ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងត្រៀមធ្វើការរៀបចំសាងសង់របងថ្មលំអរផ្លូវ និងរៀបចំការ៉ូឡាលលើចឹញ្ចើម ផ្លូវមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុច មុខទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ស្តុបវត្តនាគវ័ន្ត ក្នុងការបង្ហាញពីភាពស្រស់ស្អាត និងស៊ីវិល័យក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ចុះត្រួតពិនិត្យស្ថានភាពចឹញ្ចើមតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីនេះ មុខទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ស្តុបវត្តនាគវ័ន្ត នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០។
លោកអភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា របងថ្ម និងការ៉ូឡាលំអរផ្លូវនេះ និងត្រូវរៀបចំឡើងចំងាយជិត១គីឡូម៉ែត្រ ដោយចែកចេញជាពីរដំណាក់កាល ដោយដំណាក់ទី១ ប្រវែង៦៥០ម៉ែត្រ ដំណាក់កាលទី២ ប្រវែង៤៣៧ម៉ែត្រ ក្នុងនោះរបងថ្មមានកម្ពស់២ ម៉ែត្រ។
រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែលម្អរ និងពង្រីកទទឹងផ្លូវ ប្រវែង៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ីបន្ថែម ចាប់ពីមុខទីស្តីការគណៈរដ្ឋមន្រ្តី រហូតដល់ស្ពានអាកាសតិចណូផងដែរ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះឲ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះក្រោយពី បង្កើតឲ្យមានផ្លូវឆ្លងកាត់ចេញពីតំបន់បឹងកក់ បង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននឹងកំពុងរៀបចំអោយមានរង្វង់មូលមួយកន្លែងនៅតំបន់ក្តាន់២ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់២នេះ ដែលបានចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះ កំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ត របស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្ត ប្រមាណជាង៥៣,០០០ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ី ត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធចរាចរណ៍ឡើងវិញ នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ៕






