម្មភាពគោលនយោបាយ ដែលបានអនុវត្តនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល ដើម្បីផ្តល់ជំនួយសង្គ្រោះ និងគាំទ្រដល់ការស្តារឡើងវិញ ក្នុងរយៈពេលចាំបាច់”។

ជំនួយគោលដៅ

លោក Mnuchin បាននិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានអនុម័តដោយសភា កំពុងជួយជំរុញសេដ្ឋកិច្ចឱ្យប្រសើរឡើង នៅពាក់កណ្តាលឆ្នាំនេះ។

លេខាធិការរូបនេះ បានគូសបញ្ជាក់ទិន្នន័យដែលបង្ហាញថា ជំនួយដែលបានបញ្ចេញរួចហើយ បានជួយជំរុញឱ្យមានការងើបឡើងវិញ រួមទាំងការបង្កើតការងារចំនួន ២,៥ លានកន្លែងនៅក្នុងខែឧសភា។

លោក Mnuchin បាននិយាយថា “ខណៈពេលដែលអត្រាគ្មានការងារធ្វើនៅតែខ្ពស់ជាប្រវត្តិសាស្ត្រ យើងកំពុងមើលឃើញសញ្ញាបន្ថែមទៀតថា ស្ថានភាពនឹងប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ និងទី៤ឆ្នាំនេះ”។

អ្នកប្រើប្រាស់មានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងខែមិថុនា ចំពេលមានស្ថានភាពការងារប្រសើរឡើង និងមានល្បឿនយឺតនៃការបញ្ឈប់បុគ្គលិក។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ បានលោតដល់៩៨,១ កើនពី៨៥,៩ភាគរយ ទោះបីយ៉ាងណាវានៅតែទាបជាងកំរិតមុនពេលជំងឺរាតត្បាតក៏ដោយ។

ការកើនឡើងនេះ ដោយសារការប្រើសើរឡើងនៃលក្ខខណ្ឌផលិតកម្ម និងការលក់ផ្ទះរឹងមាំ និងតម្លៃ ចំពេលអត្រាការប្រាក់ទាប។

ទោះបីជាទទួលបានការសរសើរ ចំពោះការកើនឡើងនេះក៏ដោយ ក៏លោក Mnuchin បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការជាមួយសភាលើជំហានបន្ថែមទៀត ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម និងកម្មករដែលរងគ្រោះ ដោយប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺCOVID-19 ដែលlokសង្ឃឹមថានឹងបញ្ចប់នៅចុងខែកក្កដានេះ។

លោកបានបន្តថា ប៉ុន្តែការផ្តល់ជំនួយបន្ថែមណាមួយ “នឹងត្រូវបានផ្តោតទៅលើឧស្សាហកម្មជាក់លាក់ ដែលត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីជំងឺរាតត្បាត ដោយផ្តោតលើការងារ និងដាក់កម្មករអាមេរិកទាំងអស់ ដែលបាត់បង់ការងារត្រឡប់ទៅធ្វើការវិញ”។

លោកបានលើកឡើងពីឧស្សាហកម្មដូចជាការលក់រាយ និងការធ្វើដំណើរដែល “កំពុងប្រឈមមុខនឹងផលប៉ះពាល់រយៈពេលវែង និងអាចត្រូវការជំនួយបន្ថែមទៀត” បើទោះបីអាជីវកម្មខ្នាតតូចជាច្រើន អាចបើកដំណើរការឡើងវិញ យ៉ាងហោចណាស់ផ្នែកខ្លះក៏ដោយ៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here