អ្នកជំនាញ ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមអ្នកជំនាញបានអះអាងថា អ្នកទិញអចលនទ្រព្យជាច្រើនកំពុងស្វែងរកចាប់យកឱកាស ក្នុងការទិញអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែង ដែលមានសក្ដានុពលទូទាំងប្រទេសកម្ពុជា ខណៈវិស័យនេះបានចាប់ងាកចេញពីវិបត្តិ COVID-19។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ Propertyarea.asia នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ថា ទីផ្សារអចលនទ្រព្យបាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19 ខណៈអ្នកវិនិយោគក្នុងវិស័យនេះកំពុងស្វែងរកឱកាសដើម្បីចាប់យកអចលនទ្រព្យនៅទីតាំងដែលមានសក្តានុពលនៅទីតាំងផ្សេងៗស្ទើពេញផ្ទៃប្រទេស។

លោកបានថ្លែងថា “អ្នកទិញអចលនទ្រព្យកាន់តែច្រើនកំពុងស្វែងរកចាប់យកអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស”។ លោកបន្តថា “សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមកើនឡើងជាលំដាប់។ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នមានភាពរស់រវើក ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងកើនឡើងទ្វេដង នៅពេលដែលជំងឺ Covid-19 បានផុតរលត់ទាំងស្រុង”។

លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានគេទំព័រ Propertyarea.asia ថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកសង្កតឃើញថា អំឡុងពេលកូវីដនេះ អ្នកទិញមានចំនួនច្រើនជាងមុនពេលកូវីដទៀត។ លោកថា “នេះសម្រាប់តែអ្វីដែលខ្ញុំបានឃើញ”។
លោកបានថ្លែងថា “នៅក្នុងគ្រាលំបាកនេះ គឺយើងអាចមានឱកាសច្រើន។ ចំនួនសកម្មភាពជារួមរបស់ភ្នាក់ងារអចលនទ្រព្យមានថមថយចុះ ដូច្នេះនេះជាឱកាសសម្រាប់ភ្នាក់ងារពិតប្រាកដក្នុងការបញ្ចេញស្នាដៃចាប់យកអតិថិជន”។

លោកបានបន្តថា “អំឡុងពេលនេះ អ្នកទិញដែលចុះទៅមើលដីធ្លី គឺអ្នកទិញពិតប្រាកដ ហើយយើង (ភ្នាក់ងារ) ចំណេញពេលជាងមុនទៀត។ បើគាត់មិនទិញទេ គាត់មិនចុះទៅទេ អំឡុងពេលនេះ”។ លោកបានឱ្យដឹងទៀតថា សកម្មភាពរបស់ទិញឃើញមានច្រើនបច្ចុប្បន្ន ព្រោះអ្នកទិញអំឡុងពេលនេះ មានភាពច្បាស់ លាស់ជាងពេលមុនកូវីដនេះទៅទៀត”។

ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here