ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ២០២០ នេះ បានបញ្ជាក់ថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។
សម្តេចតេជោបន្តថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមន៍រស់នៅផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចនៅក្នុពេលដ៏ខ្លីខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់ និងត្រឹមត្រូវបំផុត៕






