ក្រុមហ៊ុន​អចលនទ្រព្យ​ចិនធំៗចំនួន២នឹង​បោះទុន​វិនិយោគ​វិស័យ​សំណង់ក្នុង​ខេត្តកំពង់ស្ពឺ

0

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ ក្រុមហ៊ុន​អចលនទ្រព្យ​មកពី​ប្រទេស​ចិន​ធំ​ចំនួន២ បានមក​ធ្វើការ​សិក្សា និង​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅក្នុង​ខេត្តកំពង់ស្ពឺ រួម​ជាមួយនឹង​គោលបំណង​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់​នៅក្នុង​ខេត្ត​មួយ​នេះ​ជាមួយ​ទុន​រាប់សិប​លាន​ដុល្លារ។

ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព នៃ​ការ​រាលដាល​ឡើងវិញ​នៃ​វិបត្តិ​ជំងឺឆ្លង ក្នុង​រលក​ទី២ នៅ​ប្រទេស​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​អចលនទ្រព្យធំៗចំនួន២ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន​បានបង្ហាញ​ពី​ម​ហិ​ច្ឆិ​តា ចង់​មក​បណ្តាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ខេត្ត​គោលដៅ​នៃ​វិស័យ​ឧស្សាហកម្ម។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។

លោក​បាន​មានប្រសាសន៍​ប្រាប់ថា “នេះ​គឺជា​មោទនភាព​របស់​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ចំណាប់អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ជាច្រើន ដែល​ក្នុង​រួមមាន​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ស្រប​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត ត្រូវបាន​យកចិត្តទុកដាក់​ស្ថាបនា​សាងសង់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា” ។

ក្រុមហ៊ុន​អចលនទ្រព្យ​ចិន ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ទាំង២ខាងលើនេះ រួមមាន ក្រុមហ៊ុន China Realm Investment និង Qianxun SL។ ជាមួយនឹង​គោលបំណង​ខាងលើនេះ ក្រុមហ៊ុន​ទាំង២នឹង​នាំមក​នូវ​ផលិតផល​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​ចិន ដោយ​ប្រើប្រាស់​ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជា​ឧបករណ៍​បំពាក់​លើ​សំណង់​អគារ។

លោក​បាន​បញ្ជាក់ថា ខេត្ត​កំពង់មាន​ភាពអំណោយ​ផល​ជាច្រើន ជាពិសេស​កត្តា​ភូមិសាស្ត្រ តែម្ដង​ដែលមាន​ផ្លូវជាតិសំខាន់ៗក្នុងការ​ដឹកជញ្ជូន ដូចជា​ផ្លូច​ជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ។ ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​ទាំងនេះ គឺ​កើតចេញពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​កៀងគរ និង​សម្របសម្រួល​គ្រប់​វិធីសាស្ត្រ​ដើម្បី​កៀងគរ ប្រមូល​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​ឱ្យមក​កាន់​កម្ពុជា។ កាលពី​សប្ដាហ៍​មុន​មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន មក​សិក្សា​ពី​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ។ ពួកគេ​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ចូលមក​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ក្រោយពេល​បញ្ហា Covid-19 ត្រូវបាន​បញ្ចប់ ។

លោក​វ៉ី សំណាង​បានបញ្ជាក់​ទៀតថា មិនមែន​មានតែ​ក្រុមហ៊ុន​ទាំង២នេះ​ទេ គឺមាន​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន ដែល​បានមក​សិក្សា​ពី​ឱកាស​វិនិយោគ ដូច្នេះ​ខ្ញុំ​ជឿថា ក្រោយពេល​បញ្ហា​Covid-19 បញ្ចប់ ពួកគេ​ទាំងនោះ​នឹង​ចូលមក​ចាប់​ដំណើរ​គម្រោង​របស់​ពួកគេ​ជាមិនខាន ដែល​ក្នុងនោះ​ក៏មាន​គម្រោង​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​ដែលមាន​ទុន​ជាង៥០០លាន​ដុល្លារ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here